ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោក ជាង ១០០នាក់ នាំគ្នាដើរចេញពីអង្គប្រជុំអំឡុងពេលអាជ្ញាធរខណ្ឌព្រែកព្នៅហៅពួកគាត់ ទៅចរចារឿងដីធ្លី។ ពួកគាត់ថា អាជ្ញាធរពុំបាន ចរចារកដំណោះស្រាយនោះទេ ផ្ទុយទៅវិញ បែរជាគំរាមពួកគាត់ ឱ្យរុះរើផ្ទះចេញជាបន្ទាន់ បើពុំចង់មានបញ្ហា។
ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោក លើកឡើងថា អាជ្ញាធរខណ្ឌព្រែកព្នៅ គ្មានឆន្ទៈដោះស្រាយរឿងដីធ្លី ដោយយុត្តិធម៌នោះទេ ក្រៅពីការគំរាមពួកគាត់គ្រប់រូបភាព។ ជាក់ស្ដែងនៅថ្ងៃទី៦ ខែមីនា អាជ្ញាធរបានហៅពួកគាត់ទៅចរចានៅសាលាខណ្ឌ ប៉ុន្តែ ពុំរកដំណោះស្រាយឡើយ បែរជាគំរាមកំហែងបន្ថែម។
ពលរដ្ឋរងគ្រោះដីធ្លី នៅបឹងតាមោក លោកស្រី យន គឹមយឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែមីនាថា ពួកគាត់បាននាំគ្នាជាង ១០០នាក់ ទៅសាលាខណ្ឌព្រែកព្នៅ តាមការកោះហៅរបស់អាជ្ញាធរ។ ប៉ុន្តែ ជំនួបនោះ ពុំមានលទ្ធផលអ្វីនោះទេ ដោយសារតែពួកគាត់នាំគ្នាដើរចេញពីអង្គរប្រជុំ ព្រោះមិនចង់ស្ដាប់ការគំរាមកំហែង។
លោកស្រី យន គឹមយឿន៖ «ទង្វើនេះវាអយុត្តិធម៌សម្រាប់ពួកខ្ញុំ ជាអ្នកក្រ ចង់ជិះជាន់ពួកខ្ញុំ។ គោលដៅគេ ដោះស្រាយ មិនមែនជាការដោះស្រាយទេ គេចង់ប្រាប់ពួកខ្ញុំនឹងរស់នៅលើដីគេ ឱ្យពួកខ្ញុំនឹងស្ងប់ចិត្ត វាមិនមែនជាការស្ងប់ចិត្ត បែរជាក្ដៅក្រហាយ ឆេះឆួល ព្រោះពួកខ្ញុំរស់នៅលើដីនេះ ជាង ៣០ឆ្នាំហើយ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី៦ ខែមីនា។
ទោះយ៉ាងណាក្ដី នៅថ្ងៃទី៦ ខែមីនាដដែល អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាត បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយស្នើដល់ពលរដ្ឋរស់នៅជាប់បឹងតាមោក ឱ្យមកទទួលយកប្លង់ដី ដូរទៅកន្លែងថ្មី ដែលអាជ្ញាធររៀបចំឱ្យ ព្រោះមិនឱ្យពលរដ្ឋនៅលើដីនោះទៀទេ។ ការថ្លែងនេះ គឺអំឡុងពេល ដែលអាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិ ដល់ពលរដ្ឋ ២៦គ្រួសារ ដែលព្រមទទួលដំណោះស្រាយរបស់អាជ្ញាធរ។
ចំណែកពលរដ្ឋរងគ្រោះដីធ្លីជាង ១០០គ្រួសារ ដែលមិនព្រមទទួលយកដី តាមការរៀបចំ របស់អាជ្ញាធរនោះ ពួកគាត់ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ហើយឱ្យពួកគាត់រស់នៅលើដីនោះតទៅទៀត ព្រោះពួកគាត់មិនចង់ទៅកន្លែងថ្មីទេ។
ការកោះហៅ ពលរដ្ឋមានវិវាទដីធ្លីពីសំណាក់ អាជ្ញាធរខណ្ឌព្រែកព្នៅឱ្យទៅជួបចរចានេះ ក្រោយពីទីប្រឹក្សាគណបក្សកម្លាំងជាតិ គឺលោក រ៉ុង ឈុន បានចុះសួរសុខទុក្ខពលរដ្ឋ កាលពីថ្ងៃទី៥ ខែមីនា។ លោក រ៉ុង ឈុន បានសន្យាថា នឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីស្នើឲ្យចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញ រំលោភបំពានដីធ្លីពួកគាត់តទៅទៀត។ ទាក់ទិនបញ្ហានេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរគួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់លើពលរដ្ឋថា ជាក្រុមញុះញង់ ហើយងាកមកដោះស្រាយបញ្ហាជូនពលរដ្ឋវិញ។
លោក វណ្ណ សុផាត៖«ខ្ញុំថា បើរដ្ឋាភិបាលមើលឃើញវីដេអូហ្នឹង គឺវេទនា។ វេទនាភ្នែក ឬមួយថា លោកមិនមើលម៉េចខ្ញុំមិនដឹងប៉ុន្តែបើសិនខ្ញុំមើលវិញ ប្រសិនបើថាលោកដោះស្រាយឱ្យរួចទៅប្រជាពលរដ្ឋប៉ុន្មានគ្រួសារហ្នឹងនោះ ហើយដីដូចមិនបាន ៤ហិកតារទេ អ៊ីចឹងមានអីដែលថាដោះស្រាយមិនបាន ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយ កុំទុក!អ៊ីចឹងទៅ ដូចថា ធ្វើទុក្ខវេទនាគាត់អ៊ីចឹងទៅ»។
ជម្លោះដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋរស់នៅបឹងតាមោក កើតឡើងក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅអ្នកមានលុយមានអំណាច សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ជាបន្តបន្ទាប់ ចំណែកពលរដ្ឋ ត្រូវបានបណ្ដេញទាំងបង្ខំ។ បើទោះជាពលរដ្ឋទាំងនោះ ព្យាយាមតវ៉ា និងដើរដាក់ញត្តិរាប់មិនអស់ នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីស្វែងរកការអន្តរាគមន៍ក្ដី ប៉ុន្តែ មិនទទួលបានដំណោះស្រាយ ឡើយ និងថែមទាំងទទួលរងការធ្វើទុក្ខបុកម្នេញ ការយាយី រងអំពើហិង្សា ពីសំណាក់អាជ្ញាធរ និង ការចោទប្រកាន់ពីតុលាការ រហូតដល់ពលរដ្ឋខ្លះត្រូវបង្ខំចិត្តចាក់ចេញពីប្រទេសដើម្បីសុវត្ថិភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។