ក្រុមហ៊ុន​ចិន​យូញៀន​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ចុះ​រុះរើ​ដុត​ផ្ទះ​ពលរដ្ឋ​៨​គ្រួសារ​នៅ​ខេត្ត​កោះកុង

ដោយ ហេង សកល
2018-01-14
Share
ជម្លោះ​ដីធ្លី​នៅ​កោះកុង ប្រជាពលរដ្ឋ​នៅ​ស្រុក​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​ពីរ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយ​ក្រុម​សន្តិសុខ​ដុត​ផ្ទះ​ពួកគាត់ ៤៥​ខ្នង កាល​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​យក​ដី​ធ្វើ​តំបន់​ទេសចរណ៍។
Photo: RFA

ពលរដ្ឋ​អះអាង​ថា មន្ត្រី​បរិស្ថាន និង​ក្រុមហ៊ុន​ចិន​យូញៀន ឌីវីឡុបមិន គ្រុប ( Union Development Group ) បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ជាច្រើន​នាក់​ចុះ​រុះរើ​ដុត កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា។ អាជ្ញាធរ​អះអាង​ថា វិធានការណ៍​នោះ គឺ​ដោយសារ​ពលរដ្ឋ​រស់នៅ និង​ដាំ​ដំណាំ​លើ​ដី​ក្រុមហ៊ុន និង​មិន​ព្រម​ទទួលយក​ដំណោះស្រាយ។

ប្រតិបត្តិការ​ចុះ​រុះរើ ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​ទាំង​៨​គ្រួសារ​នេះ គឺ​មាន​រយៈពេល​ពីរ​ថ្ងៃ​ហើយ​ចាប់​តាំងពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​មករា។ ក្នុង​ប្រតិបត្តិការ​នេះ ពុំ​មាន​អំពើ​ហិង្សា​ផ្ទុះឡើង​ធ្ងន់ធ្ងរ​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​នោះ​ឡើយ ដោយ​ពលរដ្ឋ​បាន​ត្រឹមតែ​ស្រែក​ទ្រហោ​យំ​បោក​ខ្លួន​ប៉ុណ្ណោះ ខណៈ​ដែល​អាជ្ញាធរ បាន​បាញ់​កាំភ្លើង​ឡើងលើ​ជាច្រើន​គ្រាប់ ដើម្បី​គំរាម និង​ព្រមាន​ចាប់​វាយ​ខ្នោះ ប្រសិនបើ​ពលរដ្ឋ​រូប​ណា ហ៊ាន​ចេញមុខ​ប្រឆាំង ឬ​រារាំង​សកម្មភាព​នោះ។

តំណាង​ពលរដ្ឋ​ម្នាក់ លោក សែម ធី រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១​កន្លះ ថ្ងៃ​ទី​១១ ខែ​មករា មន្ត្រី​ក្រសួង​បរិស្ថាន លោក គឹម ឡេង ដែល​ប្រចាំការ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​យូញៀន បាន​នាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត មាន​អាវុធ​គ្រប់​ដៃ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ប្រមាណ​ជាង​៥០​នាក់ បាន​ចូល​រុះរើ​ផ្ទះ​ពួកគាត់​ចំនួន​៨​គ្រួសារ នៅ​ចំណុច​ឆាយ​ក្រូច ក្នុង​ភូមិ​សាស្ត្រ​ជាប់​ព្រំប្រទល់​គ្នា រវាង​ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ លោក​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នោះ ពួកគេ ក៏​បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផលដំណាំ​មួយ​ចំនួន មាន ដូចជា ដូង ចេក ស្វាយ ដំឡូង ខ្នុរ និង​ស្វាយចន្ទី លើ​ផ្ទៃដី​ជាង ២៥ហិកតារ ដែល​បាន​ដាំ​កាលពី​ជាង​២​ឆ្នាំមុន។ កាល​ថ្ងៃ​ទី​១២ ខែ​មករា កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន បាន​បន្ត​មក​ដុត​កម្ទេច​ផ្ទះ​ពលរដ្ឋ និង​បន្ត​កាប់​បំផ្លាញ​ផលដំណាំ ដែល​នៅ​សេសសល់​ឲ្យ​រាប​ដល់​ដី ដោយ​ក្រុមហ៊ុន ចោទ​ថា ពួកគាត់​បាន​ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​របស់​ក្រុមហ៊ុន។

