មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​អប្សរា​បញ្ឈប់​ការ​រុះរើ​ផ្ទះសម្បែង​ពលរដ្ឋ ក្នុង​តំបន់​អង្គរ​នៅ​ខេត្ត​សៀមរាប

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ឈប់​ការ​រុះរើ​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ ក្នុង​តំបន់​អង្គរ ដែល​រំខាន​ដល់​ជីវភាព​រស់នៅ​និង​សតិអារម្មណ៍​របស់​ពលរដ្ឋ។ សំណើ​នេះ​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​រុះរើ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ក្រីក្រ​ដោយ​បង្ខំ។

មន្ត្រី​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ នៅតែ​មាន​អារម្មណ៍​ភិតភ័យ​តាម​លង​បន្លាច​ស្មារតី​ពួកគាត់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយ ខ្លាចក្រែង​អាជ្ញាធរ​ជាតិ​អប្សរា មក​រុះរើ​ផ្ទះសម្បែង​របស់​ពួកគាត់ ដើម្បី​ដាក់​សម្ពាធ​ឱ្យទៅ​រស់នៅ​ទីតាំង​ថ្មី។

អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​សៀមរាប លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៥ មេសា ថា ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​តាំងពី​ដូនតា​មក នៅតែ​ជួប​ការ​លំបាក ក្នុង​ការ​ជុះ​ជុល ឬ​កែ​លម្អ​ផ្ទះសម្បែង របង​ផ្ទះ និង​រោង​ចិញ្ចឹមសត្វ​ជាដើម ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​ជម្រក​រឹងមាំ ខ្វះ​សន្តិសុខ និង​ភាព​កក់ក្តៅ​ពី​អាជ្ញាធរ​រដ្ឋ។

លោក អ៊ិន គង់ជិត៖ «គួរតែ​បញ្ឈប់​ទៅ ការ​ដើរ​រុះរើ​ផ្ទះសម្បែង​ពលរដ្ឋ ប្រជាជន​តែង​គោរព​ច្បាប់​គាត់​ដាក់​ពាក្យ​សុំ ពេល​គាត់​ដាក់​ពាក្យសុំ​ពិនិត្យ​ទៅ ហើយ​ពេល​ពិនិត្យ​ទៅ ឱ្យ​គាត់​កែសម្រួល​ទៅ លក្ខណៈ​សំណង់​ហ្នឹង​យ៉ាងម៉េច ដើម្បី​ឱ្យ​វា​មាន​សោភ័ណភាព​?បើ​ថា​ចង់​រៀបចំ​ភូមិដ្ឋាន​ចាស់ តំបន់​រមណីយដ្ឋាន ឬ​កន្លែង​ក្បែរ​ប្រាសាទ យើង​ផ្តល់​គំរូ​សំណង់​ឱ្យ​គាត់​ធ្វើ​ទៅ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ធ្វើឡើង ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា កាល​ពី​ថ្ងៃទី២៤ មេសា បាន​បញ្ជូន​មន្ត្រី​ជិត ២០​នាក់ ទៅ​រុះរើ​សំណង់ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ឋិត​ក្នុងភូមិ​តាឯក ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ទល់មុខ​ភ្នំ​បូក ដោយ​លើក​ហេតុផល​ថា ជា​សំណង​ខុសច្បាប់ សង់​ក្នុង​តំបន់​ឧទ្យាន​អង្គរ ឬ​ហៅ​ថា តំបន់​២។

ផ្ទះ​មួយ​ខ្នង​ដែល​អាជ្ញាធរ​រុះរើ ទំហំ ៤ គុណ​៥ ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​ស័ង្កសី បាន​សាងសង់ ឡើង​កាល​ដើមឆ្នាំ ២០២៤​។ រីឯ​អ្នកភូមិ​រាប់​រយ​នាក់ បាន​ចេញ​មក​តវ៉ា ប្រឆាំង​ការ​រុះរើ​នេះ ហើយ​សកម្មភាព​រុះរើ​បាន​ផ្អាក។

ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​យល់ថា ទង្វើ​របស់​អាជ្ញាធរ​អប្សរា​ជា​រឿង​អយុត្តិធម៌​ធ្វើបាប​ពលរដ្ឋ​ក្រីក្រ ខ្វះ​ទីពឹង គ្មាន​ជម្រក​រស់នៅ​ច្បាស់លាស់​។ លោក​ស្នើឱ្យ​អាជ្ញាធរ​គួរ​មាន​ដំណោះស្រាយ​សមរម្យ ក្រៅពី​ការ​រុះរើ ដោយ​មិន​ប៉ះពាល់​ជម្រក​រស់នៅ និង​ជីវភាព​ពលរដ្ឋ​ក្រីក្រ។

ពលរដ្ឋ​សុំ​លាក់​ឈ្មោះ៖ «អត់​ដោះស្រាយ​ទៅ​ដេក​ណា ក៏​ដេក​ទៅ រើ​របស់​គាត់​ចោល អត់​មាន​ដោះស្រាយ​ឱ្យ​គាត់​ទៅ​នៅ​ណា​ផង​ហ្នឹង»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​រុះរើ ព្រោះ​ពលរដ្ឋ​បាន​សង់​សំណង់​ខុសច្បាប់ ក្នុង​តំបន់​ឧទ្យាន​អង្គរ ដោយ​មិន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ មានបំណង​ចង់​សង់​បន្ទប់​អនាម័យ សុំ​ត​សំយាបផ្ទះ សុំ​ពង្រីក​ផ្ទះ ដើម្បី​សម្រួល​ដល់​ការរស់នៅ​ជាដើម ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​អនុញ្ញាត ដោយ​គ្មាន​ការ​បង់ប្រាក់​នោះ​ទេ។

លោក ឡុង កុសល៖ «យើង​មានការ​យោគយល់​ច្រើន ពេលខ្លះ​កន្លែង​ខ្លះ យើង​មិនអាច​អារម្មណ៍​របស់​យើង ធ្វើការ​ងារ​ទេ​។ យើង​យក​មូលដ្ឋាន​គតិយុត្តិ​ច្បាប់ ធ្វើ​កិច្ច​ការងារ យើង​ទទួល​ស្គាល់​បងប្អូន​លំបាក​នេះ តែ​គាត់​រំលោភបំពាន​លើ​ការសាងសង់​មិន​ស្របច្បាប់»។

របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ចេញផ្សាយ កាលពី​ឆ្នាំ​២០២២​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​០១​ម៉ឺន​គ្រួសារ (១០.០០០) ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បណ្ដេញចេញ​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។