អ្នកភូមិ​ឡ​ពាង​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ពី​ភាព​ក្រីក្រ និង​ផ្ដល់​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី

ដោយ ថន ថារ៉ូ
2019.04.25
ឡពាង 042519 ស្ត្រី​អ្នក​ភូមិ​ឡ​ពាង​ប្រមាណ ២០នាក់ នាំ​គ្នា​ដើរ​ទៅ​សាលា​ឃុំ​តាជេស ដើម្បី​សុំ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ​ពី​មេ​ឃុំ និង​សុំ​ឱ្យ​ផ្ដល់​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី កាល​ពី ៥ឆ្នាំ​មុន។
រូប៖ សហគមន៍​

អ្នក​ភូមិ​ឡ​ពាង​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ចាស់​ប្រមាណ ២០នាក់ នាំ​គ្នា​ដើរ​ទៅ​សាលា​ឃុំ​តាជេស ដើម្បី​សុំ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ​ពី​មេ​ឃុំ និង​សុំ​ផ្ដល់​ឱ្យ​ពួក​គាត់​នូវ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាល​ពី​៥​ឆ្នាំ​មុន ដើម្បី​យក​ទៅ​ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ។ ពលរដ្ឋ​ថា មេឃុំ​តាជេស នៃ​ខេត្ត​កំពង់ឆ្នាំង បាន​គេច​វេះ​មិន​ព្រម​ជួប​ពួក​គាត់​នោះ​ទេ។ សង្គម​ស៊ីវិល​ហៅ ការ​គេចវេះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នេះ ថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​របស់​ខ្លួន រាល់​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​ស្នើសុំ។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ការ​លើក​គ្នា​មក​សាលា​ឃុំ​តា​ជេស នៅ​ថ្ងៃ​ទី២៥​ មេសា​ មាន​គោល​បំណង ៣យ៉ាង។ គោល​បំណង​ទាំង​នោះ​ ស្នើ​សុំ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​ក្រុម​ហ៊ុន​របស់​អ្នក​ស្រី ជា ខេង​ កាល​ពី​ឆ្នាំ២០១៤ សុំ​ធ្វើ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ និង​សាក​សួរ​អំពី​ទឹកប្រាក់​ជាង​ ៧ម៉ឺន​ដុល្លារ​ដែល​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ​ពលរដ្ឋ ១១គ្រួសារ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ថា មិន​ទទួល​សំណង​ណា​មួយ​ពី​ក្រុមហ៊ុន​នៅ​ឡើយ។ លោកស្រី អ៊ុំ សុភី ថា មេ​ឃុំ​តាជេស លោក នួន ស៊ន មិន​ព្រម​មក​ជួប​ពួក​គាត់​ទេ ទោះ​បី​ជា​ហៅ​តាម​ទូរស័ព្ទ​ច្រើន​ដង​យ៉ាង​ណា​ក្ដី៖ «ចាស៎! ខ្ញុំ​យល់​ថា​ មេឃុំ​ គាត់​អត់​ទទួល​ខុស​ត្រូវ​តួនាទី​គាត់ ជា​មេឃុំ​ គាត់​ត្រូវ​តែ​នៅ​កន្លែង​ឃុំ​ ដើម្បី​ជួយ​ដោះ​ស្រាយ​ប្រជា​ពលរដ្ឋ។ គាត់​ព្យាយាម​គេច​ខ្លួន មិន​ព្រម​ជួប​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួប​គាត់​អ៊ីចឹង​ គាត់​ព្យាយាម​គេច​វេះ​ពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ នាយករដ្ឋមន្ត្រី បាន​និយាយ​ថា មន្ត្រី​រាជការ​ទាំង​អស់ គឺ​ជា​អ្នក​បម្រើ​រាស្ត្រ ប៉ុន្តែ​ពេល​រាស្ត្រ​ទៅ​រក​ខ្លួន​ឯង​ឲ្យ​ធ្វើ​ការ​អ្វី​មួយ អត់​នៅ​កន្លែង​ផង។ តើ​គាត់​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង គាត់​ធ្វើ​ការ​បម្រើ​អ្នក​ណា​វិញ»

អាស៊ី​សេរី ព្យាយាម​ទាក់​ទង​មេឃុំ​តាជេស លោក នួន ស៊ន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទូរស័ព្ទ​ជា​ច្រើន ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ ប៉ុន្តែ​ត្រូវ​លោក​ចុច​បិទ​មិន​ផ្ដល់​បទ​សម្ភាសន៍។ ចំណែក​មេ​ភូមិ​ឡ​ពាង លោក ឌុច ប៊ុនហេង អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សុំ ច័ន្ទគា លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន គួរ​ហ៊ាន​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ ហើយ​ប្រាប់​ពួក​គេ​ពី​អ្វី​ ដែល​ខ្លួន​អាច​ដោះស្រាយ​បាន និង​មិន​អាច​ដោះ​ស្រាយ​បាន។ លោក សុំ ច័ន្ទគា យល់​ថា ចំពោះ​បញ្ហា​ដែល​ថ្នាក់​ឃុំ​មិន​អាច​ដោះ​ស្រាយ គួរ​ស្នើសុំ​យោបល់​ពី​អភិបាល​ស្រុក និង​អភិបាល​ខេត្ត ឬ​ក៏​បញ្ជូន​បញ្ហា​ទៅ​ថ្នាក់​លើ​ជា​អ្នក​ដោះ​ស្រាយ​បន្ត មិន​គួរ​គេច​ចេញ​ពី​បញ្ហា​ ហើយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដូច្នេះ​ឡើយ៖ «ហើយ​គាត់​ជាប់​ឆ្នោត​ដោយ​ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ឲ្យ អ៊ីចឹង​គាត់​ត្រូវ​បំពេញ​កាតព្វកិច្ច​ហ្នឹង ហើយ​បើ​គាត់​មិន​បាន​បំពេញ​កាតព្វកិច្ច​ហ្នឹង នេះ​ជា​ភស្តុតាង​មួយ ជា​គំរូ​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​គាំទ្រ​គាត់ គេ​អស់​ជំនឿ​លែង​គាំទ្រ លែង​បោះ​ឆ្នោត​ឲ្យ​គាត់​ទៀត​ហើយ នៅ​អាណត្តិ​ក្រោយ បើ​គាត់​នៅ​ធ្វើ​បែប​ហ្នឹង»

លោក​ សុំ ច័ន្ទគា ឲ្យ​ដឹង​ដែរ​ថា ឯកសារ​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១៤ ដែល​ពលរដ្ឋ​ចង់​បាន ដើម្បី​​ដាក់​ជូន​តុលាការ​ក្រុងភ្នំពេញ គឺ​មាន​នៅ​គណៈកម្មការ​ចម្រុះ​ដោះ​ស្រាយ​ដីធ្លី​ថ្នាក់​ខត្ត និង​ភាគី​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី (KDC)។ លោក ថា​ពលរដ្ឋ​គួរ​ស្នើ​ទៅ​តុលាការ​ដើម្បី​ឲ្យ​ភាគី​ណាមួយ​បង្ហាញ​ឯកសារ​ទាំង​នោះ៖ «ភាគី​ពលរដ្ឋ​ហ្នឹង ត្រូវ​ធ្វើ​ពាក្យ​ស្នើ​ទៅ​ចៅក្រម​កាន់​រឿង​ហ្នឹង ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​គណៈកម្មការ​ចម្រុះ​ហ្នឹង ឲ្យ​ប្រធាន ឬ​អនុ​ប្រធាន និង​ក្រុមហ៊ុន បង្ហាញ​ភស្តុតាង​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង។ បើ​គាត់​ទៅ​ទាមទារ​ពី​មេ​ភូមិ ពី​ចៅហ្វាយ​ស្រុក គឺ​អត់​មាន​ទេ»

តំណាង​សហគមន៍​ឡ​ពាង​ ៩នាក់​ បាន​ចូល​បំភ្លឺ​នឹង​ដាក់​ភស្តុតាង​បន្ថែម​តាម​ការ​កំណត់​របស់​ចៅក្រម​លោក លាង សំណាត់ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​បណ្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​រ៉ែ និង​ថាមពល ​កាល​ពី​ឆ្នាំ២០១៤ ប៉ុន្តែ​តុលាការ​ថា ភស្តុតាង​ដែល​ដាក់​នោះ គឺ​មិន​អាច​ទទួល​បាន​ទេ ដោយសារ​តែ​ចុះ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ លោក​ស្រី អ៊ុំ សុភី បញ្ជាក់​ថា មិន​បាន​និយាយ​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ។ បន្ថែម​លើស​នេះ អ្នក​ឡ​ពាង​ជាង ៥០គ្រួសារ ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជាង ១៣ឆ្នាំ​មក​នេះ ​ត្រូវ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ៤០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ បន្ទាប់​ពី​ទទួល​ដី​កា​បង្គាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អ្នក​ឡ​ពាង​ថា ពួក​គាត់​គ្មាន​លទ្ធភាព​បង់​ប្រាក់​ដ៏​ច្រើន​បែប​នេះ ទៅ​តាម​ការ​កំណត់​របស់​តុលាការ​បាន​ទេ ដោយ​សារ​តែ​ជីវភាព​ខ្វះ​ខាត។

ករណី​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់​ឆ្នាំង សង្គម​ស៊ីវិល​យល់​ថា​ នៅ​តែ​អាច​ដោះ​ស្រាយ​បាន​ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​បញ្ចប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​មួយ​នេះ។ ប៉ុន្តែ​បើសិនជា​គ្មាន​ឆន្ទៈ​ទេ ទោះបីជា​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ឬ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​មិន​អាច​ដោះស្រាយ​បញ្ចប់​បាន​ដែរ ព្រោះ​ជា​ជម្លោះ​រវាង​ពលរដ្ឋ​ក្រីក្រ ជាមួយ​នឹង​អ្នក​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។