សង្គម​ស៊ីវិល​គាំទ្រ​របាយការណ៍​របស់​ UN​ ស្តីពីបញ្ហា​​ដីធ្លី​ និង​បរិស្ថាន ​និង​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ

ដោយ សេក បណ្ឌិត
2021.10.20
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​គាំទ្រ​របាយការណ៍​របស់​ UN​ ស្តីពីបញ្ហា​​ដីធ្លី​ និង​បរិស្ថាន ​និង​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​នៃអង្គការសហប្រជាជាតិ​ស្ដី​ពី​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ករណី​ជម្លោះ​ដីធ្លីមួយ​នៅ​ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋ​នាំគ្នាតវ៉ាបិទ​ផ្លូវជាតិ​លេខ៥។
រូប៖ RFA

សង្គមស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​សកម្មជន​បរិស្ថាន​គាំទ្រ​ របាយការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់​​អង្គការ​សហប្រជាជាតិ​ដែល​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កើតនូវ​​វិបត្តិ​ដីធ្លី ​និង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា​។ ​ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល ​យក​របាយការណ៍​នេះ ​ទៅ​សិក្សា​ផ្ទៀងផ្ទាត់​រក​ការ​ពិត​ និង​មាន​វិធាន​ការ​ដោះស្រាយ​​ប្រកប​​ដោយ​​តម្លាភាព ​និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ ជា​ជាង​ប្រកែក​ដោះសា​ ហើយ​ចោទ​ប្រកាន់​ដល់​អ្នក​រិះគន់​បញ្ហា​នេះ​។

មន្រ្តី​សង្គមស៊ីវិល​មើល​ឃើញ​ថា ​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​​បរិស្ថាន​ ព្រម​ទាំង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​កូវីដ១៩​ បាន​រុញច្រាន​ពលរដ្ឋ​ភាគ​ច្រើន​ ធ្លាក់​ក្នុង​វិបត្តិ​អត់​ការងារ​ធ្វើ​ បាត់​បង់​ទីជម្រក​ និង​ខ្វះ​ស្បៀង​អាហា​ហូប​ចុក​ប្រចាំ​ថ្ងៃ។

​ការ​មើល​ឃើញ​ពី​សង្គម​ក្នុង​ស្រុក​នា​ពេល​នេះ ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដីពី​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ទាក់ទង​នឹង​វិបត្តិ​ដីធ្លី ​និង​ផល​ប៉ះពាល់​បរិស្ថាន​កម្ពុជា​ កំពុង​កើត​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ ខណៈ​កម្ពុជា​បាន​បើក​ចំហ​ឲ្យ​មាន​ការ​វិនិយោគ​ចូល​មក​កាន់​តែ​ច្រើន​ជាបន្តបន្ទាប់។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​លោក ថេង សាវឿន ឲ្យដឹងថា បញ្ហាដីធ្លីនៅតែ​ជាវិបត្តិធំមួយសម្រាប់​កសិករ ដែលធ្វើឲ្យពួកគាត់មិនមានដីធ្លី​គ្រប់គ្រាន់ក្នុងការ​បង្កង្កើន​ផល​ ខណៈ​សមាជិក​គ្រួសារ​ចេះ​តែ​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​។

លោក​បន្តថា​ ពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​បាន​ក្លាយ​ជាជនរង​គ្រោះ​ ក្រោយ​មាន​គម្រោង​វិនិ​យោគ​ ឬ​មាន​ការអភិវឌ្ឍន៍​អ្វីមួយ ពី​សំណាក់​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​របស់​អ្នក​មាន​លុយ​ មាន​អំណាច​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួកគាត់៖ «ជម្លោះដីធ្លី​កើត​ឡើង​ដោយ​សារ​គោល​នយោបាយអភិវឌ្ឍ និង​ការ​ផ្តល់​ដី​សម្បទាន​សេដកិច្ច​របស់​រដ្ឋាភិបាល​ទៅឲ្យក្រុមឈ្មួញ ​អ្នក​មាន​អំណាច​ បាន​រិប​អូស​ដីធ្លី​របស់​ប្រជាកសិករ​ ទៅ​ជា​កន្លែង​ឧស្សាហកម្មធំៗ​ ប្រព័ន្ធធារាសាស្រ្ត ​កន្លែង​ខ្លះ​ គេ​រ៉ុក​រក​រ៉ែ ​ដាំដំណាំ​ឧស្សាហកម្ម​ ដែល​គម្រោង​អស់​ទាំង​នោះ​សុទ្ធតែមាន​អ្នកឧកញ៉ា អ្នក​មាន​អំណាច​ មាន​លុយ ​កាន់កាប់​ដោយ​ផ្ទាល់​ ឬ​ឈ​នៅពីក្រោយ»។

