ពលរដ្ឋ​៤០​គ្រួសារ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង រង​ការ​បណ្ដេញ​ចេញ

ដោយ សេក បណ្ឌិត
2018-01-08
Share
ពលរដ្ឋ​ខេត្ត​កោះកុង​ ដាក់​ញត្តិ នៅ​​ស្រុក​បុទុមសាគរ កោះកុង ៨៥៥ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង​ប្រមូល​ផ្ដុំ​គ្នា​ហែ​ក្បួន​ដាក់​ញត្តិជូន​អាជ្ញាធរ នៅ​មុខ​សាលាស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​ប្រមាណ ៤០​គ្រួសារ រស់​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ ខេត្ត​កោះកុង រង​ការ​បណ្ដេញ​ចេញ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់គ្រង​តំបន់​នោះ ក្រោម​ហេតុផល​ថា កន្លែង​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​នោះ គឺជា​តំបន់​ស្នូល​របស់​ឧទ្យានជាតិ។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​អាជ្ញាធរ កាត់​ឆ្វៀល​ដី​តំបន់​នោះ​សម្រាប់​ពួកគាត់​រស់នៅ និង​អាស្រ័យ​ផល​ដូច​ធម្ម​តាត​ទៅ​មុខ​ទៀត។

ប្រជាពលរដ្ឋ​ប្រមាណ ៤០​គ្រួសារ​រស់នៅ​ចំណុច​កំពង់ភ្លូ ភូមិ​ជីត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង អះអាង​ថា ពួកគាត់​មិន​ព្រម​ចាក​ចេញពី​តំបន់ ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ​ទេ ទោះជា​អាជ្ញាធរ​បង្ខំ ឬ​បាញ់សម្លាប់​ពួកគាត់​យ៉ាង​ណា​ក្ដី។

តំណាង​ប្រជាពលរដ្ឋ​លោក មាស សេម រៀបរាប់​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ខាង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (wildlife alliance) រួមមាន​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់ បាន​ចូល​ទៅ​ត្រួត​ពិនិត្យ​ការ​រស់នៅ និង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគាត់។ លោក​អះអាង​ថា មន្ត្រី​ទាំងនោះ បាន​ប្រាប់​ឲ្យ​ពួកគាត់​ចាកចេញ​ដោយ​លើក​ហេតុផល​ថា ចំណុច​ដី​នោះ គឺជា​តំបន់​ស្នូល​នៃ​ឧទ្យាន​ជាតិ បុទុមសាគរ។ ទោះ​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​ទាំង ៤០​គ្រួសារ បាន​ប្ដេជ្ញា​ថា នឹង​មិន​ចាកចេញ​ឡើយ ដោយ​សុខចិត្ត​ស្លាប់​រស់នៅ​លើ​ដី​នោះ។ «»

