ប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សម្រេចផ្អាកការតវ៉ាបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយរបស់អាជ្ញាធរជាមួយភាគីក្រុមហ៊ុនវៀតណាម ឈ្មោះ ធីង៉ា (Thy Nga)។ យ៉ាងណា ពលរដ្ឋទាំងនោះថា ពួកគេនឹងតវ៉ាឡើងវិញ ប្រសិនបើក្រុមហ៊ុននៅតែបន្តឈូសឆាយប៉ះពាល់លើតំបន់ដីដែលពួកគាត់ស្នើសុំរក្សាទុក។
ប្រជាពលរដ្ឋនៅឃុំដងកាំបិត ចំនួន ៦៧គ្រួសារ ស្នើឲ្យអាជ្ញាធរជួយដោះស្រាយតំបន់ដីប៉ះពាល់ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ ធីង៉ា ដោយពួកគេទាមទាររក្សាទុកដីប្រវែង ២០០ម៉ែត្រពីក្បាលដីស្រែចម្ការរបស់ពួកគាត់។ ការទាមទារនេះ ព្រោះពលរដ្ឋយល់ឃើញថា ប្រសិនបើក្រុមហ៊ុនឈូសឆាយដីទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ការលែងគោក្របីរបស់អ្នកភូមិ។ ម្យ៉ាង ពលរដ្ឋនឹងមិនអាចពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនបានទៀតទេ។
ពលរដ្ឋនៅភូមិស្រែខ្សាច់ លោក ធូ លាប ឲ្យដឹងថា ពួកគាត់លើកគ្នាតវ៉ាពីរថ្ងៃមកហើយ ដើម្បីហាមឃាត់មិនឲ្យខាងក្រុមហ៊ុនឈូសឆាយប៉ះពាល់លើដីរបស់អ្នកភូមិ និងដើម្បីស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាពលរដ្ឋកំពុងជួបប្រទះ។ លោកបន្តទៀតថា ក្រៅពីហាមឃាត់មិនឲ្យខាងក្រុមហ៊ុនឈូសឆាយលើដីរបស់អ្នកភូមិធ្លាប់អាស្រ័យផលហើយ ពួកគាត់ទាមទារឲ្យភាគីក្រុមហ៊ុន រក្សាទុកដីប្រវែង ២០០ម៉ែត្រពីក្បាលដីរបស់ពួកគាត់ទៀតផង ស្របពេលខាងក្រុមហ៊ុនយល់ព្រមរក្សាទុកឲ្យប្រវែង ៥០ម៉ែត្រប៉ុណ្ណោះ៖ «ខ្ញុំថា ស្នើសុំរដ្ឋបាលព្រៃឈើនៅស្រុករវៀង ថាធ្វើម៉េចទុកឲ្យបងប្អូននៅស្រែខ្សាច់ពីក្បាលស្រែឲ្យបាន ២០០ម៉ែត្រ»។
តំបន់ដីមានវិវាទជាមួយភាគីក្រុមហ៊ុនវៀតណាម ធីង៉ា ពេលនេះ គឺស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារ ចំណែកពលរដ្ឋដែលរងផលប៉ះពាល់ជាង ៦០គ្រួសារ គឺជាអ្នកស្រុករស់នៅក្នុងទឹកដីខេត្តកំពង់ធំ។
ពលរដ្ឋនាំគ្នាតវ៉ាកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ មករា ដើម្បីទាមទារឲ្យអាជ្ញាធរជួយដោះស្រាយរឿងនេះ ហើយថែមទាំងព្រមានទៀតថា ប្រសិនបើក្រុមហ៊ុននៅតែបន្តឈូសឆាយលើតំបន់ដីដែលពួកគាត់ស្នើសុំ អ្នកភូមិនឹងលើកគ្នាតវ៉ាជាថ្មីទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីក្រុមហ៊ុន ធីង៉ា ដើម្បីពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ មករា ប៉ុន្តែកាលពីថ្ងៃទី២០ មករា ភាគីក្រុមហ៊ុនបានសម្រេចមិនបន្តឈូសឆាយលើដីដែលប្រជាពលរដ្ឋស្នើសុំទៀតឡើយ ដោយរង់ចាំការដោះស្រាយពីអាជ្ញាធរជុំវិញករណីនេះ។
ដោយឡែកមេឃុំដងកាំបិត លោក ឆូយ ម៉ាប់ មានប្រសាសន៍ថា ក្រោយពេលពលរដ្ឋនាំគ្នាតវ៉ា អាជ្ញាធរបានទៅសម្របសម្រួលជូនពួកគាត់ ដោយបញ្ជាក់ថា នឹងយកសំណើនេះបញ្ជូនទៅអាជ្ញាធរខេត្តទាំងពីរដោះស្រាយបន្ត។ លោកមើលឃើញថា ការស្នើសុំរបស់អ្នកភូមិទាំងនោះ គឺជារឿងល្អ ពីព្រោះប្រសិនបើចំណែកដីដែលប្រជាពលរដ្ឋទាមទារ ធ្លាក់ទៅលើដៃក្រុមហ៊ុនវៀតណាម នឹងអាចបង្កផលប៉ះពាល់ដល់អ្នកភូមិមិនខាន។ លោកមេឃុំរូបនេះលើកឡើងថា ត្បិតតែលោកឯកភាពនឹងសំណើពលរដ្ឋក៏ដោយ ប៉ុន្តែការសម្រេចយ៉ាងណា គឺមិនទាន់ដឹងនៅឡើយទេ៖ «គាត់ថាក្បាល ២០០ម៉ែត្រ គឺអាចចងគោ ឬលែងគោក្របីរបស់ពួកគាត់។ មួយទៀត គាត់គិតពីអនាគតកូនចៅរបស់ពួកគាត់ទៅថ្ងៃមុខ។ ក្នុងនាមអាជ្ញាធរ អរគុណហើយដែលពួកគាត់មានជំហររឹងប៉ឹងបែបនេះ»។
លោកមេឃុំដដែល ប្រាប់ប្រជាពលរដ្ឋឲ្យរាយការណ៍មកអាជ្ញាធរគ្រប់ពេល ប្រសិនបើពួកគេឃើញសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននៅតំបន់ដែលអ្នកភូមិស្នើសុំ បន្តកើតមានឡើង។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញ៉ូង សាមឿន យល់ថា ការទាមទាររបស់ពលរដ្ឋ មិនមែនជារឿងហួសហេតុ ឬលោភលន់ឡើយ ប៉ុន្តែជារឿងត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋទៅវិញ និងដើម្បីប្រយោជន៍រួមរបស់ពួកគាត់ប៉ុណ្ណោះ៖ «ហើយការដែលក្រុមហ៊ុនសម្រេចឲ្យ ឬមិនឲ្យយ៉ាងណានោះ គឺទាល់តែអាជ្ញាធរតវ៉ាមតិ»។
លោក ញ៉ូង សាមឿន ថ្លែងថា ការអភិវឌ្ឍទាំងឡាយអាចរីកចម្រើនពិតប្រាកដ គឺអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋមានរីកចម្រើនព្រមគ្នា មិនមែនជាការអភិវឌ្ឍដែលធ្វើឲ្យអ្នកភូមិរងទុក្ខនោះទេ។ បន្ថែមពីនេះ លោកថា ខាងអាជ្ញាធរ រួមទាំងភាគីក្រុមហ៊ុនផង គប្បីដោះស្រាយជូនប្រជាពលរដ្ឋ ជៀសវាងមានការតវ៉ាណាមួយកើតឡើងបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
