សកម្មជនដីធ្លីបឹងតាមោក ភៀសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីមានការគំរាមចាប់ខ្លួន
2023.08.26

សកម្មជនដីធ្លីបឹងតាមោកម្នាក់ ភៀសខ្លួនទៅដល់ប្រទេសថៃដើម្បីរក្សាសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរតាមឃ្លាំមើល និងព្រមានចាប់ខ្លួន។ មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីនៅបឹងតាមោក ជាជាងបន្តគំរាមកំហែងប្រជាពលរដ្ឋដែលតវ៉ាទាមទាររឿងដីធ្លី។
ក្រៅពីប្រឈមនឹងការបាត់បង់ដីលំនៅដ្ឋាន និងស្រែប្រាំងហើយនោះ សកម្មជនដីធ្លីបឹងតាមោកម្នាក់ ថែមទាំងប្រឈមការចោទប្រកាន់របស់តុលាការ និងការគំរាមកំហែងប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរ រហូតត្រូវភៀសខ្លួនដើម្បីសុវត្ថិភាពនៅប្រទេសថៃ។
តំណាងសកម្មជនសហគមន៍ដីធ្លីបឹងតាមោក ភូមិសំរោងខាងត្បូង លោកស្រី ប្រាក់ សុភា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែសីហា ថា លោកស្រីត្រូវបង្ខំចិត្តភៀសខ្លួនដើម្បីរក្សាសុវត្ថិភាព ដោយសារមានមន្ត្រីធ្វើការនៅខណ្ឌព្រែកព្នៅម្នាក់ បានទូរស័ព្ទប្រាប់គាត់ថា អាជ្ញាធរនឹងឃាត់ខ្លួនលោកស្រី ដោយសារលោកស្រីធ្វើការផ្សាយផ្ទាល់នៅលើហ្វេសប៊ុក តវ៉ាអំពីបញ្ហាដីធ្លី។
លោកស្រី ប្រាក់ សុភា៖ «ខ្ញុំមានសំពាធផ្លូវចិត្ត ដែលមានការរំលោភបំពានពីអស់លោក។ ទីពីរ តើអស់លោកពិតជាបានរំលោភបំពានយើងខ្ញុំដល់សហគមន៍មែនដែរ ឬក៏អត់? តើនាងខ្ញុំ ប្រាក់ សុភា ជាសកម្មជនដែលរងគ្រោះពិតប្រាកដដែរឬអត់? អារម្មណ៍ដែលអយុត្តិធម៌ ដែលយើងខ្ញុំរស់នៅ ២០ ៣០ឆ្នាំ មិនទទួលបានដីសម្បទាន តែអស់លោកមន្ត្រីម្នាក់ទទួលបាន ២០ ៣០ ហិកតារ តើខ្ញុំឈឺចាប់អត់? តើវាប៉ះទង្គិចផ្លូវចិត្តខ្ញុំអត់? ដែលខ្ញុំត្រូវបណ្ដេញចេញពីលំនៅឋាន»?។
លោកស្រី ប្រាក់ សុភា គឺជាសកម្មជនដីធ្លីសកម្មម្នាក់ ក្នុងការទាមទារឱ្យរដ្ឋាភិបាលផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់បឹងតាមោកតាំងពីឆ្នាំ១៩៩០។ ប៉ុន្តែពួកគាត់ មិនត្រឹមតែមិនទទួលបានដំណោះស្រាយទេ ថែមទាំងទទួលរងនូវអំពើហិង្សា ការគំរាមកំហែងនិងប្ដឹងពួកគាត់ទៅតុលាការជាដើម។ កន្លងមក សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់តំណាងសហគមន៍ដីធ្លីបឹងតាមោកចំនួន១០នាក់ ពីបទរំលោភកាន់កាប់អចលនវត្ថុដោយចេតនា និងប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតទៅវិញ កាលពីខែកក្កដា កន្លងទៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាត ដើម្បីបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី២៥ ខែសីហា។
ទន្ទឹមនឹងអាជ្ញាធរ គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងរកវិធីបណ្ដេញពលរដ្ឋចេញពីតំបន់បឹងតាមោកនោះ ប៉ុន្តែសមាគមធាងត្នោតរកឃើញថា គិតត្រឹមឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានកាត់ឆ្វៀលផ្ទៃបឹងតាមោកចំនួន៧០ដង ដែលមានទំហំសរុបជាង ២ពាន់ហិកតា (២,៣៦៩ហិកតា) ដោយភាគច្រើនគឺផ្ដល់ឱ្យទៅស្ថាប័នរដ្ឋ និងក្រុមគ្រួសារសាច់ញាតិរបស់មន្ត្រីកំពូលៗ និងបុគ្គលដែលមានទំនាក់ទំនងជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ដើម្បីសាងសង់ផ្ទះល្វែង និងពុះជាដីឡូតិ៍ដើម្បីលក់។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីកុំឱ្យសកម្មជនដីធ្លីប្រឈមគ្រោះថ្នាក់ពីការតវ៉ាដីធ្លី អាជ្ញាធរមានសមត្ថកិច្ចគួរប្រើវិធីសាស្ត្រស្បែកខ្លា ដែលមានន័យថា កាត់ឆ្វៀលដីទុកឱ្យប្រជាពលរដ្ឋរស់នៅ ជាជាងបង្ខំឱ្យប្រជាពលរដ្ឋដោះដូរដីធ្លី។
លោក យង់ គិមអេង៖ «ខ្ញុំនៅតែអំពាវនាវឱ្យរដ្ឋាភិបាលលោកយកចិត្តទុកដាក់ ព្រោះការដោះស្រាយបញ្ហាដីធ្លី ក្លាយទៅជាសកម្មជនដោយសារការតវ៉ាបញ្ហាដីធ្លីរបស់ពួកគាត់ដែលមានបញ្ហាជម្លោះអីជាមួយអ្នកមានឥទ្ធិពលនៅក្នុងសង្គម ប៉ុន្តែបើសិនជាយើងព្យាយាមស្ដាប់ ហើយនិងព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរអាចជា នឹងការឈ្នះៗទាំងអស់គ្នា ទាំងរដ្ឋក៏នឹងឈ្នះ ប្រជាពលរដ្ឋដែលគ្នារងគ្រោះក៏ឈ្នះ»។
អង្គការសង្គមស៊ីវិលលើកឡើងថា ការមានវិធានការច្បាប់ទៅលើសកម្មជនដីធ្លី គឺជាការបង្កើតភាពអយុត្តិធម៌ទៅលើជនរងគ្រោះបន្ថែមទៀត ខណៈសកម្មជនដីធ្លីទាំងនោះគ្រាន់តែប្រើសិទ្ធិដើម្បីការពារដីធ្លីរបស់ខ្លួនឯងតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។