ពលរដ្ឋ​នៅ​កោះកុង​សុំ​ឲ្យ​ចៅហ្វាយ​ខេត្ត​ដោះស្រាយ​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ១០០​នាក់ នៅ​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តុលាការ​ខេត្ត ដើម្បី​គាំទ្រ​តំណាង​ពួក​គាត់ ៤​នាក់ ដែល​តុលាការ​កោះ​ហៅ​សាកសួរ​ពាក់ព័ន្ធ​បណ្ដឹង​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

ទន្ទឹម​នឹង​គ្នា​នោះ អ្នក​ភូមិ​ក៏​នាំ​គ្នា​ទៅ​សាលា​ខេត្ត​បន្ត​ទៀត ដើម្បី​ស្វែង​រក​អន្តរាគមន៍​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត។

ពលរដ្ឋ​ជាង ១០០​នាក់ នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ គំរាម​បិទ​ស្ពាន លី យ៉ុងផាត់ ខេត្ត​កោះកុង មិន​ឲ្យ​ធ្វើ​ចរាចរ បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់។

ពលរដ្ឋ​ទាំង​នោះ​មក​ពី​ឃុំ​ចំនួន​បី គឺ​ឃុំ​ព្រែកខ្សាច់ ឃុំ​ភ្ញីមាស និង​ឃុំ​ព្រៃស្មាច់ ក្នុង​ស្រុក​គីរីសាគរ និង​ឃុំ​តានូន ឃុំ​ថ្មស ស្រុក​បុទុមសាគរ បាន​ដាក់​ញត្តិ​ឲ្យ​អភិបាល​ខេត្ត នៅ​ថ្ងៃ​ទី​២៦ សីហា ស្នើ​សុំ​អន្តរាគមន៍​ឆ្វៀល​ដី​ភូមិ​ដី​ចម្ការ និង​ដី​ស្រែ​ឲ្យ​ពលរដ្ឋ ១៣៧​គ្រួសារ ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន យូញៀន ឌីវ័រឡប់មិន (Union Development)។

ហើយ​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​មក​ជាមួយ​គ្នា​ដែរ​នោះ មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូមិ​ព្រែកខ្សាច់ ភូមិ​សំរ៉ុងតាកែវ ភូមិ​យាយសែន ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ពាក់ព័ន្ធ​ដី​ភូមិ​ដី​ចម្ការ និង​ដី​ស្រែ​ពលរដ្ឋ ១​ពាន់​ហិកតារ ជាមួយ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) កោះកុង របស់​ឧកញ៉ា លី យ៉ុងផាត់។

បុរស​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា ដែល​បាន​ចូល​ជួប​អាជ្ញាធរ​ខេត្ត លោក រួត សុផល ថ្លែង​ថា អ្នក​ភូមិ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន យូញៀន សុំ​ឆ្វៀល​ដី​ទុក​ឲ្យ​ពលរដ្ឋ​តាម​រូបមន្ត​ស្បែក​ខ្លា ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស។ រីឯ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត កោះកុង របស់​ឧកញ៉ា លី យ៉ុងផាត់ សុំ​អាជ្ញាធរ​ដោះស្រាយ ឬ​អាស្រ័យ​ផល​លើ​ដី​នេះ​ឡើង​វិញ។

លោក​ថា តំណាង ១៦​នាក់ បាន​ចូល​ជួប​អភិបាល​រង​ខេត្ត លោក ស៊ុន តារា ដែល​បាន​សន្យា​ថា លោក​អភិបាល​ខេត្ត គឺ​លោក ប៊ុន លើត អាច​នឹង​ចុះ​ត្រួត​ពិនិត្យ​ដី​ទំនាស់​អ្នក​ភូមិ​នៅ​ចុង​សប្ដាហ៍​នេះ៖ «គាត់​និយាយ​មក​គាត់​លំអៀង​ខាង​ក្រុមហ៊ុន​ដដែល​ហ្នឹង សុំ​ថា​បើ​មិន​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​សុំ​អាស្រ័យ​ផល​វិញ។ គាត់​ថា​គាត់​មិន​អាច​ឲ្យ​អាស្រ័យ​ផល​បាន​ទេ ក៏​ខ្ញុំ​មិន​ចង់​អាស្រ័យ​ផល​ដែរ តែ​ខ្ញុំ​សុំ​ឲ្យ​ដោះស្រាយ ដោះស្រាយ​ក៏​មិន​ដោះស្រាយ អាស្រ័យ​ផល​ក៏​មិន​ឲ្យ គាត់​ថា​ឲ្យ​ចាំ​មើល​ចាំ​មើល​ហ្នឹង​ចាំ​មើល ៩​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​២០០៥ មក។ ខ្ញុំ​ចង់​ជួប​ចៅហ្វាយ​ខេត្ត​ឯកឧត្ដម ប៊ុន លើត ហ្នឹង ក៏ប៉ុន្តែ​គាត់​ថា ទៅ​ប្រជុំ​នៅ​ភ្នំពេញ គម្រោង​ខ្ញុំ​ចង់​នៅ​មុខ​សាលា​ខេត្ត​ហ្នឹង ហើយ​ខ្ញុំ​ទៅ​បិទ​ស្ពាន លី យ៉ុងផាត់ ទៀត»

នៅ​ថ្ងៃ​ទី​២៦ សីហា ដដែល អ្នក​ភូមិ ៤​នាក់​នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត កោះកុង របស់​ឧកញ៉ា លី យ៉ុងផាត់។ បុរស​ទាំង ៤​រូប​នោះ​មាន​ឈ្មោះ លោក អែម សុខុម ប៉ុន វិបុល ផន នុល និង​លោក រួត សុផល។ ការ​កោះ​ហៅ​នេះ គឺ​បន្ទាប់​ពី​មាន​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ពលរដ្ឋ​រារាំង​មិន​ឲ្យ​កម្មករ​ក្រុមហ៊ុន ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ដែល​ប៉ះពាល់​ផ្លូវ​ពួក​គាត់​ធ្វើ​ដំណើរ។ ដោយ​ពេល​នោះ ពួក​គាត់​បាន​ដក​ហូត​សម្ភារៈ​សំណង់​របស់​ក្រុមហ៊ុន ឲ្យ​អាជ្ញាធរ​ភូមិ​ទុក​រង់ចាំ​ការ​ដោះស្រាយ​នោះ។ តែ​ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ការ​សាកសួរ មិន​មាន​ឃុំ​ខ្លួន​អ្នក​ភូមិ​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រចាំ​ខេត្ត​កោះកុង សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត ប្រញាប់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​ឲ្យ​បាន​ឆាប់ និង​កុំ​បន្ត​អូស​បន្លាយ​បញ្ហា​នេះ​ត​ទៅ​ទៀត ក្នុង​គ្រា​ដែល​អ្នក​ភូមិ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។