សហគមន៍​និង​ទាហាន​នៅ​ខេត្ត​កំពង់ស្ពឺ​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​ជម្លោះ​ដី​ព្រៃ

ដោយ សាន សែល
2017-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ទាហាន​ចុះ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​បរិស្ថាន និង​ប្រជា​សហគមន៍​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/San Sel
ក្រុម​ទាហាន​ចុះ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​បរិស្ថាន និង​ប្រជា​សហគមន៍​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/San Sel
RFA/San Sel

សហគមន៍​ពោធិ៍មាស នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ទាហាន​កងពល​ថ្មើរ​ជើង​លេខ​៧០ និង​មន្ត្រី​មន្ទីរ​បរិស្ថាន នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ព្រមព្រៀង​គ្នា​លើ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ដី​ព្រៃ​ទំហំ​ជាង ៧០​ហិកតារ​ដែល​ផ្ដល់​ឲ្យ​យោធិន​ចំនួន ១២​គ្រួសារ បន្ទាប់​ពី​ប្រជា​សហគមន៍​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​បាន​សម្រប​សម្រួលការ​ចរចា​រវាង​ប្រជា​សហគមន៍ និង​ទាហាន​នៅ​ក្នុង​ទីតាំង​ជម្លោះ​ដី​ព្រៃ​ទំហំ ៧៧,៩៥​ហិកតារ។

​ភាគី​ជម្លោះ​បាន​យល់ព្រម​ឲ្យ​មន្ត្រី​មន្ទីរ​បរិស្ថាន វាស់ដី​ព្រៃ​កាត់​ជូន​យោធិន​សា​ជា​ថ្មី​ដើម្បី​បញ្ចៀស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍ បន្ទាប់ពី​មាន​ភាព​ចម្រូងចម្រាស។

ប្រជា​សហគមន៍​ស្នើ​ឲ្យ​វាស់​ដី​ព្រៃ​ចាប់​ពី​អូរ​មួយ​ទៅ​ទិស​ខាង​ជើង ពី​ទីតាំង​ដែល​ទាហាន​កំពុង​ឈូស​ឆាយ។ ទាហាន​យល់​ព្រម​នឹង​សំណើ​នេះ។ ក៏ប៉ុន្តែ​មាន​បុរស​ពីរ​នាក់ ដែល​អះអាង​ថា តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ២៨​គ្រួសារ​ផ្សេង​ទៀត ដែល​ថា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ព្រម​ផ្ដល់​សំណង​ដីធ្លី​នៅ​ក្នុង​ដី​ព្រៃ​ក្បែរ​អូរ ចេញ​មុខ​បដិសេធ​ការ​ព្រមព្រៀង​រវាង​ទាហាន និង​ប្រជា​សហគមន៍។

ក្រោយ​ពេល​ចរចា​ជា​ថ្មី​ម្ដង​ទៀត ភាគី​ពាក់ព័ន្ធ​ព្រមព្រៀង​រំកិល​យក​ទី​កំណត់​ក្បាល​ដី​នៅ​ពាក់​កណ្ដាល​ពី​អូរ និង​ពាក់​កណ្ដាល​ពី​ទីតាំង​ដី​ព្រៃ​ដែល​ទាហាន​កំពុង​ឈូស​ឆាយ។

ទីតាំង​ជម្លោះ​ដី​ព្រៃ​រវាង​ទាហាន និង​ក្រុម​សហគមន៍ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ទីតាំង​ជម្លោះ​ដី​ព្រៃ​រវាង​ទាហាន និង​ក្រុម​សហគមន៍ នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth RFA/Cheu Sideth

មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ប្រើ​ជី.ភី.អេស (GPS) និង​បច្ចេកទេស យូ.ធី.អឹម (UTM) ដើម្បី​កំណត់​វាស់វែង​ទីតាំង​ដី​ព្រៃ​សម្រាប់​ធ្វើ​ផែនទី​ផ្ទៃ​ដី​ទំហំ ៧៧,៩៥​ហិកតារ។ មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​បាន​ដើរ​ចូល​ព្រៃ​ឃ្លាំមើល​ដំណើរ​ការ​កំណត់​ទីតាំង​នេះ។

​អនុ​ប្រធាន​មន្ទីរ​បរិស្ថាន លោក នៅ ណាក់ ថ្លែង​ក្រោយ​ពេល​ដើរ​កំណត់​ទីតាំង​ដី​ព្រៃ​កាត់​ជូន​ទាហាន​ថា ការ​កំណត់​ព្រមព្រៀង​គ្នា​បាន​បញ្ចប់​ជម្លោះ​រវាង​ប្រជា​សហគមន៍ និង​ក្រុម​ទាហាន។ លោក​ជឿជាក់​ថា ក្រុម​ទាហាន​នឹង​មិន​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ទៀត​ទេ«យើង​មាន​មន្ត្រី​ដែន​ជម្រក​នៅ​ទីនេះ​ស្រាប់ កាលណា​គាត់ (ទាហាន) មក​ឈូស​ឆាយ ឬ​បោះ​បង្គោល​ព្រំ គឺ​គាត់ (មន្ត្រី) មក​តាមដាន​នៅ​ទីនេះ»

​លោក ងុយ អេងកាណាវុធ តំណាង​ក្រុម​គ្រួសារ​ទាហាន​ទាំង ១២​គ្រួសារ និង​ជា​ជំនួយការ​នៅ​ក្រសួង​ការពារ​ជាតិ សន្យា​ថា នឹង​មិន​ឈូស​ឆាយ​ចូល​ដី​ព្រៃ​សហគមន៍​ឡើយ«ឥឡូវ​សម្រេច​ទទួល​យក​តាម​ការ​សម្របសម្រួល​របស់​មន្ត្រី​បរិស្ថាន ហើយ​ដោយសារ​រដ្ឋមន្ត្រី​គាត់​ឯកភាព​ឲ្យ​ប៉ុណ្ណឹង​ហើយ។ យើង​ក៏​យល់ព្រម​នឹង​ទីតាំង​ដែល​វាស់វែង​ថ្មី​នេះ​ដែរ អត់​មាន​អី​ជំទាស់​ទេ»

​ចំណែក​តំណាង​ប្រជា​សហគមន៍​ឧត្តមស្រែពស់ លោក ឈន ធា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​ដី​ព្រៃ​សហគមន៍​ដែល​នៅ​សេសសល់ កុំ​ឲ្យ​អ្នក​ណា​មក​ឈ្លាន​ពាន​យក​ទៀត«ការ​វាស់វែង​ទាំងអស់​នេះ​ដែល​បាន​ឯកភាព​ព្រមព្រៀង​ជាមួយ​សហគមន៍ សហគមន៍​យើង​ខ្ញុំ​នឹង​ឃ្លាំ​មើល​គ្រប់​ជំហាន និង​ស្នើសុំ​កម្លាំង​ដែន​ជម្រក ស្ថាប័ន​ពាក់ព័ន្ធ ឬ​អង្គការ​នានា ចូល​សង្កេត​មើល​ក្នុង​ការ​ធ្វើ​វាស់វែង​ព្រំ​ដែល​ប្រគល់​ជូន​ដី​ទាហាន​ទាំង ៧៧,៩៥​ហិកតារ»

​លោក សាំង សំណាង មន្ត្រី​ជំនាញ​ផ្នែក​សហគមន៍​ព្រៃឈើ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដែល​ចូលរួម​សម្របសម្រួល​ការ​ចរចា​នេះ​វាយ​តម្លៃ​ថា យន្តការ​ដោះស្រាយ​នេះ​ជួយ​ឲ្យ​ភាគី​ជម្លោះ​ឈ្នះ​ទាំង​អស់​គ្នា«ថ្ងៃ​នេះ​យើង​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​យោធា និង​សហគមន៍ ដោយសារ​រឿង​នេះ​យើង​មាន​បញ្ហា​យូរ​ហើយ ដែល​យើង​ឈាន​ដល់​ការ​ស្រេច​បាច់​នៅ​ថ្ងៃ​នេះ ហើយ​ប្រហែល​ជា​យើង​ត្រូវការ​ទៀត ត្រូវការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សហគមន៍​ឡើង​វិញ ដោយសារ​សហគមន៍​ហួស​សុពលភាព ដែល​ធម្មតា​ត្រឹម​ប្រាំ​ឆ្នាំ ឥឡូវ​ឡើង​ដល់ ១០​ឆ្នាំ​ហើយ។ ហើយ​ទី​ពីរ យើង​ត្រូវ​ធ្វើ​កំណត់​ព្រំប្រទល់​ដី​ដែល​នៅ​សល់​ប៉ុន្មាន​ហ្នឹង​ឡើង​ជា​ផែនទី​មួយ ដោយ​សុំ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​បរិស្ថាន»

ក្រុម​ទាហាន​កងពល​ថ្មើរ​ជើង​លេខ​៧០ ថា ដី​ព្រៃ​ដែល​ពួកគេ​បាន​ឈូស​ឆាយ​កន្លង​មក​ស្ថិត​នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដល់​គ្រួសារ​កងទ័ព។ ក៏​ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ដី​ព្រៃ​ដែល​កងទ័ព​ឈូស​ឆាយ​នេះ ជា​ដី​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ។

ក្រុម​កងទ័ព​ឲ្យ​អាស៊ីសេរី ដឹង​ថា ពួកគេ​នឹង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ព្រៃ​ឡើង​វិញ​តាម​ផែនទី​ដែល​កំណត់​ដោយ​មន្ទីរ​បរិស្ថាន ហើយ​នឹង​យក​ដី​នេះ​ទៅ​ដាំ​ដំណាំ​ដូចជា​ស្វាយ និង​ចេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល