ប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប បានរាយបណ្ដាក់កម្លាំងច្រើនជាង៥០នាក់ នៅលើកំណាត់ផ្លូវ ជិតតំបន់អង្គរឃ្យូងយូដើម្បីតាមរារាំងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ ដែលមានទំនាស់ដីធ្លីមកពីស្រុកចំនួន៧ មិនឱ្យដើរដង្ហែក្បួនកាន់ញ្ញតិទៅប្រគល់ជូនអាជ្ញាធរនៃខេត្តនេះបានទេ ចាប់តាំងតែពីព្រឹក រហូតដល់រសៀលថ្ងៃសុក្រទី២២ ខែឧសភា។
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីសហគមន៍ចំនួន១១ ក្នុងស្រុកស្វាយលើ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកពួកនិងក្រុងសៀមរាបបានស្រែកទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប និងរដ្ឋាភិបាល ត្រូវតែធ្វើជាប័ណ្ណកម្មសិទ្ធិ និងដោះស្រាយបញ្ហាជម្លោះដីធ្លីជាច្រើនហិកតារប្រគល់មកឱ្យពួកគេវិញ៖ «សូមអញ្ជើញទៅមើល កន្លែងដីចុះ ប្រជាពលរដ្ ទុក្ខលំបាក ដោយសារតែដី ! អត់មែនមានដី ៤ - ១០ - ២០ ហិកតារទេ បើខ្ញុំសម្បទានសេដ្ឋកិច្ចឱ្យគេគឺកូនរបស់ខ្ញុំត្រូវដាច់ពោះស្លាប់»។
ការលើកគ្នាដង្ហែក្បួន ដើម្បីនាំញត្តិមកដាក់ជូនអាជ្ញាធរខេត្តសៀមរាបនេះ ធ្វើឡើងនៅស្របពេលដែលគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតរបស់ព្រឹទ្ធសភា១ក្រុមកំពុងបំពេញបេសកកម្មនៅក្នុងខេត្តនេះ។
ទោះយ៉ាងណាអាជ្ញាធរខេត្តមិនស្វាគមន៍ ចំពោះការដង្ហែញត្តិរបស់សហគមន៍ទំនាស់ដីធ្លីនោះទេ ដោយកាលពីថ្ងៃទី២១ខែឧសភាកន្លងទៅ សាលាខេត្តសៀមរាបបានចេញលិខិត១ច្បាប់មិនអនុញ្ញាតឱ្យសហគមន៍ដីធ្លី រៀបចំការដង្ហែក្បួនដាក់ញ្ញត្តិនេះឡើយ។
ក្រុមប្រជាពលរដ្ឋរដ្ឋប្រមាណ១ពាន់នាក់ដែលតវ៉ារឿងជម្លោះដីធ្លី បានសុខចិត្តរួមគ្នាឈរ និងអង្គុយក្រោមកម្ដៅថ្ងៃក្ដៅហែងអស់ជាច្រើនម៉ោងកាលពីព្រឹកថ្ងៃទី២២ ខែឧសភាប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្តសៀមរាប បានសុខចិត្តឱ្យតំណាងសហគមន៍ចំនួន៨រូប ចូលជួបពិភាក្សានិងកាន់ញត្តិដាក់ជូនមន្ត្រីរដ្ឋាភិបាលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
