ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ទទូច​ដល់​អាជ្ញាធរ​​ឱ្យ​យក​ដី​ភ្នំ​រ៉ាដាង ដែល​អ្នក​មាន​អំណាច​រំលោភ​យក​នោះ ឱ្យ​អ្នក​ភូមិ​វិញ

ដោយ វ៉ែន សុមេធ
2020-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
RFA/Morm Moniroth

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រាប់​រយ​គ្រួសារ រស់​នៅ​ខេត្ត​មណ្ឌលគិរី គ្រោង​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី១៥ កញ្ញា ដើម្បី​ទាមទារ​ភ្នំ​រ៉ាដាង ដែល​ត្រូវ​អ្នក​មាន​អំណាច រំលោភ​យក​ទាំង​មូល​នោះ ត្រឡប់​មកវិញ​។​ ​អ្នកភូមិ​ថា​ ​កន្លងទៅ​ពលរដ្ឋ​ជាង ១០០នាក់​បាន​ផ្តិត​មេដៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័នជាតិ ​សង្គ្រោះ​ភ្នំ​នេះ​ ​ក៏ប៉ុន្តែ​មិន​ត្រឹមតែ​ពុំ​ទទួល​បានផល​នោះ​ទេ​បែរជា​មាន​ពលរដ្ឋ ៣នាក់​ ​បាន​ក្លាយ​ជា​ជនរងគ្រោះ​ជាប់​បណ្ដឹង​នៅ​តុលាការ ព្រោះតែ​ចេញមុខ​ការពារ​ភ្នំ​នេះ​ទៅ​វិញ។

ជនជាតិ​ដើម​ភាគតិច​ព្នង ១២០គ្រួសារ រស់នៅ​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​ជំរុញ​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​អន្តរាគមន៍​ដកហូត​ភ្នំ​រ៉ាដា​ង​មាន​ទំហំ ២០ហិកតារ​ពី​បុគ្គល​មាន​អំណាច​ ​ដែល​ប្រើ​ល្បិច​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ភ្នំ​នេះ​ទាំង​មូល។

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ភូមិ​ពូលូង​លោកស្រី រឿន ផ្លុំ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ កញ្ញា​ថា ភ្នំ​រ៉ាដា​ង​ជា​បណ្ដុំ​នៃ​ប្រពៃណី​វប្បធម៌ ដែល​ក្រុម​ពលរដ្ឋ​គោរព​បូជា​តាំង​ពី​បុរាណ​មក​តែ​ត្រូវ​បាន​ពលរដ្ឋ​ខិលខូច​ខ្លះ​ឃុបឃិតជាមួយ​អាជ្ញាធរ​លួច​លក់​ឱ្យ​ឈ្មួញ​បំពាន​ច្បាប់។ លោកស្រី​ថា កន្លង​ទៅ​មាន​ការ​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​ឱ្យ​ក្លាយ​ជា​វាល​អស់​មួយ​ផ្នែក​ធំ​ប៉ះពាល់​ប្រភព​ទឹក​អូរ​ធម្មជាតិ​និង​បាត់បង់​ទីកន្លែង​គោរព​បូជា​អារក្ស​អ្នក​តា​ជា​ដើម៖ «អ្វី​ដែល​ពួក​ខ្ញុំ​ទាមទារ​វា​ជា​ការ​ពិត ហើយ​គាត់​ឃើញ​ជាក់​ស្ដែង​ថា កន្លែង​ហ្នឹង​គេ​ពិត​ជា​កាប់​បំផ្លាញ​មែន។ ភ្នំ​ហ្នឹង គឺ​ជា​កន្លែង​អារក្ស​អ្នកតា ដែល​ជន​ជាតិ​ដើម​ភាគ​តិច យើង​មាន​ជំនឿ យើង​តែងតែ​ធ្វើ​ពិធី​សែនព្រេន​នៅ​លើ​ហ្នឹង​រៀងរាល់​ឆ្នាំ​។​ ​នៅ​ខាង​នោះ​ទៀត វា​មាន​ព្រៃខ្មោច ហើយ​នៅ​ខាង​ក្បាល​ភ្នំ​ខាង​នេះ យើង​មាន​អណ្ដូង​ទឹក។ អណ្ដូង​ទឹក​ហ្នឹង​ ​គឺ​វា​ចេញពី​ភ្នំ​ហ្នឹង​ដែរ បើ​បាត់បង់​ភ្នំ​ហ្នឹង គឺ​រីង​ទឹក​ហ្មង»

