អាជ្ញាធរចម្រុះ នៅស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែមីនា បានបាញ់កាំភ្លើងរះឡើងលើ និងគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ទៅលើប្រជាពលរដ្ឋ និងបានចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ថែមទៀត ខណៈពលរដ្ឋជិត ១០០នាក់ រារាំងអាជ្ញាធរមិនឲ្យរុះរើដុតផ្ទះសម្បែងរបស់ពួកគេ ដែលកំពុងមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច សិលា ដាម៉ិច (Seila Damex CO., LTD)។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួររកដំណោះស្រាយដោយសន្តិវិធី។
តំណាងប្រជាពលរដ្ឋរស់នៅឃុំស្រយង់ លោកស្រី ណៃ ធួន អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមីនាថា សមត្ថកិច្ចចម្រុះខេត្តព្រះវិហាររាប់រយនាក់ បានចុះព័ទ្ធចាប់ប្រជាពលរដ្ឋ រុះរើដុតផ្ទះសម្បែង និងបាញ់កាំភ្លើងរះឡើងលើ និងគប់គ្រាប់បែកផ្សែង ទៅលើប្រជាពលរដ្ឋ នៅពេលដែលពួកគេចេញតវ៉ា និងរារាំងមិនឲ្យសមត្ថកិច្ច រុះរើផ្ទះសម្បែង ដីស្រែចម្ការរបស់ពួកគេ ។ លោកស្រីបន្ថែមថា ប្រជាពលរដ្ឋប្រមាណជិត ២០នាក់ មកពីឃុំចំនួន២ គឺឃុំស្រយង់ និងត្បែងពីរ ស្រុកគូលែន ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋានខេត្ត នៅរសៀលថ្ងៃទី៦ ខែមីនា។
ពលរដ្ឋបន្ថែមទៀតថា កាលពីកន្លះខែមុន អាជ្ញាធរខេត្តបានចុះគំរាមកំហែង ប្រជាពលរដ្ឋទាំង ២ឃុំ គឺឃុំស្រយង់ និងឃុំត្បែងពីរ ដែលមានប្រជាពលរដ្ឋជាង ៣០០គ្រួសារ ឲ្យរុះរើផ្ទះសម្បែងចេញពីតំបន់នោះដោយសំអាងថា ជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សិលា ដាម៉ិច។ ប៉ុន្តែប្រជាពលរដ្ឋស៊ូស្លាប់ ក៏មិនព្រមចាកចេញពីផ្ទះសម្បែង និងដីស្រែចម្ការនោះដែរ ដោយសារពួកគេមិនមានកន្លែងផ្សេងទៅតាំងទីលំនៅឡើយ។
តំណាងសហគមន៍រស់នៅឃុំត្បែងពីរ លោកស្រី ញឹម ស្រីនាង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅឃុំត្បែងពីរ មិនព្រមចេញពីដីស្រែចម្ការ និងផ្ទះរបស់ពួកគេនោះទេ បើទោះបីអាជ្ញាធរចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងណាក្ដី។ លោកស្រីទទូចទៅរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋឲ្យបានសមរម្យ ពីព្រោះពួកគេមិនមានដីធ្លី និងផ្ទះសម្បែង ដែលត្រូវទៅតាំងទីលំនៅទៀតដែរ។
ពលរដ្ឋដដែលឲ្យដឹងទៀតថា ក្រុមហ៊ុន សិលា ដាម៉ិច បានក្ស័យធនម្ដងរួចទៅហើយ ដោយមិនឃើញមានដាំដំណាំអ្វីជាដុំកំភួននោះទេ ប៉ុន្តែនៅដើមឆ្នាំ២០២៤ ស្រាប់តែមានកម្លាំងសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង និងរឹតត្បិតមិនឲ្យប្រជាពលរដ្ឋចេញចូលនោះទេ។ អ្នកភូមិបន្ថែមថា ពួកគេបានស្នើសុំទៅស្ថាប័នពាក់ព័ន្ធកំពូលៗ ឲ្យជួយអន្តរាគមន៍ និងរកដំណោះស្រាយដល់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រាប់តែអាជ្ញាធរខេត្តព្រះវិហារចុះបង្ក្រាបទៅវិញ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៦ ខែមីនា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែកតំណាងក្រុមហ៊ុន សិលា ដាម៉ិច ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែល។
ទាក់ទិននឹងបញ្ហានេះ នាយករងទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា នេះជាករណីទី១ នៅក្នុងអាណត្តិថ្មី ឆ្នាំ២០២៤ ដែលមានជម្លោះដីធ្លីរហូតដល់មានការប្រើអំពើហិង្សា និងមានការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់បែបនេះ។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែរកដំណោះស្រាយណាមួយដោយសន្តិវិធី ដើម្បីកុំឲ្យមានការប្រើប្រាស់អំពើហិង្សា និងការចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ។
ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល នៅឆ្នាំ២០០៩ លើផ្ទៃដី ៩ពាន់ (៩.០០០)ហិកតារ ក្រោមហេតុផល ធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោល នៅឆ្នាំ២០១១ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នោះ ជិត ១ពាន់គ្រួសារ។ ក្រុមហ៊ុនមួយនេះ ក៏បានផ្អាកសកម្មភាពមួយរយៈ ប៉ុន្តែនៅឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានចេញប័ណ្ណកម្មសិទ្ធិ ឲ្យក្រុមហ៊ុន សិលា ដាម៉ិច លើផ្ទៃដីជាង ៦ពាន់ (៦.៣៧៨.៤៦)ហិកតារ និងបន្តប៉ះពាល់ប្រជាពលរដ្ឋជាង ៣០០គ្រួសារដល់បច្ចុប្បន្ន ហើយប្រជាពលរដ្ឋនៅតំបន់នោះ ស្នើដល់អាជ្ញាធរឱ្យកាត់ឆ្វៀលដីរបស់ពួកគេទុកអាស្រ័យផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ប៉ុន្តែអាជ្ញាធរមិនដោះស្រាយឱ្យពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
