Opens in new windowសហគមន៍ជនជាតិដើមភាគតិចព្នង ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង បាននាំគ្នាលើកស្លាកសញ្ញាកំណត់ព្រំដីសហគមន៍ ដើម្បីទប់ស្កាត់ការវាតទីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស៊ីវហ្គិច (Saiv Hkech) និងដើម្បីអភិរក្សធនធានធម្មជាតិ។
សហគមន៍ចាត់ទុកការលើកស្លាកកំណត់ព្រំប្រទល់នោះ ថាជាការចូលរួមចំណែកអភិរក្សព្រៃឈើសហគមន៍ និងការពារមិនឲ្យមានការកាប់បំផ្លាញព្រៃឈើ។
តើក្រុមហ៊ុន និងអាជ្ញាធរយល់ឃើញយ៉ាងណា ចំពោះការលើកស្លាកសញ្ញាសម្គាល់របស់សហគមន៍?
ការបោះបង្គោលកំណត់ព្រំដីជាក់ស្តែងសម្រាប់សហគមន៍គ្រប់គ្រងជាសមូហភាព គឺជាជម្រើសចុងក្រោយរបស់សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស គោលបំណងអភិរក្សព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតដែលនៅសេសសល់ចុងក្រោយ។
អ្នកភូមិចាត់ទុកការកំណត់ព្រំដីជាក់ស្តែងនេះ ជាសញ្ញាវិជ្ជមានសំខាន់ ដើម្បីដឹងពីទំហំដីព្រៃសហគមន៍ជាក់ស្តែង និងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចត្រឹមណាពិតប្រាកដ និងដើម្បីពង្រឹងយន្តការគ្រប់គ្រងដីព្រៃឈើជាសមូហភាពសហគមន៍ឲ្យប្រសើរ។ អ្នកភូមិអះអាងថា ភាពចម្រូងចម្រាសរវាងដីសហគមន៍ និងដីដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស៊ីវហ្គិច នៅមិនទាន់សម្របសម្រួល ឬដោះស្រាយបញ្ចប់បាននៅឡើយទេ ទាក់ទងការបែងចែកកំណត់ព្រំប្រទល់។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង លោក ស្រ៊ុន ស្រៀន និយាយថា សហគមន៍បានលើកស្លាកសញ្ញាសម្គាល់ជាដីសហគមន៍ចំនួនពីរកន្លែង គឺទី១ ច្រកចូលផ្លូវលំចូលក្នុងភូមិសហគមន៍ជាប់នឹងផ្លូវចូលឃុំស្រែគរ និងទី២ ច្រកផ្លូវចូលស្ពានអូរផ្ដៅ ហើយស្លាកសញ្ញាសម្រាប់សម្គាល់នោះសរសេរថា ព្រំប្រទល់ដីសហគមន៍ជនជាតិដើមភាគតិចព្នង។ ជាងនេះទៅទៀត ការដាក់ស្លាកសញ្ញាសម្គាល់នេះ សម្រេចបានប្រហែល ៨០ភាគរយនៃការហ៊ុមព័ទ្ធដីសហគមន៍ទាំងមូល។ លោកបន្តថា បើទោះបីជាឃុំក្បាលរមាស ជាតំបន់ដែលត្រូវជម្លៀសពលរដ្ឋក្នុងឃុំទាំងមូលចេញពីលំនៅឋានក្តី ក៏អ្នកភូមិប្រមាណជាង ៥០គ្រួសារ នៅតែស៊ូស្លាប់មិនព្រមចាកចេញពីភូមិកំណើត ដោយសារពួកគេនៅអាឡោះអាល័យដីភូមិកំណើត និងមិនអាចចោលនូវអត្តសញ្ញាណប្រពៃណីជនជាតិដើមភាគតិចបាន ដូចជាដីព្រៃសមូហភាព ដីផ្នូរដូនតា ដីចម្ការវិលជុំ និងដីព្រៃអារក្សជាដើម។ មូលហេតុទាំងនេះ ទើបធ្វើឲ្យជនជាតិដើមភាគតិចព្នង នៅតែព្រួយបារម្ភ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីការពារធនធានធម្មជាតិដែលកំពុងរងការគំរាមកំហែង។
