ជនជាតិកួយ ៣ភូមិ ទាមទារឱ្យតុលាការខេត្តកំពង់ធំដោះលែងស្ត្រីជនជាតិដើមកួយម្នាក់ ដែលសកម្មការពារដីធ្លីសមូហភាព
2022.06.22

ជនជាតិដើមភាគតិចកួយចំនួន ៣ភូមិ ទាមទារឱ្យតុលាការខេត្តកំពង់ធំដោះលែងស្ត្រីជាតំណាងសហគមន៍ម្នាក់ ដែលត្រូវតុលាការឃុំខ្លួន កាលពីសប្ដាហ៍មុន ក្នុងរឿងជម្លោះដីធ្លីរវាងក្រុមហ៊ុនឯកជនមួយ និងអ្នកភូមិរាប់រយគ្រួសារ។ ពួកគាត់ចាត់ទុក សំណុំរឿងនេះ គឺជាអំពើអយុត្តិធម៌ និងគាបសង្កត់ពលរដ្ឋ មិនឱ្យតវ៉ាទាមទារដីធ្លីសមូហភាព ដែលក្រុមហ៊ុនបំពារបំពាន។
ពលរដ្ឋរាប់រយរួសារភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំងន ស្រុកសណ្ដាន់ កំពុងស្វែងរកកិច្ចអន្តរាគមន៍ ទៅស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បំណងទាមទារឱ្យតុលាការខេត្តកំពង់ធំទម្លាក់បទចោទប្រកាន់ លើតំណាងសហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ គឺលោកស្រី ហេង សាភេន។
អ្នកភូមិថា តុលាការ និងសមត្ថកិច្ចខេត្តកំពង់ធំ បានចេញដីកាចាប់ខ្លួនស្ត្រីរូបនេះ ដោយស្ងាត់ៗ ដើម្បីបំបាក់ស្មារតី ពលរដ្ឋមិនឱ្យ អាស្រ័យផលលើដីសមូហភាព ដែលអ្នកភូមិកំពុងស្នើសុំចុះបញ្ជី។
អនុប្រធានទី១ នៃសហគមន៍ជនជាតិដើមភាគកួយក្បិតចង្ហូរខ្នា គឺលោក ហ៊ាន ហៀក ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ មិថុនាថា ពេលលោកស្រី ហេង សាភេន ទៅឆ្លើយបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំងន ក្នុងរឿងដីធ្លី ប៉ុន្តែសមត្ថកិច្ចទាំងនោះ បែរជានាំខ្លួនលោកស្រី ទៅទីរួមខេត្តវិញ ហើយនៅថ្ងៃបន្ទាប់ តុលាការបានចេញដីកាឃុំខ្លួនលោកស្រីតែម្ដង។
លោកថា មកទល់ពេលនេះ តុលាការបានឃុំខ្លួនស្ត្រីរូបនេះ ជាង ១សប្តាហ៍មកហើយ ធ្វើឱ្យពលរដ្ឋរាប់រយគ្រួសារ កើតទុក្ខមិនខុសចិត្ត។ លោកបន្ថែមថា ស្ត្រីជនជាតិភាគតិចកួយរូបនេះ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយតុលាការក៏គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកដែរ៖ «អយុត្តិធម៌មែនទែន ដោយសារគាត់ចាប់ខ្លួនស្ត្រីរូបនេះ អត់មានហេតុផល អំណះអំណាងថា ដីកន្លែងណាហ្នឹង សម្រាប់ថា ឱ្យពិតប្រាកដថា អ្នកស្រី ហេង សាភេន ទៅរំលោភយកដីពួកគាត់»។
បុរសដដែលបន្ថែមថា ដីសមូហភាពដែលអ្នកភូមិស្នើសុំចុះបញ្ជីទំហំជាង ៦០០ ហិកតារ(៦០០,៥១) គឺជាអាយុជីវិតរបស់ពលរដ្ឋរាប់រយគ្រួសារ កំពុងប្រឈមការរំលោភបំពាន ពីសំណាក់ក្រុមហ៊ុន សម្បត្តិផ្លេធីណឹម(SAMBATH PLANTINUM Co., LldTD) ។
