សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី៨ សីហា នៅទីក្រុងភ្នំពេញ ជំរុញរដ្ឋាភិបាលឱ្យដោះស្រាយជម្លោះដីធ្លី និងពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍។ សហគមន៍ថា ប្រភពចម្បង ដែលនាំឲ្យកើតមានជម្លោះដីធ្លីធំធេង ក្រោយពីរបបក្រុងភ្នំពេញផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនស្ករអំពៅចិន ឡាន ហ្វេង និង រ៉ូយ ហ្វេង រាប់ម៉ឺនហិកតារ បង្កវិនាសកម្មធំធេង ដល់ធនធានធម្មជាតិ និងប្រព័ន្ធសេដ្ឋកិច្ចជនជាតិដើមភាគតិចមូលដ្ឋាន។
ជម្លោះដីធ្លីរ៉ាំរ៉ៃរវាងជនជាតិដើមភាគតិចកួយរាប់រយគ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅចិន នៅតែជាក្តីកង្វល់ជិត ១០ឆ្នាំមកហើយ មិនទាន់ត្រូវបានអាជ្ញាធរជាតិ និងរបបក្រុងភ្នំពេញដោះស្រាយជាដុំកំភួននៅឡើយទេមកទល់ពេលនេះ។
សហគមន៍ជនជាតិដើមភាគតិចកួយទាមទារឲ្យរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍ ដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកភូមិមានសិទ្ធិប្រើប្រាស់ដីបង្កបង្កើនផលចិញ្ចឹមជីវិត ក្រោយពីក្រុមហ៊ុនហ៊ុមព័ទ្ធយកដីរបស់ពួកគេ ដាំស្រូវ និងអំពៅអស់ស្ទើរទាំងស្រុង។
តំណាងជនជាតិដើមភាគតិចរស់នៅភូមិស្រែព្រាង ឃុំប្រមេរ លោក ស៊ុត សាវ៉ន ឲ្យដឹងនៅថ្ងៃទី៨ សីហាថា ចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់ពេលនេះជនជាតិដើមភាគតិចកួយជិត ១ពាន់គ្រួសារនៅឃុំប្រមេរ បានស្រែកតវ៉ា និងដាក់ញត្តិសុំកិច្ចអន្តរាគមន៍គ្រប់ស្ថាប័ន ក្នុងបំណងពន្លឿនចុះបញ្ជីដីសមូហភាព ក៏ប៉ុន្តែមិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយនៅឡើយទេ។ ចំណែកក្រុមហ៊ុនចិននៅតែបំពានឈូសឆាយព្រៃឈើ និងព្រៃសហគមន៍ដែលពួកគេអាស្រ័យផល ដើម្បីពង្រីកផ្ទៃដីកសិកម្ម៖ «ទម្លាប់ប្រពៃណី តាំងពីដូនតាមក បុរាណមក នៃជនជាតិដើមភាគតិចរបស់ពួកខ្ញុំ គឺរស់នៅជាក្រុមៗ។ ការប៉ះពាល់នេះ ពុំមែនសំដៅលើគ្រួសារទេក្នុងសហគមន៍ ទាំង៣ភូមិ ក្នុងឃុំប្រមេរ គឺប៉ះពាល់ទាំងអស់ » ។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរអ្នកស្រី ទេព ទឹម ថ្លែងថា ជនជាតិដើមភាគតិចកួយ ក្នុងឃុំប្រមេរជាង ៧០០គ្រួសារ ស្មើនិងជាង ២ ពាន់ ៤រយនាក់ (២៤២៤) បានបាត់បង់សិទ្ធិប្រើប្រាស់ដីធ្លីជាសមូហភាព ការគ្រប់គ្រងដី និងធនធានធម្មជាតិ ជាច្រើនឆ្នាំមកហើយ ដោយសារការរំលោភបំពានធ្ងន់ធ្ងរ ពីសំណាក់ក្រុមហ៊ុនស្ករអំពៅចិន។ អ្នកស្រីថា កន្លងទៅក្រសួងដែនដី ធ្លាប់ចុះវាស់វែងចុះបញ្ជីដីសមូហភាពជូនសហគមន៍ដែរ ក៏ប៉ុន្តែការវាស់វែងទាំងនោះ ខ្វះចន្លោះច្រើន និងមិនស្របតាមលក្ខន្តិកៈរបស់សហគមន៍។ អ្នកស្រីបន្ថែមថា ដីព្រៃឈើ ដីភ្នំ ខឿនប្រាសាទបុរាណ ទឹកបឹង និងអូរធម្មជាតិជាកន្លែងពួកគេអាស្រ័យផលច្រើនជំនាន់មកហើយ បានក្លាយជាចម្ការអំពៅរបស់ក្រុមហ៊ុនចិន។ ហេតុនេះពួកគេទាមទារឲ្យរដ្ឋាភិបាលដកហូតដីទាំងនោះ ដើម្បីចុះបញ្ជីសមូហភាពជូនសហគមន៍ប្រើប្រាស់៖ «រដ្ឋាភិបាលមិនទាន់បានដោះស្រាយ វិវាទដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ ផលិតស្ករស នាំចេញទេ។ ពលរដ្ឋប្រឈម ជាមួយក្រុមហ៊ុនចិនទូទាំងឃុំទាំងអស់គ្នាតែម្ដង ប៉ះពាល់ព្រៃជំនឿ ឈូសឆាយខឿន ប្រាសាទ លុបត្រពាំងបឹងបួរ ធ្វើឲ្យបាត់បង់ភូមិបុរាណ និងធនធានធម្មជាតិជាច្រើន » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនស្ករអំពៅចិន ឡាន ហ្វេង និង រ៉ូយ ហ្វេង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយទេ មកទល់ពេលនេះ។
ចំណែកអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត មិនលើកទូរស័ព្ទនៅថ្ងៃដដែលនេះ។
មេឃុំប្រមេរលោក ធាន ហេង ឲ្យដឹងថា កន្លងទៅក្រសួងដែនដីបានវាស់វែងចុះបញ្ជីដីសមូហភាពក្នុងតំបន់មួយចំនួន ក្នុងភូមិប្រមេរ ក៏ប៉ុន្តែយន្តការនេះ ខ្វះកាសហការជាមួយសហគមន៍មូលដ្ឋាន។ លោកទទួលស្គាល់ថា ពលរដ្ឋបាត់បង់ទីកន្លែងអាស្រ័យផលសមូហភាព ក៏ប៉ុន្តែអាជ្ញាធរកំពុងដំណើរការវាស់វែង និងចុះបញ្ជីដីជូនសហគមន៍៖ «យើងដោះស្រាយបណ្ដើរ អ្វីដែលពាក់ព័ន្ធយើងដោះពុំទាន់ជួបឧបសគ្គទេ តែបងប្អូនថា មានឧបសគ្គច្រើនណាស់ៗ។ ខាងអាជ្ញាធរបាននិយាយថា អ្វីដែលពាក់ព័ន្ធយើងដោះស្រាយទាំងអស់គ្នាតែបងប្អូនចេះតែរារែកមិនចង់សហការ » ។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤២.០០០ហិកតារ តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និងក្រុមហ៊ុន ហេង យូ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ដែលចុះអង្កេតរឿងនេះ ថ្លែងថា ដីដែលពលរដ្ឋទាមទារចុះបញ្ជីសមូហភាព ក្នុងឃុំប្រមេរ ត្រូវបានក្រុមហ៊ុនដាំស្រូវអស់ស្ទើរទាំងស្រុង។ លោកជំរុញឲ្យក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ អនុវត្តរូបមន្តស្បែកខ្លាដោយកាត់ឆ្វៀលផលប៉ះពាល់ចេញពីក្រុមហ៊ុន ដើម្បីពន្លឿនចុះបញ្ជីដីសមូហភាពជូនសហគមន៍ប្រើប្រាស់៖ «ដីរបស់គាត់ពិតប្រាកដ ត្រូវបានក្រុមហ៊ុនយកដាំស្រូវអស់មែននោះមានសិទ្ធិប្រើរូបមន្តស្បែកខ្លាកាត់ឆ្វៀល ចោះផ្ដល់ឲ្យគាត់ទៅ ដើម្បីបញ្ចប់ រ៉ាំរ៉ៃរយៈពេល ៧ ទៅ ៨ ឆ្នាំហើយ។ ខ្ញុំបានសួរអាជ្ញាធរដែរ តែដោយសារតែក្រុមហ៊ុន គេអស់ពូជអំពៅ បានគេដាំស្រូវ។ តែគោលការណ៍ក្នុងកុងត្រាកន្លងមក ឃើញថា មានអាកាស្យា កៅស៊ូ និងអំពៅ មានតែ ៣ហ្នឹង តែអនុវត្តជាក់ស្ដែងដាំស្រូវចង់ ៨០ ទៅ ៩០ភាគរយ » ។
ទោះជាយ៉ាងណា ការធ្វើសន្និសីទកាសែតរបស់ជនជាតិដើមភាគតិច ដើម្បីសម្ដែងមតិទាមទារដីធ្លីពីក្រុមហ៊ុនចិន ដែលប្រព្រឹត្តិទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ១ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា នេះ ពុំមានការរារាំងពីអាជ្ញាធរក្រុងភ្នំពេញនោះទេ។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍រកឃើញថា បើទោះជា ក្រុមហ៊ុនស្ករអំពៅចិន អនុវត្តគម្រោងវិនិយោគខ្នាតធំ បំពានកិច្ចសន្យាវិនិយោគជាច្រើនក្តី ក៏មិនត្រូវបានរបបក្រុងភ្នំពេញ និងអាជ្ញាធរស៊ើបអង្កេត អនុវត្តច្បាប់នៅឡើយទេ។ រីឯជនជាតិដើមភាគតិចរាប់ពាន់គ្រួសារ រងគ្រោះបាត់បង់ដីធ្លី ព្រៃឈើ និងកន្លែងឃ្វាលគោបី នៅតែស្រែកតវ៉ា និងដាក់ញត្តិគ្រប់ស្ថាប័ន រួមទាំងស្ថានទូតចិនផង នៅតែគ្មានដំណោះស្រាយជាវិជ្ជមាន ដើម្បីឲ្យពួកគេស្ងប់អារម្មណ៍។
ពួកគេអះអាងថា ក្រុមហ៊ុនស្ករអំពៅចិន បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ និងរំលោភសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ រួមមាន មិនបានកាត់ឆ្វៀលផលប៉ះពាល់ ធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃ បឹងត្រពាំងប្រាសាទបុរាណ និងតំបន់ព្រៃស្រោង ដែលជាទីស្នាក់អាស្រ័យរបស់ជនជាតិដើមភាគតិច និងជីវចម្រុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។