ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​៩​នាក់​នៅ​កោះកុង

0:00 / 0:00

ពលរដ្ឋ​មកពី​សហគមន៍​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង និង​សាច់ញាតិ​នាំគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​០៩​នាក់ ឱ្យ​មាន​សេរីភាព​វិញ។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​សកម្មជន​ទាំង ៩​នាក់ កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​កោះកុង សម្រេច​ឱ្យ​ពួកគេ​ជាប់​ឃុំ​នៅ​ក្រោម​បទ​ចោទ​ដ៏​ពេញនិយម គឺ​បទ​ញុះញង់ ដោយសារតែ​ពួកគេ​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី។

សំណើ​របស់​ប្រជា​សហគមន៍ និង​សាច់ញាតិ​អ្នក​ជាប់ឃុំ​នេះ​ធ្វើឡើង​តាមរយៈ​វីដេអូ ដែល​ពួកគេ​ផូស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា។

វីដេអូ​ទាំងនោះ​បង្ហាញ​ពី​ក្រុម​ពលរដ្ឋ និង​សាច់ញាតិ​រួម​ទាំង​ក្មេងៗ​តូចៗ​ផង​បាន​ជួបជុំគ្នា លើក​បដា ដែល​មាន​រូបថត​សកម្មជន​ទាំង​៩​នាក់ និង​សារ​ដែល​មានន័យ​សេចក្ដី​ស្នើ​ឱ្យ​តុលាការ​ខេត្តកោះកុង​ដោះលែង និង​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​លើ​ពួកគាត់។

យុវជន សុវណ្ណ ជា​កូនប្រុស​របស់​លោកស្រី ផាវ ញ៉ឺង សកម្មជន​ដីធ្លី​នៅ​ឃុំជីខក្រោម ស្រុកស្រែ​អំបិល​អំពាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ឱ្យ​លោក​អន្តរាគមន៍​ជួយ​ដោះលែង​ម្ដាយ​មកវិញ ព្រោះ​គាត់​ដឹង​ច្បាស់​ថា ម្ដាយ​តស៊ូ​រាល់ថ្ងៃ​នេះ​គឺ​ដើម្បី​តែ​ដំណោះស្រាយ​បញ្ហា​ដីធ្លី។

យុវជន សុវណ្ណ៖ «បើសិនជា​បាត់បង់​ដីធ្លី​ហើយ មាន​ក្រុម​គ្រួសារ មាន​អ្នក​ចាប់ខ្លួន​ទៀត អ៊ីចឹង​ក្រុម​គ្រួសារ វេទនា​មែនទែន នៅក្នុង​សហគមន៍​ខ្ញុំ។ អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​សម្ដេច ថ្នាក់​ដឹកនាំ​ផ្សេងៗ និង​តុលាការ​ខ​ខេត្ត​កោះកុង​ដោះលែង​ម៉ាក់​ខ្ញុំ ក៏ដូចជា​ក្រុម​គ្រួសារ​របស់ខ្ញុំ​ផ្សេងៗ​ទៀត​ឱ្យ​ចេញ​ពី​ពន្ធនាគារ និង​ទម្លាក់​ការ​ចោទប្រកាន់​គាត់​ឱ្យ​មាន​សេរីភាព​វិញ ហើយ​អត់​មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ព្រោះ​អី​គាត់​អត់​បាន​សុខ​ទេ។ ខ្ញុំ​សង្ឃឹម​ថា សម្ដេច​នឹង​បាន​ឃើញ​វីដេអូ​នេះ នឹង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​នឹង​ដោះលែង​ម៉ាក់​ខ្ញុំ»។

កាលពី​ថ្ងៃទី២៩ ខែ មិថុនា អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​បាន​ចាប់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ជាង​១០ នាក់ នៅពេល​រារាំង​ក្រុម​ពលរដ្ឋ​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ភ្នំពេញ​។ បន្ទាប់មក​តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​សកម្មជន​ដីធ្លី​៩​នាក់ រួម​ទាំង​កុមារា​អាយុ ១​ឆ្នាំ ៣​ខែ​ម្នាក់​ផង នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​យោង​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រុម​សកម្មជន​ដីធ្លី​ទាំងនេះ​បាន​ព្យាយាម​ឡើង​ទៅ​ដាក់​ញត្តិ​នៅ ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត ឫទ្ធិ ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​របស់​ពួកគាត់​ចំនួន ៣០​នាក់​។ អ្នក​ទាំង​៩​នាក់​នោះ​ជា​សកម្មជន ដែល​តែង​ចេញមុខ​ការពារ​ប្រយោជន៍​ប្រជា​សហគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ដល់​សហគមន៍​ចំនួន​៤ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ក្នុង​ខេត្ត​កោះកុង។

ប្ដី​របស់​លោកស្រី យី គន្ធា ដែល​កំពុង​ជាប់ឃុំ​ពន្ធនាគារ​ខេត្ត​កោះកុង លោក ធី លាង រៀបរាប់​ថា​ប្រពន្ធ​ពុំ​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ទេ​។​លោក​ទទូច​ឱ្យ​មាន​ការ​ដោះលែង​ប្រពន្ធ និង​សកម្មជន​ដទៃទៀត។

លោក ធី លាង៖ «សូម​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់ ដោយ​អត់​មាន​លក្ខខណ្ឌ​អី​ទាំងអស់ ព្រោះ​គាត់​អត់​មាន​កំហុស​អី​ទេ​។ គ្រាន់តែ​ការ​ទៅ​ដាក់​ញត្តិ​របស់​គាត់​ហ្នឹង គឺ​គាត់​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ ដែល​កំណត់​មក​ឱ្យ​ព្រោះ​រឿង​ដាក់​ញត្តិ​នេះ បើ​គាត់​មានទុក្ខ​តាម​ធម្មតា គាត់​ត្រូវតែ​ដាក់​ញត្តិ ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​របស់​តុលាការ​ខាង​ខេត្តកោះកុង»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង​លោក ស៊ូ សុវណ្ណារ៉ា បាន​ទេ នៅ​ថ្ងៃទី​៥ ខែកក្កដា។

ក្រៅពី​ផ្ញើ​សារ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ទាំង​៩​នាក់ ដែល​ជាប់ឃុំ ក្រុម​សហគមន៍ និង​សាច់ញាតិ​អ្នក​ជាប់ឃុំ​ក៏បាន​រៀបរាប់​ពី​ការ​លំបាក​ក្នុង​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​ក្រោយពេល​អ្នក​ទាំង​៩​នាក់​ជាប់ឃុំ ព្រោះ​អ្នក​ជាប់ឃុំ​ទាំងនោះ​ភាគច្រើន​ជា​បង្គោល​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ និង​មើលថែ​កូនតូចៗ​ក្នុង​គ្រួសារ​។ ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នកមាន​ជំងឺ​ប្រចាំ​កាយ ដែល​ត្រូវការ​ថ្នាំ​ព្យាបាល​ជា​រៀងរាល់ថ្ងៃ​ថែម​ទៀត​ផង។

យុវជន វាសនា លើកឡើង​ទាំង​រលីងរលោង​ទឹកភ្នែក​នឹង​អាណិតម្ដាយ​គឺ​លោកស្រី ផាវ ញ៉ឺង ដែល​ទើបតែ​ចេញពី​មន្ទីរពេទ្យ​បាន​មួយ​អាទិត្យ​នៅ​ក្រោយ​ការវះកាត់ ហើយ​ថែមទាំង​មានកូន​តូច​អាយុ​ជាង​មួយ​ខួប​នៅ​ជាមួយ​ផង។

យុវជន វាសនា៖ «ពួក​យើង​ត្រូវការ​តែមួយ​រស់​ទេ​រាល់ថ្ងៃ​នេះ ប៉ុន្តែ​បែរជា​អត់​បាន​រស់​ស្រួល​ហើយ​បែរជា​នៅ​ជាប់​ពន្ធនាគារ​យ៉ាង​លំបាក​ទៀត​។ ជាក់ស្ដែង​ដូច​ម៉ាក់​ខ្ញុំ​អី​ជាប់​ពន្ធនាគារហើយ ឥឡូវ​មាន​អាប្អូន​តូច​ខ្ញុំ​អាយុ​មួយ​ខួប​ជាង​នៅ​ជាមួយ​ទៀត គឺ​វេទនាណាស់ ហើយ​ម៉ាក់​ខ្ញុំ​មាន​ជំងