គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​ជួប​ជាមួយ​តំណាង​សហគមន៍​ដីធ្លី​ចំនួន​២០​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា បាន​ចុះ​ជួប​តំណាង​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី និង​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ ឬ​អង្កេត​ទៅ​លើ​បញ្ហា​មួយ​ចំនួន ពិសេស​ទំនាស់​ដីធ្លី​ដែល​កំពុង​កើត​មាន​រ៉ាំរ៉ៃ​នា​មូលដ្ឋាន​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ២០​សហគមន៍​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ បាន​សាទរ​វត្តមាន​របស់​គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា និង​បាន​ទទូច​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ ជួយ​អន្តរាគមន៍​លើ​ករណី​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

នៅ​ក្នុង​ជំនួប​រវាង​គណៈ​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ដឹក​នាំ​ដោយ លោក គង់ គាំ ជាមួយ​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ២០​សហគមន៍ និង​អាជ្ញាធរ ឬ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ផ្ដើម​ពេញ​មួយ​ថ្ងៃ គឺ​ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា។

លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ឬ​ហៅ​ថា​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត បាន​ដឹក​នាំ​ប្រតិភូ​ចុះ​ផ្ទាល់​ដល់​ទីតាំង​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​សហគមន៍​ស្ពាន​ឆេះ តំបន់​អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន ឬ​សហគមន៍​ឆ្នេរ​អូរ​ឈើទាល ជាដើម ហើយ​បាន​សន្យា​ថា នឹង​ពិនិត្យ ឬ​លើក​យក​កង្វល់​ពលរដ្ឋ​ដាក់​ជូន​ស្ថាប័ន​ព្រឹទ្ធសភា ឬ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​ឈាន​ទៅ​រក​ដំណោះស្រាយ។

ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ២០​សហគមន៍ នា​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក គង់ គាំ បាន​ស្តាប់​មតិ និង​ទទួល​យក​កង្វល់​របស់​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​នីមួយៗ និង​បញ្ហា​គំរាម​កំហែង​សិទ្ធិ​រស់នៅ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​បន្ត៖ «ក្នុង​ដំណើរ​របស់​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា មក​កាន់​ខេត្ត​ព្រះសីហនុ ហើយ​មិន​បាន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​បាន​ទាន់​ពេលវេលា​ទេ ប៉ុន្តែ​នៅ​ពេល​គណៈកម្មការ​នេះ​វិល​ទៅ​ភ្នំពេញ​វិញ នឹង​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ដើម្បី​ធ្វើ​ជា​អនុសាសន៍​អន្តរាគមន៍​ទៅ​កាន់​រាជ​រដ្ឋាភិបាល ដើម្បី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ទៅ​តាម​សំណូមពរ។ សរុប​មក​វិញ គណៈកម្មការ​ទី​១ ព្រឹទ្ធសភា បាន​ចុះ​ធ្វើ​ការងារ​ទំនាស់​ដីធ្លី​នេះ​បាន​ចំនួន ៩​ខេត្ត​ហើយ ហើយ​ធ្វើ​ទៅ​តាម​សំណូមពរ​របស់​មន្ត្រី​អង្គការ​លីកាដូ តាម​ខេត្ត​នីមួយៗ និង​ពាក្យ​បណ្ដឹង​ផ្ទាល់ អនុវត្ត​ទៅ​តាម​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដែល​ប្ដឹង​មក​កាន់​ស្ថាប័ន​ព្រឹទ្ធសភា​ជួយ​ដោះស្រាយ»

បន្ទាប់​ពី​ប្រមូល​បាន​ព័ត៌មាន ឬ​កង្វល់​ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​មក​ពី ៤​ស្រុក និង​ក្រុង លោក គង់ គាំ ក៏​បាន​លើក​យក​កង្វល់​ទាំង​នេះ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ចាប់​ពី​ថ្នាក់​ឃុំ-សង្កាត់ រហូត​ដល់​ថ្នាក់​ស្រុក-ក្រុង ដើម្បី​បំភ្លឺ និង​ស្នើ​ឲ្យ​បន្ត​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ។ ទំនាស់​ដែល លោក គង់ គាំ បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​នោះ​មាន​ដូចជា ទំនាស់​រវាង​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល ឬ​ឆ្នេរ​អារីស្តុន ជាមួយ​ក្រុមហ៊ុន​សុខា និង​ទំនាស់​របស់​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី​នៅ​តំបន់​ស្ពាន​ឆេះ ជាមួយ​ឧកញ៉ា​មាន​ទ្រព្យ​ធន​នា​តំបន់​អូរត្រេះ ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ ជាដើម។

ជា​ការ​ឆ្លើយ​តប​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កញ្ញា នា​សាល​ប្រជុំ​សាលា​ខេត្ត​នេះ លោក សុខ ផន អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ពី​ផលវិបាក ឬ​បាន​ចោទ​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ថា​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ទើប​ទំនាស់​បន្ត​កើត​មាន និង​គ្មាន​ដំណោះស្រាយ​មក​ដល់​ពេល​នេះ។ ជាង​នេះ លោក​ថា​ទំនាស់​ខ្លះ​មាន​ដូចជា ពលរដ្ឋ​នៅ​សហគមន៍​ស្ពាន​ឆេះ គឺ​អាជ្ញាធរ​បាន​រក​ដី​សង្គមកិច្ច ដើម្បី​បែង​ចែក​ជូន​ពួក​គាត់​រស់នៅ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ទទួល​យក​ទេ ដោយ​លើក​ហេតុផល​ផ្សេងៗ។ ចំណែក​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អារីស្តុន ឬ​ឆ្នេរ​អូរ​ឈើទាល​វិញ អាជ្ញាធរ​បាន​រៀបចំ​គោល​នយោបាយ​ជូន​ពួក​គាត់ ដោយ​បាន​ផ្តល់​ថវិកា​ចំនួន ៣.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ ដើម្បី​ទុក​ទីតាំង​នោះ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​រៀបចំ​សណ្ដាប់ធ្នាប់ ឬ​សោភណភាព​ឆ្នេរ​ឲ្យ​មាន​របៀប​រៀបរយ ប៉ុន្តែ​មាន​ពលរដ្ឋ ឬ​អាជីវករ​មួយ​ចំនួន​នៅ​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ទេ។

បន្ថែម​លើ​នេះ លោក សុខ ផន បាន​អះអាង​ថា ទំនាស់​ដីធ្លី​ខ្លះ​បាន​កើត​មាន​ច្រើន​ជំនាន់​ទៅ​ហើយ ប៉ុន្តែ​មក​ដល់​អាណត្តិ​ទី​៥ នេះ ទើប​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ខ្លះ​បាន​ផ្ទុះ​ការ​តវ៉ា ឬ​ក៏​នាំ​គ្នា​ប្តឹងផ្តល់ និង​ប្រមូល​ផ្តុំ​តវ៉ា​ជា​ថ្មី​ទៀត ដែល​បញ្ហា​នេះ​វា​ហួស​ពី​ការ​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត ហើយ​មាន​ទំនាស់​ខ្លះ​បាន​ស្ថិត​ក្នុង​ដៃ​តុលាការ ឬ​ក៏​តុលាការ​បាន​ចេញ​សាលក្រម​ស្ថាពរ​សម្រេច​ឲ្យ​ពួក​គាត់​ចាញ់​ក្តី​ទៅ​ហើយ ប៉ុន្តែ​ពួក​គាត់​មិន​សុខ​ចិត្ត ហើយ​នៅ​តែ​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​បន្ត​ទៀត ជាដើម។

ទោះ​ជា​បែប​ណា​ក៏ដោយ​ចុះ តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​មក​ពី ៤​ស្រុក និង​ក្រុង​នា​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំពង់សីលា ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ឲ្យ​ជួយ​ជំរុញ ឬ​លើក​យក​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នីមួយៗ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹង និង​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ដែល​កើត​ឡើង​មក​នេះ ដោយសារ​តែ​មាន​ការ​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន និង​ដី​កសិកម្ម​ពួក​គាត់ ហើយ​ឈ្មួញ ឬ​អ្នក​មាន​អំណាច បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ គំរាម​កំហែង​ចាប់​ពួក​គាត់​ដាក់​គុក​ច្រវាក់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ជាដើម។ ទីតាំង​ទាំង​នោះ​មាន​ដូចជា ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន ២៤​គ្រួសារ នៅ​សហគមន៍​ពយកំពេញថ្មី ឬ​សហគមន៍​ពយកំពេញចាស់ ក្នុង​សង្កាត់​៣ ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ត្រជាក់ចិត្ត សហគមន៍​អូរ​ដំរី និង​ទំនាស់​ដីធ្លី​នៅ​សហគមន៍​ស្ពាន​ឆេះ ឬ​ឆ្នេរ​អារីស្តុន ជាដើម។

គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ នា​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ នា​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សាទរ និង​ចាត់​ទុក​វត្តមាន​របស់​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា មក​កាន់​ទឹក​ដី​ខេត្ត​ទេសចរណ៍​ដែល​មាន​រឿង​អាស្រូវ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ ថា​មាន​សារសំខាន់​បំផុត ព្រោះ​គណៈ​ប្រតិភូ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន និង​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាក់ស្តែង។ បន្ថែម​លើ​នេះ លោក​ក៏​ស្នើ​ដល់​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ ដែល​ត្រូវ​ក្រុមហ៊ុន អ្នក​មាន​អំណាច ឬ​ឈ្មួញ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខ្លះ​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ ដោយ​ប្រើ​កម្លាំង​សមត្ថកិច្ច ឬ​ប្រព័ន្ធ​តុលាការ គំរាម​កំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក​ច្រវាក់​នា​ពេល​កន្លង​មក ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រងគ្រោះ​ឡើង​វិញ៖ «ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ខេត្ត​ព្រះសីហនុ ជា​រៀង​រាល់​ថ្ងៃ ពួក​គាត់​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ចុះ​ទៅ​វាស់ ឬ​កាត់​ឆ្វៀល​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន មក​រំលោភ​បំពាន និង​ហាម​ពួក​គាត់​មិន​ឲ្យ​បង្កបង្កើនផល​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​សម្រាប់​ឆ្នេរ​សមុទ្រ​វិញ គឺ​ទាំង​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ ចង់​ឃើញ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បើក​ឆ្នេរ​ដែល​កំពុង​ហ៊ុមព័ទ្ធ​របង​ថ្ម​ធ្វើ​កម្មសិទ្ធិ​របស់​ឯកជន ឬ​ក្រុមហ៊ុន​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​កម្សាន្ត​បាន​ទូលំទូលាយ​ដូច​ពេល​មុន​វិញ»

ចំណែក លោក សុខ សុខុម ប្រធាន​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​ប្រតិភូ​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​ចប់​បាន​ឆាប់។ ជាង​នេះ​ទៀត ក៏​ត្រូវ​អង្កេត​រក​ឲ្យ​ឃើញ​មន្ត្រី ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​កើត​ឡើង​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «គោលការណ៍​សំណង ឬ​គោលការណ៍​ផ្តល់​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ ទាល់​តែ​ទីតាំង​នោះ​មាន​ការ​អភិវឌ្ឍ​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​មាន​ដូចជា ផ្លូវ​ថ្នល់ សាលា​រៀន មន្ទីរពេទ្យ ទីផ្សារ និង​ប្រព័ន្ធ​ទឹក​ភ្លើង ជាដើម ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ទើប​អាច​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីតាំង​មួយ​ទៅ​កាន់​ទីតាំង​ផ្សេង ហើយ​អាច​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​រស់នៅ​មាន​សុវត្ថិភាព មាន​សេវា​អប់រំ មាន​សេវា​សុខភាព​ល្អ ជាដើម ដើម្បី​ឲ្យ​ពួក​គាត់​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់។ ប៉ុន្តែ​បើ​មិន​មាន​អភិវឌ្ឍ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជា​មុន​ទេ នឹង​ជំរុញ​ឲ្យ​កំណើន​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​បន្ត​កើន​ខ្ពស់​ថែម​ទៀត ដោយ​ផ្ដើម​ពី​ការ​ជម្លៀស​ពលរដ្ឋ​ពី​ទីតាំង​មួយ​ទៅ​កាន់​ទីតាំង​ផ្សេង ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ»

ត្រង់​ចំណុច​នេះ តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​ក្នុង​ចំណោម ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ដែល​កំពុង​មាន​ក្តី​ក្ដាំ​នៅ​ប្រព័ន្ធ​តុលាការ ឬ​មាន​បញ្ហា​មិន​ទាន់​អាច​ដោះស្រាយ​បាន ដោយសារ​អំពើ​ពុក​រលួយ ឬ​អ្នក​មាន​អំណាច ក្រុមហ៊ុន និង​អ្នក​មាន​ទ្រព្យ​ធន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ខ្លះ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន ឬ​ដី​កសិកម្ម ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង។ ទំនាស់​ខ្លះ​ទៀត កើត​ឡើង​ដោយសារ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ចុះ​បែង​ចែក​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ទើប​ទំនាស់​កើត​មាន​ជា​បន្តបន្ទាប់​មិន​អាច​ដោះស្រាយ​បាន​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។