តំណាង​ប្រជាពលរដ្ឋ​រូប​នេះ អះអាង​ថា ពួកគាត់​បាន​ចូល​ទៅ​រស់នៅ និង​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ តាំងពី​ឆ្នាំ​២០០៦ ហើយ​ពួកគាត់ មិន​បរបាញ់​សត្វព្រៃ និង​រកស៊ី​កាប់​ឈើ​នោះ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ក្រុម​ដឹកនាំ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ទីស្នាក់ការ​ត្រពាំងរូង លោក ណុប ថេត បានទេ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដោយសារ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ដោយ​ឡែក នាយក​ឧទ្យានជាតិ​បុទុមសាគរ លោក អឹង វុន្នី មាន​ប្រសាសន៍​ថា តាម​ពិត​អ្នក​រស់នៅ​ទីនោះ គឺ​មិន​ដល់ ៤០​គ្រួសារ​ទេ ព្រោះ​មានគ្រួសារ​មួយ​ចំនួន​បាន​ចាកចេញ​រួចហើយ។ លោក​ថា ការ​ស្នើ​សុំ​ឲ្យ​ពួកគាត់​ចេញ​នោះ ព្រោះ​តំបន់​នោះ គឺជា​តំបន់​ស្នូល​នៃ​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ហើយ​មុខរបរ​របស់​ពួកគាត់ គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​ជាដើម។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​ពុំបាន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ពោល​គឺ​មានតែ​អ្នក​ពី​ខាងក្រៅ​នោះ​ទេ ដែល​ចូល​ទៅ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​តំបន់​នោះ​ហើយ​បង្ខូច​ពួកគាត់។ លោក មាស សេម ទទួលស្គាល់​ថា កន្លង​មក ប្រជាពលរដ្ឋ​មួយ​ចំនួន ធ្លាប់​ចាកចេញ​ពី​ទីនោះ​ទាំង​បង្ខំ​ម្ដង​មែន ប៉ុន្តែ​អាជ្ញាធរ​ពុំបាន​សង់​ផ្ទះ​ជូន​ពួកគាត់ និង​មិនបាន​ចែក​ដី​ទំហំ ៥​ហិកតារ ក្នុង​មួយ​គ្រួសារ​ដូច​ការសន្យា​ឡើយ។ អាជ្ញាធរ​បាន​ចែក​ដី​ត្រឹម​ទំហំ​ក្បាល ៧០​ម៉ែត្រ និង​បណ្ដោយ ២​រយ​ម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ​គ្រួសារ​ដែល​កូន​ច្រើន មិន​អាច​គ្រប់គ្រាន់​នោះ​ទេ ទើប​ពួកគាត់​មួយ​ចំនួន​វិល​ទៅ​រស់នៅ​កន្លែង​ចាស់​ម្ដង​ទៀត។ «»

ថ្វី​ដ្បិត​ដី​នៅ​តំបន់​នោះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ និង​ព្យាយាម​បង្ខំ​អោយ​ពលរដ្ឋ​ចាកចេញ ដោយ​លើក​ហេតុផល​ថា ជា​តំបន់​ឧទ្យាន​ជាតិ​ក្ដី ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល បានសម្រេច ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​នៅ​តំបន់​ឧទ្យានជាតិ​ឲ្យ​ក្រុមហ៊ុន​ធំៗ មួយ​ចំនួន ក្នុង​នោះ​មាន​ក្រុមហ៊ុន​យូញៀន ឌីវីឡុបមិន គ្រុប ( Union Development Co, LTD) ជាដើម។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់​ឲជិត មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​គ្រប់​គ្រប់​តំបន់​ការពារ​ទាំងនេះ គឺ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ។ លោក​ថា ប្រជាពលរដ្ឋ បាន​ចូល​ទៅ​រស់នៅ​បង្កបង្កើត​ផល​មាន​ស្រែ​ចម្ការ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ដូច្នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​អនុគ្រោះ និង​យោគយល់​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ ចែក​ជូន​ប្រជាពលរដ្ឋ បាន​ចិញ្ចឹមជីវិត​តទៅទៀត ថ្វី​ត្បិត​តំបន់​នោះ គឺជា​តំបន់​ការពារ​ក៏​ដោយ​ចុះ។

លោក អ៊ិន គង់ជិត លើកឡើង​ថា ប្រសិន​បើ​អាជ្ញាធរ នៅ​តែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដោយ​ត្រូវតែ​បណ្ដេញ ប្រជាពលរដ្ឋ​ចេញ​នោះ វា​គឺជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស ព្រោះថា​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​មាន​លំនៅឋាន។

ប្រជា​ពលរដ្ឋ​អះអាង​ថា ពួកគាត់​មិន​ព្រម​ចាកចេញ​នោះ​ទេ ហើយ​ថា បើ​អាជ្ញាធរ​នៅតែ​បន្ត​បណ្ដេញ​ពួកគាត់​ទៀត​នោះ គឺ​ពួកគាត់ នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ដើម្បី​សុំ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ ឲ្យ​ពួកគាត់​បាន​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​តទៅទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល