អង្គការ​លីកាដូ​ចេញ​សេចក្ដីថ្លែងការណ៍ ​ព្រួយបារម្ភថា ការផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឲ្យ​មាន​ជម្លោះ

អង្គការ​លីកាដូ​ចេញ​សេចក្ដីថ្លែងការណ៍ ​ព្រួយបារម្ភថា ការផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឲ្យ​មាន​ជម្លោះ។

អង្គការ​លីកាដូ​ថា ក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ.ឯក ទទួលបានដីសម្បទាន​សេដ្ឋកិច្ច​នេះលើ​ផ្ទៃដី​ទំហំ៩៧៨៨ហិកតា​ពី​រដ្ឋ។ ក្រុមហ៊ុនបាន​សាងសង់​ផ្លូវ​ទំហំ៥០ម៉ែត្រ​ដើម្បី​ចូល​ទៅ​ដី​សម្បទាន​សេដ្ឋកិច្ច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចំការដំណាំ​កសិកម្ម​ជាច្រើន​របស់​ពលរដ្ឋ។ ជាង​នេះទៅ​ទៀត​ពលរដ្ឋ​រង​គ្រោះ​រស់​នៅ​ក្នុង​តំបន់មិន​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​ក្នុងការ​សាងសង់​ផ្លូវ​នោះ​ទេ។ពួកគាត់​ប្រមាណ​៤០០​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​អូរស្វាយសែនជ័យ ស្រុមសៀមប៉ាង និង​ស្រុក​សេសាន ខេត្តស្ទឹងត្រែង។

សេចក្ដីថ្លែងការណ៍​ដដែល​បន្តថាចាប់ពី​ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៤ ខែមករា ពលរដ្ឋ​នៅភូមិ​អ៊ីប៊ុ ឃុំបុរីអូស្វាយសែនជ័យ ស្រុកអូស្វាយសែនជ័យ បានប្រមូលផ្ដុំគ្នា​ហាមឃាត់​ការសាងសង់​ផ្លូវ​៥០​ម៉ែត្រនោះ៥​លើក​រួចមក​ហើយ។

នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ​អ្នកស្រី ណាលី ពីឡូកស្នើដល់​រដ្ឋាភិបាល​ឲ្យផ្ដល់​ព័ត៌មាន​ជុំវិញ​ការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ចថ្មី​នេះ​ជូន​ពលរដ្ឋនិង​ដោះស្រាយ​ជម្លោះ​ដែល​កំពុង​មាន​ដោយ​សន្តិវិធីនិង​យុត្តិធម៌។

ពាក់ព័ន្ធករណី​នេះអ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថាអាជ្ញាធរបាន​ដោះស្រាយ​សម្រាប់​ពលរដ្ឋរងគ្រោះ​ប៉ុន្មាន​ដងមកហើយ​លើកលែង​តែ​អ្នក​ចំណូល​ថ្មី​នោះ​ទេ។ លោកបន្ថែម​ថាអ្វីដែល​អង្គការ​សង្គមស៊ីវិល​លើកឡើង​គ្រាន់​តែ​ជា​បរិមាណ​នោះ​ទេមិន​យល់​អ្វី​ទៅ​ដែល​ហៅថា​ការធ្វើ​របាយការណ៍​ដោយ​គុណភាព​នោះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មានប្រសាសន៍ថា អនុក្រឹត្យ​ស្ដីពី​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​មាន​លក្ខខណ្ឌហើយក្នុង​នោះប្រជាពលរដ្ឋត្រូវ​ដឹង​លក្ខខណ្ឌ​មួយ​ចំនួន​រួម​មានការ​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថានការ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឬ​ប្រជាពលរដ្ឋ​មូលដ្ឋានជាចុងក្រោយ​ត្រូវដោះស្រាយ​និង​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​មុន​នឹង​អនុវត្ត។ លោកបន្តថា មកដល់ពេលនេះ​មានពលរដ្ឋ​ប្រមាណ​៤រយគ្រួសារ​ហើយ​រងគ្រោះ​ដោយ​សារ​ការ​ធ្វើផ្លូវ​ទំហំ​៥០​ម៉ែត្រទៅ​លើ​ដីសម្បទាន​នោះ។ លោកបន្ថែមថា លោកព្រួយបារម្ភ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះនិង​ស្នើសុំយ៉ាង​ទទូចដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ជូនពលរដ្ឋ​ឲ្យពួកគាត់​ទទួល​យក​បាន។

វិទ្យុអាស៊ីសេរី​នៅមិនអាច​ទាក់ទង​ទៅកាន់​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រាដើម្បី​សុំការ​អត្ថាធិប្បាយ​បន្ថែម​បានទេ​នៅថ្ងៃទី១៦ខែមករានេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។