ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាង១០០នាក់ប្រមូលផ្តុំគ្នារារាំងមិនឱ្យក្រុមហ៊ុនឯកជនយកគ្រឿងចក្រឈូសដីលុបបឹងអាស្រ័យផលរបស់ពួកគាត់។ ពលរដ្ឋចោទអាជ្ញាធរខណ្ឌព្រែកព្នៅថាជាអ្នកបើកដៃឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹង។
ប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកខកចិត្តដែលអាជ្ញាធរខណ្ឌព្រែកព្នៅបើកដៃឱ្យក្រុមហ៊ុនឯកជនឈូសដីលុបបឹងតាមតែអំពើចិត្ត ដោយមិនខ្វាយខ្វល់ពីទុក្ខលំបាករបស់ពួកគាត់។
ពលរដ្ឋរស់នៅក្បែរបឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ តុលា ថា រយៈពេល២ថ្ងៃនេះ មានឡានដឹកដី និងគ្រឿងចក្រមកឈូសលុបបឹងជាបន្តបន្ទាប់ដែលធ្វើឱ្យផ្ទៃបឹងទាំងមូលគោកមិនអាចអាស្រ័យផលបាន។ លោកស្រីបន្តថា ក្រុមហ៊ុនឯកជននោះចាក់ដីលុបបឹងដើម្បីសាងសង់បុរីលក់ ប៉ុន្តែលោកស្រីមិនស្គាល់ម្ចាស់ក្រុមហ៊ុននោះទេ។
លោកស្រី ស៊ា ដាវី៖ «វាពិបាកអូនចេញចូលវាពិបាកណាស់ទាល់គេព័ទ្ធជិតដូចខាងខ្ញុំធ្វើស្ពានដើម្បីឆ្លងទឹកទៅរកខ្យង រកលៀស ក៏គេប្ដឹង ប្ដឹងទាំងបងប្ដឹងទាំងម្ចាស់ផ្ទះហើយអ្នកភូមិ មាន ប្រាក់ សុភា សឿន ស្រីសុត ទាំងអស់បានដីកា៤ នឹងគ្រាន់តែធ្វើស្ពានក្រោយផ្ទះទេឥឡូវខាងនេះចាប់ផ្ដើមចាក់ព័ន្ធទៀតហើយចាក់ព័ន្ធមកខាងកើតនៅជាប់ បុរីប៊ុនជ្ជេស ដីហ្នឹងជាដីរបស់ឧកញ៉ា ហើយប្រសិនបើចង់ទូទាត់ដោះស្រាយអី សូមអីទៅខណ្ឌទៅគេនិយាយតែប៉ុណ្ណឹងគេអត់ខ្វល់ជាមួយយើងប្រជាពលរដ្ឋទេ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅក្បែរបឹងតាមោកម្នាក់ទៀត គឺ លោកស្រី យន គឹមយឿន សោកស្ដាយដែលអាជ្ញាធរខណ្ឌនៅតែធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងជេរប្រមាថ ទៅលើពលរដ្ឋស្លូតត្រង់ ហើយបែរជាជួយការពារផលប្រយោជន៍ឱ្យក្រុមហ៊ុនឯកជនទៅវិញ។
លោកស្រី យន គឹមយឿន៖ «ទង្វើអាជ្ញាធរគឺធ្វើទុក្ខបុកម្នេញលើពួកខ្ញុំតែម្តង ខ្ញុំមានតែសុំលើកដៃសំពះសុំសម្ដេចដោះស្រាយឱ្យពួកខ្ញុំប្រជាពលរដ្ឋនាយករដ្ឋមន្ត្រីគាត់ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផងកុំឃើញតែអ្នកឧកញ៉ាអ្នកមានលុយមានអំណាចកុំឱ្យខាងខណ្ឌគាត់បំពានលើពួកខ្ញុំទៀតគាត់រកដំណោះស្រាយឱ្យពួកខ្ញុំឱ្យបានឆាប់ៗហ្នឹងមកកុំឱ្យពួកខ្ញុំភ័យខ្លាចទាំងព្រួយរាល់ថ្ងៃ»។
កន្លងទៅ ពលរដ្ឋតែងចេញតវ៉ា និងស្នើឱ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិដើម្បីអាចឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែផ្ទុយពីការទទួលបានដំណោះស្រាយរយៈពេលជិត៥ឆ្នាំមកនេះអាជ្ញាធរខណ្ឌព្រែកព្នៅតែងគំរាមកំហែង ប្ដឹងផ្ដល់ពលរដ្ឋជាច្រើនករណី និងថែមដេកយាមមិនឱ្យពលរដ្ឋចេញតវ៉ាឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ តុលា។
ជុំវិញបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការណ៍ដែលអាជ្ញាធរមូលដ្ឋានបើកដៃឱ្យក្រុមហ៊ុនឯកជនបន្តចាក់ដីលុបបឹងគឺនេះមិនមែនជាការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទេ ពីព្រោះគោលការណ៍អភិវឌ្ឍន៍មិនត្រូវធ្វើឱ្យពលរដ្ឋណាមួយរងគ្រោះនោះទេ។
លោក នី សុខា៖ «ដូចខ្ញុំជម្រាបថា ប្រសិនបើយើងកាត់ដីទៅឱ្យតែអ្នកមានកាត់ដីទៅឱ្យតែឧកញ៉ា កាត់ដីតែទៅឱ្យអ្នកមានអំណាចកាត់ដីទៅឱ្យតែបក្ខពួកគ្នាឯងដោយអត់បានដោះស្រាយបញ្ហាសម្រាប់ពលរដ្ឋក្រីក្រអាហ្នឹងខ្ញុំគិតថាអាហ្នឹងមិនមែនជាយុទ្ធនាការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលទេ ផ្ទុយវិញវាធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងការអភិវឌ្ឍន៍បែបហ្នឹងផ្ទុយវិញ វាធ្វើឱ្យប្រជាពលរដ្ឋក្រីក្រកាន់តែក្រទៅធ្វើឱ្យគម្លាតអ្នកមាន និងអ្នកក្រកាន់តែឆ្ងាយទៅៗ»។
បច្ចុប្បន្ននេះមានពលរដ្ឋជាង១០០គ្រួសារ ស្មើនឹង៧៧ខ្នងផ្ទះ កំពុងរស់នៅលើផ្ទៃដីប្រមាណ៤ហិកតារ ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពលរដ្ឋមួយចំនួនបានបង្ខំចិត្តទទួលសំណងបន្តិចបន្តួច គឺដោយសារតែអាជ្ញាធរគាបសង្កត់ និងធ្វើទុក្ខបុកម្នេញផ្នែកជីវភាពដែលធ្វើឱ្យពួកគាត់មានជីវភាពកាន់តែលំបាក ប្រឈមនឹងបំណុលវ័ណ្ឌក ហើយក្មេងៗមួយចំនួនបានបោះបង់ការសិក្សាដោយងាកមកជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារវិញ ខណៈពលរដ្ឋខ្លះទៀតកំពុងរងពាក្យបណ្ដឹងនៅតុលាការ។ ទោះបីជាបែបនេះក្ដីក៏ពលរដ្ឋរស់នៅក្បែរបឹងតាមោកចំនួនប្ដេជ្ញាចិត្តថា នឹងបន្តការទាមទាររហូតដល់អាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះជូនពួកគាត់ ពីព្រោះពួកគាត់គ្មានទ្រព្យសម្បត្តិអ្វីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រៅពីដីធ្លីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
