សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​មន្ត្រី​ជំនាញ​បង្ក្រាប​អ្នក​កាប់​ព្រៃ​រាន​យក​ដី

0:00 / 0:00

សហគមន៍​ការពារ​ព្រៃ​ឡង់ អះអាង​ថា គម្រប​ព្រៃ​ស្រោង​ជាប់​ព្រៃ​ឡង់​ឋិត​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ជាប់​ព្រំប្រទល់​ស្រុក​សៀមបូក ត្រូវ​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​ចាម កាប់​ទន្ទ្រាន​ដើម្បី​យក​ធ្វើ​ជា​ដី​កម្មសិទ្ធិ និង​លក់​បន្ត។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​បារម្ភ​ថា ប្រសិន​មន្ត្រី​ជំនាញ​នៅ​តែ​បណ្ដែត​បណ្តោយ ព្រៃ​នៅ​តំបន់​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​វាល និង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​របស់​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ សីហា អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ និង​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​ករណី​កាប់​ទន្ទ្រាន​ដី​តំបន់​ព្រៃ​ស្រោង ដែល​ជា​ជម្រក​សត្វ​ព្រៃ​ជាប់​ព្រៃ​ឡង់​ជា​បន្ទាន់ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដល់​ជន​បង្ក ដែល​ដឹក​នាំ​កម្លាំង​កម្មករ​កាប់​ដើម្បី​យក​ដី​លក់​បន្ត និង​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង អ្នកស្រី ទន់ ឡាម ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​ដឹង​ថា ដី​ព្រៃ​ស្រោង​ដែល​ជា​ជម្រក​សព្វ​ព្រៃ​ជាប់​តំបន់​ព្រៃ​ឡង់ ឋិត​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ និង​ជាប់​ព្រំប្រទល់​ស្រុក​សៀមបូក ត្រូវ​បាន​ក្រុម​ឈ្មួញ ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​ចាម សម្រុក​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ​២០១៣។ អ្នកស្រី​បន្ត​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នេះ ធ្វើ​ឡើង​ស្ទើរ​ជា​ទម្លាប់​ទៅ​ហើយ បន្ទាប់​ពី​ព្រៃ​ឈើ​នៅ​ឃុំ​អន្លង់ភេ ឃុំ​ចម្ការលើ និង​ឃុំ​អូររី ស្រុក​ថាឡាបរិវ៉ាត់ ត្រូវ​ជនជាតិ​ចាម កាប់​ទន្ទ្រាន​រហូត​មក​ដល់​បច្ចុប្បន្ន​អស់​ជាង ២​ពាន់​ហិកតារ នៅ​តែ​មិន​ទាន់​មាន​ការ​ទប់ស្កាត់​នៅ​ឡើយ​ទេ។ អ្នកស្រី ទន់ ឡាម បារម្ភ​ថា សត្វ​ជាច្រើន​ប្រភេទ​នៅ​តំបន់​នោះ​នឹង​ត្រូវ​បាត់បង់ ចំណែក​ដើម​ឈើ​ប្រមូល​ផល​របស់​ជនជាតិ​ដើម​ភាគ​តិច ក៏​ត្រូវ​រង​ការ​កាប់​បំផ្លាញ​ផង​ដែរ៖ «ទ្រួស​កាប់​ឆ្ការ​ជា​លក្ខណៈ​ម៉ាស៊ីន​ត្រង់ស៊ីន័រ ព្រៃ​ជា​ជម្រក​សត្វ​រស់នៅ​មាន ដំរី មាន​ខ្លា មាន​ឈ្លូស ប្រើស ទន្សោង សត្វ​ជ្រូក​តូចៗ​នៅ​ទីជម្រក​សត្វ​នៅ​ទីនោះ​ទាំងអស់»

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា រយៈពេល ២​ថ្ងៃ​នេះ មន្ត្រី​ជំនាញ​កំពុង​មមាញឹក​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​នោះ ប៉ុន្តែ​លទ្ធផល​សម្រេច​បាន​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ លោក​ថា​នឹង​ផ្តល់​ដំណឹង​ដល់​វិទ្យុ​អាស៊ីសេរី ប្រសិន​បើ​រក​ឃើញ​ជន​បង្ក​ជាក់ស្តែង៖ «ម្សិលមិញ​ភ្លៀង​ផង ក៏​ចុះ​ធ្វើ​ការ​ដែរ ហើយ​និង​ថ្ងៃ​នេះ​ទៀត ហើយ​តំបន់​ហ្នឹង គឺ​ធ្វើ​ហើយ​គ្រប់គ្រង​យ៉ាង​ពិសេស»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​ធូររលុង​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ គឺ​ជា​ដើម​ចម​បង្ក​ឲ្យ​ព្រៃ​ឈើ​ត្រូវ​បាន​កាប់​បំផ្លាញ ដើម្បី​យក​ដី​កម្មសិទ្ធិ បន្ទាប់​ពី​កាប់​យក​ឈើ​ប្រណិត​អស់។ លោក​បារម្ភ​ថា ដី​ព្រៃ​រាប់​ពាន់​ហិកតារ នឹង​ត្រូវ​ក្លាយ​ជា​ដី​កម្មសិទ្ធិ​របស់​អ្នក​មាន​ប្រាក់ អ្នក​មាន​អំណាច ប្រសិន​បើ​មន្ត្រី​ជំនាញ​មិន​ទប់ស្កាត់​ទេ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​បាន​ឆាប់ ប្រសិន​បើ​ធ្វេសប្រហែស ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នៅ​ខេត្ត​ស្ទឹងត្រែង នឹង​រង​ការ​កាប់​បំផ្លាញ ហើយ​សត្វ​ព្រៃ​កម្រ​មួយ​ចំនួន​ក៏​ត្រូវ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ​ទៀត​ផង៖ «សំណូមពរ​ទៅ​ក្រសួង​កសិកម្ម មេត្តា​ពិនិត្យ​ជំនាញ​របស់​ខ្លួន​តាម​ខេត្ត ដូចជា​មិន​មាន​ចំណាត់​ការ ឬ​មួយ​មិន​ធ្វើ​ការ​អី​សោះ​រាល់​ថ្ងៃ ដើរ​យក​តែ​លុយ​ពី​ពួក​ឈ្មួញ»

លោក ហូ សំអុល កត់​សម្គាល់​ថា បច្ចុប្បន្ន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​ដី​កម្មសិទ្ធិ មិន​មែន​កើត​ឡើង​តែ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ប៉ុណ្ណោះ​ទេ គឺ​គ្រប់​ស្រុក​ទាំង ៥ ក្នុង​ខេត្ត​ស្ទឹងត្រែង ហើយ​ថ្មីៗ​នេះ នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ព្រៃ​ជាង ១០០​ហិកតារ ត្រូវ​បាន​ជនជាតិ​ចាម ជួល​កម្មករ​កាប់​ទន្ទ្រាន​បន្ត​ទៀត នៅ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។

ដោយឡែក​អ្នក​ភូមិ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​ថា អ្នក​មាន​ប្រាក់ និង​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​ថាឡាបរិវ៉ាត់ មាន​ដី​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​រាប់​រយ​ហិកតារ ដែល​គេ​សង្ស័យ​ថា ដី​ទាំង​នោះ​ភាគ​ច្រើន​ជា​ដី​ដែល​បាន​មក​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​កន្លង​ទៅ។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​ខេត្ត​ក៏​កំពុង​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី​រាប់​រយ​ហិកតារ​របស់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។