ពលរដ្ឋនៅភូមិថ្មី ឃុំកៀនសង្កែ ជាច្រើននាក់ មិនសប្បាយចិត្តជាមួយនឹងក្រុមអ្នកមានអំណាចខ្លះដែលឃុបឃិតគ្នាលក់ដីអាងទឹកសម្រាប់ស្រែប្រាំង ដែលជាប្រយោជន៍រួមរបស់ពួកគេ។ អ្នកភូមិអះអាងថា ការលក់ដីអាងទឹកសម្រាប់ស្រែប្រាំងនេះ ធ្វើឲ្យពួកគេទាំងអស់គ្នាគ្មានទឹកសម្រាប់ស្រោចស្រពស្រែប្រាំងផង ព្រមទាំងគ្មានវាលស្មៅសម្រាប់ឲ្យសត្វគោក្របីស៊ីផង។
ពលរដ្ឋចំនួន ៩៣គ្រួសារ នៅភូមិថ្មី នៃឃុំកៀនសង្កែ បានលើកគ្នាទៅឈរនៅមុខសាលាស្រុកសូទ្រនិគម ចម្ងាយជាង ៣៥គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី៧ ខែសីហា។
អ្នកភូមិទាំងនោះសម្ដែងការមិនសុខចិត្តចំពោះអ្នកមានអំណាចខ្លះ ដែលឃុបឃិតគ្នាយកដីអាងទឹករួមទៅលក់ឲ្យថៅកែ សម្រាប់ជីកអាចម៍ដីយកទៅធ្វើជាសិប្បកម្មឡឥដ្ឋ។
បុរសម្នាក់ក្នុងចំណោមអ្នកភូមិថ្មី ជាច្រើននាក់ទៀតដែលលើកគ្នាទៅសាលាស្រុកនោះ គឺលោក សន សាំង។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែសីហា ថា បុរសម្នាក់ឈ្មោះ មាស ឈុត ជាអ្នកភូមិថ្មី ដែរ បានយកដីអាងទឹករួមសម្រាប់ស្រោចស្រពស្រែប្រាំងទំហំជាង ២ហិកតារ ទៅលក់ឲ្យថៅកែឡឥដ្ឋ។ ការលក់ដីទៅឲ្យថៅកែនេះ បានធ្វើឲ្យអ្នកភូមិជិត ១០០គ្រួសាររងការប៉ះពាល់ជាច្រើន៖ « វាប៉ះពាល់អាងទឹក គ្មានទឹកដាក់ ស្រែប្រាំង ផង និងគ្មានកន្លែង វាលស្មៅឲ្ យ គោក្របី ស៊ីផង »។
តំណាងអ្នកភូមិថ្មី លោក បឹង រ៉េត មានប្រសាសន៍ថា បន្ទាប់ពីឈ្មោះ មាស ឈុត លក់ដីរួមនោះទៅឲ្យថៅកែឡឥដ្ឋមក អ្នកភូមិធ្លាប់លើកគ្នាទៅតវ៉ាឲ្យមេឃុំកៀនសង្កែ ដោះស្រាយ ប៉ុន្តែមេឃុំមិនជួយដោះស្រាយឡើយ ទើបក្រុមលោកនាំគ្នាឡើងទៅសាលាស្រុកសូទ្រនិគម៖ « ឥឡូវប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត នាំគ្នាឡើងមកឲ្យលោកអភិបាលស្រុក ជួយដោះស្រាយ ចង់បាន តែដីរួម មកវិញ ចំណែក អ្នកលក់ និង អ្នកទិញ ឃុបឃិតគ្នា យ៉ាងម៉េច ដោះស្រាយ គ្នាឯង ទៅ »។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងមេឃុំកៀនសង្កែ លោក ហុង លី ដើម្បីសុំការពន្យល់ជុំវិញបញ្ហាអ្នកភូមិថ្មី តវ៉ានោះ បានថាយ៉ាងណានៅឡើយនៅថ្ងៃទី៧ ខែសីហា។
កាលពីព្រឹកថ្ងៃទី៧ ខែសីហា ក្រុមអ្នកភូមិថ្មី បានដាក់ពាក្យបណ្ដឹងមួយថ្មីទៀតជូនអាជ្ញាធរស្រុកសូទ្រនិគម ឲ្យជួយដោះស្រាយចំពោះករណីលក់ដីអាងទឹករួមទំហំ ២ហិកតារ និង ១៩ម៉ែត្រកាលពីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ។ ពួកគេចោទប្រកាន់ថា មេឃុំកៀនសង្កែ ក៏បានចូលរួមឃុបឃិតគ្នាក្នុងការលក់ដីនោះដែរ។
អភិបាលរងស្រុកសូទ្រនិគម លោក ពិន សារិន ដែលចេញទៅទទួលបណ្ដឹងរបស់អ្នកភូមិនោះមានប្រសាសន៍ថា អាជ្ញាធរស្រុកមិនដែលបានដឹងរឿងរ៉ាវលក់ដីនោះទេ ហើយអាជ្ញាធរស្រុកនឹងពិនិត្យមើលឡើងវិញបន្ទាប់ពីបានទទួលបណ្ដឹងនេះ៖ « យើងនឹងយកសំណុំឯកសារនេះទុក ជូនលោកអភិបាលស្រុក ប៉ុន្តែ ពេលនេះ លោកកំពុង ជួបប្រជុំ នៅកន្លែងផ្សេង »។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប ដែលធ្លាប់ចុះស្រាវជ្រាវករណីនោះ លោក ចាន់ ចំរើន មានប្រសាសន៍ថា តាមលោកពិនិត្យមើលតំបន់ដែលគេលក់នោះ គឺជាព្រៃលិចទឹកសម្រាប់ត្រីពងកូនដ៏សំខាន់ ដែលត្រូវការពារ ដូច្នេះគួរតែអាជ្ញាធរប្រគល់ដីនេះមកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាអាងទឹករួម សម្រាប់ស្រែប្រាំង និងវាលស្មៅវិញទើបអាចរក្សាបាននូវជីវចម្រុះ មិនត្រូវលក់ឲ្យឯកជនជីកដីធ្វើឲ្យប៉ះពាល់ដល់បរិស្ថានរបស់បឹងទន្លេសាបដូច្នេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