លោកបញ្ជាក់ថា សហគមន៍បានប្រជុំពិភាក្សាដើម្បីរកមធ្យោបាយ ដែលធានាពីសុវត្ថិភាពព្រៃសហគមន៍ដែលកំពុងរងនូវហានិភ័យធ្ងន់ធ្ងរ។ លោក ស្រ៊ុន ស្រៀន ក៏អំពាវនាវឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យសហគមន៍រក្សាព្រៃឈើក្នុងមូលដ្ឋានជាអត្ថិភាព ដើម្បីចូលរួមអភិរក្សបរិស្ថានធនធានធម្មជាតិ។ ដោយឡែកការលើកស្លាកសញ្ញាសម្គាល់ និងបោះបង្គោលដីសហគមន៍ ក៏ជាផ្នែកមួយដើម្បីពង្រឹងយន្តការអភិរក្សព្រៃឈើ និងដីសហគមន៍ដែលកំពុងប្រឈមការបាត់បង់៖ «ការមិនកំណត់ព្រំប្រទល់ដីឲ្យច្បាស់លាស់ ទី១ កាប់បំផ្លាញអស់ព្រៃឈើ។ ទី២ ទៀត ដីស្រែចម្ការដែលប្រជាពលរដ្ឋខ្ញុំធ្លាប់ធ្វើហ្នឹង ពួកចិន ឈូសឆាយយកអស់។ បើចឹង ពួកខ្ញុំត្រូវតែតស៊ូដើម្បីយកដីពួកខ្ញុំមកវិញ ដើម្បីឃាត់ហាមអ្នកចូលប្រព្រឹត្តបទល្មើសព្រៃឈើហ្នឹង កុំឲ្យចូលមកទៀត។ ដើម្បីឲ្យប្រជាពលរដ្ឋខ្ញុំប្រើការនៅក្នុងភូមិ»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស៊ីវហ្គិច វិនិយោគដំណាំឧស្សាហកម្មកៅស៊ូទទួលសិទ្ធិវិនិយោគបន្តពីក្រុមហ៊ុន អាន មារ៉ាឌី កាលពីឆ្នាំ២០១០ លើផ្ទៃដីចំនួន ១ម៉ឺនហិកតារ។
ពលរដ្ឋជនជាតិដើមភាគតិចព្នង ម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើន គឺអ្នកស្រី គីន បាង។ អ្នកស្រីចាត់ទុកព្រៃឈើ ឬធនធានធម្មជាតិ គឺជាឆ្នាំងបាយជនជាតិដើមភាគតិចព្នង។ អ្នកស្រីបន្តថា ការបោះបង្គោលព្រំប្រទល់ដីសហគមន៍ និងដាក់ស្លាកសញ្ញាសម្គាល់ថាដីសហគមន៍ ដើម្បីបញ្ជាក់ថា ដីនៅតំបន់នោះ គឺជាដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចព្នង អភិរក្ស៖ «ថ្ងៃក្រោយខ្លាចបាត់បង់ ពួកខ្ញុំជាជនជាតិដើមភាគតិចអី មានពឹងព្រៃឈើ និងធនធានធម្មជាតិ។ បាត់បង់ ហើយមានក្រុមហ៊ុនចូលលុកលុយ។ សព្វថ្ងៃហ្នឹងមានអ្នកខាងក្រៅមកកាប់ព្រៃឈើជិតអស់ គឺអស់ពាក់កណ្ដាលឲ្យឥឡូវ»។
ដីព្រៃសហគមន៍ឃុំក្បាលរមាស ស្រុកសេសាន លាតសន្ធឹងលើផ្ទៃដីចំនួនជាង ១ម៉ឺនហិកតារ ដែលមានព្រំប្រទល់ពីភូមិក្របីជ្រុំ ឃុំក្បាលរមាស ជាប់មាត់ទន្លេស្រែពក និងជាប់អូរផ្ដៅ។
កាលពីថ្ងៃទី១២ កញ្ញា សហគមន៍ជនជាតិដើមភាគតិចព្នង បានឃាត់ម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ឺន័រចំនួន ៣គ្រឿង ដែលក្រុមឈ្មួញកំពុងអារឈើរលំឋិតក្នុងបរិវេណដីសហគមន៍ ហើយនឹងយករក្សាទុកនៅក្នុងភូមិ ដើម្បីប្រគល់ឲ្យអាជ្ញាធរ ឬមន្ត្រី ដើម្បីអនុវត្តនីតិវិធី។ ចំណែកជនបង្កចំនួន ៧នាក់ បានរត់គេចខ្លួន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីតំណាងក្រុមហ៊ុនស៊ីវហ្គិច លោក ដួង វណ្ណី បានទេនៅថ្ងៃទី១៦ កញ្ញា។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ដួង ពៅ មានប្រសាសន៍បញ្ជាក់ថា សហគមន៍បោះស្លាកសញ្ញាកំណត់ព្រំដីដើម្បីអភិរក្ស ពុំមានអ្វីខុសនោះទេ ប្រសិនបើការបោះនោះពិតជាកំណត់ព្រំដីសមូហភាពសម្រាប់សហគមន៍គ្រប់គ្រងពិតប្រាកដមែន។ តែយ៉ាងណាក៏ដោយ លោកថា អាជ្ញាធរនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅសិក្សាស្រាវជ្រាវអំពីការបោះស្លាកសញ្ញានោះ តើស្របនឹងបទដ្ឋានផែនដីសម្រាប់សហគមន៍ និងផែនទីវិនិយោគរបស់ក្រុមហ៊ុន ឬយ៉ាងណា? លោកបញ្ជាក់ថា មន្ត្រីជំនាញបានកំណត់ព្រំប្រទល់ផែនទីដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ ហើយក៏ធ្លាប់បានចុះផ្សព្វផ្សាយដល់ពលរដ្ឋទៀងផង ទាក់ទងការកំណត់ព្រំដីសម្រាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន និងដីដែលគ្រប់គ្រងដោយសហគមន៍។ លោកបារម្ភថា ប្រសិនបើការបោះស្លាកសញ្ញារបស់សហគមន៍ ធ្វើឡើងមិនអនុលោមនឹងផែនទីដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ និងដីព្រៃសហគមន៍ដែលបានកំណត់ដោយមន្ទីរជំនាញ វាអាចនឹងកើតមានបាតុភាពកើតឡើងរវាងក្រុមហ៊ុន និងសហគមន៍៖ «គាត់ដាក់សិនទៅ អាហ្នឹងរឿងរបស់គាត់ទេ។ ឥឡូវជំនាញយើងនឹងសិក្សាជាមួយគាត់ទៀត តើព្រំដីសហគមន៍យ៉ាងម៉េច? ជួនកាលវាមិនមែនជារឿងព្រំដីសហគមន៍ អ្នកខ្លះជួលឲ្យគាត់ទៅដាក់ ដើម្បីយកពលរដ្ឋនៅពីក្រោយខ្នង យើងព្រួយបារម្ភអ៊ីចឹងទេ។ ប៉ុន្តែគាត់ទុកសម្រាប់សហគមន៍ប្រើប្រាស់អាហ្នឹងមិនអីទេ»។
កាលពីខែឧសភា ឆ្នាំ២០១៥ ក្រុមហ៊ុនស៊ីវហ្គិច បានបោះបង្គោលស៊ីម៉ងត៍ជាច្រើនមានទំហំ ២តឹកបួនជ្រុង ប្រវែង ១ម៉ែត្រកន្លះ ដើម្បីកំណត់ព្រំប្រទល់ដីក្រុមហ៊ុន ក៏ប៉ុន្តែការបោះបង្គោលនេះ សហគមន៍ចោទប្រកាន់ថាចូលដីធ្លីប្រើប្រាស់អាស្រ័យផលរបស់ពួកគាត់ចំនួន ៥គ្រួសារ ហើយអ្នកភូមិខ្លះទៀត ក៏សម្រេចដកចោលអស់មួយចំនួន។
ស្រដៀងគ្នានេះដែរ ឃុំក្បាលរមាស ស្រុកសេសាន ក៏ជាគម្រោងជម្លៀសអ្នកភូមិចេញពីលំនៅឋាន ហើយមន្ត្រីជំនាញសិក្សាផលប៉ះពាល់បរិស្ថានវាយតម្លៃថា នៅពេលទំនប់វារីអគ្គិសនីសេសានក្រោម២ បើកឲ្យដំណើរការ ឃុំក្បាលរមាស ទាំងមូលនឹងប្រឈមទឹកលិចលង់។ តែយ៉ាងណាក៏ដោយ អ្នកភូមិប្រកាន់ជំហរថា ពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅភូមិក្បាលរមាស ចំនួន ៥៣គ្រួសារ ក្នុងចំណោមពលរដ្ឋសរុបចំនួន ១២៧គ្រួសារ ស៊ូស្លាប់មិនព្រមចាកចេញ បើទោះបីជាភូមិដ្ឋានទាំងមូល ត្រូវប្រឈមនឹងទឹកជំនន់គំរាមកំហែងក្តី។ បន្ថែមពីលើនេះ អាជ្ញាធរខេត្តក៏ធ្លាប់អះអាងថា ទោះបីអ្នកភូមិរងផលប៉ះពាល់ មិនព្រមចាកចេញពីភូមិកំណើតក្តី ក៏អាជ្ញាធរមានយន្តការច្បាស់លាស់ ដើម្បីត្រៀមផ្ទះសម្បែង ដីធ្លីកសិកម្មជាដើមដល់ពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីឲ្យអនុលោមតាមគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល។
ករណីនេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល និយាយថា ការលើកស្លាកសញ្ញាសម្គាល់ដើម្បីកំណត់ព្រំប្រទល់ដីសហគមន៍មានសារសំខាន់ណាស់ ដែលពួកគាត់តែងតែព្រួយបារម្ភពីការកាប់បំផ្លាញព្រៃឈើដោយក្រុមឈ្មួញ ព្រមទាំងការវាតទីរបស់ក្រុមហ៊ុន។ លោកកត់សម្គាល់ថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចស៊ីវហ្គិច វិនិយោគ តែហាក់មិនចុះសិក្សាស្រាវជ្រាវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកំណត់ព្រំប្រទល់ដីជាក់ស្តែងរវាងដីក្រុមហ៊ុន និងដីព្រៃអភិរក្សជាសមូហភាពសហគមន៍។ ការធ្វេសប្រហែសនេះ ក៏ជាគុណវិបត្តិអាចបង្កជាជម្លោះរវាងសហគមន៍ និងក្រុមហ៊ុន ដោយសារតែការដណ្ដើមដីព្រៃគ្រប់គ្រង។ លោកថា រដ្ឋាភិបាល ឬអាជ្ញាធរខេត្ត គួរតែបើកការពិភាក្សាឲ្យទូលំទូលាយជាមួយតំណាងសហគមន៍ តំណាងក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយជាក់លាក់ទាក់ទិនការកំណត់ព្រំប្រទល់ដីជាក់ស្តែង និងការបោះបង្គោលចំណាំ៖ «បើសិនជាគាត់មិនហ៊ុមទេ ឬមួយក៏មិនចុច ជី.ភី.អេស (GPS) យកដីស្រែរបស់គាត់ទេ អ៊ីចឹងថ្ងៃក្រោយអាចក្រុមហ៊ុនស៊ីវហ្គិច ហ្នឹង ឈូសចូលទៅទៀត ព្រោះអីមានសហគមន៍ទៅ ពួកគាត់ការពារព្រៃឈើបានច្រើនណាស់។ បើយើងពឹងទៅលើមន្ត្រីរដ្ឋាភិបាល គឺការពារមិនទាន់អ្នកកាប់ឈើនោះទេ ចង់និយាយអ៊ីចឹង ព្រោះអីអ្នកកាប់ឈើហ្នឹង គឺនៅក្នុងព្រៃ ព្រោះអីជំនាញមួយចំនួនគាត់មិនបានចុះព្រៃទៅតាមដានរាល់ថ្ងៃនោះទេ»។
កាលពីថ្ងៃទី១៥ ខែកញ្ញា សហគមន៍ជនជាតិដើមភាគតិចព្នង បានចុះល្បាតព្រៃប្រទះឃើញឈ្មួញលួចចូលកាប់ឈើក្នុងដីអភិរក្សសហគមន៍ ដូចជាប្រភេទឈើសុក្រំ កកោះ ផ្ចឹក និងប្រភេទឈើចម្រុះដែលមានមុខកាត់ចាប់ពី ៥តឹក ដល់ជិត ១ម៉ែត្រ អស់ជិត ១០០ដើម។ ចំណែកឈ្មួញជាច្រើននាក់ដែលកំពុងតែអាររលំឈើ និងបានប្រទះឃើញសហគមន៍ចុះល្បាតដល់ទីកន្លែង ក៏រត់គេចខ្លួនបាត់ នៅសល់តែទីតាំងស្នាក់អាស្រ័យ និងសម្ភារៈកាប់ឈើជាដើម។
ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចព្នង ដូចជាការដងជ័រទឹក បោចវល្លិ រកឃ្មុំ បរបាញ់ ឬដាក់អន្ទាក់សត្វ និងបេះបន្លែផ្លែឈើជាដើម។ ការអភិរក្សព្រៃឈើឲ្យគង់វង្ស គឺជាបំណងប្រាថ្នារបស់សហគមន៍ជនជាតិដើមភាគតិច ដែលជាផ្នែកមួយជួយអភិរក្សបរិស្ថានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