ចំណែក សមាជិក​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា អះអាង​ថា ខ្នង​ភ្នំ​រ៉ាដាង​មាន​ទំហំ​ជិត ៦ហិកតារ ត្រូវ​គេ​លួច​ធ្វើ​ប្លង់​រឹង​ដោយ​ស្ងាត់ៗ ថែម​ទាំង​ឈូស​ឆាយ​ព្រៃ​អស់​ជាច្រើន​ហិកតារ ប៉ះពាល់​តំបន់​ប្រពៃណី​វប្បធម៌​របស់​អ្នក​ស្រុក។ លោក​ថា ឈ្មួញ​បាន​យក​ពលរដ្ឋ​ជា​ខែល និង​ប្រើ​ល្បិច​ឱ្យ​ពលរដ្ឋ​ជាង ២០គ្រួសារ​ផ្ដិត​មេ​ដៃ​លើ​ឯកសារ​មួយ​សន្លឹក​ដោយ​អះអាង​ថា ជា​អំណោយ​មនុស្សធម៌​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ២០០​ដុល្លារ​ស្មើៗ គ្នា។ លោក​ថា ក្រុម​ពលរដ្ឋ​បាន​ឯកភាព​ទទួល​ប្រាក់​ទាំង​នោះ និង​ព្រម​ផ្ដិត​មេដៃ ហើយ​ឈ្មួញ​បាន​យក​ឯកសារ​ទាំង​នោះ​ក្លែង​ជា​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ភ្នំ​រ៉ាដា​ង​ទៅ​វិញ៖ «ប្រាប់​ពលរដ្ឋ​ត្រង់ៗ ថា ឥឡូវ​នេះ​មាន​ឧកញ៉ា​មួយ​ចង់បាន​ដី​ហ្នឹង ១០០ភាគ​រយ​ពលរដ្ឋ​មិន​ផ្ដិត​មេដៃ ទទួល​លុយ ៨០ម៉ឺន​រៀល​ហ្នឹង​ទេ។ ប៉ុន្តែ​ល្បិច​អាជ្ញាធរ​មូលដ្ឋាន គឺ​អំណោយ​នេះ​នោះ​លោក​ឧកញ៉ា​នេះ​គេ​ជួយ​ភូមិ​យើង​ឥឡូវ​ផ្តិត​មេ​ដៃ​ចំណុច​ហ្នឹងហើយ​ដែល​យើង​មិន​ដឹង​ថា​ ​លុយ​ជា​ស្អី​ផង​ ​គាត់​មិន​ចេះ​អក្សរ​ភាគ​ច្រើន​ហើយ​គេ​មិន​អាច​ឯកសារ​ទាំង​អស់»

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ (ឆ្នាំ​២០២០) ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ១២០នាក់​បាន​ផ្ដិត​មេ​ដៃ​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​មណ្ឌលគិរី និង​អាជ្ញាធរ​ជាតិ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​ភ្នំ​រ៉ាដាង និង​ត្រូវ​អភិ​រក្ស​តំបន់​នោះ ជា​ទី​សក្ការ​វប្បធម៌​បន្សល់​តាំងពី​បុរាណ​មក។ ក៏​ប៉ុន្តែ​អ្នកភូមិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះ​ស្រាយ​ក្ដី​កង្វល់​នេះ​ជូន​ពួក​គាត់​ទេ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១៣ កញ្ញា។

