មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នងមិនគាំទ្រសំណើរបស់អភិបាលខេត្តមណ្ឌលគិរី ដែលសុំកាត់ឆ្វៀលដីព្រៃអភិរក្សចេញពីដែនជម្រកសត្វព្រៃភ្នំណាមលៀជាង ៣ពាន់ហិកតារ (៣.២៦១,៣៦) ដើម្បីសាងសង់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរីនោះទេ។ ពួកគេសង្កេតឃើញថា សំណើនេះបង្កប់នូវអាថ៌កំបាំង និងភាពស្រពិចស្រពិលក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនខណៈដែលពលរដ្ឋមូលដ្ឋាននៅមិនទាន់ទទួលព័ត៌មានពីគម្រោងអភិវឌ្ឍន៍នេះនៅឡើយទេ។
ជនជាតិដើមភាគតិចព្នងចាត់ទុកគម្រោងកាត់ឆ្វៀលដីព្រៃអភិរក្សចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀជាដំណើរឈានទៅរកការបំផ្លាញព្រៃឈើបន្សល់ចុងក្រោយ និងជម្រកសត្វព្រៃយ៉ាងសំខាន់។ ពួកគេសង្កេតឃើញថា តំបន់ដែលអាជ្ញាធរស្នើសុំកាត់ឆ្វៀលនៅកៀកព្រំដែនកម្ពុជា-វៀតណាមជាប្រភពសម្បត្តិធម្មជាតិ រួមមានថ្មបុរាណទឹកជ្រោះសត្វព្រៃព្រៃស្រោងទឹកអូរធម្មជាតិ រុក្ខជាតិកម្រមានតម្លៃខ្ពស់ និងប្រជុំកូនភ្នំទាក់ទាញភ្ញៀវទេសចរ។
សមាជិកបណ្តាញសហគមន៍ជនជាតិដើមភាគតិច លោកស្រី យ៉ា យ៉ាន់នី មិនគាំទ្រគម្រោងកាត់ឆ្វៀលនេះទេ ព្រោះប៉ះពាល់ព្រៃអភិរក្សយ៉ាងសំខាន់ និងរំខានជីវិតសត្វព្រៃជាច្រើនប្រភេទ។ លើសពីនេះ តំបន់ដែលអាជ្ញាធរស្នើកាត់ឆ្វៀលជាប្រភពអាស្រ័យផលព្រៃឈើរបស់ជនជាតិដើមមានចម្ការវិលជុំ និងស្លឹករុក្ខជាតិកម្រ ឬហៅថា ស្លឹកព្រៀប គេយកធ្វើម្ហូបអាហារ។ លោកស្រីបារម្ភថា ប្រសិនបើរដ្ឋាភិបាលកាត់ឆ្វៀលតំបន់នោះនឹងប៉ះពាល់ប្រភពចំណូលពលរដ្ឋ ហើយអាចឈានដល់ការរំលោភសិទ្ធិជនជាតិដើមភាគតិច៖ «ម៉េចបានជាអភិវឌ្ឍន៍ធ្វើអីកន្លែងសំខាន់ៗ អ៊ីចឹង ? អ្វីដែលបងព្រួយបារម្ភ គឺខ្លាចបាត់បង់ធនធានធម្មជាតិបាត់បង់សេដ្ឋកិច្ចជនជាតិដើមភាគតិចខ្លាចពេលអស់ព្រៃឈើ វាអត់មានអនុផលទៀតទេ ដើម្បីឱ្យពួកគាត់រកបានទៀត »។
កាលពីខែកុម្ភៈ ឆ្នាំ២០២១ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើសុំគោលការណ៍ពិនិត្យសម្រេចកាត់ឆ្វៀលដីទំហំជាង ៣ពាន់ហិកតារ (៣.២៦១,៣៦) ចេញពីដែនជម្រកសត្វព្រៃភ្នំណាមលៀគ្រប់គ្រងដោយក្រសួងបរិស្ថាន។ សំណើនេះ បង្ហាញពីកម្មវត្ថុរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលច្រកព្រំដែនថ្មី និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសឋិតនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា។

ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក ក្រើង តុលា យល់ថា ប្រសិនបើរដ្ឋាភិបាលឯកភាពតាមសំណើនេះ គឺស្មើនឹងចូលដៃចូលជើងបំផ្លាញព្រៃឈើ និងសម្បត្តិធម្មជាតិបន្សល់ចុងក្រោយ។ លោកសង្កត់ធ្ងន់ថាសំណើនេះ ហាក់កេងបន្លំសម្បត្តិជាតិ និងកុហកថ្នាក់ដឹកនាំរដ្ឋពុំមានភាពស្មោះត្រង់នោះទេ។ លោកសង្ស័យថា គោលបំណងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីច្បាមយកដីព្រៃតំបន់នោះលក់ឱ្យក្រុមឧកញ៉ា ឬអ្នកមានអំណាចទៅវិញទេ៖ «ព្រោះយើងឃើញសំណើច្រើនណាស់សំណើដីសម្បទានសង្គមកិច្ច ចុះឡើងៗ គឺសុទ្ធតែអ្នកមានទាំងអស់ទទួលបានដីហ្នឹង ហើយអ្នកក្រៗ អត់បានទទួលដីហ្នឹង។ សំណើសុទ្ធតែសុំអ្នកក្រ ហើយអ្នកដែលមានឈ្មោះហ្នឹង អត់មានដីទេ។ អាជ្ញាធរថ្នាក់មូលដ្ឋានហ្នឹង គឺតែងតែធ្វើកន្ទេលធំបន្លំដេក គាត់តែកុហកថ្នាក់ដឹកនាំនិយាយចំគាត់ពូកែធ្វើរបាយការណ៍កុហក »។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សៀក សុផាន និងអភិបាលខេត្តនេះលោក ស្វាយ សំអ៊ាង បាននៅឡើយទេ នៅថ្ងៃទី២៦ មេសា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័គ ក៏មិនទាន់អាចទាក់ទងបានដែរ។
ប៉ុន្តែលោក កែវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា (ភ្នំពេញប៉ុស្តិ៍) សំណើនេះ មិនទាន់មានសេចក្ដីសម្រេចពីថ្នាក់លើនៅឡើយទេ។ លោកទទួលស្គាល់ថា ប្រសិនបើប្រមុខរដ្ឋាភិបាលយល់ព្រមកាត់ឆ្វៀលពិតមែន ពិតជាប៉ះពាល់ធនធានធម្មជាតិ ដែលទាមទារឲ្យមានការសិក្សាពីផលប៉ះពាល់ធនធានធម្មជាតិលើផ្ទៃដីជាង ៣ពាន់ហិកតារនេះ។ លោកបញ្ជាក់ថា ច្រកទ្វារព្រំដែនចាស់នៅមិនទាន់មានទីវាលសម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលច្រកទ្វារព្រំដែនធំនៅឡើយទេ ព្រោះតំបន់នោះគ្របដណ្ដប់ដោយក្រុមហ៊ុនកៅស៊ូបារាំង។
ចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង វិញ លោក លើកឡើងក្នុងលិខិតស្នើសុំនោះថា ទីតាំងរដ្ឋបាលច្រកទ្វារព្រំដែនទ្វេភាគីណាមលៀបច្ចុប្បន្នហ៊ុមព័ទ្ធដោយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនវិនិយោគដំណាំកៅស៊ូតូចចង្អៀត ពុំអាចរៀបចំតំបន់រដ្ឋបាលឱ្យបានសមរម្យនៅឡើយទេ។ លោកបន្ថែមថា ការរៀបចំសាងសង់រដ្ឋបាលច្រកទ្វារព្រំដែនថ្មីនេះ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិលើកកម្ពស់ជីវភាពពលរដ្ឋ និងប្រែក្លាយតំបន់នោះជាតំបន់ព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទោះយ៉ាងណាក្ដី ជនជាតិដើមភាគតិចព្នង លោក ក្លាន ថូល ភ្ញាក់ផ្អើលនៅពេលឃើញសំណើនេះព្រោះតំបន់ដែលអាជ្ញាធរសុំកាត់ឆ្វៀលនោះ បង្កគ្រោះថ្នាក់ខ្លាំងដល់កន្លែងអាស្រ័យផលព្រៃឈើយ៉ាងសំខាន់របស់ជនជាតិដើមភាគតិចព្នងរាប់ពាន់គ្រួសារ។ លោកថា មកទល់ពេលនេះអាជ្ញាធរមិនទាន់ហៅតំណាងជនជាតិដើមភាគតិចចូលរួមពិភាក្សា ដើម្បីសម្រេចចិត្តលើបញ្ហានេះ នៅឡើយទេ។ លោកស្នើឱ្យអាជ្ញាធរផ្តល់សិទ្ធិឱ្យជនជាតិដើមភាគតិច ចូលរួមសម្រេចចិត្តពីគម្រោងអភិវឌ្ឍន៍នេះ៖ «ការឆ្វៀលក៏ដោយ ប្រសិនបើប៉ះពាល់ស្លឹកព្រៀប។ ពួកខ្ញុំនឹងតវ៉ា ដើម្បីការរស់នៅហូបចុករបស់ពលរដ្ឋ សង្ឃឹមទៅលើធនធានធម្មជាតិទេសព្វថ្ងៃហ្នឹង។ ក្រៅពីភូមិពូលុហ្នឹង អត់មានកន្លែងផ្សេងទៀតទេ បន្លែធនធានធម្មជាតិហ្នឹង នៅសល់តែ ១កន្លែងតិចជាងគេ។ ក្រៅពីហ្នឹងអត់មានទាំងអស់ »។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ដែនជម្រកសត្វព្រៃដែលអាជ្ញាធរស្នើសុំកាត់ឆ្វៀលមានតំបន់ខ្លះ គេឃើញមានការឈូសឆាយទន្ទ្រានដីព្រៃជាកម្មសិទ្ធិអស់ជាច្រើនហិកតារពុំទាន់ឃើញអាជ្ញាធរដោះស្រាយ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់នៅឡើយទេ។ ពួកគេថា សំណើនេះជាគម្រោងលុបបំបាត់ដានឧក្រិដ្ឋកម្មព្រៃឈើ ហើយអាចផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ឱ្យអ្នកមានអំណាច។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បារម្ភថា សំណើនេះមិនចំទិសដៅស្នូល ដើម្បីអភិវឌ្ឍន៍ពិតប្រាកដនៅឡើយទេ តែផ្ទុយទៅវិញ ក្រុមអ្នកមានអំណាចនឹងទទួលបានប្រយោជន៍ពីគម្រោងខ្នាតធំនេះ។ លោកទាមទារឱ្យរដ្ឋាភិបាលសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យច្បាស់លាស់៖ «រដ្ឋាភិបាលជាអ្នកគិតគូរ និងទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រហើយ ពីព្រោះពលរដ្ឋយើងមិនទាន់កើនដល់ចំណុចណាមួយបង្កើនការកាប់ព្រៃឈើក្នុងតំបន់បរិស្ថានធនធានធម្មជាតិទៀតទេ »។

អភិបាលខេត្តមណ្ឌលគិរីបានថ្លែងបញ្ជាក់ក្នុងលិខិតថា គម្រោងស្នើសុំនេះនឹងរៀបចំអគាររដ្ឋបាលបង្កើតតំបន់ទីផ្សារឃ្លាំងផ្លាស់ប្ដូរទំនិញ តំបន់ឧស្សាហកម្មលំនៅឋានពលរដ្ឋ និងតំបន់កសិកម្មចម្រុះ។ បន្ថែមពីនេះ រដ្ឋបាលខេត្តមានគម្រោងរៀបចំផ្សារទំនើបសណ្ឋាគារកាស៊ីណូ ឃ្លាំងស្តុកទំនិញស្ថានីយចម្រោះទឹកស្អាតកសិដ្ឋានបណ្ដុះកូនឈើ និងដាំស្ដារព្រៃឡើងវិញជាដើម។
ទីតាំងដែលអាជ្ញាធរគ្រោងអភិវឌ្ឍន៍នេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀទទួលស្គាល់ដោយព្រះរាជក្រឹត្យ តាំងពីឆ្នាំ១៩៩៣ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ដែនអភិរក្សនេះមានផ្ទៃដីជាង ៥ម៉ឺនហិកតារ (៥០៩,៥៧) ឋិតនៅក្នុងឃុំប៊ូស៊្រា ជិតស្រុកពេជ្រាដា លាតសន្ធឹងជាប់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។