ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ស្នើអាជ្ញាធរពន្លឿនការកាត់ដីតំបន់៣សម្រាប់ពួកគាត់អាស្រ័យផល។ ការស្នើសុំនេះ គឺបន្ទាប់ពីក្រុមប្រជាពលរដ្ឋបារម្ភថា អាចមានការកែប្រែដីទាំងនោះចូលជាតំបន់ការពារវិញ ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលតទៅទៀត។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការងារនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានអាស្រ័យផលមុនរដូវទឹកឡើង និងស្របតាមបញ្ជារបស់លោក ហ៊ុន សែន។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង កំពុងព្រួយបារម្ភថាអាជ្ញាធរអាចនឹងកាត់ដីតំបន់៣ ចូលជាដីតំបន់ការពារនិងអភិរក្ស ប្រសិនបើការងារកាត់ដីតំបន់នេះឱ្យទៅពលរដ្ឋនៅតែពន្យារពេល។
ពលរដ្ឋម្នាក់រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ លោកស្រី យ៉ាវ ហ្វាន់ ឱ្យដឹងថា មកទល់ពេលនេះ មិនទាន់មានអាជ្ញាធរភូមិ ឃុំ ទៅវាស់វែងដីទាំងនោះកាត់ឱ្យពលរដ្ឋនៅឡើយទេ។ លោកស្រីបារម្ភថា ដីទាំងនោះនឹងដុះព្រៃស៊ុបទ្រុបពិបាកដល់ការធ្វើស្រែចម្ការនៅឆ្នាំក្រោយ ត្បិតថានៅអំឡុងពេលនេះមិនមាននរណាម្នាក់ហ៊ានទៅកាប់ឆ្ការត្រួសត្រាយស្មៅនៅលើដីនោះឡើយ។ លោកស្រីស្នើឱ្យអាជ្ញាធរកាត់ដីតំបន់៣ឱ្យបានឆាប់រហ័ស សម្រាប់ឱ្យប្រជាពលរដ្ឋបានអាស្រ័យផល និងសង់លំនៅឋាន។ លោកស្រីបន្តថា ប្រសិនបើការងារនេះនៅតែពន្យារពេលតទៅទៀត នោះអាជ្ញាធរអាចនឹងកាត់ដីទាំងនោះទៅជាតំបន់ការពារ ឬតំបន់អភិរក្សវិញ ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ៖ «ខាងខ្ញុំនេះបើបាត់បង់ទៅប៉ះពាល់ច្រើន។ ទីមួយខែប្រាំងគ្នា ( ពលរដ្ឋ ) ដាំបន្លែ ដាំម្ទេស ដោះស្រាយជីវភាពខ្លះ។ ទីពីរ អ្នកខ្លះគ្នាគ្មានដីនៅ ដោយសារវាស់វែងឱ្យមកគ្នាអាចទៅនៅកន្លែងហ្នឹង ( ព្រោះ ) គ្នាអត់មានដីនៅ»។
ចំណែកប្រធានសហគមន៍ទប់ស្កាត់បទល្មើសនេសាទ ភូមិអន្សងសក ឃុំព្រែកនរិន្ទ លោក ឌី ចាន់ ឱ្យដឹងថា នៅតំបន់ខ្លះក្នុងស្រុកឯកភ្នំ ដូចជានៅឃុំពាមឯក អាជ្ញាធរបានដោះស្រាយវាស់វែងដីតំបន់៣នេះរួចរាល់ហើយ។ តែលោកថា ទោះជាបែបនេះក្ដី អាជ្ញាធរនៅមិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋទៅភ្ជួររាស់កាប់ឆ្ការនៅលើដីនោះនៅឡើយទេ ដោយរង់ចាំការសម្រេចថា ដីណាឱ្យប្រជាពលរដ្ឋនិងដីណាទុកជាសម្បត្តិរបស់រដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីស្មៅដុះស៊ុបទ្រុបនៅលើដីទាំងនោះ ហើយអាជ្ញាធរអាចនឹងផ្លាស់ប្ដូរចិត្តកាត់ដីទុកជាសម្បត្តិរដ្ឋវិញ។ លោកស្នើសុំឱ្យអាជ្ញាធរពន្លឿនការងារនេះឱ្យបានឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋបានទៅកាប់ឆ្ការព្រៃសម្រាប់អាស្រ័យផល ជាពិសេសនៅមុនពេលទឹកទន្លេឡើង៖ «ដល់ខែ៧ហើយទឹកទន្លេជិតមកហើយ ទឹកទន្លេតែមួយខែកន្លះទៀតឡើងមកដល់បែកទឹកពេញវាល។ ខ្ញុំចង់ឱ្យអាជ្ញាធរហ្នឹងធ្វើការពន្លឿនឱ្យបានច្បាស់លាស់ វាស់វែងឱ្យបានច្បាស់លាស់ ដីត្រឹមណាឱ្យធ្វើត្រឹមណាមិនឱ្យធ្វើ គ្រាន់តែថាដីហ្នឹងទុកយូរព្រៃវាដុះវិញ ដល់ពេលដុះវិញពិបាកធ្វើ ពិបាកអីហ្នឹងកាត់ទៅដីរដ្ឋទាំងអស់ទៀតហើយ។ តែទុកយូរពេលវាលាយូរទៅៗ ព្រៃដុះមកណែន គ្នា ( ពលរដ្ឋ ) ធ្វើអស់ថវិកាច្រើនទៅទៀត អាក្រហើយកាន់តែក្រថែមទៅទៀត»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ដើម្បីសាកសួររឿងនេះបាននៅឡើយនោះទេ។
