គ្រួសារ​សកម្មជន​​ដី​ធ្លី​៩​នាក់​កំពុង​ជាប់​ឃុំ​ត្រូវ​អាជ្ញាធរ​កោះកុង​រារាំង​មិន​ឱ្យ​ប្រមូលផ្ដុំ​នៅ​តុលាការ

0:00 / 0:00

ក្រុម​សមត្ថកិច្ច​ខេត្តកោះកុង​បាន​បណ្ដេញ​ក្រុម​គ្រួសារ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ចេញ​ពី​ទីតាំង​នៅ​ក្បែរ​តុលាការ ខណៈ​ពួកគាត់​បាន​ប្រមូល​ផ្ដុំគ្នា​ទាមទារ​ឱ្យ​ដោះលែង​អ្នកតំណាង​ទាំង​៩​នាក់។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​វិធានការ​របស់​ក្រុម​សមត្ថកិច្ច ថា ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ពលរដ្ឋ។

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​៣០​នាក់ ក្នុង​នោះ មាន​ទាំង​ប្រពន្ធ​និង​ប្ដី រួម​ទាំង​កូនតូចៗ របស់​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង ទើប​ជាប់ឃុំ​ទាំង​៩​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្បែរ​រោង​មួយ​ក្នុង​ទីលាន​បាល់ទាត់ ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​តុលាការ​ខេត្តកោះកុង ដើម្បី​តវ៉ា​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំង ៩​នាក់​នោះ​វិញ។

លោក សួស ថែត អាយុ​៤២​ឆ្នាំ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២ កក្កដា ទាំង​អួល​ដើមក​ថា លោក​ពុំបាន​សម្រាក​អស់​ពេញ​មួយ​យប់ ដោយសារ​នៅ​អង្គុយ​ចាំ​បក់មូស​ឱ្យ​កូន​ទាំង​បី​នាក់​ដេក ក្នុង​នោះ​មានកូន​ភ្លោះ​ប្រុស​ស្រី​អាយុ​ទើប​៣​ឆ្នាំ នៅ​ក្បែរ​សំយាបផ្ទះ​គេ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បណ្ដេញ​ពួកលោក​មិន​ឱ្យ​បោះតង់​សម្រាក​នៅ​ក្បែរ​តុលាការ កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃទី​២ កក្កដា។ លោក សួស ថែត បាន​នាំ​កូនតូចៗ​ទាំង​៣​នាក់ មក​ជួប​មុខ​ប្រពន្ធ គឺ​លោកស្រី យឿ ស្រីម៉ៅ ជា​អ្នកតំណាង​ម្នាក់​ក្នុងចំណោម​ទាំង​៩​នាក់ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទប្រកាន់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ។

លោក សួស ថែត៖ «កូនៗ​សម្រាក​បាន​ខ្លះ ដោយសារ​វា​យំ​រក​ម៉ែ​វា។ ពេល​វា​ភ្ញាក់​មក វា​យំ អ៊ីចឹង​!យើង​លួងៗ​វា ឱ្យ​វា​ដេក​។ ប៉ុន្តែ វា​ដេក​បាន​តិច​ណាស់ ដោយសារ​វា​យំ​រក​ម៉ែ​វា​ពេក​។ យើង​អង្គុយ​បក់​ឱ្យ​កូន​ដេក ខ្លាច​មូស​ខាំ»។

ចំណែក​លោកស្រី ប៊ិច ឆែត ប្រពន្ធ​លោក ហេង ជ័យ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដែរ​នោះ លើកឡើង​ថា ក្រុម​សាច់ញាតិ​និង​ពលរដ្ឋ​ទាំង​ជាង​៣០​នាក់ បាន​ចេញ​ទៅ​សុំ​សំយាបផ្ទះ​គេ​ស្នាក់នៅ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​២០​ទៅ​៣០​នាក់ ជិះ​រថយន្ត​ចំនួន​៣​គ្រឿង រួម​ទាំង​អភិបាលរង​ខេត្ត​កោះកុង​ម្នាក់​ផង បាន​ចុះ​គំរាមកំហែង​ចាប់​អ្នក​ផ្សេងទៀត ដាក់​ពន្ធនាគារ ប្រសិនបើ​ក្រុម​លោកស្រី មិន​បំបែក​ការ​ប្រមូល​ផ្ដុំគ្នា​នៅ​ក្បែរ​តុលាការ។ លោកស្រី អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​លោកស្រី​ចេញ​មក​តវ៉ា​នៅ​ពេល​នេះ គឺ​ទុក​កូនតូចៗ​ចំនួន​២​នាក់ នៅ​ជាមួយ​យាយ ហើយ​ម្នាក់​កំពុង​កើតមាន​ជំងឺ​ផ្លូវដង្ហើម។

លោកស្រី ប៊ិច ឆែត៖ «អត់​មាន​តម្រុយ​អី​មួយ​ថា ដោះលែង​ទេ ហើយ​ណាមួយ ខ្ញុំ​រក​មេធាវី​អត់​បាន​ទៀត​។ ខ្ញុំ​មិន​ដឹង​ទាក់ទង​ទៅ​ខាង​ណា»។

កាលពី​ថ្ងៃទី​៣០ មិថុនា តុលាការ​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​៩​នាក់​នៅ​ពន្ធនាគារ​ខេត្ត ក្នុង​នោះ​មាន​ទាំង​លោកស្រី ផាវ ញើង ដែល​ទើប​ចេញពី​មន្ទីរ​ពេទ្យវះកាត់​ជំងឺ​ប្រចាំ​កាយ​បាន​បី​ថ្ងៃ រួម​ទាំង​កូនប្រុស​លោកស្រី ដែល​មាន​អាយុ​ទើប​១ ខួប ៣​ខែ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគាត់ ពី​បទ​ញុះញង់​នាំ​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​៦ ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​៤​លាន​រៀល។

ការចោទប្រកាន់​នេះ បន្ទាប់ពី​ក្រុម​ពលរដ្ឋ​ទាំង​៩​នាក់ រួម​ទាំង​សមាជិក​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ជិះ​រថយន្ត​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួងយុត្តិធម៌​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រារាំង និង​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​កាលពី​ថ្ងៃទី​២៩ មិថុនា ហើយ​បាន​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​។ ពួកគាត់​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​សមាជិក​ពួកគាត់​ចំនួន ៣០​នាក់ ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី។

ជុំវិញ​ការ​បណ្ដេញ​ពលរដ្ឋ និង​ក្រុម​គ្រួសារ​មិន​ឱ្យ​ប្រមូលផ្ដុំ​នៅ​ក្បែរ​តុលាការ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​លោក គង់ មនោ និង​អភិបាលរង​ខេត្ត​កោះកុង​លោក លោក សុខ សុទ្ធី បាន​ទេ​នៅ​ថ្ងៃទី​២ កក្កដា។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត លើកឡើង​ថា ការ​បណ្ដេញ​ពលរដ្ឋ​មិន​ឱ្យ​ប្រមូលផ្ដុំ​នៅ​ក្បែរ​តុលាការ ជា​ការ​រំលោភសិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ការ​សម្លុត និង​គំរាមកំហែង ចាប់​ដាក់​ពន្ធនាគារ ជា​ការ​បំបាក់ស្មារតី និង​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ពលរដ្ឋ​។ លោក​បន្ត​ថា ពលរដ្ឋ​ទាំងនោះ បាន​រង​ភាព​អយុត្តិធម៌​និង​រងគ្រោះ​ផ្ទួនៗ គឺ​ពួកគាត់​រងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី និង​ពុំ​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ហើយ ត្រូវ​មក​រងគ្រោះ​ប្រឈម​ទៅ​នឹង​ការ​សម្លុត គំរាមកំហែង និង​ការ​ចាប់ចង​ដាក់​ពន្ធនាគារ ពី​សមត្ថកិច្ច​ថែមទៀត។

លោក វណ្ណ សុផាត៖ «អ៊ីចឹង​!យើង​ចង់​ស្នើសុំ​អាជ្ញាធរ​(​គោរព​សិទ្ធ​ពលរដ្ឋ​)បើសិន​ពួកគាត់​គ្រាន់តែ​នៅមុខ​តុលាការ គាត់​មិន​ទាំង​មាន​ប្រើ​អំពើ​ហិង្សា ឬ​សកម្មភាព​អី​ទេ គ្រាន់​ស្នើ​សំណូមពរ​តុលាការ​លើកលែង​ការចោទប្រកាន់ អាហ្នឹង​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ»។

ក្រុម​សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​ទាំង​៩ បាន​ព្យាយាម​ស្នើសុំ​ជួប​មុន​ប្ដី ប្រពន្ធ និង​ម្ដាយ​របស់​ពួកគាត់ ដើម្បី​សួរសុខទុក្ខ និង​ផ្ដល់​ថ្នាំសង្កូវ ដោយសារ​ពុំបាន​ជួប​មុខ​គ្នា​តាំងពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ មិថុនា ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បដិសេធ​។ ក្រុម​សាច់ញាតិ​អះអាង​ថា ទោះបី​សមត្ថកិច្ច​មិន​ឱ្យ​ជួបជុំគ្នា​នៅ​ក្បែរ​តុលាការ ពួកគាត់​នឹង​មិន​ត្រឡប់​ទៅផ្ទះ​វិញ​ឡើយ ដរាបណា តុលាការ​មិន​ដោះលែង​អ្នក​ទាំង​៩​នាក់ ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។