ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លី​យ៉ុងផាត់​នៅ​កំពង់ស្ពឺ​ស្នើ​ធនាគារ​ANZ​ផ្ដល់​សំណង

ដោយ រ៉ាន់ សំណាង
2014.09.30
Share on WhatsApp
Share on WhatsApp
ជម្លោះដី​ស្រុក​ថ្ពង ឱរ៉ាល់ ៦២០ ពលរដ្ឋ​ប្រមាណ ២០០នាក់ មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ តវ៉ា​នៅ​មុខ​​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) ទាក់ទង​រឿង​ជម្លោះ​ដីធ្លី កាល​ពី​​​​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នា​រាជធានី​ភ្នំពេញ។
RFA/Rann Samnang

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​របស់ លោក លី យ៉ុងផាត់ នៅ​ឃុំ​អមលាំង ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ប្រមាណ ២០០​នាក់ នាំ​គ្នា​មក​តវ៉ា​មុខ​អគារ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា។

នេះ​ជា​លើក​ជា​ទី​បី​ហើយ​ដែល​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​មក​តវ៉ា​មុខ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ ដើម្បី​ទាមទារ​ឱ្យ​ធនាគារ​មួយ​នេះ​ទទួល​ខុស​ត្រូវ ចំពោះ​រឿង​សំណង​ពី​ការ​បាត់​បង់​ដីធ្លី និង​ការ​ខូចខាត​របស់​ពួក​គាត់។

តំណាង​អ្នក​ភូមិ​នៅ​ឃុំ​អមលាំង ស្រុក​ឱរ៉ាល់ លោក ចាន់ សុឃឿន បញ្ជាក់​ថា មូល​ហេតុ​ដែល​ពួក​លោក​លើក​គ្នា​មក​តវ៉ា​ចំពោះ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នេះ គឺ​ព្រោះ​តែ​ធនាគារ​ធ្លាប់​ឱ្យ​លុយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ ខ្ចី​ទៅ​ធ្វើ​ចម្ការ​អំពៅ ដែល​រំលោភ​សិទ្ធិ​ពួក​គាត់៖ «ខ្ញុំ​មក​នេះ​ចង់​អោយ អេ.អិន.ហ្សិត ចេញ​មក​ទទួល​ខុស​ត្រូវ​ដោះស្រាយ​រឿង​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ដោយសារ អេ.អិន.ហ្សិត ផ្តល់​លុយ​ដល់​អោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ខ្ចី ហើយ​ក្រុមហ៊ុន លី យ៉ុងផាត់ យក​លុយ​ពី អេ.អិន.ហ្សិត អភិវឌ្ឍ​នៅ​តំបន់​គាត់​រំលោភ​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ចឹង ប្រជាពលរដ្ឋ​យើង​ខ្ញុំ​មាន​ការ​ខ្វះខាត វេទនា​ដោយសារ​ក្រុមហ៊ុន លី យ៉ុងផាត់ ទទួល​លុយ​ពី អេ.អិន.ហ្សិត ទៅ​ធ្វើ​ការ​អភិវឌ្ឍ»

ពលរដ្ឋ​ប្រមាណ ២០០នាក់ មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ តវ៉ា​ដោយ​បាន​អុច​ធូប បាច​អំបិល​ម្ទេស ដាក់​ទំនាយ​ធនាគារ​អេអ៊ិនហ្សិត នៅ​រសៀល​ថ្ងៃ​ទី ៣០ កញ្ញា។
ពលរដ្ឋ​ប្រមាណ ២០០នាក់ មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ តវ៉ា​ដោយ​បាន​អុច​ធូប បាច​អំបិល​ម្ទេស ដាក់​ទំនាយ​ធនាគារ​អេអ៊ិនហ្សិត នៅ​រសៀល​ថ្ងៃ​ទី ៣០ កញ្ញា។
RFA/Rann Samnang

បន្ទាប់​ពី​ទន្ទឹង​រង់ចាំ​តំណាង​ធនាគារ​មិន​ព្រម​ចេញ​មក​ដោះស្រាយ​អស់​ជាង ២​ម៉ោង អ្នក​តវ៉ា​ដីធ្លី​សម្រេច​នាំ​គ្នា​ដាក់​បណ្ដាសា​ដល់​ធនាគារ​មួយ​នេះ ដោយ​អុជ​ធូប​ដោត​លើ​អំបិល​ម្ទេស​មួយ​ថាស ពីព្រោះ​តែ​ពួក​គាត់​ចាត់​ទុក​ធនាគារ​នេះ​ថា បាន​ជញ្ជក់​ញើស​ឈាម​ពួក​គាត់ ដោយ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ យក​ទៅ​ធ្វើ​វិនិយោគទុន​ស្ករ​អំពៅ លើ​ដី​ស្រែ​ដី​ចម្ការ​របស់​ពួក​គាត់។

ក្រុម​អ្នក​តវ៉ា​រឿង​ដី​ធ្លី​ទាំង​នោះ​ព្រមាន​ថា ពួក​គាត់​នឹង​នាំ​គ្នា​មក​តវ៉ា​មុខ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នៅ​ថ្ងៃ​ទី​១ តុលា បន្ត​ទៀត លុះត្រា​តែ​ពួក​គាត់​ទទួល​បាន​ការ​ដោះស្រាយ​សមរម្យ​ណា​មួយ​ពី​ធនាគារ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។