ប៉ុន្តែមន្ត្រីរដ្ឋបាលស្រុកឯកភ្នំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរុញឱ្យទៅសួររដ្ឋបាលខេត្តជំនួសវិញ ដោយហេតុថា ការងារនេះជាការងារថ្នាក់ខេត្ត។ តែយ៉ាងណាលោកថា ការងារនេះមានភាពយឺតយ៉ាវ ប្រហែលជាក្រុមការងារថ្នាក់ខេត្តចុះមិនដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋនៅឡើយ៖ «ខ្លាចគេចុះទៅអត់ទាន់ដល់អស់ព្រោះគេមានក្រុមគេចុះទៅ ព្រោះខ្ញុំអត់ដឹងដែរ។ ខ្ញុំអត់ដឹងការងារហ្នឹង ព្រោះការងារហ្នឹងវាផុតដៃខ្ញុំហើយ អាចទៅសួរទាក់ទងខាងខេត្តវិញ ព្រោះការងារនេះពីខាងខេត្តមក ខាងស្រុកអត់ទេ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានគួរតែចាត់តាំងក្រុមការងារឱ្យមានប្រសិទ្ធភាព ដើម្បីពន្លឿនការវាស់វែងដីជូនប្រជាពលរដ្ឋ។ លោកបន្តថា ការងារត្រូវធ្វើឡើងឱ្យបានឆាប់រហ័សមុនពេលទឹកទន្លេឡើងមក ដើម្បីសម្រួលដល់ការធ្វើការរបស់អាជ្ញាធរ និងផ្ដល់ឱកាសឱ្យពលរដ្ឋអាចបង្កបង្កើនផលនៅអំឡុងពេលនោះ៖ «រឿងនេះសម្ដេចមានប្រសាសន៍តាំងពីខែមុន អ៊ីចឹងករណីហ្នឹងមិនត្រូវអូសបន្លាយពេលឱ្យយូរតទៅទៀតទេ អាជ្ញាធរខេត្ត ត្រូវតែបង្កើតគណៈកម្មការមួយដើម្បីស្រង់ទិន្នន័យពួកគាត់ ហើយសម្របសម្រួលឱ្យពួកគាត់បានវិលត្រឡប់ទៅដាំដុះ បង្កបង្កើនផលលើផ្ទៃដីដែលគាត់ធ្លាប់អាស្រ័យផល ព្រោះបើមិនធ្វើទាន់ពេលនេះទេបន្តិចទៀតទឹកទន្លេនឹងឡើង ដូច្នេះមិនអាចធ្វើដំណើរទៅ ហើយទឹកទន្លេនឹងពន្លិចនៅតំបន់បីហ្នឹងពួកគាត់មិនអាចទៅអាស្រ័យផលបានទេ» ។
កាលពីថ្ងៃទី២៧ ឧសភា លោកហ៊ុន សែន បានប្រកាសដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីពីតំបន់៣ នៅបឹងទន្លេសាបតាមរយៈយុទ្ធសាស្ត្រស្បែកខ្លា ហើយប្រគល់ជូនពលរដ្ឋដែលកាន់កាប់យូរមកហើយនោះ។ លោកបញ្ជាក់ថា គ្មានការបណ្តេញចេញពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងទន្លេសាបនោះទេ។
ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាបត្រូវបានចែកចេញជា៣តំបន់ តំបន់ទី១ ជាតំបន់ដែលមានពលរដ្ឋរស់នៅអាស្រ័យអាចកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ តំបន់ទី២ ជាតំបន់ពលរដ្ឋអាចអាស្រ័យផលបាន តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ និងតំបន់ទី៣ ជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។ ប៉ុន្តែថ្មីៗនេះលោកហ៊ុន សែន បានបញ្ជាឱ្យធ្វើការកែសម្រួល ដោយកាត់ឆ្វៀលផ្ទៃបឹងទន្លេសាបខ្លះចេញពីតំបន់២មកចូលជាតំបន់១ ហើយកាត់ផ្ទៃបឹងទន្លេសាបខ្លះពីតំបន់៣ចូលមកតំបន់២ ដោយផ្អែកលើការអភិរក្ស និងការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋតាំងយូរណាស់មកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។