លើសពីនេះ ដីព្រៃសមូហភាពនេះ មានព្រៃអារក្ស ព្រៃខ្មោច ព្រៃបុស្ស និងព្រៃបម្រុងទុក ដែលអ្នកភូមិបានស្នើសុំចុះបញ្ជីដីសមូហភាព ទៅក្រសួងដែនដី ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយមកទល់ពេលនេះកំពុងឋិតក្នុងដំណើរការនីតិវិធីមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ។
កាលពីថ្ងៃទី៨ មិថុនា ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ធំ លោក ស៊ិន វិរៈ បានចេញដីកាបញ្ជូនមួយសន្លឹក ផ្ញើជូនស្នងការខេត្តកំពង់ធំ បញ្ជាឱ្យលោកស្រី ហេង សាភេន ចូលខ្លួនមកស្ថាប័នអយ្យការខេត្តកំពង់ធំ ដើម្បីចាត់វិធានការតាមនីតិវិធី។ អ្នកភូមិអះអាងថា ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺតំណាងក្រុមហ៊ុន លោក ឆេង ផាន់ ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម ពីតំណាងក្រុមហ៊ុន សម្បត្តិផ្លេធីណឹម លោក ឆេង ផាន់ បាននៅឡើយទេ នៅថ្ងៃទី២២ មិថុនា។
ចំណែកឯ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ និង អ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ធំ លោក សាយ វាសនា ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប៉ុន្តែ លោក សាយ វាសនា បានប្រាប់សារព័ត៌មានវីអូឌីថា (VOD) តុលាការបានបញ្ជូន លោកស្រី ហេង សាភេន ទៅឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ក្រោមបទចោទ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ លោកអះអាងថា ស្ត្រីរូបនេះ បានរំលោភយកដីរបស់ក្រុមហ៊ុនបំពានច្បាប់។
ទោះយ៉ាងណាក្ដី យុវជនជនជាតិដើមភាគតិចកួយ ខេត្តកំពង់ធំ លោក ប៊ុនថន ចាត់ទុកសំណុំរឿងនេះ ជាល្បិចមូលបង្កាច់ ដើម្បីកាច់បំបាក់ស្មារតីពលរដ្ឋដែលខំការពារសម្បត្តិរដ្ឋ ដើម្បីប្រយោជន៍រួមរបស់ជនជាតិដើមភាគតិចកួយ។ លោកថា ស្ត្រីជនជាតិភាគតិចកួយរូបនេះ មានភាពក្លាហាន តស៊ូមតិ និងសុឆន្ទៈមុតមាំ ការពារដីធ្លី ព្រៃឈើដែលកំពុងប្រឈមការរំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជនជាបន្តបន្ទាន់។
លោកបន្ថែមថា ដីព្រៃសមូហភាព គឺជាអត្តសញ្ញាណ និងវប្បធម៌ប្រពៃណីដូនតាកួយ ហេតុនេះប្រសិនបើបាត់បង់ ពួកគាត់នឹងជួបការលំបាកច្រើនផ្នែកជីវភាព ជាពិសេសប៉ះពាល់អត្តសញ្ញាណវប្បធម៌ដូនតាកួយ៖ «មិនយុត្តិធម៌ទេក្នុងការចាប់ខ្លួនស្ត្រីជនជាតិដើមភាគតិច ដោយសារដីហ្នឹងសហគមន៍រស់នៅយូរណាស់មកហើយ តាំងពីឆ្នាំ១៩៧៩ សហគមន៍គាត់បានអាស្រ័យផល ធនធានធម្មជាតិយូរ តាមបែនផែនប្រពៃណី ហើយវាស្របច្បាប់ភូមិបាល មាត្រា ២៣ ដល់ ២៨ ដែលនិយាយពីភាពគ្រប់គ្រងរបស់ជនជាតិភាគតិច ដែលគ្រប់គ្រងធនធានព្រៃឈើ ផ្សេងៗដែលជាជំនឿផងដែរ។ ក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណសម្បទានក្រោយឆ្នាំ២០១២ ហើយមកឈូសឆាយប៉ះពាល់ដីពួកគាត់ហើយ មកប្ដឹងពួកគាត់ទៀត ដែលជាម្ចាស់ទឹកដី។ មានព្រៃឈើ និងដីធ្លី មានអាយុជីវិតជនជាតិដើមភាគតិចហើយ»។
របាយការណ៍របស់ប្រជាសហគមន៍បង្ហាញថា កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនសម្បត្តិផ្លេធីណឹម(SAMBATH PLANTINUM Co., LTD) បានបោះបង្គោលរំលោភយកដីសមូហភាពសហគមន៍ និងឈូសឆាយផលដំណាំរបស់អ្នកភូមិ អស់ជាច្រើនហិកតារ ហើយពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងដែនដី។
ក្រោយមក ក្រសួងដែនដីចេញលិខិត ផ្ញើឱ្យអភិបាលខេត្តកំពង់ធំ ឱ្យដោះស្រាយបញ្ហាប្រឈមទាំងនេះ ប៉ុន្តែប្រជាសហគមន៍អះអាងថា អាជ្ញាធរខេត្តកំពង់ធំគ្មានឆន្ទៈដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យជ្រះស្រឡះនោះទេ ជាច្រើនឆ្នាំមកហើយ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡួរ៉ង់ មើលឃើញថា សំណុំរឿងនេះ គ្មានភស្តុតាងបទល្មើសជាក់ស្ដែងណាមួយ បង្ហាញពីទោសព្រហ្មទណ្ឌនោះទេ ព្រោះវាជារឿងជម្លោះដីធ្លី រវាងក្រុមហ៊ុនឯកជន និងប្រជាសហគមន៍ គួរតែដោះស្រាយ ដោយការសម្របសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ។
លោកថា អង្គការការពារសិទ្ធិជនជាតិដើមភាគតិចកំពុងសិក្សាករណីនេះ ហើយផ្តល់មេធាវី ដើម្បីធ្វើកិច្ចការងារនេះ ជាមួយនឹងតំណាងសហគមន៍ បំណងស្នើសុំតុលាការ ឱ្យដោះលែង លោកស្រី ហេង សាភេន ឱ្យនៅក្រៅឃុំជាបន្ទាន់៖ «សហគមន៍គាត់នឹងសម្រេចយ៉ាងម៉េច ព្រោះថា រឿងនេះជារឿងរួម ហើយសមាជិកសហគមន៍ប៉ុន្មានភូមិហ្នឹងគាត់យល់ថា វាជារឿងអយុត្តិធម៌ទាំងអស់គ្នា។ ពួកយើងចាំមើល ហើយនឹងចូលរួមជួយពួកគាត់ជាក់ស្ដែងតាមការស្នើសុំ»។
ក្រុមហ៊ុនសម្បត្តិផ្លេធីណឹម(SAMBATH PLANTINUM Co.,LTD)ទទួលសិទ្ធិវិនិយោគដីពីរដ្ឋាភិបាលទំហំជាង ២ពាន់ ៤រយហិកតារ (២.៤៩៦) កាលពីឆ្នាំ២០១០។ ក្រុមហ៊ុននេះ វិនិយោគដំណាំឧស្សាហកម្ម កៅស៊ូ និង ដំណាំផ្សេងទៀត ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ។
របាយការណ៍អង្កេតរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា ឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នា បានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍មានផែនទីបឋម កំណត់ទំហំផ្ទៃដីសមូហភាពច្បាស់លាស់។
ប្រជាសហគមន៍ថា កន្លងទៅដីសមូហភាពក្បិតចង្ហូរខ្នា មានផ្ទៃដីទំហំ ជាង ១.០០០ហិកតារ ហើយក្រុមហ៊ុនបានឈូសឆាយអស់រាប់រយហិកតារ ហើយបច្ចុប្បន្ននៅដល់ដីជាង ៦០០ហិកតារប៉ុណ្ណោះ ដែលពួកគាត់កំពុងការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។