ក្រុមហ៊ុនវិនិយោគអាជីវកម្មចម្រាញ់រ៉ែមាស ចំនួន៣ នៅខេត្តព្រះវិហារ នៅតែបន្តពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាសរបស់ខ្លួនប៉ះពាល់ដីស្រែចម្ការបង្កបង្កើនផលរបស់ពលរដ្ឋជាច្រើនគ្រួសារទៀត ធ្វើឱ្យវិបត្តិដីធ្លីកាន់តែរាលធំឡើង។ អ្នកភូមិបានទម្លាក់កំហុសបញ្ហានេះ លើអាជ្ញាធរខេត្តព្រះវិហារថា គ្មានសមត្ថភាពការពារសុវត្ថិភាពដីធ្លីជូនពលរដ្ឋ។
ពលរដ្ឋរស់នៅភូមិចំនួន៤ គឺភូមិស្វាយដំណាក់ ភូមិរំដេង ភូមិត្រពាំងទន្ទឹម និងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង កំពុងជជែកពិភាក្សាគ្នាស្វែងរកដំណោះស្រាយវិវាទដីធ្លី ក្នុងករណីក្រុមហ៊ុន ស៊ិន សាន (Xinshan) បន្តហ៊ុមព័ទ្ធ និងបោះរបងរំលោភយកដីស្រែចម្ការរបស់អ្នកភូមិ ១០០ហិកតារទៀតដើម្បីពង្រីកអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុងនៅរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ។
អ្នកភូមិអះអាងថា នៅមានក្រុមហ៊ុនពីរទៀត ពាក់ព័ន្ធរំលោភយកដីពលរដ្ឋ គឺក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd.)។
តំណាងពលរដ្ឋនៅឃុំរមទម លោក ទុយ ឆេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មករាថា ក្រុមហ៊ុនស៊ិនសាន បានហ៊ុមព័ទ្ធរបងបំពានដីស្រែចម្ការរបស់អ្នកភូមិ ២០គ្រួសារទៀត ឋិតរស់នៅភូមិត្រពាំងទន្ទឹមហើយមកទល់ពេលនេះក្រុមពលរដ្ឋបានពឹងអាជ្ញាធរខេត្តព្រះវិហារ ឱ្យជួយដោះស្រាយ តែគ្មានបានផលទេ។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានប្រើកម្លាំងយោធាជាច្រើននាក់ កាងការពារ មិនឱ្យពលរដ្ឋចូលទៅអាស្រ័យផលលើដីស្រែចម្ការរបស់ខ្លួន។ រីឯក្រុមហ៊ុនឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន ស៊ិន សាន បានពុះចែកតំបន់ភ្នំលុងម្ខាងម្នាក់ ដើម្បីធ្វើអាជីវកម្មរ៉ែមាស ទ្រង់ទ្រាយធំប៉ះពាល់ដីស្រែអ្នកភូមិកើនឡើងសរុប ២៣០គ្រួសារហើយមកទល់ពេលនេះ៖ «ទៅធ្វើដីចម្ការ ប៉ូលិសទាហានខិត មិនឱ្យធ្វើទេ ទល់មកដល់ថ្ងៃនេះ បើគេគេឈូសបានមួយសេរី។ ទៅស្រុក និងខេត្តក៏គេមិនឃើញដោះស្រាយដែរ»។
តំណាងពលរដ្ឋរូបនេះបន្ថែមថា អ្នកភូមិអស់សង្ឃឹមចំពោះទង្វើរបស់អាជ្ញាធរខេត្តព្រះវិហារ ដែលព្រងើយកន្តើយមិនដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ក្នុងរឿងជម្លោះដីធ្លីនេះ ខណៈដែលសំណុំរឿងចាស់ៗ មិនទាន់ដោះស្រាយរួចផងស្រាប់តែក្រុមហ៊ុនបានបន្តរំលោភបំពានម្ដងហើយម្ដងទៀត។
