ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​បឹងកក់បី​គ្រួសារ​និង​ក្រុមហ៊ុន ឃុន សៀ ​​​នៅ​តែបន្ត

ដោយ វណ្ណ វិចារ
2014-05-14
Share
បឹងកក់ ឃុន សៀ ៦១០ ស្ត្រី​ម្ចាស់​ផ្ទះ​ដែល​រង​នូវ​អំពើ​ហិង្សា អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​នៅ​តំបន់​បឹងកក់ ក្រោយ​ពី​មាន​មនុស្ស​មួយ​ក្រុម​មក​វាយ​កម្ទេច​របស់​របរ​ក្នុង​ផ្ទះ​គាត់​កាល​ពី​ព្រឹក​ថ្ងៃ​៦ មេសា ឆ្នាំ​២០១៤។
RFA/Van Vichar

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​បី​គ្រួសារ និង​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅ​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួល​គោក បាន​អូស​បន្លាយ​ពេល​វេលា​អស់​ជាង ១ ឆ្នាំ​ទៅ​ហើយ ។ ពលរដ្ឋ​ទាំង​បី​គ្រួសារ ធ្លាប់​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ដាក់​ខ្នោះ បញ្ជូន​ទៅ​តុលា​ការ ជន​មិន​ស្គាល់​មុខ​យក​ពូថៅ​កាប់ យក​ដំបង​វាយ​បំបែក បោះ​ពស់​ចូល​ក្នុង​ផ្ទះ​ប៉ង​សម្លាប់ និង​ឆាឆៅ​អុកឡុក​ស្ទើរ​រាល់​ថ្ងៃ​ ជាដើម។

ដោយ​សារ​ភាគី​ពលរដ្ឋ​ជួប គ្រោះថ្នាក់​ផ្ទួនៗ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​សំណុំរឿង​នេះ ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់ មហាជន​ និង​សង្គម​ស៊ីវិល។ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់ បាន​ចុះ​អង្កេត​បញ្ហា​នេះ ប៉ុន្តែ​រូប​គាត់​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ គំរាម​សម្លាប់​ទៀត​ផង។

ប្រធាន​គម្រោង​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត អះអាង​ថា រូប​គាត់​ត្រូវ​បាន​ សន្តិសុខ​យាម​អគារ​អតីត​សាលា​សង្កាត់​បឹងកក់ ១ ដែល​អាជ្ញាធរ​ក្រុង​បាន​លក់​ឲ្យ​ក្រុមហ៊ុន ឃុន សៀ ជេរ​ប្រមាថ និង​គំរាម​សម្លាប់។

ការ​គំរាម​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ការពារ​សិទ្ធិ​ដីធ្លី​រូប​នេះ ចុះ​ប្រមូល​ព័ត៌មាន និង​ថតរូប​នៅ​ផ្ទះ​ក្រុម​គ្រួសារ​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​។

ចំណែក​ឯ សាក្សី​នៅ​កន្លែង​កើតហេតុ និង​ជា​ក្រុម​គ្រួសារ​របស់​ពលរដ្ឋ ​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន អ្នក​ស្រី ម៉ក់ សៀវហ៊ួង ឲ្យ​ដឹង​ថា លោក វណ្ណ សូផាត បាន​មក​ផ្ទះ​របស់​អ្នកស្រី នៅ​ថ្ងៃ​ទី​០៩ ឧសភា វេលា​ម៉ោង ជាង​០៤ រសៀល បន្ទាប់​ពី​អ្នកស្រី​ សំណូមពរ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចុះ​អន្តរាគមន៍ និង​បន្ទាប់​ពលរដ្ឋ ១ គ្រួសារ ក្នុង​ចំណោម​បី​គ្រួសារ​នោះ ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន។

អ្នក​ស្រី បន្ត​ថា ក្រុម​សន្តិសុខ បាន​ព្យាយាម​រារាំង​មិន​ឲ្យ លោក វណ្ណ សូផាត ថត​រូប​ដី​ទំនាស់ និង​គំរាម​ថា នឹង​សម្លាប់ បើ​សិន​ជា​នៅ​រឹង​ទទឹង ជ្រោមជ្រែង​ជួយ​អន្តរាគមន៍​គ្រួសារ​ពលរដ្ឋ​តទៅ​ទៀត​នោះ។

អ្នក​ស្រី ម៉ក់ សៀវហ៊ួង បញ្ជាក់ ៖ «គាត់​ក៏​ថត​មិន​ទាន់​បាន​ថត​ផង​ វា​ក៏​ចេញ​មក​រុញ​គាត់​ហើយ​និយាយ​ថា ហ្អែង​ចេញទៅ​ហ្អែង​ចេញ​ទៅ គ្មាន​សិទ្ធិ​អី​មក​ថត​នៅ​ដី​អញ​ទេ ដី​ហ្នឹង​គេ​ទទួល​សំណង​រួច​ហើយ។ ដល់​ហើយ​គាត់​ក៏​មក​អង្គុយ​នៅ​ផ្ទះ ពួក​វា​មក​តាម​ទៀត ហើយ​លើក​គ្នា​កាន់​ពូថៅ​កាន់​ដំបង ហើយ​គំរាម​ថា បើ​អ្នកណា​ហ៊ាន​មក​ទៀត​នឹង​កាប់​ឲ្យ​ងាប់ ឬ​វាយ​ឲ្យ​បាក់​ជើង​តែ​ម្ដង»​។

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សាក​សួរ​សន្តិសុខ​នៅ​យាម​ដី​សង្កាត់​បឹងកក់ ១ ពី​បញ្ហា នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ប៉ុន្តែ​សន្តិសុខ​ទាំងនោះ​មិន​បាន​ឆ្លើយ​តប​ថា យ៉ាង​ម៉េច​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ពលរដ្ឋ ១ គ្រួសារ ក្នុង​ចំណោម ៣ គ្រួសារ​ បាន​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ឃុន សៀ រួច​ទៅ​។ ប្រាក់​សំណង​នោះ ជា​ប្រាក់​របស់​លោក​ឧត្ដម​សេនីយ៍​ឯក យឹម លាង មាន​តួនាទី​ជា​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម និង​ជា​កូន​ប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។

នៅ​ក្នុង​លិខិត​ទទួល​ប្រាក់​នោះ​សរសេរ​ថា ប្រជា​ពលរដ្ឋ​ឯកភាព​ទទួល​ប្រាក់ ១ ម៉ឺន ៥ ពាន់​ដុល្លារ ដើម្បី​រើ​ឥវ៉ាន់​ចាកចេញ​ពី​លំនៅ​ឋាន ហើយ​សន្យា​ទៅ​ថ្ងៃ​មុខ​មិន​ប្ដឹង​ផ្ដល់​ក្រុមហ៊ុន ឃុន សៀ វិញ​ឡើយ​។

យ៉ាងណា​ក៏ដោយ សាច់ញាតិ​របស់​គ្រួសារ​ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​បាន​ប្រាប់​ថា ក្រុមហ៊ុន​បាន​ឲ្យ​ប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ មិនមែន ១ ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ដូច​សរសេរ​លើ​ក្រដាស​ឡើយ​។ ហើយ​ពលរដ្ឋ​ក៏​មិន​ដឹង​ពី​បំណង​ពិត​ប្រាកដ​របស់​ក្រុម ហ៊ុន ឃុន សៀ ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្គការ ការពារ​សិទ្ធិមនុស្ស​លីកាដូ ​លោក អំ សំអាត មាន​ប្រសាសន៍​ថា រាល់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដើម្បី​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​លំនៅឋាន ហើយ​យក​ដី​លក់​ឲ្យ​ក្រុមហ៊ុន គឺ​ជា​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បែរ​ខ្នង​ដាក់​ពលរដ្ឋ​រួច​ទៅ​ហើយ ចំពោះ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ឃុន សៀ នេះ។ លោក​បន្ត​ថា សន្តិសុខ​ហ៊ាន​គំរាម​កំហែងមន្ត្រី​សង្គម​ស៊ីវិល ​បណ្ដាល​មក​ពី​សន្តិសុខ​ទាំងនោះ​ញៀន​ញ៉ាម​នឹង​និទ្ទណ្ឌភាព ដែល​ធ្លាប់​ប្រព្រឹត្តិ​ទៅ​លើ​គ្រួសារ​របស់​ពលរដ្ឋ។

លោក អំ សំអាត ៖ «​ហ៊ាន​តែ​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​ពលរដ្ឋ​បាន​ប្ដឹង​ផ្ដល់​ច្រើន​សារ​មក​ហើយ។ អានេះ​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​តែ​ម្ដង កន្លែង​ហ្នឹង​នឹង​ក្លាយ​ជា​អនាធិបតេយ្យ គ្មាន​អ្នក​ណា​បង្ក្រាប​ឡើយ»

ក្នុង​រយៈ​ពេល ១៣ ខែ ដែល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីជា​មួយ​ក្រុមហ៊ុន ឃុន សៀ​។ ក្រុម​គ្រួសារ​របស់​លោក លី ស្រ៊ាខេង ជួប​ទុក្ខ​ទោស​ច្រើន​ជាង​គេ​។

គ្រួសារ​នេះ ត្រូវ​បាន​គេ​កាប់ គេ​វាយ​ឲ្យ​របួស​ធ្ងន់​ស្រាល​យ៉ាង​តិច​ណាស់់​ចំនួន ៧ ដង​។ កាល​ពី​ខែ​មីនា​ ជន​មិន​ស្គាល់​មុខ មួយ​ក្រុម​បាន​យក​ពស់វែកបី​ក្បាល​បោះ​ចូល​ផ្ទះ​លោក លី ស្រ៊ាខេង ទាំង​កណ្ដាល​យប់។ បន្ទាប់​ពី​នោះ ក្រុម​សន្តិសុខ​ក្រុមហ៊ុន ឃុន សៀ បាន​ឆាឆៅ​​វាយ​បំបែក​ចាន​បាយ ចាន​បបរ និង​តុ​កៅអី ក្នុង​ផ្ទះ​ពលរដ្ឋ​ថែម​ទៀត ។ ប្រពន្ធ​របស់​លោក លី ស្រ៊ាខេង គឺ​អ្នកស្រី ម៉ក់ សៀវហុង បាន​បាត់​បង់​មុខ​របរ​លក់​អីវ៉ាន់​ដោយសារ​ទំនាស់​ដីធ្លី​នេះ។

ប្រធាន​គម្រោង​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ក្រាញ​ននៀល​ការពារ​ដីធ្លី​ អាច​នឹង​រងគ្រោះ​ដល់​អាយុ​ជីវិត បើ​សិន​ជា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​នោះ​។ លោក​បន្ត​ថា ក្រុម​សន្តិសុខ​ទាំងនោះ មិន​ខ្លាច​ច្បាប់​សោះឡើយ ហើយ​ពួក​គេ​ក៏​ប្រហែល​ជា​ស្មាន ថា​ពួក​គេ​វាយ​ឬ​សម្លាប់​មនុស្ស​ដើម្បី​ប្លន់ យក​ដី​ឲ្យ​ក្រុមហ៊ុន​នោះ ​ជា​អំពើ​ស្រប​ច្បាប់​ផង​ក៏​មិន​ដឹង​។

លោក​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ករណី​គំរាម​កំហែង​លើ​រូប​លោក​ ទៅ​កាន់​តុលាការ​នា​ពេល​ខាង​មុខ។ លោក វណ្ណ សូផាត ៖ «យើង​នឹង​ចាត់​វិធានការ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ចាំ​មើល​មេធាវី​ខ្ញុំ​មក​វិញ ​ព្រោះ​ការ​គំរាម​សម្លាប់​ហ្នឹង​ជា​ទោស​ព្រហ្មទណ្ឌ»

