ជនជាតិ​ដើម​ព្នង ៥​ភូមិ នៅ​មណ្ឌលគិរី តវ៉ា​ទាមទារ​ដីធ្លី​អាស្រ័យផល​ដែល​អាជ្ញាធរ​ដក​ហូត​ទាំង​ស្រុង

ដោយ សុជីវី
2024.05.21
ជនជាតិ​ដើម​ព្នង ៥​ភូមិ នៅ​មណ្ឌលគិរី តវ៉ា​ទាមទារ​ដីធ្លី​អាស្រ័យផល​ដែល​អាជ្ញាធរ​ដក​ហូត​ទាំង​ស្រុង ជនជាតិដើមភាគតិចព្នងចំនួន ៥ ភូមិ ក្នុងខេត្តមណ្ឌលគិរី តវ៉ាមិនសុខចិត្តនឹងទង្វើរបស់អាជ្ញាធរដកហូតដីស្រែចម្ការ និងដីអាស្រ័យផល របស់ពួកគាត់ទាំងស្រុង នៅព្រឹកថ្ងៃទី២១ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ២រយនាក់ (២២៥)រស់​នៅ​ភូមិ​ចំនួន ៥ ភូមិ ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី២១ ឧសភា បន្ត​តវ៉ា​ជា​ថ្មី​ទៀត មិន​សុខ​ចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ ដែល​ដក​ហូត​ដី​ស្រែ​ចម្ការ និង​ដី​អាស្រ័យផល របស់​ពួកគាត់​ទាំង​ស្រុង ដោយ​លើក​ហេតុផល​ថា​ដី​ទាំង​នោះ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ពូចា ឡាំមេះ ពូលុ ពូទិល និង​ភូមិពូរាំង ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ប្តូរជីវិត​នឹង​មិន​ព្រម​ប្រគល់​ដី​ស្រែ​ចម្ការ​កេរ​ឪពុកម្ដាយ​ទំហំ​ជាង ៥​ពាន់​ហិកតារ (.៥៤៨) ជូន​អាជ្ញាធរ​រដ្ឋ​វិញ​នោះ​ឡើយ។

អ្នកភូមិ​ទាំង​នោះ ស្នើ​ឱ្យ​អាជ្ញាធរ​​សិក្សា​ពី​ស្ថានភាព​ដី​ដាំដុះ​ជាក់ស្តែង​ ដើម្បី​កាត់​ឆ្វៀល​ប្រគល់​ជូន​សហគមន៍​ប្រើប្រាស់ ចិញ្ចឹម​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត។

តំណាង​ពលរដ្ឋ លោក ប្រ៉ប ទុច ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២១ ឧសភា ថា អ្នកភូមិ​នឹង​គ្មាន​ដី​ដាំដុះ ចិញ្ចឹម​ជីវិត​ទៀត​ទេ​ ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​ព្រម​ប្រគល់​ដី​ឱ្យ​ពួកគាត់​ដាំដុះ​បែប​ប្រពៃណី​ជា​យូរ​មក​ហើយ ។

លោក​ថា ដី​ដែល​អាជ្ញាធរ​ដក​ហូត មាន​ដំណាំ​កៅ​ស៊ូ ដំណាំ​កាហ្វេ ស្វាយចន្ទី ស្រូវ និង​ដំឡូងមី​ ដែល​ពួកគាត់​ទទួលផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រីឯ​ដី​នៅ​តំបន់​ខ្លះ​ទៀត​ អ្នកភូមិ​ដាំដុះ​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ ១៩៨០ និង​មុន​ឆ្នាំ ១៩៧៩។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត​ឱ្យ​ពួកគាត់ អាច​ដាំដុះ លើ​ដី​ទាំងនោះ​បាន​ ក៏ប៉ុន្តែ​នៅ​ពេល​ណា​ដែល​រដ្ឋ​ត្រូវ​ការ ពលរដ្ឋ​ត្រូវ​ប្រគល់​ជូន​រដ្ឋ​វិញ៖

លោក ប្រ៉ប ទុច៖ «បើ​គេ​មិន​ដោះស្រាយ​ដី​ចម្ការ​យើង​ហ្នឹង​ យើង​សុខ​ចិត្ត​ឱ្យ​គេ​សម្លាប់​តាម​ចម្ការ​រៀង​ខ្លួន។ អត់​មាន​ដី មាន​តែ​ងាប់​ហ្នឹង​ហើយ ពលរដ្ឋ​អត់​មាន​ដី​ធ្វើ​ចម្ការ »

ក្នុង​ពេល​តវ៉ា​នៅ​ខាង​មុខ​សាលាស្រុក​ពេជ្រាដា ជនជាតិ​ដើម​ភាគ​តិច​ម្នាក់ បាន​អាន​លិខិត​បដិសេធ សំណើ​ដាំ​ដុះ​បណ្ដោះអាសន្ន លើ​ដី​ដែល​ពួកគាត់​ធ្លាប់​បង្ក​បង្កើន​ផល​កន្លង​ទៅ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី។

H0521-RFAThumbnail-Pnong-LandConflictdigenous.jpg
ជនជាតិដើមភាគតិចព្នងចំនួន ៥ ភូមិ ក្នុងខេត្តមណ្ឌលគិរី តវ៉ាមិនសុខចិត្តនឹងទង្វើរបស់អាជ្ញាធរដកហូតដីស្រែចម្ការ និងដីអាស្រ័យផល របស់ពួកគាត់ទាំងស្រុង នៅព្រឹកថ្ងៃទី២១ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

ពួកគាត់​បាន​ថ្លែង​ក្នុង​ពេល​តវ៉ា​ថា ទង្វើ​របស់​ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំណាំលៀរ លោក វុធ សារុំ បាន​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់​ភូមិបាល និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

ពលរដ្ឋ​អាន​លិខិត៖ «សន្យា​ថា នៅ​ពេល​រដ្ឋ​ត្រូវ​ការ​ដក​ហូត ប្រគល់​ឱ្យ​រដ្ឋ​វិញ ចំណុច​ទាំង​នេះ ប្រជា​សហគមន៍​យើង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ស្រុក​ពេជ្រាដា លោក ខាំ ផងសុជា ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២១ ឧសភា ។ រីឯ​ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំណាំលៀរ លោក វុធ សារុំ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ 

ក៏​ប៉ុន្តែ​អភិបាល​ស្រុក​ពេជ្រាដា លោក វណ្ណា ម៉ាប់ បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ពេល​តវ៉ា​ថា​ លោក​នឹង​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ ដើម្បី​ស្នើ​ឱ្យ​ថ្នាក់លើ​ដោះស្រាយ​បន្ត​ទៀត​ ហើយ​លោក​ទទូច​ឱ្យ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​រង់ចាំ​អាជ្ញាធរ​ឆ្លើយ​តប នៅ​ពេល​ក្រោយ៖ 

លោក វណ្ណា ម៉ាប់៖ «ស្នើ​សុំ​ឱ្យ​ចូលរួម​កែ​តម្រូវ ពាក្យ​ណា​បងប្អូន​មិន​ពេញ​ចិត្ត ក្នុង​នាម​ជា​សហគមន៍​តំណាង​ឱ្យ​ប្រជាជន យើង​មាន​សិទ្ធិ​ចូល​រួម​តើ។ ឥលូវ​ខ្ញុំ​សូម​កែ​តិច​ លុប​ពាក្យ​ហ្នឹង​ចោល និយាយ​អ៊ីចឹង​ទៅ»

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា អាជ្ញាធរ​គួរតែ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​គិត​ពី​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ស្រប​តាម​ច្បាប់ និង​គោលការណ៍​សិទ្ធិ​ពលរដ្ឋ។

លោក ប៊ី វ៉ាន់នី៖ «ជីវភាព​ពួកគាត់​ពឹង​ផ្អែក​លើ​ស្រែ​ចម្ការ​ បើ​អាជ្ញាធរ​ហាម​ឃាត់ ថា ដី​ខុស​ច្បាប់ ប្រជាជន​មិន​អាច​ទទួល​យក។ កាល​ណា​យើង​កន្លង​មក​ យើង​មាន​មន្ត្រី​បរិស្ថាន និង​មាន​អាជ្ញាធរ​មូលដ្ឋាន កន្លង​ទៅ​យើង​ហាម​ឃាត់​ពី​ដំបូង​ឡើង​ ក៏​មិន​មាន​រឿងរ៉ាវ​ហ្នឹង​ដល់​ថ្ងៃ​ហ្នឹង​ដែរ»

កាល​ពី​ខែ​មីនា កន្លង​ទៅ ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ បាន​ដាក់​ញត្តិ​ស្នើ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា អនុញ្ញាត​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច ក្នុង​ឃុំប៊ូស្រា អាច​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​បែប​ប្រពៃណី​ចិញ្ចឹម​ជីវិត ក្នុង​ដី​សមូហភាព​សហគមន៍​ភូមិ​ពូលុ និង​ភូមិ​ឡាំមេះ ។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា មុន​ឆ្នាំ ១៩៧០ ជនជាតិ​ដើម​ភាគ​តិច​ព្នង​តែងតែ​រស់​នៅ​ជា​ក្រុម​បែប​កុលសម្ព័ន្ធ មាន​ភូមិ​សរុប ១៩ ភូមិ រហូត​ដល់​ឆ្នាំ​១៩៨៦ រដ្ឋាភិបាល​បាន​បង្រួម​ភូមិ​នៅ​សល់ ៧ ភូមិ​ប៉ុណ្ណោះ។ រីឯ​បច្ចុប្បន្ន​ពលរដ្ឋ​ចំនួន ៧ភូមិ ក្នុង​ឃុំ​ប៊ូស្រា សរុប​ជាង ២​ពាន់​គ្រួសារ​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ដី​សមូហភាព​សហគមន៍​ឋិត​ក្នុង​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ ក៏​ប៉ុន្តែ​ដី​សមូហភាព ដែល​ពួកគាត់​កំពុង​ដាំដុះ​ចិញ្ចឹម​ជីវិត ​អាជ្ញាធរ​ហាម​ឃាត់ និង​ដកហូត​ជា​សម្បត្តិ​រដ្ឋ​មិន​ឱ្យ​ធ្វើ​ចម្ការ។

ពួកគាត់​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​ហោច​ណាស់ ៣ ក្រុមហ៊ុន​វិនិយោគ​ដី​រាប់​ម៉ឺន​ហិកតារ ជុំវិញ​ភូមិ​ឋាន​ពួកគាត់ ​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​រង​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តង​ទៀត ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ បាត់​បង់​ដីធ្លី និង​មុខ​របរ​ចិញ្ចឹម​ជីវិត​បែប​ប្រពៃណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។