លោកបន្ថែមថា ពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិអូរទ្រលោកកំពុងដេកយំ ព្រោះបាត់បង់ដីស្រែចម្ការដោយសារក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) ប្រើគ្រឿងចក្រឈូសឆាយ រំលោភយក ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មចម្រាញ់រ៉ែមាស។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) លោក សរ សេរីវិចិត្រ បាននៅឡើយទេ នៅថ្ងៃទី៤ មករា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកតំណាងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd.) និងក្រុមហ៊ុន ហ៊ិន ស៊ិនសាន ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀតរស់នៅភូមិរំដេង លោកស្រី យឹម ផាត ត្អូញថា នៅគ្រាដែលក្រុមហ៊ុន ស៊ិន សាន ហ៊ុមព័ទ្ធរបងរំលោភយកដីស្រែចម្ការអ្នកភូមិ មានកម្លាំងយោធារាប់សិបនាក់ ហាមពលរដ្ឋមិនឱ្យចូលទៅ អាស្រ័យផលលើដីចម្ការរបស់ខ្លួននោះទេជាច្រើនថ្ងៃមកហើយ។ លោកស្រីប្រាប់ថា គ្រួសារលោកស្រី មានដី ១៨ហិកតារ ត្រូវក្រុមហ៊ុនរំលោភយកទាំងស្រុង ហើយបច្ចុប្បន្នអ្នកស្រីមិនអាចចូលទៅដីចម្ការបង្កបង្កើនផលរបស់ខ្លួនបាននោះទេ។ លោកស្រីបារម្ភថា អ្នកភូមិរាប់រយគ្រួសារនឹងប្រឈមជីវភាពលំបាកខ្លាំងដោយគ្មានដីដាំដុះ ប្រសិនបើរដ្ឋាភិបាលមិនរកយុត្តិធម៌ជូនពលរដ្ឋនោះទេ៖ «អាចាស់មិនទាន់ដោះស្រាយចេញ គេយកអាថ្មីទៀត គេមិននឹកឃើញ ទុក្ខលំបាកពលរដ្ឋ គេមិននឹកឃើញ។ គេធ្វើបាបពលរដ្ឋឱ្យស្លាប់បណ្ដោយ កុំឱ្យងើបមុខតវ៉ា មិនបាច់ងាប់ទៅណា ក៏គេមិនយកចិត្តទុកដាក់។ ដើរបានតែត្រឹមអស់លុយ ប្លង់រឹងខ្លះ និងប្លង់ទន់ខ្លះ ហើយឥឡូវវាយស្រឡះ បោះរបងដល់ភ្នំហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាច សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យក្រសួងរ៉ែ លោក យស មុនីរ៉ាត់ បាននៅឡើយទេ នៅថ្ងៃដដែលនេះ។
រីឯអភិបាលស្រុករវៀង លោក ហោ ប៊ុនហ៊ួ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែមេឃុំរមទម លោក សោម មុត បដិសេធមិនបំភ្លឺរឿងនេះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា លោកមិនទទួលព័ត៌មាននេះ។
ចំណែកឯមន្ត្រីរាជការម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះបានផ្ញើសារមកវិទ្យុអាស៊ីសេរីថា ក្រុមហ៊ុន ឌែលខម ខេមបូឌា បានផុតអាជ្ញាប័ណ្ណធ្វើអាជីវកម្ម រ៉ែមាសហើយ ហើយឥឡូវកំពុងស្នើសុំអាជ្ញាប័ណ្ណបន្ត ដោយធ្វើការសិក្សាហេតុប៉ះពាល់បរិស្ថាន។ លើសពីនេះទៀត កន្លងទៅក្រុមហ៊ុន និងអាជ្ញាធរ បានធ្វើការប្រជុំជាមួយពលរដ្ឋ ប៉ុន្តែការប្រជុំនោះទៀតសោត គឺធ្វើឡើងជាមួយពលរដ្ឋរស់នៅក្នុងតំបន់ផ្សេង