ជន​ជាតិ​ដើម​ភាគ​តិចព្នង ​និងមន្ត្រី​សង្គម​ស៊ីវិល ​ខក​ចិត្ត​ចំពោះ​តុលាការនិងអាជ្ញាធរ​ខេត្ត​មណ្ឌលគិរីមិន​ហ៊ាន​អនុវត្តច្បាប់​លើមន្ត្រី​ម្នាក់

0:00 / 0:00

ជន​ជាតិ​ដើម​ភាគ​តិចព្នង ​និងមន្ត្រី​សង្គម​ស៊ីវិល ​ខក​ចិត្ត​ចំពោះ​តុលាការ ​និងអាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ថា មិន​ហ៊ាន​អនុវត្តច្បាប់​លើ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ម្នាក់ ​ដែល​ប្រើ​ឥទ្ធិពល​រំលោភ​យក​ដី​ព្រៃ​អភិរក្ស ​និង​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ជាច្រើន​គ្រួសារ​។ ​អ្នកភូមិ​ចាត់​ទុក​ទង្វើ​​របស់​តុលាការ ​និង​អាជ្ញាធរ​នេះ​ថា ​មាន​ចេតនា​បើកដៃ​ឱ្យ​អ្នក​មាន​អំណាច​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រួចខ្លួន ​ជា​ប្រផ្នូល​​អាក្រក់​ធ្វើ​ឱ្យ​វិបត្តិ​ដីធ្លី​នៅ​តែ​កើត​មាន​ច្រើន​។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ​និង​មន្ត្រី​សង្គម​ស៊ីវិល ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ​ខែសីហា​ថា ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទលោក​ យន់ សារ៉ោម ​ជា​មេខ្លោង​រំលោភ​យក​ដី​ព្រៃ​អភិរក្ស ​២៣​ហិកតារ​បំពាន​ច្បាប់ ​និង ​ឈូស​ឆាយ​ដី​ព្រៃ​សមូហភាព​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ ៥​គ្រួសារ​ ឋិត​ក្នុង​ស្រុក​កោះញែក ​កាល​ពី​ខែ​មេសា ​ឆ្នាំ២០២១​។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​ឃើញ​តុលាការ​ចាត់​វិធានការ​​លើ​ប្រធាន​មន្ទីរ​រូបនេះ​នៅ​ឡើយ​ទេ​។

កាល​ពី​ឆ្នាំ២០២០ ​អភិបាលខេត្ត​មណ្ឌលគិរីលោក​ ស្វាយ សំអ៊ាង​ បានបញ្ជា​ឱ្យ​ដកហូត​ដី​ព្រៃអភិរក្ស​ទំហំ ​២៣ហិកតារ ​ដែល​លោក ​យន់ ​សារ៉ោម ​កាប់​ទន្ទ្រាន​ខុសច្បាប់ ឋិត​នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ ស្ថាប័ន​ណាមួយដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​។

ដើម​បណ្តឹង​ជា​ជនជាតិ​ដើម​ភាគតិច​ព្នងលោក​ គ្រើង តុលា ​អះអាង​ថា ​មូលហេតុ​ដែលអាជ្ញាធរ​ និង​តុលាការ ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ប្រធាន​មន្ទីរ​រូប​នេះ ​ដោយសារ​ខ្លាច​ឥទ្ធិពល ​ព្រោះ​លោកមាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដីលោក ​ជា សុផារ៉ា​។ ​លោក​បន្ថែម​ថា​ លោក ​យន់ សារ៉ោម ​បានរំលោភ​យក​ដី​សមូហភាព​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​និង​ដី​ព្រៃ​អភិរក្ស​ជាច្រើន​តំបន់ ​តែ​គ្មាន​ស្ថាប័ន​ណាមួយហ៊ាន​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ​ ធ្វើ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ក្រី​ក្រ​រង​ទុក្ខ​វេទនា ​ដោយសារ​បាត់បង់​ដីធ្លី​ដើម្បី​ដាំដុះ​ចិញ្ចឹម​ជីវិត​៖ «ជន​ជាតិ​ដើម​ភាគ​តិច​ទូទាំង​ខេត្ត​ហ្នឹង ​គេ​មិន​សប្បាយ​ចិត្ត​ទេ​ កាល​ណា​មាន​អ្នក​កាង ​មាន​អ្នក​ការពារ ​ជនល្មើស ​និង​ជន​ខិលខូច​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ សម័យ​នេះ​ហើយ ​មិន​គួរ​មាន​អ្នកធំ ​និង​អ្នក​តូច​ណា ​នៅ​កាង​ការពារ ​លោក ​យន់ ​សារ៉ោម​បន្ត​ទៀត​ទេ​។ គួរតែ​ឱ្យ​ច្បាប់​អ្នក​រក​យុត្តិធម៌ ​ឱ្យ​ច្បាប់​អ្នក​ដាក់​ទោស​វិញ។ ​យើង​មិន​គួរ​មាន​មនុស្ស​ទី២ ​និង​ទី ៣ ​មក​កាង​មនុស្ស​ខូច​ ប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សង្គម​ទេ​»។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​លោក​ យន់ សារ៉ោម​ បដិសេធ​បំភ្លឺរឿងនេះ ​ដោយ​លោក​ប្រាប់​ថា ​កំពុង​ជាប់​រវល់​៖ «​ខ្ញុំ​ជាប់​រវល់ ​មាន​ការ​អីហ្នឹង ​ខ្ញុំ​ជាប់​រវល់​បន្តិច​»។

កន្លងទៅប្រធាន​មន្ទីរ​រូប​នេះ បាន​គំរាម​បកអាក្រាត ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​យក​ដី​រដ្ឋ ប្រសិនអភិបាលខេត្ត​ដកហូត​ដី​របស់​លោក​មែន​នោះ​។ លោក​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក​នឹង​លាតត្រដាង​អ្នក​ដែល​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ទំហំ ៥០០​ហិកតារ ដល់ ១.០០០ពាន់​ហិកតារ នៅក្នុង​ខេត្ត​នេះ។

​វិទ្យអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ សុំការ​បំភ្លឺ​រឿងនេះ ​ពី​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​លោក​ មាស ​ប្រុស ​និង​អភិបាល​ខេត្ត​មណ្ឌលគិរីលោក​ ស្វាយ ​សំអ៊ាង ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។​ ចំណែករដ្ឋ​មន្ត្រី​ក្រសួង​ដែនដីលោក ​ជា សុផារ៉ា ​ក៏​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​។

រីឯ​តំណាងជនជាតិ​ដើម​ភាគតិច​ព្នង ៥​គ្រួសារ រស់នៅ​ភូមិ​អន្ត្រេះ ឃុំ​អបួន ស្រុក​កោះញែក​ ចោទ​ប្រកាន់​ប្រធាន​មន្ទីររូបនេះ​ថា ​បាន​ប្រើ​អំណាច​ជា​អាជ្ញាធរ រំលោភ​បំពាន​​ដី​ព្រៃ​សមូហភាព​របស់​អ្នក​ភូមិ ៥ហិកតារ​។

តំណាង​ពលរដ្ឋ​លោក ​ឡាន ​រដ្ឋា ​ប្រាប់​អាស៊ីសេរី​ថា ​លោក ​យន់ ​សារ៉ោម ​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ រំលោភ​យក​ដី​ចម្ការវិ​ល​ជុំ​របស់​ពួកគាត់ទំហំ​ជាង ៥​ហិកតារ ធ្វើជា​សម្បត្តិ​បុគ្គល។ លោកថា​ មក​ទល់​ពេល​នេះ ​ដី​ដែល​ប្រធាន​មន្ទីរ​រូបនេះ​រំលោភ​យក​ នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នៅ​ឡើយ​ទេ​ បង្ក​ឱ្យ​ប៉ះពាល់​ជីវភាព​ជន​ជាតិ​​ដើម​ភាគ​តិច​ក្រីក្រ​។ ​លោក​បន្ថែម​ថា​ ដី​សមូហភាព​ទាំង​នោះ ​ពួក​លោក​ បាន​អាស្រ័យ​ផល​ជាង​ ៣០​ឆ្នាំ​មក​ហើយ​៖ «មាន​បញ្ហា​អត់​ឃើញ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ ​ដល់​ពេល​អ៊ីចឹង​ ពលរដ្ឋ​លែង​មាន​ជំនឿ​។ ​ដល់​ពេល​អ៊ីចឹង ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ ​អ្នក​មាន​អំណាច​ចង់​យក​កន្លែង​ណា​បាន​កន្លែង​ហ្នឹង»​។

កាលពី​ឆ្នាំ២០១៦ ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១​ពាន់​នាក់​បាន​ផ្តិត​មេដៃ​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ជាតិ ឱ្យ​ដក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​រូប​នេះ​ពី​តំណែង ករណី​រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។ លើសពីនេះ ​នៅ​ឆ្នាំ​២០១៧ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុកលោក ប៉ែន ប៊ុណ្ណារ៍ និង​ជនជាតិ​ដើម​ភាគតិច​ព្នង ១៧នាក់​ បាន​ផ្តិត​មេដៃ​រួមគ្នា ប្តឹង​បរិហារ​លោក​ យន់ សារ៉ោម ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ​ករណី​បាន​ដឹង​ឮ​ពី​បទ​ល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ តែ​មិន​មាន​ចំណាត់ការ​។ ទោះជា​យ៉ាងណា ​មកដល់ពេលនេះ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត មិនទាន់​មាន​ចំណាត់ការ​ណាមួយ​លើ​មន្ត្រី​រូប​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ ថ្លែងថា ​កន្លង​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឱ្យ​មន្ត្រី​បរិស្ថាន​ដក​ហូត​ដី​ព្រៃ​អភិរក្ស ​២៣​ហិកតារ​ ពី​ប្រធាន​មន្ទីរ​រូប​នេះ ​នឹង​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ ប៉ុន្តែ​ក្រោយ​មក​សំណុំ​រឿង​នេះ​បែរ​ជា​ស្ងាត់​ឈឹង​។​ លោក​ថា ​​សំណុំ​រឿង​នេះ ​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ជាក់​ស្តែង ​ហើយ​មាន​ការ​បញ្ជា​ផ្ទាល់ពី​អភិបាលខេត្ត​ទៀត​ ដូច្នេះ​មិន​គួរ​អូស​បន្លាយ​ពេល​អនុវត្ត​ច្បាប់​បន្ត​ទៅ​ទៀត​នោះ​ទេ​៖ «ប្រធាន​មន្ទីរ​បរិស្ថាន​ក៏​គេ​បាន​រៀបចំ​រឿង​ហ្នឹង​ដាក់​ទៅ​តុលាការ​ដែរ​វា​ជា​បទល្មើស​ជាក់​ស្តែង ​ប្រសិន​ជា​មាន​ការ​តម្កល់​រឿង​ហ្នឹង ​វា​ជា​រឿង​មិន​ប្រក្រតី​ខ្លាំង​ហើយ។​ បទល្មើស​ឧក្រិដ្ឋ​ត្រូវ​បាន​គេ​តម្កល់ ​វា​អត់​ដែរ​មាន​ឬ​មួយ​គេ​បិទ​ទំហំ​ហ្នឹង​២៣​ហិកតារ ​តែ​ពលរដ្ឋ​គាត់​ប្រតិកម្ម ​យន់​ សារ៉ោម ​កាប់​ដី​ព្រៃ​កន្លែង​ហ្នឹង ១០០​ហិកតារ​»។

មន្ត្រី​សង្គម​ស៊ីវិលរូបនេះបន្ថែមថា ប្រធាន​មន្ទីរ​រូបនេះមានរឿង​អាស្រូវ​ច្រើន​ទាក់ទង​នឹង​ការរំលោភ​យក​ដីធ្លី ធ្វើឱ្យ​ជនជាតិ​ដើម​ភាគតិចខឹងសម្បារ​ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​តវ៉ា​ដោយសារ​ខ្លាច​អំណាច​លោក ​យន់ ​សារ៉ោម។​ លោក​ថា ​ការ​ពន្យារ​ពេល​មិន​ចាត់​វិធាន​ការ​ច្បាប់​ករណី​នេះ​ នឹង​កើន​ឡើង​វប្បធម៌​និទ្ទណ្ឌភាព​ ឬ​​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស ​ដែល​ជាដើម​ចម​ធ្វើ​ឱ្យ​វិបត្តិ​ដីធ្លី​ និង​ព្រៃឈើ​ជាប់​គាំង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។