លោក សែម ធី ឲ្យ​ដឹង​ថា កាល​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា គឺ​ពលរដ្ឋ​កំពុង​ជញ្ជូន​អីវ៉ាន់ និង​របស់របរ​ចេញពី​ទី​ដី​ក្នុង​តំបន់​នោះ​ទាំង​បង្ខំ ចូល​ទៅ​ក្នុង​ភូមិ​សំរ៉ុងតាកែវ ឃុំ​ព្រែកខ្សាច់​វិញ ព្រោះ​អាជ្ញាធរ និង ក្រុមហ៊ុន​ព្រមាន​ថា បើ​អ្នកភូមិ​មិន​ចាកចេញ​នោះ​ទេ កម្លាំង​សមត្ថកិច្ច​នឹង​ចាប់ខ្លួន។ លោក​ថា ប្រជា​ពលរដ្ឋ​បាន​ទៅ​រស់នៅ និង​ចាប់ដី​ធ្វើ​ចម្ការ​ទីនោះ ជាង​៣​ឆ្នាំ​មក​ហើយ ព្រោះ​ដោយសារ​ជីវភាព​ខ្វះខាត និង​ឃើញ​ដី​ទីនោះ​ទំនេ​ចោល។ ក្រោយ​ក្រុមហ៊ុន និង​អាជ្ញាធរ ដុត​បំផ្លាញ​ផ្ទះ និង​កាប់​ដំណាំ​ពួកគាត់ ដូច្នេះ​នឹង​បណ្ដាល​ឲ្យ​ជីវភា​ពួកគាត់​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។

ស្ត្រី​រងគ្រោះ​ម្នាក់ទៀត ឈ្មោះ ទេព សារឿន រៀបរាប់​ថា លោកស្រី ពិតជា​តក់ស្លុត និង​សោកស្ដាយ ខ្លាំង​ណាស់ ដែល​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ តែ​បែរ​ជា​លើកដៃ​កាប់ ផលដំណាំ និង​ដុត​បំផ្លាញ​ផ្ទះ​ពួកគាត់​ទាំង​កម្រោល​បែបនេះ។ ការ​ចូល​ទៅ​រស់នៅ និង​ធ្វើ​ចម្ការ​ទីនោះ ក៏​ព្រោះតែ​ក្រុមហ៊ុន​បាន​កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ច្រាល​ភក់​ខ្សាច់​ប៉ះពាល់​លំនៅឋាន​និង​ដីស្រែ របស់​ពួកគាត់​កាលពីមុន​ដែរ​។ ស្ត្រី​រូប​នេះ បន្ត​ថា ក្រុមហ៊ុន​និង​អាជ្ញាធរ ត្រូវតែ​ទទួលខុសត្រូវ​សង់ ថ្លៃ​កម្លាំង​ពលកម្ម​ជូន​ពួកគាត់​វិញ។

ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ​ជូន​ពួកគាត់​កាន់កាប់​អាស្រ័យ​ផល ដើម្បី​ចិញ្ចឹមជីវិត ព្រោះថា ពេលនេះ ពួកគាត់​គ្មាន​ទីពឹង​អ្វី​ឡើយ​។ អ្នក​ខ្លះ​ទៀត ក៏​អំពាវនាវ​ឲ្យ ក្រុមហ៊ុន​ជួយ​ផ្ដល់​សំណង​កម្លាំង​ពលកម្ម​ជូន​ពួកគាត់​វិញ ចន្លោះ​ចាប់ពី​២​ពាន់​ទៅ​៥​ពាន់​ដុល្លារ ក្នុង​១​ហិកតារ ព្រោះ​ដំណាំ​របស់​ពួកគាត់​បាន​ទទួល​ផល​ខ្លះ​ទៅ​ហើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ឈ្មោះ គឹម ឡេង ដែល​ប្រចាំការ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន និង​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ កាល​ថ្ងៃ​ទី​១២​ខែ​មករា​បាន ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ រីឯ​មេឃុំ​ព្រែក​ខ្សាច់ លោក រៀម រុំ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។ ប៉ុន្តែ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ម៉ន ផល្លា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ បាន​ចូល​ទៅ​រស់នៅ​លើ​ដី​ក្រុមហ៊ុន ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សហការ​គ្នា ចុះទៅ​សម្របសម្រួល ប៉ុន្តែ​ពលរដ្ឋ នៅតែ​មិន​ព្រម​ទទួលយក​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​នោះ​ទេ។