មិនមែនប្រជុំជាមួយពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់នោះទេ។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពលរដ្ឋជាច្រើនគ្រួសារ បានដាក់ពាក្យប្តឹងឱ្យអាជ្ញាធរដោះស្រាយជាច្រើនលើក ប៉ុន្តែមិនទទួលបានដំណោះស្រាយជាច្រើនឆ្នាំមកហើយ ផ្ទុយទៅវិញការរំលោភដីធ្លីពលរដ្ឋនៅតែបន្តកើនឡើងឥតឈប់ឈរធ្វើឱ្យវិបត្តិដីធ្លីកាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រការនេះ លោកវាយតម្លៃថា ស្ថាប័នពាក់ព័ន្ធនៅខេត្តព្រះវិហារខ្វះការទទួលខុសត្រូវ ក្នុងការរកដំណោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលា និងធនធានស្វែងរកយុត្តិធម៌តាមស្ថាប័នរដ្ឋ៖ «ត្រូវពន្លឿនក្នុងការដោះស្រាយចៀសវាង អូសបន្លាយចៀសវាងមួយរឿងហើយ ចូលមួយរឿងទៀត វាកាន់តែបង្ហាញឱ្យសហគមន៍អន្តរជាតិគេពិនិត្យឃើញថា ស្ថាប័នទាំងអស់នេះ គឺមិនមាន សមត្ថភាពដោះស្រាយ និងអនុវត្តតួនាទីរបស់ខ្លួន ឱ្យបានល្អត្រឹមត្រូវនោះទេ»។
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ឲ្យដឹងថា តំបន់ភ្នំលុងមានផ្ទៃដី ១.២៦២ហិកតារ ដែលសំបូរដោយរ៉ែមាសក្រោមនៅដី ត្រូវបានក្រុមហ៊ុនឯកជនធំៗ ចំនួន៣ ពុះចែកគ្នាធ្វើអាជីវកម្មដោយលាក់លៀម។ រីឯក្រុមហ៊ុន បានជួលក្រុមទាហានគំរាមកំហែងអ្នកភូមិ និងរឹតត្បិតអ្នកខាងក្រៅមិនឲ្យចេញចូលតំបន់នោះ។
ក្រៅពីនេះ មានក្រុមហ៊ុនចិន និងវៀតណាមជាច្រើនទៀតបានជ្រកក្រោមស្លាកក្រុមហ៊ុនទាំងនេះ និងជួលអ្នកមានអំណាចកាងអាជីវកម្មឲ្យខ្លួនដែរ។ ទន្ទឹមនឹងនេះ តំបន់នោះមានទាហាននៅឈរចាំផ្លូវ ដើម្បីហាមឃាត់ពលរដ្ឋ ឬអ្នកសារព័ត៌មាន មិនឲ្យចូលទៅទីនោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្ស័យថា អាជ្ញាធរខេត្តព្រះវិហារ មានជាប់ពាក់ព័ន្ធការឃុបឃិតគ្នាជាប្រព័ន្ធ រំលោភយកដីពលរដ្ឋ បានជាមិនអើពើដោះស្រាយបញ្ហានេះ៖ «ឃើញភាពជាក់ស្ដែងក្រុមហ៊ុនមួយចំនួននៅខេត្តព្រះវិហារនេះ បានយកកងកម្លាំងយកទៅធ្វើផលប្រយោជន៍ផ្ទាល់ខ្លួន ចំណែកកងកម្លាំងក៏អ៊ីចឹងដែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបានបម្រើក្រុមហ៊ុនមួយចំនួន ដូច្នេះ បើយើងនិយាយគោលការណ៍ច្បាប់ វាខុសហើយបង ពីព្រោះកងកម្លាំងរបស់រដ្ឋ ស៊ីប្រាក់ខែពីពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ភ័យខ្លាចពីសុវត្ថិភាព នៅគ្រាដែលមន្ត្រីយោធាមួយចំនួន ដែលយាមការពារឲ្យក្រុមហ៊ុនតែងគំរាមកំហែងពួកគាត់។ លោកថា អ្នកភូមិរាយការណ៍ប្រាប់ថា មន្ត្រីយោធាទាំងនោះជាកូនចៅរបស់ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។