អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​អាជ្ញាធរ​ខេត្ត​សៀមរាប​ថា​យឺតយ៉ាវ​ដោះស្រាយ​ជម្លោះ​ដីធ្លី

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​សែនជ័យ ឃុំ​កន្ទួត និង​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ ជាង ១៥០​នាក់ បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ក៏ប៉ុន្តែ​ពួក​គេ​ត្រូវ​សមត្ថកិច្ច​រារាំង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មីនា កន្លង​ទៅ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រក​ឃើញ​ថា បច្ចុប្បន្ន​នៅ​ខេត្ត​សៀមរាប ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​កង​ទាហាន រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន នៅ​តែ​អូស​បន្លាយ​ជាច្រើន​កន្លែង ដោយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​សមរម្យ​នៅ​ឡើយ។

សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន ២​កន្លែង ក្នុង​ស្រុក​ស្វាយលើ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​សមរម្យ និង​ឆាប់​រហ័ស។

សហគមន៍​ទាំង​ពីរ​នោះ គឺ​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ រស់នៅ​តំបន់​អូរ​ទី​៤ ចំណុះ​ឲ្យ​ភូមិ​សែនជ័យ ឃុំ​កន្ទួត ដែល​កំពុង​មាន​ទំនាស់​ដី​ជាមួយ​កង​ទាហាន និង​មួយ​ក្រុម​ទៀត គឺ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣៥០​គ្រួសារ នៅ​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ ដែល​មិន​សុខ​ចិត្ត​ចំពោះ​អាជ្ញាធរ​ដក​ហូត​យក​ដី​ពី​ពួក​គេ ទៅ​ចែក​ឲ្យ​អ្នក​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ដែល​ធ្លាប់​តែ​រស់នៅ​តំបន់​លិច​ទឹក ហើយ​មិន​មាន​ដី​ធ្វើ​កសិកម្ម​ជាច្រើន​ជំនាន់​មក​ហើយ​នោះ។

បុរស​អ្នក​ភូមិ​សែនជ័យ ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១៥០​នាក់ ដែល​លើក​គ្នា​មក​តវ៉ា​នៅ​ខេត្ត​សៀមរាប គឺ​លោក ស្វាយ ជុំ។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មីនា ថា រូប​លោក និង​អ្នក​ភូមិ​ជាច្រើន​ទៀត កំពុង​មាន​ទំនាស់​ជាមួយ​ទាហាន​យោធភូមិ​ភាគ​ទី​៤ ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ធ្វើ​ទំនប់​ទឹក បណ្ដាល​ឲ្យ​ប៉ះពាល់​ដំណាំ​ជាច្រើន​ហិកតារ។ ពួក​គាត់​បាន​តវ៉ា និង​ប្ដឹង​មក​អាជ្ញាធរ​ខេត្ត​សៀមរាប រយៈពេល​ជិត ៣​ខែ​ហើយ ក៏ប៉ុន្តែ​មិន​មាន​ឃើញ​ដំណោះស្រាយ​អ្វី​ទេ៖ «តវ៉ា​តាំង​ពី​ខែ​មករា មក រង់ចាំ​រហូត​ថា​ដោះស្រាយៗ ដល់​ពេល​ខែ​កុម្ភៈ ចូល​ខែ​មីនា អត់​មាន​ដោះស្រាយ»

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប លោក សុខ ថុល បាន​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​រឿ​នេះ​យ៉ាង​ណា​ឡើយ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​អភិបាល​រង​ខេត្ត​សៀមរាប លោក ប៊ុន ថាឬទ្ធិ ក៏ប៉ុន្តែ លោក ប៊ុន ថាឬទ្ធិ បាន​ចុច​ទូរស័ព្ទ​ផ្ដាច់​មិន​សន្ទនា។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ នៅ​ខេត្ត​សៀមរាប បាន​រក​ឃើញ​ដូច​គ្នា​ថា អាជ្ញាធរ​ខេត្ត​សៀមរាប ហាក់​ដូចជា​ប្រើប្រាស់​យន្តការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​នោះ។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា កន្លង​ទៅ​អង្គការ​របស់​លោក​បាន​ចុះ​ស៊ើប​អង្កេត​បញ្ហា​ទំនាស់​ដីធ្លី​ចំនួន ៣​ករណី គឺ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​សែនជ័យ ឃុំ​កន្ទួត ជាមួយ​ទាហាន​យោធភូមិ​ភាគ​ទី​៤ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​ជប់រំដេង ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សហគមន៍​តា​ខ្មៅ និង​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាង ៣៥០​គ្រួសារ នៅ​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ ជាដើម។ លោក នូ ពុទ្ធិ សម្គាល់​ថា អាជ្ញាធរ​ខេត្ត​សៀមរាប និង​ស្រុក​ស្វាយលើ ហាក់​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ និង​មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ៖ «ដូចជា​ក្នុង​ករណី​នៅ​ខាង​ជប់រំដេង គឺ​ប្រជាពលរដ្ឋ​នៅ​មាន​កង្វល់​ខ្លាំង​ណាស់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែល​ស្វែងរក​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ ចំណុច​ប៉ះពាល់​ដោយ​ការ​ប្រើប្រាស់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ស្វាយលើ ក៏​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ ដើម្បី​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ»

ចំណែក​អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ ចំរើន ក៏​យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​សៀមរាប និង​ស្រុក​ស្វាយលើ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​ករណី​នោះ​ដែរ។ លោក ចាន់ ចំរើន ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទាំង​នោះ​ឲ្យ​ឆាប់​រហ័ស ដើម្បី​ជៀសវាង​មាន​ការ​តវ៉ា​ផ្សេងៗ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ គ្រាន់​តែ​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្វាយលើ ចំនួន ៣​ករណី គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០០​គ្រួសារ កំពុង​ទទួល​រង​ការ​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។