សហគមន៍​កួយ​ឃុំ​ប្រមេរុ​ចោទ​អាជ្ញាធរ​ថា​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ ហង្ស សាវយុត
2017-01-08
Share
ជម្លោះ​ដីធ្លី កួយ ព្រះវិហារ ២០១៧ ៨៥៥ ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ទំនាស់​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន កំពុង​ឡើង​កម្ដៅ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រងើយ​កន្តើយ​មិន​ចេញ​មុខ​ដោះស្រាយ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន កាន់​តែ​មាន​ឱកាស​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​ស្រែ និង​ព្រៃ​ឈើ​កាន់​តែ​ធំ​ទៅៗ​នោះ។

ទំនាស់​ដីធ្លី​នេះ បាន​កើត​មាន​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ដោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច និង​អ្នក​ភូមិ​ខ្លះ​ទៀត​គ្មាន​វិធី​អ្វី​ការពារ​ដី​ស្រែ ក្រៅ​តែ​ពី​លើក​គ្នា​ទៅ​ដេក​ចាំ​នៅ​ក្នុង​ព្រៃ ដើម្បី​រារាំង​ការ​ឈូស​ឆាយ​នោះ។

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ នៃ​ស្រុក​ត្បែងមានជ័យ ប្រមាណ ៤០​នាក់ នៅ​តែ​ដាក់​វេន​គ្នា​ទៅ​ដេក​ក្នុង​ព្រៃ​ដើរ​ល្បាត​ការពារ​ដី​ស្រែ កុំ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ទៅ​ធ្វើ​ជា​ចម្ការ​អំពៅ។

ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ក្នុង​ព្រៃ​ការពារ​ដី​ស្រែ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​មករា គឺ​មាន​រយៈពេល ៨​ថ្ងៃ​ហើយ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ គឺ​លោកស្រី ទេព ទឹម។ លោកស្រី​មាន​ប្រសាសន៍​នៅ​កន្លែង​បោះ​ជំរំ​នៅ​ក្រោយ​ពេល​ពិសា​បាយ​ថ្ងៃ​ត្រង់​រួច​ថា រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​នាក់​ទៀត​ដែល​ខំ​ទៅ​ដេក​ក្នុង​ព្រៃ គឺ​បំណង​ទាមទារ និង​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេង (Lan Feng) ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ដី​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច។ លោកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា មក គឺ​ក្រុមហ៊ុន​ចិន បាន​ឈូស​រំលោភ​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង ដូចជា​នៅ​អូរ​ពពាំ អូរ​ប៉ង និង​នៅ​តំបន់​អូរ​ប៉េះ ជាដើម៖ «ព្រួយ​បារម្ភ​ថា​បើ​ពួក​ខ្ញុំ​មិន​មក​ថែ​ដី​ស្រែ មក​ដេញ​ចិន មិន​ឲ្យ​ឈូស​ទេ គឺ​គេ​យក​ដី​អស់។ គេ​ថា​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​ទំហំ​ដី​សម្បទាន​ផង។ ថ្ងៃ​ហ្នឹង​ដេញ​កម្មករ ដេញ​មេការ​ចិន រហូត​ដល់​អគ្គនាយក​ចិន មក​ជួប»

បើ​ទោះ​បី​ជា​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខែ​ប្រាំង​ដ៏​ក្ដៅ​ហែង ពិបាក​ទ្រាំ ព្រម​ទាំង​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​ព្រៃ​ក៏ដោយ ក៏​ជនជាតិ​ដើម​ភាគតិច​កួយ ទាំងនោះ​ហាក់​មាន​ឆន្ទៈ​មោះមុត ដោយ​គេ​តែង​នាំ​គ្នា​ដើរ និង​ជិះ​គោយន្ត​ល្បាត​ម្ដង​ទៅ​ណេះ ម្ដង​ទៅ​ណោះ ដើម្បី​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ឈូស​រំលោភ​យក​ដី​ស្រែ​បាន​ទេ។

បុរស​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ លោក សុខ រៀង បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ថា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដែល​ជនជាតិ​ដើម​ភាគតិច​របស់​គាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ដី​ស្រែ​ទាំង​ស្រុង​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​បាន គឺ​ទី​ពឹង​តែ​លើ​ដី​ស្រែ និង​ចូល​ព្រៃ​ដើម្បី​រក​អនុផល​ព្រៃ​ឈើ​ប៉ុណ្ណោះ៖ «ខ្ញុំ​ស្ដាប់​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដឹង​ថា គឺ​បំបាត់​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែ​បំបាត់​ភាព​ក្រីក្រ​យ៉ាង​ម៉េច​កើត បើ​បំផ្លាញ​មុខ​របរ​របស់​រាស្ត្រ​ចោល​ដូច្នេះ

មិន​មែន​តែ​ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ប៉ុណ្ណោះ​ទេ​ដែល​ប្រមូល​គ្នា​ទៅ​បោះ​ជំរំ​ដេក​ក្នុង​ព្រៃ ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឡាន​ហ្វេង (Lan Feng) ឈូស​រំលោភ​យក​ដី​ស្រែ​នោះ គឺ​នៅ​ឯ​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់​កំពុង​ប្រមូល​គ្នា​ទៅ​បោះ​ជំរំ​ដេក​ក្នុង​ព្រៃ ដើម្បី​រារាំង​ក្រុមហ៊ុន​ចិន រួយ​ហ្វេង (Ruy Feng) កុំ​ឲ្យ​ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​គេ​ដែរ។

បុរស​ជនជាតិ​ដើម​ភាគតិច​កួយ ម្នាក់​ទៀត លោក ថោង ស៊ុត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន មិន​ត្រឹម​តែ​ឈូស​រំលំ​ដើម​ច្បោះ​ជ័រ​ទឹក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ត្រពាំង បឹង អូរ ក៏​ឈូស​លុប​គ្មាន​សល់ ហើយ​ទីបំផុត គឺ​ឈាន​មក​យក​ដី​ស្រែ​ទៀត។ តើ​ឲ្យ​កសិករ​ដូច​រូប​លោក​ទីពឹង​លើ​អ្វី?

បុរស​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត​ព្រះវិហារ មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​រំលោភ​យក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​លើក​គ្នា​តវ៉ា​វិញ គេ​បែរ​ជា​ចោទ​ប្រកាន់​ថា សុទ្ធតែ​អ្នក​ប្រឆាំង៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ចុះ​មក​មើល​ជាក់ស្ដែង កុំ​ឲ្យ​ជឿ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​រាយការណ៍ និង​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) ខុស​ពី​ការពិត​ពេក»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ព្រមាន​ថា ប្រសិន​បើ​គ្មាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល​ណា​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ឲ្យ​ក្រុមហ៊ុន​ចិន បញ្ឈប់​ការ​ឈូស​ឆាយ​យក​ដី​ស្រែ​របស់​គេ​ទេ គឺ​ពួក​គេ​នៅ​តែ​បន្ត​ដេក​ក្នុង​ព្រៃ និង​តវ៉ា​រហូត​ដល់​ខែ​ចុះ​ធ្វើ​ស្រែ​វិញ។

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA
ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA
RFA

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​ដែល​ជនជាតិ​ដើម​ភាគតិច ទៅ​ដេក​តវ៉ា​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​ប្រធាន​អង្គការ​ពន្លក​ខ្មែរ ដែល​ធ្វើ​ការងារ​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោក អាង ជាតិឡោម សម្ដែង​កង្វល់​ថា ប្រសិន​បើ​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តែ​លើក​គ្នា​ទៅ​ដេក​តវ៉ា​ក្នុង​ព្រៃ ហើយ​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​ចេះ​តែ​ទៅ​គំរាម​សម្លុត​ដើម្បី​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ចិន នោះ លោក​ព្រួយ​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​នៅ​ពេល​ណា​មួយ។ លោក អាង ជាតិឡោម បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ជាង ៥០០​គ្រួសារ គឺ​ទី​ពឹង​តែ​លើ​ព្រៃ​ឈើ និង​ដី​ស្រែ ប្រសិន​បើ​គ្មាន​ដី​ស្រែ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គឺ​នឹង​គ្មាន​អ្វី​ទី​ពឹង​ដើម្បី​រស់​ទៀត​ទេ៖ «អាច​នឹង​មាន​ផ្ទុះ​អំពើ​ហិង្សា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ជនជាតិ​ភាគតិច​នោះ។ ទាំង​ជនជាតិ​ភាគតិច និង​មិន​មែន​ជនជាតិ​ភាគតិច​ដែល​រស់នៅ​តំបន់​ព្រៃ គឺ​សុទ្ធតែ​ទី​ពឹង​លើ​ព្រៃ​ឈើ និង​ដីធ្លី​នោះ​ឯង»

អង្គការ​ពន្លក​ខ្មែរ ធ្លាប់​សិក្សា​រក​ឃើញ​ថា កាល​ពី​ព្រៃ និង​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ប្រជាពលរដ្ឋ​តែង​ចូល​ទៅ​ដក​ផ្សិត​ព្រៃ បេះ​បន្លែ បោច​វល្លិ និង​ដង​ជ័រ​ទឹក​យក​ទៅ​លក់​ជាដើម ដោយ​យ៉ាង​ហោច​ណាស់​ក៏​ប្រជាពលរដ្ឋ ១​គ្រួសារ អាច​រក​ប្រាក់​ចំណូល​បាន​ពី​ជាង ៤​លាន​រៀល ស្មើ​នឹង ១.០០០​ដុល្លារ​អាមេរិក​ដែរ បន្ថែម​ពី​លើ​ការងារ​ធ្វើ​ស្រែ​ចម្ការ​ក្នុង​មួយ​ឆ្នាំៗ។

ប្រសិន​បើ​រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ដី​ព្រៃ និង​ដី​ស្រែ​របស់​អ្នក​ភូមិ​ទាំងនោះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​អស់ គឺ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់បង់​មុខ​របរ​របស់​អ្នក​ភូមិ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​ត្រូវ​បោះបង់​ចោល​សាលា​រៀន វប្បធម៌​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​នៅ​សេសសល់​តិចតួច នឹង​បាត់បង់​ទាំង​ស្រុង ហើយ​នឹង​បង្កើត​ឲ្យ​មាន​ការ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល