ពលរដ្ឋខេត្តកោះកុង ៣២គ្រួសារ​ស្ទាក់ស្ទើរ​មិន​ទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន គិត ម៉េង ដើម្បី​ជម្លៀស​ចេញ​ពី​ផ្ទះ

ដោយ សេក បណ្ឌិត
2020-08-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចោល នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៨។
ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចោល នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៨។
Photo: LICADHO

មន្ត្រីអាដហុក​ខេត្តកោះកុង​ឱ្យ​ដឹង​ថា ពលរដ្ឋ ៣២ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ធ្យូងថ្ម​របស់​ឧកញ៉ា គិត ម៉េង កំពុង​ស្ដាយ​ស្រណោះ​ភូមិ​កំណើត និង​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​សំណង​នៅ​ឡើយ​ទេ។ លោក​ថា អ្នក​ភូមិ​ខ្លះ​កំពុង​ស្ទាក់ស្ទើរ ក្នុង​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន ព្រោះ​តំបន់​នោះ ជា​ភូមិ​កំណើត​របស់​ពួក​គេ​តាំង​ពី​បុរាណ​មក។

ពលរដ្ឋរស់នៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ធ្យូងថ្ម​នោះ​របស់ ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) កំពុង​ពិចារណា​ទទួល​យក​សំណង ដើម្បី​ចាក​ចេញ​ពី​លំនៅឋាន និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត ទទួល​យក​សំណង​ដោយ​បង្ខំ​ចិត្ត ព្រោះ​ពួក​គេ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ថោង ច័ន្ទតារា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ សីហា​ថា ពលរដ្ឋ​រង​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​នេះ​មាន​ចំនួន ៥៨គ្រួសារ ក្នុង​នោះ ៣២គ្រួសារ​មិន​ទាន់​ទទួល​យក​សំណង​នៅ​ឡើយ​ទេ។ លោក​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ ២៦គ្រួសារ សម្រេច​ចិត្ត​ទទួល​យក​សំណង​រួច​ហើយ និង​បាន​ចាក​ចេញ​ពី​លំនៅឋាន​ជា​បណ្ដើរៗ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ហាក់​រង​សំពាធ​ផ្លូវ​ចិត្ត និង​បារម្ភ​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប ក៏​បង្ខំ​ចិត្ត​ទទួល​សំណង៖ «ស្តាយ​ភូមិ​កំណើត​គាត់ អ្វី​ដែល​គាត់​ចង់​បាន មិន​សំដៅ​ទៅ​លើ​តែ​លុយ​ហ្នឹង​ទេ គាត់​ស្តាយ​កេរ ទី​កន្លែង​គាត់​ដែល​ធ្លាប់​រស់​នៅ​ត​ដូនតា គ្រប់​ជំនាន់​មក​ហើយ​អ៊ីចឹង។ ទី​កន្លែង​ថ្មី ក៏​មិន​ប្រាកដ​ថា អាច​រក​កន្លែង​បាន​រស់​នៅ​អី? សមរម្យ ឬ​មួយ​អាច​ទូទាត់​ហ្នឹង តម្លៃ​ដែល​យើង​បាន​ពី​ដី​ធ្លី ទៅ​រស់​នៅ​កន្លែង​ថ្មី​ហ្នឹង​ឱ្យ​មាន​សមរម្យ​ទេ។ ពួក​គាត់​មាន​មនោសញ្ចេតនា​ជាមួយ ភូមិ​កំណើត​គាត់​ច្រើន»

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​លោក ស៊ុំ សោហាន់ ថ្លែង​ថា គ្រួសារ​លោក​បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង​ជាង ២ម៉ឺន​ដុល្លារ និង​បាន​ចាក​ចេញ​ពី​លំនៅឋាន​រួច​ហើយ។ លោក​ថា គ្រួសារ​របស់​លោក​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ជា​ច្រើន ដែល​ជា​កត្តា​រុញ ឱ្យ​លោក​ទទួល​យក​សំណង ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ លោក​សោក​ស្ដាយ​ភូមិ​កំណើត ដែល​ធ្លាប់​រស់​នៅ​ជិត ៤០ឆ្នាំ​មក​ហើយ បែរ​ជា​ត្រូវ​ចាក​ចេញ​ពេល​នេះ៖ «គេ​ឱ្យ​សំណង​ខ្ញុំ​ទាំង​ដី និង​ផ្ទះ​ទាំង​ដំណាំ​បាន​តែ ២ម៉ឺន ២ពាន់​ដុល្លារ (២២.០០០) បាទ​ខ្ញុំ​ចេញ​ហើយ ខ្ញុំ​ចេញ​ទាំង​ទឹក​ភ្នែក។ មារ​ខ្ញុំ​នៅ​ហ្នឹង​ឱ្យ​គាត់​រុះ​ម៉េច​ទៅ ឥឡូវ​ខ្ញុំ​ចេញ​មក​បាត់​ហើយ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត កោះកុង អ្នកស្រី មិថុនា ភូថង និង​អភិបាល​ស្រុក​បទុម​សាគរ លោក ហាក់ ឡេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១៦ សីហា។

ចំណែក​មេ​ឃុំ​ថ្ម​ស លោក អ៊ីក គួន ក៏​មិន​អាច​បំភ្លឺ​រឿង​នេះ​បាន​ដែរ ដោយ​លោក​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

កាលពី​ថ្ងៃ​ទី៦ សីហា រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ អនុប្បយោគ​ដី ទំហំ ១៦៨.៨០​ហិកតារ ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដើម្បី​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធូឌី វិនិយោគ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែល​មាន​អានុភាព ៧០០​មេហ្គាវ៉ាត់ ក្នុង​រយៈពេល ៣៨ ឆ្នាំ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា ពលរដ្ឋ​ចំនួន ៥៨ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ ភាគច្រើន​​ទទួលយក​សំណង ជាមួយ​នូវ​ការ​ពេញ​ចិត្ត ហើយ​អាជ្ញាធរ កំពុង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់។ លោក​ថា មក​ទល់​ពេល​នេះ នៅ​សល់​ពលរដ្ឋ ៥ គ្រួសារ​ទៀត​ទេ មិន​ទាន់​ទទួល​សំណង ក្នុងចំណោម ៥៨ គ្រួសារ​ មុននឹង​បិទ​បញ្ចប់​ ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ផ្សេងៗ ស្របតាម​ការ​កំណត់​របស់​រដ្ឋាភិបាល៖ «បង​ប្អូន​ពលរដ្ឋ​មាន ៥៨គ្រួសារ ដែល​មាន​ផល​ប៉ះពាល់​នេះ គឺ​ភាគ​ច្រើន​លើសលប់ គាត់​ទទួល​យក​សំណង​ជាមួយ​ការ​ពេញ​ចិត្ត ហើយ​កំពុង​បន្ត​ការ​ដោះ​ស្រាយ​នៅ​ប្រហែល​ជា ៥គ្រួសារ​ទៀត​ទេ »

ទោះជា​យ៉ាង​នេះ​ក្តី ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ និង​ជា​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) គិត​ថា រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន វិនិយោគ​ថាមពល​អគ្គិសនី​ធ្យូង​ថ្ម គឺ​ជា​ការ​កាត់​ផ្ដាច់​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ ដែល​ចង់​អភិវឌ្ឍន៍​តំបន់​នោះ ជា​វិស័យ​ទេសចរណ៍​ធម្មជាតិ បម្រើ​សេដ្ឋកិច្ច​សហគមន៍​មិន​ចេះ​រីង​ស្ងួត៖ «គឺ​មិន​អាច​មាន​ទេសចរណ៍​ណា​ម្នាក់ ទៅ​លេង​កន្លែង​មាន រោងចក្រ​ផលិត​អគ្គិសនី ធ្យូង​ថ្ម​ទេ។ អា​ហ្នឹង​រឿង​ខាត ព្រោះ​អី​តំបន់​អី​តំបន់​នោះ សក្ដិសម​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ​បែរ​ទេសចរណ៍​ទេ»

អ្នក​ភូមិ​ថា កន្លង​ទៅ​មាន​ពលរដ្ឋ​រស់នៅ​ឃុំ​ថ្ម​ស រាប់​រយ​នាក់ បាន​ផ្ដិត​មេដៃ​ស្នើ​ឱ្យ​រដ្ឋាភិបាល លុប​គម្រោង​អភិវឌ្ឍន៍​នេះ ព្រោះ​ពួកគេ ភ័យខ្លាច​ប៉ះពាល់​ជម្រក​សត្វ​ព្រៃ ឆ្នេរ​សមុទ្រ ព្រៃ​កោងកាង និង​ទីកន្លែង​នេសាទ​សមុទ្រ​របស់​អ្នកភូមិ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ក៏​ប៉ុន្តែ​សំណើ​នេះ អាជ្ញាធរ​មិន​ដោះ​ស្រាយ​នោះ​ទេ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល