ប្រជាពលរដ្ឋ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ១០០គ្រួសារ ត្អូញត្អែរពីការលំបាក ព្រោះពួកគេមិនអាចដឹកផលិតផលកសិកម្មរបស់ខ្លួនមកផ្ទះសម្បែងបាន។ ការត្អូញត្អែរនេះ ព្រោះផ្លូវចេញចូលទៅដីស្រែចម្ការរបស់អ្នកភូមិឆ្លងកាត់តាមក្រុមហ៊ុន ម៉ែន សារុន ត្រូវបានខាងក្រុមហ៊ុនបិទជាច្រើនថ្ងៃមកហើយ។
ប្រជាពលរដ្ឋឱ្យដឹងថា ផលិតផលកសិកម្មរបស់ខ្លួនរួមមាន ស្រូវ ដំឡូងមី ជាដើមនោះ នឹងអាចប្រឈមការខូចខាត ប្រសិនបើខាងក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តបិទផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់ទៀតនោះ។ ប្រជាពលរដ្ឋក៏ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ជុំវិញករណីនេះ ដើម្បីសម្រួលឱ្យពួកគាត់អាចឆ្លងកាត់ដូចធម្មតាឡើងវិញ។
ពលរដ្ឋនៅភូមិចង្គុំកណ្តាល មួយរូប អ្នកស្រី អួន ស៊ីនួន មានប្រសាសន៍ថា ក្រុមហ៊ុនបានបិទផ្លូវចេញចូលទៅដីស្រែចម្ការរបស់អ្នកភូមិប្រមាណ ១០ថ្ងៃមកហើយ ស្របពេលដំណាំរបស់ពួកគាត់កំពុងប្រមូលផល។
ពលរដ្ឋមានវ័យជាង ៥០ឆ្នាំរូបនេះ មិនបានដឹងពីមូលហេតុដែលក្រុមហ៊ុនសម្រេចបិទផ្លូវឆ្លងកាត់ដីរបស់ខ្លួននោះទេ ប៉ុន្តែអ្នកស្រីថា ពីមុនមកធ្លាប់មានបញ្ហានេះកើតម្ដងរួចមកហើយ៖ «ចង់ឱ្យអាជ្ញាធរភូមិ និងឃុំហ្នឹង ឱ្យទំនាក់ទំនងទៅប្រធានក្រុមហ៊ុនដើម្បីធ្វើម៉េចឱ្យគាត់បើករបងឡើងវិញ»។
ផ្លូវឆ្លងកាត់ដីក្រុមហ៊ុន ម៉ែន សារុន មិនមែនបិទតែនៅឃុំទន្លូង នោះឡើយ ប៉ុន្តែនៅមានផ្លូវឆ្លងកាត់សំខាន់ៗជាច្រើនខ្សែផ្សេងទៀតដែលត្រូវឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ចម្ងាយពី ៥ ទៅ ១០ គីឡូម៉ែត្រ ឬឆ្លងកាត់ពីភូមិទៅដីស្រែចម្ការរបស់អ្នកស្រុក ក្នុងឃុំជាំក្រវៀន គឺត្រូវបានក្រុមហ៊ុនបិទដូចគ្នាដែរ លើកលែងតែផ្លូវមិនសូវសំខាន់ ឬផ្លូវតូចៗ ដែលពលរដ្ឋពិបាកធ្វើដំណើរប៉ុណ្ណោះ ដែលក្រុមហ៊ុនមិនបានបិទ។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ែន សារុន គឺលោក សុខ វាសនា បានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
ចំណែកអនុភូមិចង្គុំកណ្តាល លោក សំ សាយ មានប្រសាសន៍ថា ផ្លូវនោះគឺជាផ្លូវរបស់ក្រុមហ៊ុនបានធ្វើរួចរាល់កាលពីឆ្នាំ២០០៨។ លោកបន្ថែមថា ជារឿងមិនត្រឹមត្រូវ ពីព្រោះក្រុមហ៊ុនមិនបានប្រាប់ពលរដ្ឋ ឬអាជ្ញាធរឱ្យដឹងពីការបិទផ្លូវទេ។ ជាងនេះទៀត នៅពេលក្រុមហ៊ុនបិទដូច្នេះ គឺប្រៀបដូចជាបិទដង្ហើមសេដ្ឋកិច្ចប្រជាពលរដ្ឋមួយភូមិ ហើយបញ្ហានេះខាងលោកក៏បានរាយការណ៍ទៅអាជ្ញាធរឃុំដើម្បីចាត់វិធានការ៖ «តាមទស្សនៈខ្ញុំការបិទផ្លូវហ្នឹង គួរប្រាប់ប្រជាពលរដ្ឋ ឬថ្នាក់ដឹកនាំ ថាមិនឱ្យប្រើប្រាស់ផ្លូវនេះទេ ពលរដ្ឋរកផ្លូវផ្សេងទៅ ប៉ុន្តែនេះអត់ប្រាប់ផង»។
បន្ថែមពីនេះ ជំទប់ទី១ ឃុំទន្លូង ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី លោក ពឹង ប៊ុនថន បញ្ជាក់ថា ដ្បិតតែផ្លូវនោះក្រុមហ៊ុនជាអ្នកធ្វើក៏ដោយ ប៉ុន្តែលោកយល់ថា ក្រុមហ៊ុនមិនគួរបិទផ្លូវសាធារណៈដូច្នេះឡើយ។ លោកថា នឹងពិភាក្សាគ្នាជាមួយតំណាងក្រុមហ៊ុនដើម្បីស្នើឱ្យបើកផ្លូវឡើងវិញ។ ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ដែលបានចុះអង្កេតជុំវិញរឿងនេះ លោក នាង សុវ៉ាត មើលឃើញថា ខាងភាគីក្រុមហ៊ុនកំពុងធ្វើផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ត្បិតអីគោលការណ៍របស់រដ្ឋត្រូវដោះស្រាយបញ្ហាផ្លូវជាអាទិភាព ប៉ុន្តែមានផ្លូវហើយ បែរជាក្រុមហ៊ុនបិទទៅវិញ គឺជារឿងមិនអាចទទួលយកបាន។
លោកបន្តថា ទោះបីជាផ្លូវនោះក្រុមហ៊ុនអ្នកធ្វើក៏ដោយ ប៉ុន្តែជាផ្លូវឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬជាផ្លូវសាធារណៈ ដូច្នេះក្រុមហ៊ុនមិនអាចបិទបានទេ៖ «អ៊ីចឹងយើងទ្រាំទៅ ប្រសិនបើមេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្តមិនអាចអន្តរាគមន៍បើកបានទេ យើងជាប្រជាពលរដ្ឋធ្វើម៉េច។ យើងមានកប៉ាល់ហោះអីណាទៅដឹកផលិតរបស់ខ្លួននោះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញថា ការបិទផ្លូវអាចជាចេតនារបស់ក្រុមហ៊ុនច្រើនជាង ពីព្រោះពួកគេអាចធ្វើអាជីវកម្មតាមរយៈរថយន្តដឹកដំឡូងឆ្លងកាត់ទីនោះ ម្យ៉ាងទៀត ដីប្រជាពលរដ្ឋខ្លះកំពុងមានវិវាទជាមួយក្រុមហ៊ុនស្រាប់ផង។ ប្រសិនបើប្រជាពលរដ្ឋមិនអាចចេញចូលទៅកាន់ដីរបស់ខ្លួនបាន គឺងាយស្រួលក្រុមហ៊ុនប្រមូលយក ឬក៏ឈូសឆាយតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
