សកម្មជនដែលចេញតវ៉ាដីធ្លីជិត ២០ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ជាភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បន្តដង្ហោយរកយុត្តិធម៌។ សកម្មជនរូបនោះអះអាងថា ក្រុមគ្រួសាររបស់គាត់ដែលហ៊ានចេញមុខតវ៉ាទាមទារដីធ្លីមកវិញ ខ្លះបានរងគ្រោះដល់ស្លាប់ រត់ចោលផ្ទះសម្បែង ជាប់ពន្ធនាគារ ជាប់បណ្ដឹងនៅតុលាការ និងបាត់បង់ការងារធ្វើជាដើម។ តើសកម្មជនរូបនេះជានរណា?តើគាត់ជួបបញ្ហាអ្វីខ្លះពីការទាមទារដីធ្លីនេះ?
រូបរាងស្គមល្អិត សប្បុរសសណ្ដែកបាយ សក់រួញអង្គាដី លោក ស្ងួន ញឿន ក្នុងវ័យ ៤៣ ឆ្នាំ តែងតែនាំមុខស្វែងរកកិច្ចអន្តរាគមន៍ជាមួយអ្នកភូមិមិនដែលរាថយ ឬភ័យខ្លាចឡើយ បើទោះបីគាត់ធ្លាប់ជាប់ពន្ធនាគារ ២ដង និងកំពុងជាប់បណ្ដឹងជាច្រើននៅតុលាការក្ដី។
លោកបានចេញតវ៉ានៅគ្រប់ស្ថាប័ន តាំងពីថ្នាក់ខេត្តកំពង់ឆ្នាំង រហូតដល់រាជធានីភ្នំពេញ ស្ថាប័នតុលាការ ក្រសួងពាក់ព័ន្ធ និងរកគ្រប់វិធីដើម្បីតស៊ូមតិ ឱ្យតែបានដីធ្លី និងផ្ទះសម្បែងមកវិញ។
រស់នៅក្នុងផ្ទះប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ គុណនិង ៣ម៉ែត្រ ជញ្ជាំងស្លឹកត្នោតធ្លុះធ្លាយបិទបាំងមិនជុំជិត ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមគ្រួសារ។ លោក ស្ងួន ញឿន តំណាលថា នេះជាលំនៅឋានចុងក្រោយបន្ទាប់ពីក្រុមហ៊ុន ខេឌីស៊ី (KDC) បានឈូសបំផ្លាញផ្ទះសម្បែង និងដីចម្ការរបស់គាត់ និងអ្នកភូមិ កាលពីឆ្នាំ២០០៧ កន្លងទៅ។
ផ្ទះនេះជាកេរ្តិ៍អាករចុងក្រោយជាជម្រក និងទីណាត់ជួបប្រជុំរបស់ពួកគាត់ នៅពេលស្វែងរកកិច្ចអន្តរាគមន៍មុនពេលចេញតវ៉ាម្ដងៗ។
លោក ស្ងួន ញឿន អះអាងថា រាល់ពេលតវ៉ារកដំណោះស្រាយពីក្រុមហ៊ុន ខេឌីស៊ី ពលរដ្ឋមានតែដៃទទេ ចំណែកខាងក្រុមហ៊ុនមានសុទ្ធតែកម្លាំងសន្តិសុខ ប៉ូលិសទាហាន ខែល ដំបងឆក់ និងអាវុធគ្រប់ដៃ។ លោករំលឹកថា នៅគ្រាមួយ គឺក្នុងឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍ដែលលោកចងចាំមិនភ្លេច។ លោកថាពេលនោះ លោកស្ទើរតែអស់ជីវិតទៅហើយ ដោយសារកម្លាំងសមត្ថកិច្ចចោមរោមវាយធ្វើបាបលោកមុនចាប់បញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំង៖ « ខ្លួនខ្ញុំប៉ិនហ្នឹងទេ ប៉ូលិស ៤នាក់ ច្រានឲ្យខ្ញុំដួល ស្បែកជើងកវែងក្រាស់ៗ ណាស់ ២នាក់ជាន់កខ្ញុំជ្រមុជទៅក្នុងដីខ្សាច់ខ្ញុំអោបដៃជាប់ចាប់ទាញដៃខ្ញុំចេញ តែទាញអត់ចេញ យកជើងជាន់ក្បាលខ្ញុំ មួយជាន់កខ្ញុំ មួយពន្លិចទៅក្នុងដីខ្សាច់ ពេលហ្នឹងខ្ញុំគិតថា បើខ្ញុំមិនប្រឹងងើបក្បាលទេ។ ខ្លួនខ្ញុំស្លាប់ហើយ ខ្ញុំដកដង្ហើមលែងរួចហើយ ខ្ញុំសល់តែបន្តិចទៀត ខ្ញុំដាច់ខ្យល់ស្លាប់ហើយ វាដកជើងវាវិញទៅ យើងខំប្រឹងរើទាល់តែរបូតដៃហ្នឹងចេញ បានវាព្រលែងជើងពីកយើងហ្នឹងយកដៃយើងដាក់ខ្នោះ។ គិតទៅអត់ដល់វិនាទីផងជីវិតខ្ញុំត្រូវជ្រមុជក្នុងដីខ្សាច់ហ្នឹងស្លាប់បាត់ហើយ » ។
លោកតំណាលថា កាលណោះ អ្នកភូមិដែលមានទាំងមនុស្សចាស់ និងកូនក្មេង បាននាំគ្នាធ្វើដំណើរថ្មើរជើង ទៅដាក់ញត្តិចេញពីសហគមន៍ ឆ្ពោះទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍ដោះលែងតំណាងពលរដ្ឋ ២នាក់ ករណីក្រុមហ៊ុនដុតបំផ្លាញផ្ទះពលរដ្ឋ ១៤ខ្នង និងធ្វើរបងព័ទ្ធរំលោភដីធ្លីរបស់អ្នកភូមិ។ ពេលនោះ លោកបានជាប់ពន្ធនាគារជាលើកទី២ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ពីបទធ្វើឲ្យខូចខាតដោយចេតនា រារាំងមន្ត្រីរាជការសាធារណៈ និងបង្កើតតំបន់អបគមន៍៖ « ខ្ញុំអត់យល់អាពាក្យអបគមន៍ហ្នឹងទេ។ គេថា "ឯងហ្នឹងបង្កើតអបគមន៍" ទាល់តែមានអាវុធកាំភ្លើង ការពារក្នុងព្រៃ ចម្ពាមកៅស៊ូអាហ្នឹងអាវុធខ្ញុំហើយ។ ចម្ពាមកៅស៊ូសោះសុទ្ធតែតំបន់អបគមន៍ ធ្នូ ស្នា អីតិចតួច គេថា ឯងតំបន់អបគមន៍ដែរ ហើយគេសុទ្ធតែកាំភ្លើង គ្រាន់តែប៉ូលិស និងទាហាន ខែល ឡើងពេញទាំងអស់ ហើយខ្ញុំមានតែចម្ពាមកៅស៊ូទៅបាញ់ខែលហ្នឹងមុតហ្អី ? ចោទចឹងវា អត់ទំនង។ ខ្ញុំអត់យល់ការចោទប្រកាន់របស់តុលាការ » ។
ការចាប់ខ្លួនលោក ស្ងួន ញឿន នេះ បាននាំឲ្យអ្នកភូមិចេញតវ៉ាយ៉ាងផុលផុស។ តុលាការបានឃុំខ្លួនលោកជាង ១ខែ ហើយក៏ដោះលែងមកវិញ ប៉ុន្តែដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច។
លោក ស្ងួន ញឿន ជាកសិករ បានចាប់ដៃរស់នៅជាមួយលោកស្រី អ៊ុំ សុភី ជាអតីតគ្រូបង្រៀនកាលពីឆ្នាំ២០០៥។ ពួកគាត់មានកូនប្រុសស្រីចំនួន ៤នាក់។ ប្ដីប្រពន្ធទាំងពីរនាក់ មានដីចំនួន ២ហិកតារ ដែលម្ដាយចែកកេរ្តិ៍ឲ្យ ក្នុងភូមិឡពាង ដើម្បីដាំដំណាំ និងធ្វើស្រែចម្ការ។
លោក ស្ងួន ញឿន ឲ្យដឹងថា ដើមចមនៃបញ្ហាដីធ្លីនេះ បានចាប់ផ្ដើមកើតមានតាំងពីឆ្នាំ១៩៩៦ មកម៉្លេះ ពោលគឺ ដំបូងមានឈ្មួញម្នាក់ឈ្មោះ ថៃ ហ៊ី ចុះទៅទិញដីពីអ្នកភូមិ ប៉ុន្តែម្ដាយរបស់លោកមិនលក់ឲ្យនោះទេ។ ១០ឆ្នាំក្រោយ គឺនៅឆ្នាំ២០០៦ ទើបអ្នកភូមិបានដឹងថា លោក ថៃ ហ៊ី គឺជាតំណាងក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។ លោកថា ពេលនោះវិវាទដីធ្លីកាន់តែផុលផុស ព្រោះក្រុមហ៊ុនបានប្រើគ្រប់វិធីធ្វើបាបពលរដ្ឋឲ្យតែបានដីនៅទីនោះ។
ក្រុមហ៊ុនបានឈូសឆាយផ្ទះសម្បែង ស្រែចម្ការ អ្នកភូមិ នាំឲ្យពលរដ្ឋងើបឡើងប្រឆាំងតវ៉ា ក៏ឈានដល់ចាប់ពលរដ្ឋដាក់គុក និងបង្ករបួសស្នាមនៅពេលតវ៉ាជាដើម។
កាលពីឆ្នាំ២០០៦ លោកបានជាប់ពន្ធនាគារជាលើកទី១ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលពេលនោះ ក្រុមហ៊ុន ខេឌីស៊ី (KDC) និងសន្តិសុខការពារដីឲ្យក្រុមហ៊ុនបានប្ដឹង។ ប៉ុន្តែដោយសារលោកឈឺធ្ងន់ក្នុងពន្ធនាគារ លោកបានជាប់ឃុំជាងមួយសប្ដាហ៍ប៉ុណ្ណោះ ប្រពន្ធរបស់លោកបានរកលុយ ៣០ម៉ឺនរៀល ទៅតម្កល់នៅតុលាការសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
ទាក់ទងនឹងសកម្មភាពតវ៉ាទាមទារដីធ្លីនេះ លោក ស្ងួន ញឿន បានដឹងខ្លួនជាស្រេចថា ពលរដ្ឋដែលសកម្មនឹងជៀសមិនផុតពីការប្ដឹងផ្ដល់តាមផ្លូវតុលាការនោះឡើយ។ ប៉ុន្តែលោកជឿថា ទោះបណ្ដឹងទាំងនោះស្ថិតក្នុងរូបភាពណាក៏ដោយ ឬបទចោទណាក៏ដោយ គឺសុទ្ធតែជាវិធីធ្វើទុក្ខបុកម្នេញ បំភិតបំភ័យ គំរាមកំហែងលើពលរដ្ឋ កុំឲ្យងើបឡើងតវ៉ារកយុត្តិធម៌។ លោកថា ក្រុមគ្រួសាររបស់លោក បានជាប់បណ្ដឹងច្រើនជាងគេ ដែលក្រុមហ៊ុន ខេឌីស៊ី និងសន្តិសុខយាមដីឲ្យក្រុមហ៊ុននេះ រួមទាំងពលរដ្ឋភូមិផ្សេង ប្ដឹងពួកគាត់ឡើងទៅតុលាការ៖ « ខ្លួនជាម្ចាស់ដីបែរជាជាប់គុក ដូចសុភាសិតគេថា ចោររួចខ្លួន ម្ចាស់ជាប់គុកអ៊ីចឹង។ ចំពោះខ្ញុំ គឺអយុត្តិធម៌មែនទែន! រាល់ថ្ងៃហ្នឹងមិនមែនស្ពាយតែប៉ុណ្ណឹងទេ ស្ពាយទុក្ខលំបាកច្រើនជាងហ្នឹងទៀត មិនមែនតែខ្លួនឯងទេ ប្រពន្ធក៏គេប្ដឹង ៣ ទៅ ៤រឿង។ ខ្លួនខ្ញុំ ក៏គេប្ដឹង ៣ ទៅ ៤រឿង។ ប្អូនខ្ញុំ រាជ សីម៉ា ក៏គេប្ដឹង ៣ ទៅ ៤រឿង។ ម្ដាយខ្ញុំក៏ត្រូវជាប់គុក។ បងស្រីខ្ញុំក៏ត្រូវគេសម្លាប់ វាអយុត្តិធម៌មែនទែន ហើយដីក៏គេយកអស់ តើវាវេទនាប៉ុន្មានចំពោះខ្លួនខ្ញុំ ហើយវាអយុត្តិធម៌ណាស់។ រាល់ថ្ងៃនេះ បើសិនជាគិតទាំងលំបាកទាំងផ្លូវកាយ ផ្លូវចិត្តគឺពិបាកមែនទែន » ។
ក្នុងរឿងវិវាទដីធ្លីនេះ ម្ដាយលោក ស្ងួន ញឿន គឺលោកស្រី អ៊ុន ទុំ វ័យជិត ៧០ឆ្នាំ កាលពីឆ្នាំ២០០៧ បានជាប់ពន្ធនាគារជិត ២ឆ្នាំ ពីបទរំលោភបំពានដីមានកម្មសិទ្ធិ ដោយអះអាងថា អាជ្ញាធរបង្ខំឲ្យលោកស្រីផ្ដិតមេដៃទទួលយកដី ពីក្រុមហ៊ុនកន្លះហិកតា ជាថ្នូរនឹងដីរបស់គាត់ ១២ហិកតា តែគាត់មិនព្រម។ បងស្រីលោក ស្ងួន ញឿន គឺលោកស្រី កែវ សុខឿន ជាតំណាងពលរដ្ឋ បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្ទាប់ពីទៅតវ៉ាទាមទារឲ្យដោះលែងម្ដាយ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ លោក ស្ងួន ញឿន អះអាងថា អ្នកជិះរថយន្តបុកបងស្រីលោក គឺជាសាច់ញាតិរបស់អតីតមេប៉ូលិសប៉ុស្តិ៍ឃុំតាជេសម្នាក់ ដែលធ្លាប់មានទំនាស់ពាក្យសម្ដីក្នុងរឿងតវ៉ាដីធ្លីនេះជាមួយបងស្រីគាត់។ លោកថា គ្រាន់តែបងស្រីលោកគ្រោះថ្នាក់ភ្លាម លោក ថៃ ហ៊ី ដែលជាតំណាងក្រុមហ៊ុនបានចុះទៅដល់កន្លែងកើតហេតុភ្លាម ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះហាក់ដូចជាគម្រោងរៀបចំទុក។
ចំណែកប្អូនប្រុសលោក ស្ងួន ញឿន គឺលោក ញឹម ញ៉េន ហៅ រាជ សីម៉ា ជាសកម្មជនការពារបឹងធម្មជាតិ មិនឲ្យក្រុមហ៊ុនលុបបឹងនេះ ក៏កំពុងជាប់ពន្ធនាគារដែរ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ពីបទបង្ករបួសស្នាម លើអ្នកភូមិសូវង្ស ដែលចូលទៅរកត្រីក្នុងបឹងពោធិ៍ ជាបឹងអភិរក្ស។ លោកថា អ្នកភូមិដែលប្ដឹងប្អូនប្រុសលោក បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មុនឈ្លោះប្រកែកជាមួយ លោក រាជ សីម៉ា ទៅទៀត តែតុលាការបែរជាចោទប្អូនប្រុសលោក ពីបទបង្ករបួសស្នាមទៅវិញ។
រឿងរ៉ាវក្នុងគ្រួសាររបស់លោក ស្ងួន ញឿន មិនទាន់អស់នោះទេ។ លោកថា ក្មួយរបស់គាត់ឈ្មោះ ពៅ សារ៉េន ដែលជាដៃគូធ្វើការអភិរក្សបឹងធម្មជាតិជាមួយប្អូនប្រុសលោក ក៏ត្រូវពលរដ្ឋម្នាក់នៅភូមិសូវង្ស រៀបគម្រោងប្ដឹងផ្ដល់ឲ្យសមត្ថកិច្ចចាប់ខ្លួន ពីបទបង្ករបួសស្នាមដែរ។ លោកថា ក្មួយរបស់គាត់បានជាប់ឃុំតែ ២ថ្ងៃប៉ុណ្ណោះ ឪពុកមារបស់លោកបានរកលុយ ៣ពាន់ដុល្លារ ទៅលួសពីស្នងការខេត្តកំពង់ឆ្នាំងមកវិញ។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នៅសហគមន៍ឡពាង ជិត ២០ឆ្នាំ រវាងក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ជាមួយពលរដ្ឋជាង ៦០គ្រួសារ មកដល់បច្ចុប្បន្ន ភាគីក្រុមហ៊ុនបានត្រឹមធ្វើរបងថ្ម ហ៊ុមព័ទ្ធដីទំនាស់ចំនួន ៥១២ហិកតារ តែមិនទាន់ឃើញអភិវឌ្ឍន៍អ្វីនៅឡើយ។ ឯអ្នកភូមិអស់ផ្ទះសម្បែង បាត់បង់មុខរបរ ជីវភាពក្រីក្រ និងស្ពាយសំពាយបណ្ដឹងជាច្រើននាក់ ទោះពលរដ្ឋខ្លះបានស្លាប់ទៅហើយក្ដី តែសំណុំរឿង និងបណ្ដឹងនៅក្នុងដៃតុលាការនៅតែមានជីវិតនៅឡើយ៖« តុលាការចេញដីកាកោះហៅ ៣នាក់ ហៅលោក ប៉ុល សន ដែលគាត់ស្លាប់ហើយហ្នឹង។ រាជ សីមា និងខ្ញុំហ្នឹងទៅ។ ប៉ុល សន គាត់អត់ទៅបើគាត់ស្លាប់ហើយ ហៅខ្មោច ខ្មោចអត់ទៅ ហើយតុលាការកាត់ទោសខ្មោចឲ្យបង់លុយ ៤០លានដែរ។ អ៊ីចឹងតុលាការអត់ដឹងថា គាត់ស្លាប់ទេ ? បែបតុលាការអត់ដឹងបានជាកាត់ទោសខ្មោចឲ្យបង់ ៤០លានដែរ។ តុលាការនៅកំពង់ឆ្នាំងនេះ តាំងពីកាត់ក្ដីមកគ្មានដែលចុះមកស៊ើបអង្កេតស្រេចតែតាមក្រុមហ៊ុនបញ្ជាទេ។ រឿងខ្ញុំប្ដឹងទាំងប៉ុន្មាន គេឈូសឆាយផ្ទះ ក៏តុលាការមិនចាត់ការ តម្កល់ទុកឥតចាត់ការរហូត។ និយាយឲ្យត្រង់ គ្រាន់តែក្រុមហ៊ុនតេមកមួយខ្វាច់លឿនហ្មង គ្រាន់តែខ្មោចក៏កាត់ទោសដែរតុលាការហ្នឹង»។
ចាប់តាំងពីឆ្នាំ២០១៤ មក ពលរដ្ឋក្នុងសហគមន៍ឡពាងទាំងមូល រួមទាំងគ្រួសារលោក ស្ងួន ញឿន ផង មិនអាចចូលទៅបង្កបង្កើនផលលើដីធ្លីទំនាស់បានទៀតទេ។ ពួកគាត់ដើររកខ្យង ឆ្លុះកង្កែប ជីកជន្លេនលក់នៅពេលយប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
នៅតាមក្រុមហ៊ុនសហគ្រាស ឬរោងចក្រ ក៏រើសអើងមិនហ៊ានទទួលយកអ្នកភូមិឲ្យធ្វើការឡើយ ព្រោះមានឈ្មោះថា ជាអ្នកតវ៉ាដីធ្លី។
ប្រពន្ធលោក ស្ងួន ញឿន គឺលោកស្រី អ៊ុំ សុភី ជាអតីតគ្រូបង្រៀននៅបឋមសិក្សាសូវង្ស និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកស្រី អះអាងថា ដោយសារតែសកម្មភាពចេញតវ៉ាដីធ្លីនេះ លោកស្រីត្រូវនាយកសាលា និងមន្ត្រីការិយាល័យអប់រំស្រុកកំពង់ត្រឡាចព្រមានជាច្រើនដង ហើយចុងក្រោយលោកស្រីត្រូវបានគេកាត់ឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀន។ កាលពីឆ្នាំ២០០៩ ក្រុមហ៊ុននេះបានប្ដឹងគាត់ពីបទញុះញង់ទៅតុលាការព្រោះមានពលរដ្ឋចូលទៅធ្វើស្រែលើដីទំនាស់។ ជាមួយគ្នានេះ លោកស្រីអះអាងថា មានបុគ្គលិកក្រុមហ៊ុន ខេឌីស៊ី គំរាមកំហែងដល់អាយុជីវិតលោកស្រីតាមទូរស័ព្ទឲ្យឈប់ធ្វើសកម្មភាពតវ៉ា។ លោកស្រីថា គ្រានោះ គឺជាពេលវេលាមួយដែលលំបាកបំផុតសម្រាប់គ្រួសារលោកស្រី ដែលបាត់បង់ជម្រក និងជីវភាពដុនដាប គ្មានសុវត្ថិភាព និងរស់នៅដោយការភ័យខ្លាច។
ក្រុមគ្រួសារលោកស្រីបានភៀសខ្លួនទៅរស់នៅប្រទេសថៃ ដើម្បីសុវត្ថិភាពជិត ២ឆ្នាំ។ ប៉ុន្តែនៅចុងឆ្នាំ២០១១ លោកស្រី និងគ្រួសារបានចាញ់បោកមេខ្យល់លក់កម្លាំងពលកម្មគ្មានបានប្រាក់មួយរៀល ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនទៀត។ ប្រាក់ក៏បង់ថង់ក៏ដាច ពួកគាត់បានត្រឡប់មកភូមិវិញ។ ពេលនោះលោកស្រីត្រូវជនមិនស្គាល់មុខ គំរាមតាមទូរស័ព្ទម្ដងទៀត ហើយលើកទី៣ មានជនមិនស្គាល់មុខ សរសេរលើក្រដាសគូររូបកាំភ្លើងដាក់នៅមុខផ្ទះ ឲ្យលោកស្រីឈប់តវ៉ាទៀត។ មិនយូរប៉ុន្មាន នៅឆ្នាំ២០១៤ តុលាការបានសើរើសំណុំរឿងញុះញង់ ឲ្យលោកស្រីចូលខ្លួនម្ដងទៀត។ លោកស្រីឲ្យដឹងថា សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ចប់ទេ កាលពីខែមិថុនា ឆ្នាំ២០២១ តុលាការបានកាត់ទោសកំបាំងមុខលោកស្រី ពីបទញុះញង់ តាមបណ្ដឹងរបស់ក្រុមហ៊ុន ខេឌីស៊ី ឲ្យលោកស្រីជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យលុយ ១លានរៀល។ លោកស្រីអំពាវនាវឲ្យរដ្ឋាភិបាលចុះស្រាវជ្រាវ និងអង្កេតរឿងនេះ ផ្ដល់យុត្តិធម៌ដល់ពលរដ្ឋវិញ៖ « ពួកខ្ញុំចង់បានដីធ្វើស្រែដូចគេ ខ្ញុំអត់ចង់ល្ហេមល្ហាមរស់នៅវេទនាដីក៏គ្មាន ផ្ទះក៏គ្មាននៅ ជីវភាពអត់មានអីប្រសើរឡើង ណាមួយកូនរៀនទៅមុខមិនដឹងជាអនាគតរៀនបានថ្នាក់ទីប៉ុន្មាន បើបច្ចុប្បន្ននេះម្ដាយឪពុកគ្មានការងារធ្វើផង បើយ៉ាប់តាំងពីឥឡូវទៅហើយ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងឮសំឡេងពួកខ្ញុំ អំពាវនាវឲ្យដោះស្រាយរឿងដីធ្លីពួកខ្ញុំមកវិញមក។ ខ្ញុំអត់ចង់បានអីទេ ចង់បានតែភាពយុត្តិធម៌សម្រាប់ពួកខ្ញុំ » ។
ថ្វីបើពន្លឺយុត្តិធម៌របស់ក្រុមគ្រួសារសកម្មជនដីធ្លីសហគមន៍ឡពាង ហាក់នៅឆ្ងាយដូចជើងមេឃ ប្ដីប្រពន្ធលោក ស្ងួន ញឿន និយាយថា ពួកគាត់មិនចុះចាញ់នោះទេ។ ពួកគាត់ប្ដេជ្ញាថា នឹងបន្តស្វែងរកដំណោះស្រាយរហូតបានផ្ទះសម្បែង និងដីធ្លីស្រែចម្ការមកវិញ។ ពួកគាត់ចង់ឃើញត្រឹមតែកូនមានអនាគត សហគមន៍មានសិទ្ធិរស់នៅលើដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ហើយតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។