ប្រជាពលរដ្ឋនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមូលស្នាមមេដៃជាង ១០០នាក់ ដាក់ទៅអាជ្ញាធរឃុំ ដើម្បីស្នើឲ្យដកហូតដីសហគមន៍ដែលបានជួលទៅឲ្យបុគ្គលឯកជនកាលពីពេលកន្លងទៅ មករក្សាទុកជាសម្បត្តិរួមវិញ។ ការស្នើនេះ ដោយសារប្រជាពលរដ្ឋយល់ថា ការជួលដីសហគមន៍ទៅឲ្យឯកជន គឺធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកភូមិ និងអាចឈានដល់ការបាត់បង់នៅពេលខាងមុខ។
អាជ្ញាធរភូមិឲ្យដឹងថា ពួកគេបានបញ្ជូនសំណើរបស់ប្រជាពលរដ្ឋទាំងនោះទៅកាន់អាជ្ញាធរឃុំបន្ត ដើម្បីស្នើសុំដកហូតដីសហគមន៍មួយឈ្មោះ សហគមន៍ជំនុំពលធារាសាស្ត្រ ដែលបានជួលទៅឲ្យពលរដ្ឋមួយគ្រួសារកាលពីឆ្នាំ២០១១។
ប្រធានភូមិជំនុំពល លោក គាន ស៊ីនាន មានប្រសាសន៍ថា ការទាមទាររបស់ប្រជាពលរដ្ឋ ស្របពេលពួកគាត់ពិបាកធ្វើដំណើរ ពីព្រោះដីនោះជាកន្លែងបម្រុងសម្រាប់ជួសជុលទំនប់ និងសម្រាប់បើកបរត្រាក់ទ័រ ដើម្បីជៀសវាងខូចខ្នងទំនប់ធារាសាស្ត្រ។ លោកបន្តថា ពេលថ្មីៗនេះលេចឮដំណឹងមកថា អ្នកជួលដីសហគមន៍ បានយកដីនោះទៅលក់បន្តឲ្យបុគ្គលផ្សេងទៀតទៅវិញ៖ «មានន័យថា ខ្ញុំបានដាក់ឈ្នួលឲ្យគេ ហើយមានអ្នកលក់អ្នកអីផ្សេង»។
ដីសហគមន៍ជំនុំពលធារាសាស្ត្រ ស្ថិតនៅឃុំជាំតាម៉ៅ គឺមានទំហំប្រមាណកន្លះហិកតារ ត្រូវបានគេជួលទៅឲ្យ លោក លិញ អ៊ីហុង ដែលរស់នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើជាកន្លែងកម្សាន្តកាលពីឆ្នាំ២០១១។ ក្នុងលិខិតជួលដីកាលណោះ គឺមានមេភូមិជំនុំពល លោក គាន ស៊ីនាន ជាតំណាងឲ្យសមាជិកសហគមន៍ទាំងអស់ ដោយជួលក្នុងតម្លៃ ៨០ម៉ឺនរៀលក្នុងមួយឆ្នាំ ហើយជួលរយៈពេល ៣០ឆ្នាំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក លិញ អ៊ីហុង ដើម្បីឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី៩ ធ្នូ។
យ៉ាងណា ប្រជាពលរដ្ឋភូមិជំនុំពល លោក ហួត ហួន បញ្ជាក់ថា ពួកគាត់ទាមទារចង់បានដីសហគមន៍មកគ្រប់គ្រងដោយខ្លួនឯងវិញ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ម្យ៉ាងប្រាក់ដែលបានពីការជួលដីសហគមន៍កន្លងមក គឺមិនមានភាពច្បាស់លាស់។ ប្រភពដដែលបន្ថែមទៀតថា រយៈពេលជួលដីនោះ គឺយូរពេក ដែលអាចធ្វើឲ្យបាត់បង់ដីសហគមន៍នៅពេលខាងមុខ ពីព្រោះដីនោះបច្ចុប្បន្នមិនបានដំណើរការដាក់ជាកន្លែងកម្សាន្តអ្វីឡើយ ក្រៅតែពីហ៊ុមព័ទ្ធរបង និងសាងសង់រោងមួយនៅក្នុងតំបន់នោះ ទើបបណ្ដាលឲ្យអ្នកភូមិពិបាកធ្វើដំណើរ៖ «បច្ចុប្បន្ន មិនសូវស្ថិតស្ថេររឿងថវិកាហ្នឹង។ អ៊ីចឹងសមាជិកសហគមន៍ចង់បានដីហ្នឹងមកគ្រប់គ្រងវិញ»។
ទាក់ទងបញ្ហានេះ មេឃុំជាំតាម៉ៅ លោក ពៅ ផូរ មានប្រសាសន៍ថា ខាងលោកបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋហើយ ប៉ុន្តែមិនទាន់បានទៅជជែកជាមួយអ្នកជួលដីនោះនៅឡើយទេ។ លោកអះអាងថា លោកមិនបានដឹងពីការលក់ដូរដីតំបន់នោះឡើយ ព្រោះខាងលោកមិនដែលបានទទួលលិខិតណាមួយបញ្ជាក់ថា តំបន់នោះត្រូវបានគេលក់។ ចំណែកការជួលដីសហគមន៍កន្លងមក ខាងលោកគ្រាន់តែជាអ្នកទទួលស្គាល់លើលិខិតកិច្ចសន្យាជួល ប៉ុន្តែរឿងថវិកា និងរឿងផ្សេងទៀត លោកក៏មិនបានដឹងដូចគ្នាដែរ។
ទោះជាបែបនេះក្តី លោកថានឹងយកបញ្ហានេះ ទៅជជែកជាមួយ លោក លិញ អ៊ីហុង តាមការទាមទាររបស់ប្រជាពលរដ្ឋ៖ «ខ្ញុំឯកភាពមិនមែនខ្ញុំមិនឯកភាពទេ ប៉ុន្តែខ្ញុំមិនទាន់បានជួបសម្ដីផ្ទាល់ជាមួយអ្នកជួល ជាមួយនឹងមេភូមិហ្នឹង»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការទាមទាររបស់ប្រជាពលរដ្ឋ គឺអាចទៅរួច ឲ្យតែដីតំបន់នោះពិតជាដីសហគមន៍ដែលបានបម្រើប្រយោជន៍ឲ្យមនុស្សទូទៅ ហើយអាជ្ញាធរអាចរំលាយកិច្ចសន្យាជួលដីកាលពីពេលកន្លងទៅបានទៀតផង៖ «យោងតាមច្បាប់ភូមិបាលស្ដីពីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនមានអាជ្ញាយុកាល វាមិនមែនជាកម្មវត្ថុលក់ដូរ ជួលទិញ ឬធ្វើអំណោយទេ»។
លោកបញ្ជាក់ថា ប្រសិនបើដីសហគមន៍ត្រូវបានគេយកទៅលក់បន្តវិញ គឺជារឿងមួយខុសច្បាប់ ហើយអ្នកលក់ និងអ្នកទិញ ត្រូវមានទោសដូចគ្នា។ លើសពីនេះទៀត អាជ្ញាធរដែលបានចុះហត្ថលេខាលើលិខិតលក់ទិញដីទាំងនោះ រឹតតែមានទោសថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
