អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បដិសេធ​សំណើ​របស់​សហគមន៍​ក្បាល​រមាស ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព​ទំហំ​ជិត ៨ពាន់​ហិកតារ

ដោយ វ៉ែន សុមេធ
2020-10-26
Share
អ្នក​ភូមិ​ក្បាលរមាស សែនព្រេន ៨៥៥ ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​៧ ធ្វើ​ពិធី​សែនព្រេន​​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧ ប្រឆាំង​នឹង​ក្រុមហ៊ុន​សង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ។
RFA

ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស ដែល​មាន​ទំហំ​ជិត ៨ពាន់ហិកតារ (៧.៨៣៩) ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥៣គ្រួសារ ស្នើសុំ​ចុះបញ្ជី​ជា​ព្រៃ​សមូហភាព ដើម្បី​ជា​ប្រយោជន៍​យូរ​អង្វែង​របស់​សហគមន៍ ក៏​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បដិសេធ។ តំណាង​សហគមន៍​ប្រកាស​ជំហរ​ថា នឹង​ស៊ូ​ស្លាប់​ការពារ​ព្រៃ​សហគមន៍​នេះ ដើម្បី​អភិរក្ស​ព្រៃ​ឈើ និង​រក្សា​បាន​នូវ​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥៣ ​គ្រួសារ រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹង​ត្រែង កំពុង​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ ការពារ​ដី​ព្រៃ​សហគមន៍​ឱ្យ​គង់វង្ស បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​បាន​បដិសេធ​សំណើសុំ​ចុះ​បញ្ជី​ដី​សមូហភាព របស់​អ្នក​ភូមិ​ក្ដី។ អ្នក​ភូមិ​ចាត់​ទុក ព្រៃ​សហគមន៍​នេះ ជា​អាយុ​ជីវិត និង​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ ដែល​មិន​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន។

តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស​លោកស្រី ស្រាំង ឡាញ់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ តុលា​ថា មូលហេតុ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បដិសេធ​មិន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស មាន​ទំហំ ជិត ៨ពាន់​ហិកតារ​ដោយសារ​តំបន់​ខ្លះ ជាន់​ចំ​ដី​ក្រុមហ៊ុន ស៊ីវហ្គេច (Sev Gek) និង​តំបន់​បាត់​អាង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ។ លោកស្រី​ថា ពួក​គេ​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​នេះ មុន​ពេល ដែល​រដ្ឋាភិបាល មិន​ទាន់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ស៊ូ​ស្លាប់ ការពារ​ដី​ព្រៃ​សហគមន៍​នេះ ឱ្យ​គង់វង្ស ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ជន​ជាតិ​ដើម​ភាគ​តិច៖ «សហគមន៍​យើង​មិន​ព្រម​ទទួល​យក​ទេ ដី ៤រយ ៥រយ ៩រយ ក៏​មិន​ទទួល​យក។ បើ​សិន​ជា​សហគមន៍​យើង​ព្រមព្រៀង​ទទួល​យក​ដី​នោះ​នឹង​បាត់បង់​ស្វ័យ​អត្តសញ្ញា​បាត់បង់​ដីធ្លី ដែល​មាន​ស្ដាប់​តាំងពី​ដូនតា​មក​មាន​ទំហំ​រាប់​ម៉ឺន​ហិកតារ។ ដល់​ឥឡូវ​សហគមន៍​ស្នើសុំ​ត្រឹម​ជាង ៧ពាន់​ហិកតារ​នៅ​តែ​ពួក​គាត់​មិនព្រម​អនុម័ត​ដោះ​ឱ្យ​នោះ​ទេ»

តំណាង​សហគមន៍​រូប​នេះ​បន្ថែម​ថា ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ ប្រគល់​ដី​ព្រៃ​សហគមន៍ វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត​នោះ​ទេ ព្រោះ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វ​ព្រៃ។ ទោះ​ជា​យ៉ាង​ណា លោកស្រី​អះអាង​ថា ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស នៅ​តែ​ទទួល​រង​ការ​លួច​កាប់​ឈើ ពី​អ្នក​ខាង​ក្រៅ បើ​ទោះ​បី​ជា​អ្នក​ភូមិ បាន​ដាក់​វេន​គ្នា ដើរ​ល្បាត​ជា​ប្រចាំ​ក្ដី។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​ទៀត គឺ​លោក គឹម រើន ប្រាប់​អាស៊ី​សេរី​ថា ពួក​គេ​គ្រោង​ឡើង​ទៅ​តវ៉ា ដល់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រក​យុត្តិធម៌​រឿង​នេះ។ លោក​ថា ភូមិកំណើត​របស់​ពួកគេ ត្រូវ​បាន​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ពន្លិច​ជិត ៣ឆ្នាំ​មក​ហើយ ហើយ​ពលរដ្ឋ ៥៣គ្រួសារ ដែល​ក្រាញននៀល​មិន​ទទួល​សំណង បាន​រំកិល​មក​រស់នៅ​ទី​ទួល​សុវត្ថិភាព​យ៉ាង​លំបាក​វេទនា ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក។ លោក​ត្អូញ​ថា រយៈ​ពេល​ជិត ៣ឆ្នាំ​មក​នេះ ការ​រស់នៅ​លើ​ទី​ទួល​សុវត្ថិភាព ប្រឈម​បញ្ហា​ច្រើន រួម​មាន ខ្វះ​ទឹក​ស្អាត កុមារ​បោះបង់​ការ​សិក្សា ខ្វះ​ស្បៀង​អាហារ និង​បាត់បង់​ទី​កន្លែង​នេសាទ​ជា​ដើម៖ «អនុផលព្រៃ​ឈើ​គាត់​រក​អូគីដេ និង​បាយ​ដំណើប​ប្រាក់​ចំណូល​គាត់​សព្វថ្ងៃ។ បើ​សិន​ជា​ព្រៃ​ឈើ​អស់ តើ​ពលរដ្ឋ​ទៅ​រកស៊ី​ស្អី? សព្វថ្ងៃ​គាត់​រស់​ពឹង​តែ​អា​ហ្នឹង​ទេ។ បើ​សិន​ថា ដី​ហ្នឹង​ទាំង​ប៉ុន្មាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់​ប្រគល់​ឱ្យ​ពលរដ្ឋ​តិច តើ​ពលរដ្ឋ​រស់នៅ​បាន​របៀប​ម៉េច? គោ និង​ក្របី ឱ្យ​នៅ​ត្រង់​ណា​ពលរដ្ឋ​នឹង​ធ្វើ​បើ​ក្រុមហ៊ុន​មក​ឈូស​ឆាយ​ពលរដ្ឋ​ទៅ​ទប់​ស្កាត់»

ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​មានផ្ទៃ​ដី​ជិត ៨ពាន់​ហិកតារ (.៨៣៦) សហគមន៍​បាន​ស្នើសុំ​ចុះ​បញ្ជី​ជា​ព្រៃ​អភិ​រក្ស​ចាប់​តាំង​ពី​ឆ្នាំ២០១២ រហូតដល់​ឆ្នាំ២០១៨ ទើប​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះ​បញ្ជី​ជន​ជាតិ​ដើម​ភាគ​តិច​រស់នៅ​តំបន់​នោះ​ជា​ស្វ័យ​អត្តសញ្ញាណ។ ព្រៃ​សហគមន៍​នេះ​ក្រុម​ពលរដ្ឋ​បាន​កំណត់​លក្ខន្តិកៈ​ផែនទី​បទ​បញ្ជា​ផ្ទៃក្នុង និង GPS កំណត់​ព្រំប្រទល់ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សង្គម​ស៊ីវិល និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។

កាល​ពី​ដើម​ឆ្នាំ២០២០ មន្ទីរ​សុរិយោដី ខេត្ត​ស្ទឹងត្រែង​បាន​បដិសេធ​មិន​ព្រម​ឲ្យ​ចុះ​បញ្ជី​ដី​សមូហភាព​ភូមិ​ក្បាល​រមាស​មាន​ទំហំ​ជិត ៨ពាន់ហិកតារ (.៨៣៩) ព្រោះ​ទំហំ​ផ្ទៃ​ដី ដែល​សហគមន៍​ស្នើសុំ ជាន់​ចំ​ដី​ក្រុមហ៊ុន ស៊ីវហ្គេច និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លើស​ពី​នេះ​ទៀត រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង មាន​ដី​នៅ​តំបន់​ផ្សេង​ទំហំ ជាង ៩រយហិកតារ (៩៤១) សម្រាប់​ត្រៀម​ចុះ​បញ្ជី​ជូន​សហគមន៍ ភ្ជាប់​ផែនទី ដែល​មាន​ស្រាប់។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា មូលហេតុ​ដែល​អាជ្ញាធរ​បដិសេធ ព្រោះ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ វាយ​តម្លៃ​ផ្ទៃដី ដែល​ប្រជា​សហគមន៍​បាន​ស្នើសុំ​មាន​ទំហំ​ធំធេង ប៉ះពាល់​ដល់​តំបន់​ផ្សេងៗ ទៀត។ លោក​ថា អភិបាល​ខេត្ត​ធ្លាប់​បាន​ចុះ ចួប​តំណាង​សហគមន៍​ដោយ​បង្ហាញ​ប្រាប់​ពី​ទំហំ​ផ្ទៃដី​លក្ខណៈ​បច្ចេកទេស ដែល​អាច​ចុះ​បញ្ជី​សមូហភាព​បាន មាន​ទំហំ​ជាង ៩រយ​ហិកតារ។ បន្ថែម​ពី​នេះ​លោក​ថា ប្រសិន​បើ​តំណាង​សហគមន៍ ចង់​ពិភាក្សា លម្អិត​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ ធ្វើ​ផែនទី និង​ពន្យល់​ពី​បច្ចេកទេស​ដល់​ពលរដ្ឋ៖ «ខាង​មន្ត្រី​ជំនាញ​លើក​ហេតុផល​ផ្តល់​ឱ្យ​ក្នុង​កម្រិត ដែល​មិន​ប៉ះពាល់​ដើម្បី​ឱ្យ​សុខដុមនីយកម្ម ប្រើប្រាស់​អាស្រ័យផល​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​បាន​ចុះ​បញ្ជី​សមូហភាព។ ដល់ពេល​មិនទាន់​ឯកភាព​គ្នា​ក្រុម​ការងារ មិនមែន​គាត់​មិន​ចុះ​ទេ គាត់​ដក​ឃ្លា​មក​សិន ដើម្បី​ធ្វើ​ពិភាក្សា​គ្នា ហើយ​សុំ​ឱ្យ​តំណាង​របស់​ជនជាតិ​ដើម​ភាគ​តិច​គាត់​ធ្វើការ​ពិនិត្យ​ពិចារណា​ឡើងវិញ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា រួមមាន លិច​ភូមិ​កំណើត ផ្ទះ​សម្បែង និង​ដី​ស្រែ​ចម្ការ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​ដោះ​ស្រាយ​ឱ្យ​ត្រឹមត្រូវ និង​គិត​ពី​អនាគត​របស់​អ្នក​ភូមិ​យូរ​អង្វែង។ លោក បន្ត​ថា សំណើ​របស់​ពលរដ្ឋ ដើម្បី​ថែរក្សា​ព្រៃ​ឈើ​ឱ្យ​គង់វង្ស ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ហេតុ​នេះ អាជ្ញាធរ​មិន​គួរ​បដិសេធ​នោះ​ទេ៖ «បើ​សិន​អ៊ីចឹង​គាត់​ធ្វើ​អ៊ីចឹង​វា​អស់​ស្រប​ទេ ទី​មួយ​យើង​ត្រូវ​ឱ្យ​គាត់​បង្កើត​តំបន់​ការពារ​តំបន់​ការពារ​សហគមន៍​ព្រៃឈើ​មួយ​ទៀត​ទៅ អា​ហ្នឹង​គាត់​អាច​ទទួល​យក​បាន ប៉ុន្តែ​អា​ហ្នឹង​យើង​បែរ​ជា​សុខ​ចិត្ត​ឱ្យ​គាត់​ប៉ុណ្ណឹង​ហើយ ហើយ​បែរជា​កាត់​ដី​ពី​គាត់​វិញ។ អា​ហ្នឹងហើយ​ដែល​យើង​គិត​ថា វា​មិន​សម​ស្រប»

អ្នក​ភូមិ​ថា កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​គំរាម​បង្ខំ​ឱ្យ​អ្នក​ភូមិ​ឯកភាព​គម្រោង​កាត់​ឆ្វៀល​ដី​សហគមន៍​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ហើយ​អាជ្ញាធរ​នឹង​ទុក​ដី ៤រយ​ហិកតារ (៤០០) ឱ្យ​ពលរដ្ឋ​អាស្រ័យផល។

មកទល់​ពេល​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៣គ្រួសារ​បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បដិសេធ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ពួកគេ​បន្ត​រស់នៅ​លើ​ទី​ទួល​ខ្ពស់ ត្រង់​ចំណុច​ស្រែ​វាល ឆ្ងាយ​ពី​ភូមិ​ចាស់ ៤គីឡូម៉ែត្រ។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​រស់​ពឹងផ្អែក​លើ​ព្រៃ​សហគមន៍​ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពួក​គេ ដូច​ជា ឃ្វាល​គោ​ក្របី​ធ្វើ​ចម្ការ​វិល​ជុំ​រក​អនុផល​ព្រៃ​ឈើ​បេះ​បន្លែ និង​ដង​ជ័រទឹក​ជា​ដើម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។