នៅ​ពេល​អាស៊ីសេរី​សួរ​ថា បើ​អាជ្ញាធរ​ចុះទៅ​សម្របសម្រួល​ដោះស្រាយ ហេតុអ្វី​ចាំបាច់​ដុត​ផ្ទះ​ពលរដ្ឋ និង​កាប់​បំផ្លាញ​ផលដំណាំ? លោក ម៉ន ផល្លា គ្រាន់តែ​ឆ្លើយ​ខ្លី​ថា គេ​បាន​ដោះស្រាយ​ហើយ តែ​ដោយ​សារ​ពលរដ្ឋ​មិន​ចេះ​ស្ដាប់​គ្នា។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលរដ្ឋ​ថា ពុំ​មាន​ការ​ចុះ​ទៅ​សម្របសម្រួល​នោះ​ទេ គឺ​អាជ្ញាធរ​បាន​ចុះ​រុះរើ​ដុត​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​ទាំង​កម្រោល​តែម្ដង ហើយក៏​គ្មាន​ប្រកាស​ចែក​ដីធ្លី​កន្លែង​ផ្សេង ដល់​ពួកគាត់​នោះ​ដែរ។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង គឺ​គ្រាន់តែ​ជា​លេស​ដោះ​សារ​ប៉ុណ្ណោះ។ លោក អ៊ិន គង់ជិត ដែល​ធ្លាប់​ចុះទៅ​អង្កេត​ដី​នៅ​តំបន់​នោះ រៀបរាប់​ថា ចំណុច​ដី​ទំនាស់​នេះ គឺជា​ចំណុច ស្នូល​នៃ​តំបន់​ការពារ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ ដែល​ក្រសួងបរិស្ថាន​មិន​គួរ​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះ​ទេ ដោយសារ​ទីនោះ​មាន​ជីវចម្រុះ​ច្រើន។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ពលរដ្ឋ​ទៅកាន់​កាប់​ដី​នោះ​ព្រោះ​ពួកគាត់​គ្មាន​កន្លែង​រស់​នៅ ហើយ​ពួកគាត់​យល់ថា​ដី​នោះ គឺជា​ដី​ទំនេរ​ដែល​នៅ​ចន្លោះ​ឧទ្យានជាតិ និង​ក្រុមហ៊ុន​ចិន។ លោក​ថា ក្រុមហ៊ុន និង​អាជ្ញាធរ ក៏​មាន​កំហុស​ដែរ ដោយសារ​កន្លងមក​មិនបាន​បោះ​ផ្លាក​សញ្ញា​សម្គាល់​ព្រំប្រទល់​ដី និង​មិនបាន​រារាំង​ពួកគាត់​ដែល​ចូល​ទៅ​រស់នៅ​តាំងពី​ដំបូង​ឡើយ។ «»

ក្រុមហ៊ុន​យូញៀន ឌីវេឡុបមិន គ្រុប បាន​ជួល​ដី​ពី​រាជរដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ ២០០៨ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំនួន​៥ នៃ​ស្រុក​ពីរ គឺ​បុទុមសាគរ និង​គិរីសាគរ ខេត្ត​កោះកុង លើ​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន​៦​ពាន់​ហិកតារ ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ និង​ទីលាន​វាយកូនគោល​ដែល​មាន​តម្លៃ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ​២០១១ ក្រុមហ៊ុន​ចិន មួយ​នេះ បាន​ជួល​ដី​ពី​រដ្ឋាភិបាល​ជាង​៩​ពាន់​ហិកតារ​ថែមទៀត។

លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា ការ​ផ្តល់​ដី​សម្បទាន​ទំហំ​ធំ​នេះ បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដោយ​រហូត​មក​ដល់​ពេល​នេះ នៅសល់​ពលរដ្ឋ​ជាង ១​រយ​គ្រួសារ​កំពុង​ក្រាញននៀល មិន​ចាក់​ចេញពី​លំនៅឋាន។ ចំណែក​ក្រុមហ៊ុន​ចិន ក៏​មិនទាន់​ឃើញ​អនុវត្ត​គម្រោង​អ្វី​ធំ​ដំ​នោះ​ដែរ​មក​ទល់​ពេល​នេះ ដោយ​ទើបតែ​ឃើញ​សាងសង់​សណ្ឋាគារ​មួយ និង​កន្លែង​វាយកូនគោល​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជូន​ក្រុមការងារ ឬ​ចុះ​មក​ពិនិត្យ ដោយ​ផ្ទាល់​នៅ​កន្លែង​ដី​ទំនាស់ ដើម្បី​មាន​គោលការណ៍​ណែនាំ ឬ​មាន​ដំណោះស្រាយ​ល្អ​ជាង​នេះ ដោយ​មិន​ត្រូវ​ឲ្យ​ក្រុមហ៊ុន និង​កងកម្លាំង​អាជ្ញាធរ​ចុះ​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​ដែល​ប្រជាពលរដ្ឋ ខំ​ដាំ​និង​ថែរក្សា​ឡើយ។ ទង្វើ​បែបនេះ គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ និង​ធ្វើ​ឱ្យ​ជីវភាព ពលរដ្ឋ​កាន់តែ​ធ្លាក់​ដុនដាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល