ជនជាតិ​ដើមព្នង​ជាង ១០០គ្រួសារ​នៅ​មណ្ឌលគិរី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ដីព្រៃ​សហគមន៍​ជាង ១០០​ហិកតារ ដែល​ឈ្មួញ​រំលោភ​យក

ដោយ ប្រាជ្ញ ចេវ
2025.01.09
ជនជាតិ​ដើមព្នង​ជាង ១០០គ្រួសារ​នៅ​មណ្ឌលគិរី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ដីព្រៃ​សហគមន៍​ជាង ១០០​ហិកតារ ដែល​ឈ្មួញ​រំលោភ​យក អភិបាលខេត្ត​មណ្ឌលគិរិ លោក ថង សាវុន។
រូប៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី

ព្រៃ​សហគមន៍​ង្លាវក្រាច់​មាន​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ នៅ​ខេត្ត​មណ្ឌលគិរី​ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ​ តស៊ូ​ការពារ​ជាង​២០ ឆ្នាំ​មក​ហើយ កំពុង​ប្រឈម​ ការបាត់បង់​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ គប់គិត​ជាមួយ​អាជ្ញាធរ​​មូលដ្ឋាន។

ជនជាតិ​ដើម​ភាគ​តិច​ព្នងជាង១០០គ្រួសារ បាន​ផ្តិត​មេដៃ​ស្នើ​ឱ្យរដ្ឋាភិបាល ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី នៃការផ្តល់​ប្លង់​កម្ម​សិទ្ធិឯកជន ​រំលោភ​យក​ព្រៃ​អភិរក្ស​នេះជាង ១០០ ហិកតារបន្ថែមទៀត។ 

ព្រៃ​សហគមន៍​ង្លាវ​ក្រាច់​ ឋិត​ក្នុង​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​ ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចាត់​ទុក​ថា ជា​ឋាន​សួគ៌​ទេសភាព មាន​ទឹក​ជ្រោះ ជម្រក​សត្វព្រៃ និង​ជ្រលង​ភ្នំ​ខ្ពង់រាប និង​ព្រៃឈើ​ជាច្រើន ផ្តល់​អនុផល​ព្រៃឈើ​មានតម្លៃ កំពុង​ប្រឈម​ការបាត់បង់​​ដីធ្លី និង​ធនធាន​ធម្មជាតិ​ កាន់​តែ​ខ្លាំង​ឡើង ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​សហគមន៍។

ប្រជា​សហគមន៍​បាន​កំណត់​អត្តសញ្ញាណ​ឈ្មួញ​ម្នាក់​ឈ្មោះ ម៉េង ហេង រស់​នៅ​រាជ​ធានី​ភ្នំពេញ​គឺ​ជា​មេខ្លោង​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​នេះ ទំហំ ១៣៨ ហិកតារ ក្នុងនោះប៉ះ​ចំ​ដី​ព្រៃ​​សហគមន៍​ង្លាវ​ក្រាច់​ទំហំ ៨៦ ហិកតារ ​និងសហគមន៍​ស្រែអំពូម​ទំហំ​ជាង ៥១ ហិកតារ។

អនុ​ប្រធាន​សហគមន៍ លោក ចែង វណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៧ មករា ថា ពេល​នេះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ និង​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​មិន​ទាន់​ដោះស្រាយ​ពាក្យបណ្តឹង​របស់​ពួកគាត់​នៅ​ឡើយ​ទេ ធ្វើ​ឱ្យ​អ្នកភូមិខ្លះ ​ភ័យខ្លាច​ក្រែង បាត់បង់​ព្រៃ​សហគមន៍​ជាង ១០០ហិកតារ​បន្ថែម​ទៀត​ធ្លាក់​ក្នុង​ដៃ​បុគ្គល​មាន​លុយ​មាន​អំណាច និងអាជ្ញាធរខិលខូច។

លោក​ថា ព្រៃ​អភិរក្ស​នេះ​ជា​អាយុជីវិត​របស់​ពួកគាត់ ​ដែល​ខិតខំ​ការពារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​មិន​ត្រឹមតែ​មិន​លើក​ទឹក​ចិត្ត​សហគមន៍​ការពារ​នោះ​ទេ មក​ទល់​ពេល​នេះ​មាន​សមាជិក​សហគមន៍​០៤នាក់ហើយ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ដោយសារ​តែ​ការពារ​ព្រៃ​អភិរក្ស​នេះ។

លោក ចែង វណ្ណា៖ «ពួកខ្ញុំ​អ្នក​ការពារ​ខាង​ក្រោម​បែរ​ជា​គ្មាន​ន័យ​អី​អ៊ីចឹង! លាភ​សក្ការៈ​បាន​ទៅ​លើ​តែ​អ្នក​មាន​អំណាច​ខ្ញុំ​អ្នក​ការពារ​លំបាក​វេទនា​ សំខាន់​ពលរដ្ឋ​គាត់​នៅ​ជាមួយ​សត្វ​ព្រៃ ពឹង​ព្រៃ​ឃ្វាល​គោ​ក្របី​អត់​មាន​ទេ​ឡូវ​ ប្រសិន​បើ​បាត់បង់​ព្រៃ​សេស​សល់​ទៀត​ពលរដ្ឋ​វេទនា​ខ្លាំង»

ព្រៃ​សហគមន៍​ង្លាវក្រាច់​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា មាន​ផ្ទៃ​ដី​ជាង ២ ពាន់ ២រយហិកតា (.២៨១ដែល​ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជា​តំបន់​អភិរក្ស​របស់​សហគមន៍​កាល​ពី​ឆ្នាំ ២០០៧ ឋិត​ក្នុង​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ ឃើញ​មាន​លិខិត​​១​សន្លឹករបស់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ចុះ​ហត្ថលេខា​កាលពីថ្ងៃទី ០៣ កក្កដា ២០២៣  ឯកភាព​សំណើ​សុំ​ចុះ​បញ្ជី​ដី​កម្ម​សិទ្ធិ​ឯកជន ទំហំផ្ទៃដីចំនួន ១៣៨ ហិកតារ និង ៣០ អា ឋិត​ក្នុង​ក្រុង​សែន​មនោរម្យ និង​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី។ អតីតរដ្ឋមន្ត្រីរូបនេះក៏បានស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន រៀបចំនីតិវិធី ឆ្វៀលដីទៅ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ម៉េង​ ហេង រស់​នៅ​រាជ​ធានី​ភ្នំពេញ។ 

សមាជិក​សហគមន៍​ម្នាក់​ទៀត លោកស្រី រឿង ហែង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ឈ្មួញ​មាន​ឥទ្ធិពល​និង​អាជ្ញាធរ​ខិលខូច​មួយ​ចំនួន នៅ​តែ​មាន​មហិច្ឆតា​ឃុបឃិត​គ្នា​ លួច​ធ្វើ​ប្លង់​កម្ម​សិទ្ធិឯក ​រំលោភ​យក​ដី​ព្រៃអភិរក្ស​ទ្រង់ទ្រាយ​ធំ ធ្វើ​ឱ្យ​អ្នកភូមិ​ខ្លះ ព្រួយ​បារម្ភ​ខ្លាច​បាត់បង់ដី​ព្រៃ​សហគមន៍​នេះ។ 

លោកស្រី​ថា ព្រៃ​សហគមន៍​នេះ មិន​ត្រឹម​តែ​ជា​ធនាគារ​ធម្មជាតិ​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ​ តែ​វា​​ក៏​ជា​ជម្រក​ធនធាន​សម្បូរ​បែប ជួយ​សេដ្ឋកិច្ច​សហគមន៍​រក​អនុផល​ព្រៃឈើ ឃ្វាលគោ និង ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹមជីវិត ជាដើម៖

លោកស្រី រឿង ហែង៖ «អាជ្ញាធរ​មិន​ទទួល​ស្គាល់​រហូត​ឱ្យ​តែ​មាន​ការ​ស្នើ​សុំ ​អ៊ីចឹង​ខ្ញុំ​ព្រួយ​បារម្ភ​ដែរ មិនមែន​ខ្លាច​ទេ តែ​ជាក់​ស្តែង​អត់​សូវ​មាន​សុវត្ថិភាព​ទេ​ បារម្ភ​ខ្លាំង​ជាង​គេ​គឺ​យើង​នៅ​ជាប់​បណ្តឹង ហើយ​គេ​សោយ​សុខ​លើ​គំនរ​ទុក្ខ​របស់​យើង ពេល​ខ្លះ​ទៀត​យើង​ចំណាយ​ពេល​ និង​ថវិកា​ផ្ទាល់​ខ្លួន​សព្វ​យ៉ាង​ទៀត»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៧ មករា។ ​រីឯ​ឈ្មួញ​ម្នាក់ ឈ្មោះ ម៉េង ហេង ដែល​ពលរដ្ឋ​ចោទ​ថា ជា​មេ​ខ្លោង​រំលោភ​យក​ដី​ព្រៃ​អភិរក្ស​នេះ ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​រមនា លោក ក្រះ ជ្រើង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​កាត់​ឆ្វៀល​​ដី​ចេញ​ពី​ព្រៃ​សហគមន៍​នេះ​ទ​នៅឡើយទេ ហើយ​មក​ទល់​ពេល​នេះ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​នោះ ហាក់​ដូច​ជា​ស្ងាត់ ទំនងជារដ្ឋាភិបាល​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

លោក​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​គាំទ្រ​សហគមន៍ ការពារ​ព្រៃឈើ

លោក ក្រះ ជើង៖ «ការ​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង ខ្ញុំ​ត្រូវ​តែ​គាំទ្រ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក លោក ប៊ី វ៉ាន់នី ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​អាជ្ញាធរ​មួយចំនួន​មាន​ជាប់​ពាក់ព័ន្ធ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ត្រូវ​ចាត់​វិធាន​ការ​លើ​ក្រុម​ឈ្មួញ ​ដែល​រៀបចំ​ឯកសារ​មិន​ប្រក្រតី ដើម្បី​រំលោភ​យក​ដី​ព្រៃ​អភិរក្ស​នេះ​ខុសច្បាប់។

លោក​ថា អាជ្ញាធរ​គួរតែ​ចូលរួម​ការពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​និង​លើក​ទឹកចិត្ត​សហគមន៍​ដែល​ខំ​អភិរក្ស​ព្រៃ

លោក ប៊ី វ៉ាន់នី៖ «មាន​ប្លង់​រឹង​ប៉ុន្តែ​ជាក់ស្ដែង​សុទ្ធ​តែ​ដី​ព្រៃ​ដែល​យើង​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ពិសេស​ខាង​ព្រះ​រាជ​អាជ្ញា​ប្រសិន​បើ​ចេញ​ប្លង់​លើ​ដី​ព្រៃ​ផ្ទុយ​នឹង​ច្បាប់​ភូមិបាល​ និង​ច្បាប់​ធនធាន​ធម្មជាតិ​យើង​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​កុំ​បណ្តែត​បណ្ដោយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ចាប់អារម្មណ៍​ពី​សុខ​ទុក្ខ របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ភាព​អយុត្តិធម៌ ​មិន​ត្រឹម​តែ​បាត់បង់​ធនធាន​ធម្មជាតិ​ ដែល​ជា​ឆ្នាំង​បាយ​របស់​ពួកគាត់​ប៉ុណ្ណោះទេ បច្ចុប្បន្ន​សូម្បី​តែ​ដីធ្លី​ក្នុង​តំបន់​អភិរក្ស​ ក៏​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ដែរ។

ប្រជា​សហគមន៍​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ ពាក់​បណ្តឹង​របស់​ពួកគាត់​នោះ​ថា​អ្នកភូមិ​យ៉ាង​ហោច​ណាស់ ជាង​១០០នាក់ នឹក​លើក​គ្នា​តវ៉ា​នៅ​សាលា​ខេត្ត​មណ្ឌលគិរី​និង​ស្ថាប័ន​ថ្នាក់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។