ចំណែក​អភិបាល​ក្រុង​សែន​មនោ​រម្យ​លោក ឡុង វិបុល មាន​ប្រសាសន៍​ថា កន្លង​ទៅ​មាន​តំណាង​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​គ្រួសារ​ ​បាន​ផ្ដិត​មេ​ដៃ​យល់ព្រម​ផ្ទេរ​កម្មសិទ្ធិ​ជូន​អ្នក​ទិញ ដែល​មាន​អាជ្ញាធរ​ភូមិ/ឃុំ​ចុះទៅ​ពិនិត្យ​ទីតាំង​ដី​ជាក់​ស្ដែង ហើយ​បាន​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ដែល​មានការ​បង់ពន្ធ​ប្រថាប់ត្រា​តាម​នីតិវិធី​រដ្ឋបាល។ លោក​ចាត់​ទុក​ការ​សុំ​ទាមទារ​ដី​ភ្នំ​រ៉ាដា​ង​មកវិញ​ ​ជា​រឿង​ផ្ទៃក្នុង​របស់​សហគមន៍​ដែល​មិនចុះ​សម្រុង​គ្នា ហើយ​អ្នក​ដែល​ស្នើសុំ​ទាមទារ​នោះ ក៏​ឋិត​ក្នុង​ចំណែក​ដែល​ព្រមព្រៀង​លក់​ដី​ភ្នំ​នេះ​ដែរ៖ ពួក​គាត់​ព្រមព្រៀង​គ្នា ក្នុង​ទំហំ​មួយ​ដែល​មាន​ស្នាម​មេដៃ​ ​អ្នក​លក់ និង​អ្នក​ទទួល​ផល​ទាំង​អស់​ក្នុង​ហ្នឹង​ ​ហើយ​ជាទូទៅ​យើង​ធ្វើ​នីតិវិធី​រដ្ឋបាល​ទៅ​តាម​ការ​ស្នើសុំ​របស់​សាមី​ហ្នឹង គឺ​តំណាង​ពួក​គាត់ ហើយ​ឥឡូវ​គាត់​ទាមទារ ៣ ទៅ ៤គ្រួសារ មក​ទាមទារ​លើ​សមូហភាព​ទាំង​មូល​ជាង ១០០គ្រួសារ យើង​នឹង​អញ្ជើញ​ពួក​គាត់​មក ដើម្បី​សួរ​នាំ​បន្ថែម»

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់​ថា ដី​ភ្នំ​ត្រូវ​ចាត់​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ គ្មាន​បុគ្គល​ណា​មាន​សិទ្ធិ​លក់ដូរ និង​ទិញ បាន​នោះ​ទេ ដរាបណា​រដ្ឋាភិបាល​មិនទាន់​ធ្វើ​អនុ​ប្ប​យោគ។ ហេតុនេះ​លោក​ថា ការ​ទិញ​លក់​ដី​ភ្នំ​រ៉ាដាង គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ និង​តុលា​ការ​ស៊ើបអង្កេត​រឿង​នេះ ឱ្យ​ច្បាស់លាស់ ដើម្បី​រក​យុត្តិធម៌​ជូន​សហគមន៍៖ «ប្រសិនបើ​ការ​លក់ដូរ ដែល​ពុំ​មាន​ការ​បម្លែង​ជា​អនុប្បយោគ​មាន​ន័យ​ថា បញ្ហា​ហ្នឹង​ជា​បញ្ហា​ខុស​ច្បាប់ ហើយ​ជា​ទូទៅ​ខ្ញុំ​សង្កេត​ឃើញ​ថា ប្រសិន​ជា​យក​ប្រជា​សហគមន៍​ទៅ​ផ្ដិត​មេដៃ​លក់ដូរ​ជា​ទង្វើ​មួយ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ»

កាលពី​ចុងខែ​មិថុនា​កន្លងទៅ​ជនជាតិ​ដើម​ភាគតិច​ព្នង​រាប់​សិប​នាក់ បាន​លើកគ្នា​តវ៉ា​នៅ​លើ​ភ្នំ​រ៉ាដាង ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទប់​ស្កាត់​ជន​ខិលខូច​លក់ និង​ឈូស​ឆាយ​ដី​ភ្នំ​រ៉ាដា​ង ដែល​ជា​ប្រភព​ទឹក​អូរ និង​ជា​អណ្ដូង​ទឹក​សមូហភាព ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំថ្ងៃ។ អ្នក​ភូមិ​ថា នៅ​តំបន់​ភ្នំ​រ៉ាដាង មាន​ទឹក​អូរ​ច្បារ​ជា​ប្រភព​ទឹក​សំខាន់​ហូរ​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែកមិន​ចេះ​រីង​ស្ងួត ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នឹង​បាត់បង់​ទីកន្លែង​អាស្រ័យ​ផល ប្រសិនបើ​រដ្ឋ​មិន​ខ្នះខ្នែង​ជួយ​សង្គ្រោះ​ភ្នំ​នេះ​ទេ។ ក្រុម​ពលរដ្ឋ​ដែល​លើកគ្នា​តវ៉ា​នោះ​សោក​ស្ដាយ ចំពោះ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ដ៏​ធំ​សម្បើម និង​ចង់​ឱ្យ​អាជ្ញាធរ​រក្សា​តំបន់​នោះ​ជា​កន្លែង​អភិរក្ស​របស់​អ្នក​ស្រុក៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល