រដ្ឋាភិបាលសម្រេច ដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនចំនួន១១ ដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងក្រុមហ៊ុនមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍។ ចំណែកសង្គមស៊ីវិលដែលតាមដានដំណើរការនេះ ទាមទារឲ្យរដ្ឋាភិបាលដាក់ទោសក្រុមហ៊ុនទាំងនោះ ព្រោះក្រុមហ៊ុនភាគច្រើនមិនបានធ្វើអ្វីក្រៅពីបំផ្លាញធនធានធម្មជាតិ និងកាប់បំផ្លាញព្រៃឈើឡើយ។
នេះគឺជាលើកទី២ ដែលក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាល ដកសិទ្ធិពីក្រុមហ៊ុន ដែលវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលមានទំហំជាង ៥ម៉ឺនហិកតារ។ ក្រោយពីការសម្រេចលុបសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះ រដ្ឋាភិបាលនឹងប្រគល់ដីទាំងនោះឲ្យទៅស្ថាប័នមានសមត្ថកិច្ច រួមមាន៖ ដែនជម្រកសត្វព្រៃ ក្រសួងបរិស្ថាន និងឧទ្យានជាតិគ្រប់គ្រង និងអភិរក្សឡើងវិញ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែតុលា ថា ក្នុងចំណោមក្រុមហ៊ុនទាំង ១១ ដែលត្រូវដកអាជ្ញាប័ណ្ណនោះ មានក្រុមហ៊ុនខ្លះមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍អ្វីសោះក្នុងរយៈពេល ១១ឆ្នាំ ហើយក៏មានក្រុមហ៊ុនផ្សេងទៀតអភិវឌ្ឍន៍ទៅប៉ះពាល់ជាមួយប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តីមិនទាន់បញ្ជាក់ថា នឹងចាត់វិធានការយ៉ាងណាទៅក្រុមហ៊ុនទាំងនោះឡើយ ប៉ុន្តែក្រសួងនឹងធ្វើការងារតាមជាក់ស្តែងទៅលើក្រុមហ៊ុនទាំងនោះ៖ «ចំពោះក្រុមដែលគាត់បានគោលការណ៍ហើយមិនបានធ្វើ គឺយើងលុយចោល។ សម្រាប់ជំហាននេះ យើងធ្វើប៉ុណ្ណឹងសិន ក៏ប៉ុន្តែមិនមែនមានន័យថា យើងមិនធ្វើកិច្ចការបន្តទេ។ យើងធ្វើការតាមដានត្រួតពិនិត្យលើបញ្ហានេះដែរ ហើយខ្ញុំដូចនិយាយដដែលឡើងវិញ គឺយើងយកច្បាប់ជាគោល ព្រោះយើងមាននីតិវិធី តាមនីតិវិធីច្បាប់ដែលយើងត្រូវធ្វើ»។
កាលពីចុងខែកញ្ញា កន្លងទៅ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនចំនួន ៨ ម្តងរួចហើយ។ ការដកហូតសិទ្ធិក្នុងការអភិវឌ្ឍពីក្រុមហ៊ុនទាំងពីរលើកនេះ ដីភាគច្រើនជាប្រភេទដីឋិតនៅក្នុងតំបន់ដែនជម្រកការពារសត្វព្រៃ និងនៅក្នុងតំបន់ឧទ្យានជាតិ រួមមានឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ និងឧទ្យានជាតិព្រះសីហនុរាម ជាដើម។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ដែលធ្វើការទាក់ទងការការពារព្រៃឈើបានស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះ។ ប៉ុន្តែលោកបានទាមទាររដ្ឋាភិបាល ឲ្យពិន័យទៅលើក្រុមហ៊ុនទាំងនោះ។
លោកបន្តថា តាមរយៈការឃ្លាំមើលកន្លងទៅរកឃើញថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច មិនបានធ្វើអ្វីក្រៅពីបំផ្លាញធនធានធម្មជាតិ កាប់បំផ្លាញព្រៃឈើ និងចុងក្រោយគឺលក់សិទ្ធិឲ្យទៅក្រុមហ៊ុនផ្សេងទៀតក្នុងការវិនិយោគ៖ «ក្រុមហ៊ុនទាំងនោះកាប់ឈើអស់ ប្រមូលយកឈើលក់អស់ហើយ គឺដើរចេញតែប៉ុណ្ណឹង ហើយធ្វើឲ្យវិនាសហិនហោចនូវធនធានធម្មជាតិរបស់ប្រទេសកម្ពុជា នៅលើដីដែលគេទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចកន្លងមក អ៊ីចឹងហើយរដ្ឋាភិបាលត្រូវតែមានវិធានការតឹងរ៉ឹងអំពីបញ្ហានេះ»។
តាមរបាយការណ៍របស់ក្រសួងបរិស្ថាន មានក្រុមហ៊ុនចំនួន ១១១ ទទួលបានដីសម្បាទានសេដ្ឋកិច្ច ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ៣ បានប្រគល់សិទ្ធិមកក្រសួងបរិស្ថានវិញ។
ក្រុមហ៊ុនទាំង១១ ដែលក្រសួងដកសិទ្ធិរួមមាន៖ ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ (Kasekam Khmer Angkor Co., Ltd.) ក្រុមហ៊ុន អិល.ខេ.អិល ខនស្ត្រាកសិន (LKL Construction Co., Ltd.) ក្រុមហ៊ុន ឫទ្ធី គីរីសីមា ក្រុមហ៊ុន ញូខសម៉ូស ឌីវឺឡុបមេន ខេមបូឌា ក្រុមហ៊ុន JIANKING (Cambodia) International Investment Co., Ltd. ក្រុមហ៊ុន គិរីរម្យ អេកូទួរីសឹម អ៊ីនវេសមេន (Eco Tourism Investment) ក្រុមហ៊ុនសំណង់ លាងប៊ូ ក្រុមហ៊ុន ស្រី បញ្ញា អភិវឌ្ឍន៍ ក្រុមហ៊ុន ឃុន សៀ ក្រុមហ៊ុន ប៊ី.អេស.ស៊ី អ៊ីមផត ( BSC Import Co., Ltd.) និងក្រុមហ៊ុន ធីធីវ៉ាយ អភិវឌ្ឍន៍ដំណាំកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
