អ្នក​ឡ​ពាង​​ ៤៥នាក់ ឡើង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​ពន្យារពេល​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ

0:00 / 0:00

ប្រជា​សហគមន៍​ឡ​ពាង ៤៥នាក់ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ មេសា ស្នើ​សុំ​ចៅក្រម​ចេញ​ដីកា​ពន្យារ​ពេល​បង់​ប្រាក់​ប្រដាក់​ក្ដី ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី ប្ដឹង​ទាមទារ​កាន់​កាប់​ដីធ្លី​ពី​អ្នកស្រី ជា ខេង ប្រធាន​ក្រុម​ហ៊ុន ខេឌីស៊ី (KDC)។ អ្នក​ឡ​ពាង​លើក​ហេតុផល​ថា ការ​ស្នើសុំ​ពន្យារ​ពេល​នេះ ដោយសារ​ពួក​គាត់ ៩នាក់ គ្មាន​លទ្ធភាព​រក​ប្រាក់​បង់​ជូន​តុលាការ ម្នាក់ ៤០ម៉ឺន​រៀល ក្នុង​រយៈ​ពេល ២សប្ដាហ៍​បាន​នោះ​ទេ។ រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ទទួល​ពាក្យ​ពី​អ្នក​ឡ​ពាង ដែល​ស្នើសុំ​ផ្ដល់​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​រក​ប្រាក់​យក​បង់​ឲ្យ​តុលាការ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៩​នាក់ លោកស្រី គុល វណ្ណា វ័យ ៦១ឆ្នាំ ថ្លែង​ថា រូប​គាត់​មិន​ដឹង​ថា ​ទៅ​រក​ប្រាក់ ៤០ម៉ឺន​រៀល​ពី​ណា​មក​បង់​ឲ្យ​តុលាការ​នោះ​ទេ ព្រោះ​រាល់​ថ្ងៃ​នេះ ​លោកស្រី​រក​បាន​ចំណូល​តិច​តួច​ពី​ការ​ដេរ​ស្លឹក​កណ្ដប​លក់។ ស្ត្រី​វ័យ​ចំណាស់ ដែល​មាន​កូន ៦នាក់​រូប​នេះ រៀប​រាប់​ថា គាត់​ត្រូវ​ប្រឹង​អង្គុយ​ដេរ​ស្លឹក​ត្នោត ពី ២០ ទៅ ៣០កណ្ដប ក្នុង​មួយ​ថ្ងៃ ដើម្បី​លក់​បាន​ប្រាក់​ពី ៣ពាន់​រៀល​ទៅ​៥ពាន់​រៀល សម្រាប់​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ លោកស្រី គុល វណ្ណា យល់​ថា ទឹក​ប្រាក់​ដែល​តុលាការ​បង្គាប់​ឲ្យ​ពួក​គាត់​បង់​ដល់​ទៅ ៤០ម៉ឺន​រៀល​នោះ គឺ​ច្រើន​ណាស់​ចំពោះ​ពួក​គាត់ ដែល​ជា​ពលរដ្ឋ​ក្រី​ក្រ រក​មួយ​ថ្ងៃ ដើម្បី​ចិញ្ចឹម​ជីវិត​មួយ​ថ្ងៃ៖ «ក្នុង​មួយ​រយ​កណ្ដប​ហ្នឹង បាន ១ម៉ឺន ៨ពាន់​រៀល។ បើ​ស្រួល​ខ្លួន​ទៅ បី​បួន​ថ្ងៃ​ទៅ បាន​មួយ​រយ​ទៅ ថ្ងៃ​ណា​អត់​ស្រួល​ខ្លួន​ទេ ដេរ​ក៏​អត់​បាន។ ជីវភាព​របស់​ខ្ញុំ ខ្ញុំ​រក​នេះ ដើម្បី​គ្រាន់​តែ​ទប់​ទល់។ វា​ខ្វះ​ខ្លះ វា​បាន​ខ្លះ ព្រោះ​វា​បាន​ទិញ​អង្ករ​ស៊ី​ផង ហើយ​មិន​ដឹង​ថ្ងៃ​ណា ខ្ញុំ​រក​បាន​ឲ្យ​តុលាការ​ទេ បើ​សិន​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ឲ្យ​ពួក​ខ្ញុំ​ខ្លះ​ផង ព្រោះ​ពួក​ខ្ញុំ​រក​មិន​បាន​ទេ»។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ក្រៅពី​ពលរដ្ឋ ៩គ្រួសារ ដែល​ត្រូវ​រក​ប្រាក់​បង់​ឲ្យ​តុលាការ នៅ​មាន​ពលរដ្ឋ​ជាង ៥០គ្រួសារ​ទៀត ក៏​មាន​ស្ថានភាព​រស់​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ដូច​លោក​ស្រី ខុល វណ្ណា ដែរ។ លោកស្រី អ៊ុំ សុភី ចាត់​ទុក​ដីកា​តុលាការ​ក្រុង​ភ្នំពេញ បង្គាប់​អ្នក​ឡ​ពាង​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​នេះ​ថា ជា​ការ​ដាក់​បន្ទុក​ឲ្យ​ពួកគាត់​មួយ​កម្រិត​ទៀត បន្ទាប់​ពី​ដី​ស្រែ​ចម្ការ​ត្រូវ​ក្រុម​ហ៊ុន​រំលោភ​យក​ជាង ១៣ឆ្នាំ​មក​នេះ។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើសុំ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា គួរ​អនុគ្រោះ​លើក​លែង​ប្រាក់​ប្រដាប់​ក្ដី​នេះ​ពី​អ្នក​ឡ​ពាង រឿង​ប្ដឹង​សុំ​កាន់​កាប់​ដីធ្លី​មក​វិញ៖ «ទី​១ ជា​ជំហាន​ដំបូង​នេះ សុំ​ឲ្យ​ពន្យារ​ពេល​សិន។ ប៉ុន្តែ​ធាតុ​ពិត​ទៅ ពួក​ខ្ញុំ​គឺ​អ្នក​ក្រីក្រ​សុំ​ឲ្យ​តុលាការ​លើក​លែង​ពន្ធ​សម្រាប់​ពួក​ខ្ញុំ ព្រោះ​អី​ពួក​ខ្ញុំ​ក្រីក្រ​មែន​ទែន ហើយ​ពិបាក​រក​លុយ​មក​ពន្ធ​ណាស់។ ហើយ​ពួក​ខ្ញុំ​ពន្យារ​ពេល​ហ្នឹង មិន​ដឹង​ថា អាច​រក​លុយ​បាន ឬ​អត់។ រាល់​ថ្ងៃ​ជីវភាព​ពួក​ខ្ញុំ​យ៉ាប់​មែន​ទែន ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ ហើយ​ពួក​គាត់​ចាស់ៗ ទៀត មិន​ដឹង​ទៅ​រក​អ្នក​ណា ហើយ​អត់​មាន​អ្នក​ណា គេ​ជួយ​គេ​ឡើង​កាប់​ស្លឹក​ត្នោត​ខ្ពស់ៗ ណាស់ ហើយ​គាត់​ចាស់ៗ ស្រី មាន​ទៅ​ឡើង​កាប់​អី​កើត។ គាត់​បាន​អង្គុយ​ធ្វើ​នៅ​ខាង​ក្រោម​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា មន្ត្រី​នគរបាល​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​យក​ដីកា​បង្គាប់​ឲ្យ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ពលរដ្ឋ ៩នាក់​ រស់​នៅ​ភូមិ​ឡ​ពាង ឃុំ​តាជេស។ ក្នុង​ដីកា​នោះ​សរសេរ​ថា ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡ​ពាង​ ដែល​ជា​​ដើម​ចោទ ក្នុង​បណ្ដឹង​សុំ​សិទ្ធិ​គ្រប់គ្រង​ដី​កាល​ពី​ឆ្នាំ២០១១ បង់​ប្រាក់​សម្រាប់​បញ្ជូន​ឯកសារ ចំនួន ៤០ម៉ឺន​រៀល នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រយៈ​ពេល ១៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ដីកា​នេះ​ជា​កំណត់ ដើម្បី​តុលាការ​ចាត់​រឿង​ក្ដី​នេះ​តាម​ច្បាប់។

អ្នកនាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​ អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា តុលាការ​គួរ​ពិចារណា​អនុគ្រោះ​ដល់​អ្នក​ឡ​ពាង ​ដែល​មាន​ទំនាស់​ដីធ្លី​យូរឆ្នាំ​មក​ហើយ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មាន​ឱកាស​តតាំង​ក្ដី​ជាមួយ លោកស្រី ជា ខេង ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់៖ «ក្នុង​ករណី​ឡ​ពាង យើង​គួរ​តែ​ធ្វើ​ការ​សម្រប​សម្រួល​គាត់​យ៉ាង​ ដើម្បី​ឲ្យ​ដំណើរ​ការ​ក្ដី​របស់​ពួក​គាត់​ជាមួយ​ភាគី​ក្រុមហ៊ុន​ហ្នឹង អាច​ធ្វើ​ទៅ​បាន​ក្នុង​នាម​ជា​អាជ្ញាធរ​រដ្ឋ​ហ្នឹង គឺ​ជួយ​ជ្រោមជ្រែង​ឲ្យ​គាត់​បាន​បន្ត​ក្ដី។ បាទ ! ជាពិសេស​ខាង​តុលាការ​គួរ​លើកលែង ក្នុង​ការ​យក​ប្រាក់​ពី​គាត់​បាន ក៏​យើង​គួរ​តែ​លើក​លែង​ទៅ ដើម្បី​ឲ្យ​គាត់​បាន​បន្ត​នីតិវិធី​នេះ ហើយ​ផ្ដល់​យុត្តិធម៌ ក្នុង​ផ្លូវ​តុលាការ​ហ្នឹង ហើយ​យើង​គួរ​តែ​បញ្ចប់​ដែរ​ក្នុង​រឿង​នេះ ព្រោះ​យូរ​ឆ្នាំ​ហើយ»។

ក្នុង​ជំពូក​ទី​៤ អំពី​ប្រាក់​ប្រដាប់​ក្ដី ​នៃ​នីតិវិធី​រដ្ឋប្បវេណី​ ត្រង់​មាត្រា ៦៩ ចែង​ថា «ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​លើ​បណ្ដឹង​ ធ្វើ​ឡើង​ចំពោះ​បុគ្គល ដែល​គ្មាន​លទ្ធភាព​ទ្រព្យ​ធន​នឹង​បង់​ប្រាក់ ដែល​ចាំ​បាច់ ដើម្បី​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នីតិវិធី​បណ្ដឹង ឬ​បុគ្គល​ដែល​អាច​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​ ដោយសារ​ការ​បង់​ប្រាក់​នេះ តុលាការ​អាច​ចេញ​ដីកា​សម្រេច​ឲ្យ​ជួយ​សង្គ្រោះ​លើ​បណ្ដឹង​តាម​ពាក្យ​សុំ។ ចំពោះ​ខ្លឹមសារ​នៃ​ជំនួយ​សង្គ្រោះ​លើ​បណ្ដឹង​ ត្រង់​មាត្រា ៧០ ចែង​ថា ដីកា​សម្រេច​ឲ្យ​ជួយ​សង្គ្រោះ​លើ​បណ្ដឹង ត្រូវ​មាន​អនុភាព​ទៅ​តាម​ការ​កំណត់​ក្នុង​​ដីកា​សម្រេច ដូច​ជា ការ​ពន្យារ​ពេល​បង់​ប្រាក់​ប្រដាប់​ក្ដី​តុលាការ និង​ការ​អនុគ្រោះ​មិន​បាច់​ឲ្យ​បង់​ប្រាក់​ប្រដាប់​ក្ដី​តុលាការ។

ជម្លោះ​ដីធ្លី​រវាង​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ១៣ឆ្នាំ​មក​ហើយ ចាប់​ពី​ឆ្នាំ​២០០៦។ មក​ដល់​ពេល​នេះ ពលរដ្ឋ​ជាង ៥០គ្រួសារ​នៅ​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ​ពី​ក្រុមហ៊ុន ឬ​អាច​កាន់​កាប់​ដីធ្លី​ពួក​គាត់​មក​វិញ​នៅ​ឡើយ ក្នុង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។