លោក​បន្ត​ថា ​បច្ចុប្បន្ន​ប្រជាពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​មិនអាចចូលទៅប្រើប្រាស់ដីធ្លី អាស្រ័យផល​លើ​ដីធ្លី​របស់​ពួកគាត់​បាន​ដូចសព្វដង​នោះ​ទេ ដោយ​កំពុង​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​។ បញ្ហា​ទាំង​នេះ ​បាន​ក្លាយ​ជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​សម្រាប់​កសិករ​ បន្ថែម​ពី​លើ​ការ​ប្រឈម​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩​ ហើយ​បាន​រុញច្រាន​ពួក​គាត់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ក្រីក្រ​រើ​ខ្លួន​មិន​រួច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖ «ច្បាស់​ណាស់​កាល​ណា​មាន​ការ​រំលោភ​ដីធ្លី​ មាន​ជម្លោះ​ពួក​គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ នាំ​គ្នាចេញមុខតវ៉ា ប៉ុន្តែត្រូវអាជ្ញាធររារាំង និងប្រឈមនឹងការ​ចោទ​ប្រកាន់​តាមផ្លូវ​តុលាការ ​ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធាគារ​ជាដើម»។ 

ការ​លើក​ឡើង​បែប​នេះ ធ្វើឡើងក្រោយពេល អ្នក​រាយការណ៍​ពិសេស​នៃអង្គការសហប្រជាជាតិ​ស្ដី​ពី​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានបង្ហាញ​កង្វល់​មួយ​ចំនួននៅ​ឯ​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិកាលពីថ្ងៃទី៦ ខែតុលាថា ​ការប្រកួតប្រជែង​ដណ្តើមដីធ្លី និង​ធនធាន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ គឺ​ជា​ចំណុច​ងាយ​កើត​មាន​ជម្លោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​និង​បង្ក​ទៅ​ជា​បញ្ហា​ប្រឈម​ដល់​ការ​អភិរក្ស​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​។

ទាំង​នេះ​វា​បាន​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​បណ្តេញ​ចេញដោយ​បង្ខំ​ និង​ការ​ផ្លាស់​ប្តូរ​ទីលំ​នៅ​របស់​ប្រជា​សហគមន៍​ ដែល​មាន​ប្រាក់​ចំណូលទាប​ និង​ក្រុម​ជនជាតិដើម​ភាគតិច​។ ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ក្នុង​ទីក្រុង​ កំពុង​ត្រូវ​បាន​គេ​រុញច្រាន​ទៅឆ្ងាយ​ពីតំបន់​មាន​ការ​អភិវឌ្ឍន៍ ​ឲ្យទៅ​ជា​តំបន់​ពាណិជ្ជកម្ម។ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជតិ​រូប​នេះ ​សង្កេត​ឃើញ​ទៀត​ថា ​កំណើន​សេដ្ឋកិច្ច​ក៏​ជា​ការ​ដាក់​សម្ពាធ​លើ​តំបន់​ដីបៃតង​ដែល​នៅ​សេសសល់​។ បញ្ហា​នេះ​បាន​ផ្តល់​នូវ​ផលលំបាក​ក្នុង​ការ​ដោះស្រាយ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ត្រួតស៊ីគ្នារ​វាង​ដីប្រពៃណីទំនៀម​ទំលាប់​របស់​អ្នកភូមិ​ និង​ដី​តំបន់​ការពារ​របស់រដ្ឋ។ សកម្មភាព​អាជីវកម្ម​លើដី​ទាំង​នោះ​ធ្វើ​ឡើង​ដោយ​វិស័យ​ធុរកិច្ច​ ក្លាយ​ជា​កត្តា​ជំរុញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​សហគមន៍​ក្រីក្រ​។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក ​វណ្ណ សូផាត ​ថា​ការ​រក​ឃើញ​នេះ ​ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ការ​ពិត​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន​៖ «កំណើន​នៃ​ការ​អភិវឌ្ឍន៍​ចូល​មក​យ៉ាង​កំហុក​ ចំណែក​ប្រព័ន្ធ​គ្រប់គ្រង​ដីធ្លី​មិនទាន់​រឹងមាំ​នៅឡើយ​ធ្វើ​ឲ្យ​ទំនាស់​ដីធី​កាន់​តែកើត​ឡើង​ច្រើន​ជា​បន្តបន្ទាប់​ ហើយ​ភាគ​ច្រើន​អ្នក​ប៉ះពាល់​គឺ​ពលរដ្ឋ​ក្រីក្រី​ អ្នក​មិន​ទាន់​មានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ និង​ជនជាតិ​ដើម​ភាគតិច»។

អង្គការ​លីកាដូរក​​ឃើញ​ថា ការ​បំពាន​​យក​ដី និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​​គ្មាន​ការ​ថមថយទេ​នៅ​​រយៈ​ពេល​២​ឆ្នាំ​នៃ​​អំឡុង​ពេល​​​ឆ្លង​ជំងឺ​កូវីដ​១៩។

អង្គការ​នេះ ​​ចេញ​ផ្សាយ​របាយការណ៍​ជា​វីដេអូ​​ខ្លី​មួយ​កាល​ពីថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២១​ បង្ហាញ​ថា ​រយៈ​​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​ នៃ​អំឡុង​ពេល​​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​​-១​៩​​(Covid-19) ​​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ប្រាំ​ពាន់​ (៥​.​០០០) ​​គ្រួសារ​​ រង​​​​ផល​​ប៉ះពាល់​​ពី​ការ​បំពាន​យក​ដី​។​ ​លើស​ពី​នេះ​​មាន​​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​យ៉ាងតិច​ណាស់​ចំនួន​ ២១​​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ ​ហើយ​ក្នុង​នោះ​​មាន​ ១​០​នាក់​ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រ​​។

ចរន្ត​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ​នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ ​ក្រៅ​ពី​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​វិបត្តិ​ដីធ្លី​ជា​មួយ​ប្រជាពលរដ្ឋ​ បញ្ហា​ដដែល​នេះ​ក៏​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ទៅ​ដល់​ព្រៃ​ឈើ ​ទឹក បរិស្ថាន​ និង​ជីវ​ចម្រុះ​ផង​ដែរ​។

យុវជន​ជា​សកម្មជនប​រិស្ថានលោក​ សាន់ មាឡា​ មើល​ឃើញ​ថា ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយនេះ​ លោក​មើល​ឃើញ​បញ្ហា​ប្រឈម​ធំពីរ​សម្រាប់​បរិស្ថាន​ គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃការពារ​ និង​ការអភិវឌ្ឍន៍​ដោយ​លុប​បឹង​ធម្មជាតិ​សំខាន់ៗ ​ក្នុង​តំបន់​ទីក្រុង​ ដើម្បី​សាងសង់​អគារពាណិជ្ជកម្ម​ និង​ផ្ទះល្វែងលក់​។

លោកថា​ ការ​អភិវឌ្ឍន៍​ដោយ​លុប​បឹង​ធម្មជាតិ​នេះ ​រដ្ឋាភិបាល​ និង​ក្រុមអ្នកវិនិយោគ​ អាច​មើល​ឃើញពីផលចំណេញ​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្តែ​គេ​មិន​បាន​មើល​ពី​ផលប៉ះពាល់​ក្នុង​រយៈ​ពេល​វែង​នោះ​ឡើយ៖ «ប៉ុន្តែ​ការអភិវឌ្ឍន៍​ដែល​មើល​ឃើញ​តែ​ពីផលចំណេញ​ក្នុង​រយៈ​ពេល​ខ្លី​បែប​ហ្នឹង​ លោក​មិនគាំទ្រ​ទេ​ ត្បិត​វា​អាចកាត់​បន្ថយ​​ជម្លោះ​រវាង​មនុស្ស​និងមនុស្ស​ឈ្លោះ​គ្នា ប៉ុន្តែ​ការ​ធ្វើ​បែប​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​រយៈពេលវែង​ ដូច​ឃើញ​ស្រាប់​ហើយ​ភ្នំពេញ​សព្វថ្ងៃ​កំពុង​គំរាម​កំហែង​ដោយ​ទឹកជំនន់​ទឹកភ្លៀង»។

លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) បង្ហាញ​ថា ការ​អភិវឌ្ឍ​ដែល​ជោគជ័យ និង​ទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា​ លុះត្រា​តែ​មាន​វិធាន​ការ​បង្ការ ​ដូច​ជា​ការ​ពិនិត្យ​មើល​ផលប៉ះពាល់​ដែល​ពាក់ព័ន្ធ​ និង​កាត់​បន្ថយ​ហានិភ័យ​នានា​។​ ការ​សាងសង់​ និង​ការ​ធ្វើ​ទំនើបកម្ម​ពាក់ព័ន្ធ​ដែល​មិន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ លុះត្រា​តែ​មាន​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍ​នោះ​ឲ្យ​ត្រឹមត្រូវ​ និង​ច្បាស់​លាស់​ជា​មុន​សិន​។

គោលការណ៍​ណែនាំ​ស្តីពី​ធុរកិច្ច​ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​ជុំវិញ​ការ​អនុវត្ត​ក្របខណ្ឌ​ការពារ​ ការ​គោរព​ និង​ផ្តល់​សំណង​ ត្រូវ​ដាក់​ចេញ​នូវ​ទិសដៅ​សម្រាប់​ការអភិវឌ្ឍន៍​ ដែល​គ្រប់​គ្នា​ចង់​បាន​។ ​គម្រោង​ការអភិវឌ្ឍន៍​ទាំង​នោះ​ចាំ​បាច់​ត្រូវ​ដាក់​បញ្ចូល​នូវ​គោលការណ៍​សិទ្ធិមនុស្ស​ទៅ​ក្នុង​ហេតុ​ផលប៉ះពាល់​បរិស្ថាន​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​មុនការ​អនុវត្ត​គម្រោង​។

ទាក់ទង់​រឿង​នេះ ​វិទ្យុអាស៊ីសេរី ​មិន​ទាន់​អាច​សុំការ​ពន្យល់​ពី​អ្នក​នាំពាក្យ​ ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា​ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​បាន​ទេ ​កាល​ពី​ថ្ងៃទី​២០ ខែតុលា។

ប៉ុន្តែអ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​លោក​ ​កត្តា​ អ៊ន​ ​ថា​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​មិន​ទទួលយក​អនុសាសន៍​ទាំងឡាយ​ណា​ ​ដែល​​ផ្ទុយពី​ការពិត​នៅ​កម្ពុជា​។​ ​លោក​ចាត់​ទុក​អនុសាសន៍​ទាំងនោះ​ ​ថា​មាន​ចរិត​នយោបាយ​ ​និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

កាល​ពី​ខែធ្នូ​ ឆ្នាំ​២០២០​ អតីត​អ្នករាយការណ៍​ពិសេស​អាណត្តិ​មុន ​បាន​ផ្ញើលិខិត​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ រវាង​សហគមន៍​មូលដ្ឋាន​ និង​អាជ្ញាធររដ្ឋ​ ដោយ​សារ​តែ​ផលប្រយោជន៍​អាជីវកម្ម​ក្នុង​ការអភិវឌ្ឍន៍ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដីធ្លី​ និង​ធនធាន​ដែល​ពាក់ព័ន្ធ​។ ​តំបន់​ជម្លោះ​ដីធ្លី​ខ្លះ​ មាន​នៅ​ជុំវិញ​ក្រុង​ភ្នំពេញ ​និង​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ទៀត​។ ​ដី​ដែល​មាន​ជម្លោះ​ទាំង​នោះរួមមាន​ដីលិចទឹក​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។ ​សកម្មភាព​ទាំងឡាយ​​ដែល​បណ្តាល​ឱ្យ​ខូចខាត​រួមមាន​ ការ​ចាក់​ដីលុបបឹង ​ដែល​អាច​ធ្វើ​អោយ​មាន​ការរិះគន់​ និង​ការគំរាម​កំហែង​នៃ​ទឹកជំនន់ជាដើម​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ឆ្លើយតប​ទៅ​អតីត​អ្នករាយការណ៍​ពិសេស​ថា ​វិធាន​ការ​បង្ការ​ ដូច​ជា​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ ត្រូវ​បាន​ធ្វើ​ឡើង ​ហើយអាជ្ញាធរ​ក៏​បាន​ផ្តល់​ផ្ទះ​ដល់​ក្រុម​គ្រួសារ​ដែល​រង​ផលប៉ះ​ពាល់​ដែរ​។

ពាក់ព័ន្ធ​រឿង​នេះ ​មន្រ្តី​សិទ្ធិមនុស្ស ​និង​អ្នក​ឃ្លាំមើល​បរិស្ថាន​អះអាង​ថា​ វិធាន​ការ​ទាំង​នេះ ​ឃើញ​មាន​តែ​គោលការណ៍​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​ពុំ​មាន​ឡើយ​ ឬ​ក៏​មាន​ធ្វើ​តិចតួច​ដែរ​តាម​តំបន់​ខ្លះ​ជា​លក្ខណៈ​បង្រ្គប់​កិច្ច​ ដោយ​មិន​បាន​អនុវត្ត​ឲ្យ​ពេញ​លេញ​ និង​មាន​ការ​ចូល​រួម​ពីអ្នកជំនាញឯករាជ សង្គមស៊ីវិល និងភាគី​ដែល​ផល​ប៉ះពាល់​ផ្ទាល់​នោះឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។