សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តនេះថាមិនយកចិត្តទុកដាក់ថែរក្សាព្រៃចម្ការស្រល់និងព្រៃសហគមន៍ឱ្យគង់វង្សស្របតាមបន្ទាត់ច្បាប់នោះទេ។ ពួកគេថ្លែងបែបនេះក្រោយពីរកឃើញថា ដីចម្ការស្រល់រាប់រយហិកតាររួមទាំងព្រៃសហគមន៍ និងដីចម្ការវិលជុំរបស់ជនជាតិដើមភាគតិចឋិតក្នុងឃុំសែនមនោរម្យស្រុកអូររាំង ត្រូវបានអ្នកមានអំណាចហ៊ុមព័ទ្ធយកជាកម្មសិទ្ធអស់រាប់រយហិកតារ។
សហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ខេត្តមណ្ឌលគិរី ភ័យព្រួយពីការបាត់បង់ព្រៃសហគមន៍ព្រៃចម្ការស្រល់ ព្រៃកប់សពនិងដីចម្ការវិលជុំដែលជាសម្បត្តិសាធារណៈរបស់រដ្ឋកំពុងទទួលរងការរំលោភបំពានធ្ងន់ធ្ងរពីសំណាក់អ្នកមានអំណាចអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុក។ រីឯការបង្ក្រាបរបស់អាជ្ញាធរជំនាញ មានតិចតួចនៅឡើយ។
តំណាងជនជាតិដើមភាគតិចព្នងរស់នៅភូមិពូរាំង លោក ញ៉ាន ស្រេវ ឱ្យដឹងកាលពីថ្ងៃទី៨ មីនាថា អាជ្ញាធរខេត្តនេះនៅតែធ្វេសប្រហែលក្នុងការការពារដីសាធារណៈរបស់រដ្ឋ ដែលកំពុងរងការរំលោភបំពាន និងហ៊ុមព័ទ្ធយកជាទ្រព្យបុគ្គលជាបន្ត បន្ទាប់ពីសំណាក់អ្នកមានអំណាច និងឈ្មួញ។ សកម្មភាពច្បាមយកដីរបស់រដ្ឋខុសច្បាប់ទាំងនោះធ្វើឱ្យប៉ះពាល់ដីចម្ការវិលជុំដីព្រៃសហគមន៍ ដីចម្ការស្រល់ ដីកប់សព និងតំបន់កេរដំណែលប្រពៃណីវប្បធម៌ ដែលសល់ចុងក្រោយរបស់ជនជាតិដើមភាគតិចនៅទីនោះ។ លោកបារម្ភថា ក្រុមឈ្មួញ និងអាជ្ញាធរ បានបោះបង្គោលហ៊ុមព័ន្ធយកដីរបស់រដ្ឋអស់ជិត ៤រយហិកតារ (៣៧០) ជាថ្មីទៀត ដែលដីនោះ ត្រួតស៊ីគ្នានឹងដីចម្ការវិលជុំដីព្រៃកប់សពរបស់ជនជាតិដើមភាគតិចនៅតំបន់នោះ៖ « ទាំងដីព្រៃស្រល់ ទាំងដីប្រពៃណី និងដីអារក្សអ្នកតា គេកាប់យកអ៊ីចឹងហ្មង គេប្រាប់ខ្ញុំថា ៣៧០ហិកតារ តែពួកខ្ញុំអត់ឲ្យទេ។ ដាច់ខាតគឺមិនឲ្យ សូម្បីអភិបាលស្រុកក៏ដោយ។ អ្នកនាំបទល្មើសលួចលាក់ អាខ្លះ ៣០ហិកតារ និងអាខ្លះទៀត ៦០ហិកតារ។ ខ្ញុំប្ដឹងរហូត តែគេអត់ដោះស្រាយសោះ » ។
បុរសដដែលបន្ថែមថា សហគមន៍បានដាក់ពាក្យស្នើសុំអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ជាតិសុំឱ្យចុះបញ្ជីដីព្រៃនៅតំបន់នោះជាង ២ពាន់ហិកតារទុកជាព្រៃអភិរក្សរបស់សហគមន៍កាលពីឆ្នាំ២០១២ តែមកទល់ពេលនេះមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ លើសពីនេះ ក្រុមឈ្មួញនិងអាជ្ញាធរខ្លះ នៅតែបន្តឈូសឆាយហ៊ុមព័ទ្ធដីព្រៃមួយចំនួន និងដីចម្ការស្រល់របស់រដ្ឋអស់រាប់សិបហិកតារ។ ទោះអ្នកភូមិបានប្ដឹងអាជ្ញាធរឱ្យជួយទប់ស្កាត់យ៉ាងណាក៏គ្មានប្រសិទ្ធភាពនោះដែរ។ លោកបារម្ភថា ដីចម្ការវិលជុំ និងដីព្រៃសហគមន៏របស់ជនជាតិដើមភាគតិចឋិតនៅចំណុចអូររំពេរ អូរយាម និងអូរចាយ នៃភូមិពូរាំង ក៏កំពុងរងការហ៊ុមព័ទ្ធយកដីជាបន្តបន្ទាប់ដែរ។ រីឯកម្លាំងសហគមន៍មិនអាចទប់ទល់ឈ្នះក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរនោះទេ៖ « ឥឡូវគេយកដល់ណាដល់ណីហើយ ព្រោះបង្គោលគេចម្ងាយប៉ុន្មានគីឡូ ដល់សួរទៅអត់ដឹង។ អា ៣៧០ហិកតារ អាហ្នឹងផ្សេង អាកន្លែងគេឈូសឆាយ តែអាកន្លែងគេលក់ពិតប្រាកដហ្នឹង អាហ្នឹងលក់ហ្មងអាហ្នឹង » ។
អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង មិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ កាលពីថ្ងៃទី០៨ មីនា ដោយលោកប្រាប់ថាទូរស័ព្ទស្ដាប់មិនឮ។
ចំណែកមេឃុំសែនមនោរម្យលោកស្រី ខ្វាន ត្រែល និងអភិបាលស្រុកអូររាំង លោក នង ទុនណ្ណារី ក៏មិនអាចទាក់ទងបានដែរព្រោះទូរស័ព្ទ ហៅចូលគ្មានអ្នកទទួលនៅថ្ងៃដដែលនោះ។
សហគមន៍ជនជាតិដើមភាគតិចឱ្យដឹងថាសកម្មភាពហ៊ុមព័ទ្ធយកដីចម្ការស្រល់របស់រដ្ឋពុំមែនកើតមានឡើងតែនៅភូមិពូរាំងទេនៅភូមិពូហ្យាម នៃឃុំសែនមនោរម្យក៏មានសេចក្ដីរាយការណ៍ថាអ្នកមានអំណាចខ្លះជាអាជ្ញាធរស្រុកសមាជិកក្រុមប្រឹក្សាស្រុកនិងឈ្មួញបានយកគ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធយកដីចម្ការស្រស់អស់រាប់រយហិកតារដែរ។
ថ្មីៗ នេះមន្ត្រីរដ្ឋបាលព្រៃឈើបានឃាត់គ្រឿងចក្រពីរគ្រឿងកំពុងកាយកំណត់ព្រំដីយកជាកម្មសិទ្ធិឋិតនៅចម្ការស្រល់របស់រដ្ឋក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ អស់ជាច្រើនហិកតារ។ ក៏ប៉ុន្តែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឱ្យមកទទួលខុសត្រូវតាមច្បាប់នោះទេ។ សហគមន៍ជនជាតិដើមភាគតិចបង្ហើបថា អាជ្ញាធរស្រុកអូររាំងខ្លះឃុបឃិតជាមួយឈ្មួញលក់ដីចម្ការស្រល់របស់រដ្ឋជាច្រើនហិកតារ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងស្រុកអូររាំងលោក បូរ៉េត កាំពី សង្កេតឃើញថា សកម្មភាពហ៊ុមព័ទ្ធយកដីសាធារណៈរបស់រដ្ឋមកធ្វើជាសម្បត្តិឯកជនបានកើតមានជាច្រើនឆ្នាំមកហើយ មកទល់ពេលនេះអាជ្ញាធរពាក់ព័ន្ធនៅតែគ្មានសមត្ថភាពទប់ស្កាត់រឿងនេះ។ លោកថាសហគមន៍មានបំណងថែរក្សាព្រៃអារក្ស ព្រៃចម្ការវិលជុំ និងដីព្រៃតំបន់ភ្នំឱ្យគង់វង្ស ក៏ប៉ុន្តែមិនត្រូវបានអាជ្ញាធរពាក់ព័ន្ធលើកទឹកចិត្ត និងជួយពន្លឿនការចុះបញ្ជីដីសមូហភាពនោះទេ ដែលនេះជាឱកាសឱ្យឈ្មួញនិងអាជ្ញាធរខ្លះលួចឈូសឆាយរំលោភយកជាទ្រព្យឯកជនជាបន្តបន្ទាប់៖ « គេព័ទ្ធតាំងពីចម្ការស្រល់រហូតដល់អូរ និងដល់ចម្ការអ្នកភូមិអ៊ីចឹង អាដីចម្ការ និងដីសហគមន៍របស់អ្នកភូមិគាត់ធ្វើចម្ការអ៊ីចឹង ហើយពួកគាត់ស្នើសុំចុះបញ្ជីដីសមូហភាព ដល់ពេលឈ្មួញគេយកទៅ គេហ៊ុមព័ទ្ធ រហូតដល់ចម្ការពលរដ្ឋ។ អាកន្លែងហ្នឹងប្រហែលជាមានគេលក់។ លក់ដីចម្ការស្រល់អីហ្នឹង។ កាលណាលក់ដីស្រល់ ប៉ះពាល់ដីចម្ការគាត់នៅខាងក្រោម » ។
អាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី បាននៅឡើយទេ នៅថ្ងៃទី៨ មីនា ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល។ ចំណែកមេភូមិពូរាំងលោក អូម សេរីវុឌ្ឍី បដិសេធថា ពុំមានការរំលោភដីព្រៃចម្ការស្រល់របស់រដ្ឋ និងដីព្រៃសហគមន៍ដូចការលើកឡើងរបស់ក្រុមពលរដ្ឋនោះទេ។ លោកថា ការលើកឡើងរបស់ជនជាតិដើមភាគតិច គឺជារឿងមិនពិត ព្រោះដីទាំងនោះមានការអភិរក្សយ៉ាងហ្មត់ចត់ពីសំណាក់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមូលដ្ឋានជាដើម៖ « អត់មានអ្នកមានអំណាចណាហ៊ានយកដីរបស់ពួកគាត់ទេ ដោយសារពួកគាត់លក់ដីឲ្យគេ បានគេហ៊ានយករបស់គាត់។ ពួកគាត់ច្រណែនមួយ ហើយមួយច្រណែនមួយ បង្កើតជាចលនា ដើម្បីចលនាមួយអ៊ីចឹង » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (ADHOC) ខេត្តមណ្ឌលគិរីលោក អ៊ាង ម៉េងលី យល់ថាច្បាប់ភូមិបាលមិនអនុញ្ញាតឱ្យបុគ្គលណារំលោភយកដីសាធារណៈរបស់រដ្ឋដាច់ខាត ហើយបើមានសកម្មភាពហ៊ុមព័ទ្ធ និងឈូសឆាយបំពានយក ជាទង្វើល្មើសច្បាប់។ លោកសង្កេតឃើញថា អាជ្ញាធរជំនាញអនុវត្តច្បាប់មានស្តង់ដារពីរ ឬមិនស្មើភាពគ្នានោះទេ ព្រោះអាជ្ញាធរមានអំណាចតែងបំពានយកដីរបស់រដ្ឋជាកម្មសិទ្ធិឯកជនពុំសូវមានការបង្ក្រាប និងស៊ើបអង្កេតឱ្យមកទទួលខុសត្រូវតាមច្បាប់ទេ។ រីឯពលរដ្ឋក្រីក្រត្រូវបានអាជ្ញាធរអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ប្រសិនបើពួកគេប្រព្រឹត្តកំហុសដោយលួចឈូសឆាយដីព្រៃរបស់រដ្ឋ៖ « នៅក្នុងខេត្តមណ្ឌលគិរី ពាក់ព័ន្ធអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចដែលរំលោភបំពានយកដីរបស់គាត់ គឺពុំឃើញមានតុលាការចាត់វិធានការផ្លូវច្បាប់ណាមួយទេ ដើម្បីឲ្យសាធារណជនបានឃើញអំពីការអនុវត្តច្បាប់ឲ្យមានតម្លាភាព មានន័យថា មានបុណ្យស័ក្ដិរំលោភដីរបស់រដ្ឋ ទទួលទោសដូចពលរដ្ឋទូទៅដែរ » ។
កាលពីថ្ងៃទី៣ មីនា អ្នកភូមិ ៤០នាក់ បានលើកគ្នាឃាត់គ្រឿងចក្រមួយគ្រឿងដែលកំពុងឈូសឆាយព្រៃអារក្សអ្នកតា ដែលសហគមន៍ជនជាតិដើមភាគតិចព្នងគោរពបូជា និងសែនព្រេនជារៀងរាល់ឆ្នាំ។ សហគមន៍ថា ចាត់ទុកសកម្មភាពឈូសឆាយនោះថា ធ្វើឲ្យប៉ះពាល់តំបន់ព្រៃអាស្រ័យផលកន្លែងឃ្វាលគោក្របី និងជាតំបន់អភិរក្សវប្បធម៌ប្រពៃណីរបស់អ្នកភូមិជាដើម។
ច្បាប់ភូមិបាលមាត្រា ២៦២ និង ២៦៣ ចែងថា អាជ្ញាធរមានសមត្ថកិច្ច ដែលរំលោភយកដីរបស់រដ្ឋត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៣០លានរៀល និងដាក់ពន្ធនាគារចាប់ពី២ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។ អាជ្ញាធរមានសមត្ថកិច្ចដែលព្រងើយកន្តើយបណ្ដោយឱ្យមានការរំលោភយកដីធ្លីរបស់រដ្ឋ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០លានរៀល និងត្រូវទទួលទោសរដ្ឋបាលមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។