បណ្ដឹង​របស់​លោក វណ្ណ សូផាត មិន​ទាន់​ដល់​ដៃ​តុលាការ​ផង សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​តាម​បណ្ដឹង​របស់​ឧកញ៉ា ឃុន សៀ បាត់​ទៅ​ហើយ។

តំណាង​អយ្យការ លោក​ព្រះរាជ​អាជ្ញា​រង ជេត ខេមរា បាន​ចេញ​ដីកា​កោះហៅ​កូន​ប្រុស កូន​ស្រី របស់​លោក លី ស្រ៊ាខេង ឲ្យ​ចូល​បំភ្លឺ​លើ​បទ​ចោទ​បំផ្លិច​បំផ្លាញ​ និង​ប្រើ​ប្រាស់​ហិង្សា​រំលោភ​សិទ្ធិ​កាន់កាប់​អចលនៈ​វត្ថុ​របស់​អ្នក​ដ៏​ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ខាង​មុខ។ ដីកា​មួយ​ទៀត គឺ​កោះ​ហៅ​ពលរដ្ឋ​ ម្នាក់​ទៀត​ឈ្មោះ សុក ហ៊ុច ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទ​ចោទ​ដូច​គ្នា នៅ​ថ្ងៃ​ទី​២៣ ឧសភា​។

ប្រជាពលរដ្ឋ​ទាំងនោះ​ដាក់​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​បណ្ដឹង​របស់​ពួក​គាត់ តុលាការ​មិន​ចាត់ការ តែ​បែរ​ជា​ពេញចិត្ត​ចាត់ចែង​បណ្ដឹង​របស់​លោក​ឧកញ៉ា ខ្លាំង​ម៉្លេះ​? ​៖ «​គេ​មក​ធ្វើ​បាប​ខ្ញុំ​អស់​ពេល ១៣ ខែ​ហើយ​។ ទី​មួយ​រឿង​គេ​កាប់​ខ្ញុំ គេ​វាយ​ប៉ា​ខ្ញុំ​ វា​មាន​ភាព​អយុត្តិធម៌»

យ៉ាង​ណា​ក៏​ដោយ តំណាង​ក្រុមហ៊ុន ឃុន សៀ និង​លោក យឹម លាង សុទ្ធតែ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពួក​គេ​មិន​បាន​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​ទេ។ ក្រុម​សមត្ថកិច្ច​នគរបាល​សង្កាត់​បឹងកក់ ១ ក៏​ធ្លាប់​ប្រាប់​ថា ពួក​គេ​មិន​មាន​តួនាទី​​ចាប់​ជន​ល្មើស​ដែរ បើ​សិន​ជា​មិន​មាន​បញ្ជា​ពី​ថ្នាក់​លើ​ឬ​តុលាការ​នោះ។

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ដោះស្រាយ​នៅ​ទំនាស់​ដីធ្លី​ នៅ​តំបន់​នៅ​កន្លែង​នេះ​ជា​ច្រើន​ដង ច្រើន​សារ​មក​ហើយ។ ប៉ុន្តែ​ជា​ការ​ដោះស្រាយ​សម្រប​សម្រួល​ ឲ្យ​ពលរដ្ឋ​ទទួល​យក​លុយ​សំណង​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ពលរដ្ឋ​បញ្ជាក់​ថា វិធីសាស្ត្រ​​របស់​ក្រុមហ៊ុន ឃុន សៀ គឺ​លួងលោម​អោយ​ទទួល​សំណង បើ​មិន​ព្រម គឺ​ប្រើ​មនុស្ស​ឲ្យ​វាយ​ធ្វើ​បាប និង​ចុង​ក្រោយ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​បង្ខំ​ឲ្យ​ព្រម​ទទួល​យក​ប្រាក់​សំណង។

របាយការណ៍​របស់​សង្គមស៊ីវិល បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ មាន​សកម្មជន​សិទ្ធិមនុស្ស និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​ជាង ៥០០ នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល