ពលរដ្ឋ​១៥​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​រំលោភ​យក​ដី​សង្គមកិច្ច

0:00 / 0:00

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​មាន​ទ្រព្យ​ធន​ចំនួន ១០​នាក់ តំណាង​ឲ្យ ១៥​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា នាំ​គ្នា​ទៅ​ដល់​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ដី​មក​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ការ​សុំ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​តុលាការ ចេញ​ដីកា​កោះ​ហៅ​ជុំវិញ​រឿង​ទំនាស់​ដីធ្លី​នេះ។

ជំទប់​ទី​២ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ មក​ពី​គណបក្ស​កាន់​អំណាច និង​ជា​តំណាង​ប្រជាពលរដ្ឋ អ្នកស្រី សុំ អូន មាន​ប្រសាសន៍​ពី​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ ថា ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​មួយ​គ្រួសារ ២​ហិកតារ ចំនួន ១៥​គ្រួសារ​នោះ ពួក​គាត់​បាន​ដាំ​ដុះ​រយៈពេល ១​ឆ្នាំ ស្រាប់​តែ​អ្នក​មាន​ទ្រព្យ​ធន​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់​ឈ្មោះ លោក សយ សុខុម ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ប្លង់​រំលោភ​យក​ដី និង​ប្ដឹង​ទៅ​តុលាការ គំរាម​កំហែង​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ដាំ​ដុះ​នៅ​លើ​ដី​បាន​ឡើយ៖ «ដី​របស់​ពួក​ខ្ញុំ បើ​អត់​មាន​អ្នក​ជួយ​ទេ ខ្ញុំ​មិន​ដឹង​ទៅ​ពឹងពាក់​កន្លែង​ណា មាន​តែ​សំណូមពរ​ទៅ​ថ្នាក់​លើ​ឲ្យ​គាត់​ជួយ ព្រោះ​ដី​ពួក​យើង​ខ្ញុំ​ស្រប​ច្បាប់»

ប្រជាពលរដ្ឋ​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចំនួន​បី​លើក​ជា​បន្តបន្ទាប់ ហើយ​ដីកា​ចុង​ក្រោយ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក សយ សុខុម អះអាង​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​មាន​ប័ណ្ណ​កាន់​កាប់​ត្រឹមត្រូវ តែ​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ទៅ​កាន់​កាប់​លើ​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រឿង​នេះ​លោក​មិន​ចង់​ប្ដឹង​ទៅ​តុលាការ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ពី​ដី៖ «ខ្ញុំ​ឈប់​យោគយល់​ឲ្យ​ពួក​គាត់​ហើយ ព្រោះ​គាត់​នាំ​គ្នា​រក​រឿង​ខ្ញុំ​តែ​រហូត​មក​អ៊ីចឹង។ ខ្ញុំ​និយាយ​ល្អ​ជាមួយ​ពួក​គាត់​តាំង​ពី​អើយ​មក​ម្ល៉េះ តែ​គាត់​គិត​ថា ខ្ញុំ​ជា​មនុស្ស​មាន​បុណ្យ​ស័ក្ដិ​ធំ​ដុំ​អី តាម​ពិត​ខ្ញុំ​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​សោះ»

ផ្ទៃដី​ដែល​មាន​បញ្ហា​ចំនួន ៣០​ហិកតារ ស្ថិត​នៅ​ចំណុច​រនាម​ដូន​សំ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដី​នេះ​មាន​ទំនាស់​គ្នា​ដោះស្រាយ​មិន​ចេញ​ជាង ៣​ឆ្នាំ​មក​ហើយ។

មេ​ឃុំ​ទួលពង្រ លោក ទឹម ម៉ន បញ្ជាក់​ថា ដី​នេះ​អាជ្ញាធរ​ស្រុក​ពិត​ជា​បាន​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១៥​គ្រួសារ​ប្រាកដ​មែន ប៉ុន្តែ​លោក​ថា ដី​នោះ​មាន​ទំនាស់​ដោយសារ​ម្ចាស់​ដី​គឺ​ជា​សាច់ញាតិ​របស់ លោក សយ សុខុម ទាមទារ​យក​ដី​នោះ​ពី​ប្រជាពលរដ្ឋ​វិញ៖ «ដី​នោះ​បើ​ទុក​ជា​សម្បត្តិ​ជា​រួម ម្ចាស់​ដើម​គេ​មិន​តវ៉ា​អី​ទេ តែ​ដល់​ឲ្យ​ទៅ​ជា​របស់​បុគ្គល​ផ្ទាល់​អ៊ីចឹង ម្ចាស់​គេ​ក៏​វិញ​ទៅ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​ទំនាស់​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​សម្រួល​ឲ្យ​ពួក​គាត់​យក​ដី​នោះ​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ៖ «ដី​នេះ​ប្រជាពលរដ្ឋ​ធ្វើ​ការ​កាប់​ឆ្ការ​ស្អាត បែរ​ទៅ​ជា​អ្នក​មាន​លុយ​មាន​អំណាច ទៅ​ដណ្ដើម​យក​ពី​ពួក​គាត់​ទៅ​វិញ។ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ»

ពលរដ្ឋ​ម្នាក់​ឈ្មោះ លោក យ៉ាន សឿត ក្នុង​ចំណោម ១០​នាក់ ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​កោះ​ហៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា ដដែល។ តុលាការ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ចាក​ចេញ​ពី​ដី​ទំនាស់ ដោយ​យោង​តាម​ដីកា​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ពុំ​បាន​ដឹង​ពី​ដីកា​រក្សា​ការពារ​នោះ​ឡើយ។ ពួក​គាត់​បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ឲ្យ​ផ្អាក​ដីកា​រក្សា​ការពារ​នោះ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។