តុលាការក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​សំណុំរឿង​ពលរដ្ឋ​បឹងតាមោក

2024.05.20
តុលាការក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​សំណុំរឿង​ពលរដ្ឋ​បឹងតាមោក សាលាដំបូង​រាជធានីភ្នំពេញ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២០ ខែ​ឧសភា លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹង​ប្រឆាំង​នឹង​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ចំនួន​៦​នាក់ ពាក់ព័ន្ធ​នឹង​ការ​ការពារ​មិន​ឱ្យ​អាជ្ញាធរ​រុះរើ​ទ្វារផ្ទះ​របស់​ពលរដ្ឋ។

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្តឹង​ពលរដ្ឋ​តំបន់​បឹង​តាមោក​ចំនួន ៦ នាក់​ពី បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ស្ថាន​ទម្ងន់ទោស នៃ​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​រួមមាន​លោកស្រី សឿន ស្រីសុទ្ធ លោកស្រី ប្រាក់ សុភា លោកស្រី គង់ តឿ និង​ពលរដ្ឋ​នៅ​បឹង​តាមោក ៣​នាក់​ផ្សេង​ទៀត។

ការ​លើក​ពេល​សវនាការ​ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយសារតែ​ភាគី​ដើមបណ្ដឹង ដែល​ជា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ អវត្តមាន​ក្នុង​សវនាការ។

ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តា​មោក លោកស្រី សឿន ស្រីសុទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​២០ ខែ​ឧសភា​ថា លោកស្រី​ចាត់ទុក​អវត្តមាន​របស់​ភាគី​ដើមបណ្ដឹង​ក្នុង​សវនាការ​នេះ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក។

លោកស្រី សឿន ស្រីសុទ្ធ៖ «គាត់​អត់​បាន​ចូលរួម​អីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ខ្ញុំ​ផង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ស្មារតី​ព្រោះ​មួយ​រយៈ​ពេល​ហ្នឹង​តាំងពី​គេ​ដាក់​លិខិត​រុះរើ​ផ្ទះ​ខ្ញុំ​ផង​ខ្ញុំ​រង​សម្ពាធ​ផ្លូវ​ចិត្តច្រើន ណា​ទទួល​បាន​បណ្ដឹង​តុលាការ ណា​គេ​ដាក់​លិខិត​ឲ្យ​រុះរើ​ផ្ទះ​ទាំង​ដែល​បង្ខំ​ពួក​ខ្ញុំ​ដោយ​មិនទាន់​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ផង​បែរជា​ដាក់​លិខិត​ថា ផ្ទះ​ខ្ញុំ​ប៉ះពាល់​ផ្លូវ​ដែល​គេ​សាងសង់​ស្ពាន»

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ពលរដ្ឋ​រស់នៅ​បឹង​តា​មោក ចំនួន ៤​នាក់ រួមមាន​លោកស្រី គង់ តឿ លោកស្រី យន គឹមយឿន លោកស្រី យន សម្បត្តិ និង​លោកស្រី អំ ភឿន បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មួយ​ករណី​ផ្សេងទៀត ក្រោម​បទ​ចោទ​ស្ថាន​ទម្ងន់ទោស នៃ​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ តាម​ដីកា​កោះហៅ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា។

ពលរដ្ឋ​នៅ​បឹង​តាមោក​លោកស្រី គង់ តឿ ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​បាន​សាកសួរ​លោកស្រី​អំពី​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​អាជ្ញាធរ ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ការចោទប្រកាន់​នោះ។

លោកស្រី គង់ តឿ៖ «គេ​បាន​សួរ​ថា តើ​ខ្ញុំ​នេះ​រារាំង​អាជ្ញាធរ​? ខ្ញុំ​ថា ចា៎​ខ្ញុំ​រារាំង​អាជ្ញាធរ​រុះរើ​រោង​ដែល​ខ្ញុំ​លក់ដូរ រោង​ដែល​ខ្ញុំ​សាងសង់​ហ្នឹង គឺ​អាជ្ញាធរ​មក​ហ្នឹង​ខ្ញុំ​សំពះ​ម្រាមដៃ​ដប់​កុំ​ឲ្យ​អាជ្ញាធរ​រុះរើ​របស់ខ្ញុំ​ព្រោះ​បឹង​តា​មោក​មួយ ៣​ពាន់​ហិកតារ​ជាង​គាត់​លុប​បាត់​ហើយ ពីមុន​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹងតាមោក​ហ្នឹង ដល់ពេល​គាត់​លុប​ហើយ​គឺ​ខ្ញុំ​សុំ​ធ្វើ​រោង​លក់ដូរ​នៅមុខ​ផ្ទះ​របស់​កូន​របស់ខ្ញុំ»

ការ​សាកសួរ​ពលរដ្ឋ​នៅ​បឹងតាមោក ចំនួន​៤​នាក់​បន្ថែម​នេះ គឺ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ពលរដ្ឋ​បឹង​តា​មោក​២​នាក់​ឪពុក​កូន​រួចហើយ កាល​ថ្ងៃទី​១៧ ខែ​ឧសភា ទាក់ទង​នឹង​ការចោទប្រកាន់​ដូចគ្នា​នេះ។

ជម្លោះដីធ្លី​រ៉ាំរ៉ៃ របស់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តា​មោក បាន​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ​មក​ហើយ ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់​ដី​នៅ​តំបន់​នោះ ឱ្យទៅ​អ្នកមាន​លុយ​មានអំណាច​ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា​។ ចំណែក​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ពី​ដី​លំនៅឋាន​ដោយ​បង្ខំ ហើយ​ពលរដ្ឋ​ខ្លះទៀត​បាន​ព្រាត់ប្រាស​គ្រួសារ ដោយសារ​ភៀសខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព និង​ពលរដ្ឋ​ខ្លះទៀត ត្រូវ​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​ករណី នៅ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។