ក្រុមហ៊ុន​ចិន​យូញៀន​មិន​ទទួល​ខុសត្រូវ​ក្រោយ​ដុត​ផ្ទះ​និង​កាប់​ដំណាំ​ពលរដ្ឋ​​នៅ​កោះកុង

ដោយ សន ចាន់រដ្ឋា
2018-01-18
Share
បណ្ដេញ​ចេញ បុទុមសាគរ កោះកុង ៦២២ ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចោល នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៨។
Photo: LICADHO

ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​យូញៀន ឌីវីឡុបមិន គ្រុប ( Union Development ) មិន​ទទួល ខុសត្រូវ​ផ្ដល់​សំណង​ជូន​ពួកគាត់​នោះ​ទេ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ រុះរើ​ដុត​កម្ទេច​ផ្ទះ​ពលរដ្ឋ ៨​គ្រួសារ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ចំនួន​១៨​គ្រួសារ នៅ​ក្នុង​ឃុំ ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា។ មន្ត្រី​សង្គម​ស៊ីវិល និង អាជ្ញាធរ​មូលដ្ឋាន​ថា ក្រុមហ៊ុន​ចិន​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ កាត់​ឆ្វៀល​ដី និង​ផ្ដល់​សំណង​ជូន​ពលរដ្ឋ។

ក្រុម​ពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​ថ្ម​ពាន នៃ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យូញៀន នៅតែ​បន្ត​ដាក់​កម្លាំង​ការពារ​ទីនោះ​យ៉ាង​តឹងរ៉ឹង ដើម្បី​ហាមឃាត់​កុំ​ឲ្យ​ពលរដ្ឋ​វិលត្រឡប់​ទៅ​រស់នៅ​កន្លែង​ដើម​វិញ។

ការ​ដាក់​កម្លាំង​ការពារ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន បាន​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ និង​មិន​ទទួលខុសត្រូវ​ផ្ដល់​សំណង​អ្វី​ទាំងអស់។

តំណាង​ពលរដ្ឋ​ម្នាក់ លោកស្រី ទេព សារឿន រៀបរាប់​ថា ពេលនេះ ពលរដ្ឋ​កំពុង​បន្ត​ជញ្ជូន​អីវ៉ាន់ របស់​របរ និង​ផលដំណាំ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ពី​ការ​បំផ្លិចបំផ្លាញ ចេញ​ពី​តំបន់​ថ្ម​ពាន ចូល​ទៅ​ក្នុង​ភូមិ​សំរ៉ុងតាកែវ ឃុំ​ព្រែកខ្សាច់​វិញ។

លោកស្រី​បន្ថែម​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​ព្រមាន​ចាប់ខ្លួន ប្រសិនបើ​អ្នកភូមិ មិន​ព្រម​ចាកចេញ​នោះ​ទេ។ ម្យ៉ាងទៀត អាជ្ញាធរ​ទុក​ពេល​ឲ្យ​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ពលរដ្ឋ​ចូល​ទៅ​ជញ្ជូន​អីវ៉ាន់​ និង​ផលដំណាំ ចាប់​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​១៨ ខែ​មករា។

ក្រុម​ពលរដ្ឋ​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា មន្ត្រី​ក្រសួង​បរិស្ថាន លោក គឹម ឡេង ដែល​ប្រចាំការ​នៅ​ក្នុង​ក្រុមហ៊ុន​ចិន (Union Development Group) បាន​នាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ភ្ជាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ប្រមាណ​ជាង ៥០​នាក់ ចូល​រុះរើ និង​ដុត​ផ្ទះ​ពួកគាត់​ចំនួន​៨​គ្រួសារ​នៅ ចំណុច​ថ្មពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

ក្នុង​ប្រតិបត្តិ​ការណ៍​នោះ កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ក៏បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផលដំណាំ របស់​ពលរដ្ឋ​ចំនួន​១៨​គ្រួសារ​ផ្សេងទៀត រួមមាន​មាន ដូចជា ដូង ចេក ស្វាយ ដំឡូង ខ្នុរ និង​ស្វាយចន្ទី លើ​ផ្ទៃដី​ជាង ២៥​ហិច​តារ ដែល​បាន​ដាំ​កាលពី​ជាង​២​ឆ្នាំមុន ដោយ​ក្រុមហ៊ុន​ចោទ​ថា ពលរដ្ឋ​បាន​ដាំ​ដំណាំ​ប៉ះពាល់​ដី​របស់​ក្រុមហ៊ុន។

លោកស្រី ទេព សារឿន ឲ្យ​ដឹង​ថា នៅ​មុន​ការ​ដុត​ផ្ទះ​ពលរដ្ឋ និង​កាប់​បំផ្លាញ​ផលដំណាំ​ប៉ុន្មាន​ថ្ងៃ គឺ​ខាង​ក្រុមហ៊ុន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ជួប​ពួកគាត់ និង​សន្យា​ផ្ដល់​សំណង​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។

ប៉ុន្តែ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ក្រុមហ៊ុន បែរ​ជា​បំពាន​ការ​សន្យា ដោយ​មិន​ផ្ដល់​សំណង ឬ​ដំណោះស្រាយ​អ្វី​ទាំងអស់​រហូតមកដល់​ពេលនេះ ពោល​គឺ​គិតតែ​បំផ្លិចបំផ្លាញ​ផ្ទះ និង​ផលដំណាំ​ពួកគាត់​តែប៉ុណ្ណោះ។

លោកស្រី​អះអាង​ថា ប្រសិន​បើ​ក្រុមហ៊ុន មិន​ផ្ដល់​ដំណោះស្រាយ​នោះ​ទេ ប្រជាពលរដ្ឋ នឹង​ប្ដឹង​ក្រុមហ៊ុន ហើយ​ទាមទារ​សំណង​កម្លាំង​ពលកម្ម​ចន្លោះ​ចាប់ ពី​២​ពាន់ ទៅ​៥​ពាន់​ដុល្លារ ក្នុង​១ ហិកតារ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ឈ្មោះ គឹម ឡេង ដែល​ប្រចាំការ​នៅ​ក្នុង ក្រុមហ៊ុន​ចិន និង​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ បានទេ កាល​ពី​ថ្ងៃ អង្គារ ទី​១៦​ខែ​មករា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

មេឃុំ​ព្រែក​ខ្សាច់ លោក រៀម រុំ មាន​ប្រសាសន៍​ថា ពេល​ចុះ​ប្រតិបត្តិការ​បំផ្លិចបំផ្លាញ​ផលដំណាំ និង​ផ្ទះ​ពលរដ្ឋ​នោះ គឺ​ខាង​ក្រុមហ៊ុន មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ។

មេឃុំ​រូប​នេះ សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រុមហ៊ុន មិន​ទទួលខុសត្រូវ​ចំពោះ​ប្រជា​ពលរដ្ឋ​របស់​លោក ដែល​ធ្លាប់​សន្យា​ថា នឹង​ផ្ដល់​សំណង​ក្នុង​មួយ​គ្រួសារ​ចំនួន​២​ពាន់​ដុល្លារ។ «»

លោក​មេឃុំ​ព្រែកខ្សាច់ បន្ថែម​ថា ក្រុមហ៊ុន​យូញៀន ក៏​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ប្រមាណ​ជាង​មួយ​រយ​គ្រួសារ​ទៀត ក្នុង​នោះ​គ្រួសារ​របស់​លោក​ក៏​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ។

លោក រៀម រុំ ថា លោក​នឹង​ស្នើសុំ​ឲ្យ​ក្រសួង​បរិស្ថាន ឱ្យ​ចុះ​ដោះស្រាយ​ករណី​ពលរដ្ឋ​ទាំងអស់ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​នេះ។ «»

ក្រុមហ៊ុន​ចិន យូញៀន បាន​ជួល​ដី​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ ពី​រាជរដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ ២០០៨ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំនួន​៥ នៃ​ស្រុក​ពីរ គឺ​បុទុមសាគរ និង​គិរីសាគរ ខេត្ត​កោះកុង ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម។

គម្រោង​នេះ​មាន ការ​សាងសង់​ព្រលាន​យន្តហោះ និង​ទីលាន​វាយកូនគោល ដែល​នឹង​ចំណាយ​ប្រមាណ ប្រាំ​ពាន់​លាន​ដុល្លារ។

កាលពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​ចិន​មួយ​នេះ ក៏បាន​ជួល​ដី​ពី​រដ្ឋាភិបាល ប្រមាណ​ជាង ៩​ពាន់​ហិកតារ​ថែមទៀត។

អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន​នេះ បាន​រំលោភបំពាន​ពលរដ្ឋ​ធ្ងន់ធ្ងរ ដោយសារតែ​ក្រុមហ៊ុន​បាន​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ប្រមាណ ៣០​ហិកតារ ដោយ​គ្មាន​សំណង​ជាមុន។ «»

លោក អ៊ិន គង់ជិត ឱ្យ​ដឹង​ថា លោក​នឹង​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​ពលរដ្ឋ​រង​ការ​ខូចខាត​ទំហំ​ប៉ុន្មាន ក្រៅ​ពី​នេះ​អង្គការ​របស់​លោក នឹង​ជួយ​ពលរដ្ឋ​ផ្នែក​ផ្លូវច្បាប់ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ និង​ទទួល​បាន​សំណង់​សមរម្យ។

លោក​បន្ថែម​ថា ជាង ៣​ឆ្នាំ​មក​ហើយ ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ និង​ចាប់ដី​ធ្វើ​ចម្ការ នៅ​លើ​ដី​ទំនេរ​ចោល ស្ថិតនៅ​ចន្លោះ​ឧទ្យាន​ជាតិ និង​ក្រុមហ៊ុន​ចិន។ លោក អ៊ិន គង់ជិត យល់​ថា រដ្ឋាភិបាល គួរតែ​កាត់​ឆ្វៀល​ដី​នោះ ជូន​ពួកគាត់​អាស្រ័យ​ផល​ដើម្បី​ចិញ្ចឹម​ជីវិត។ ប្រសិន​បើ គ្មាន​ដំណោះស្រាយ​នោះ​ទេ វា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ដុនដាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល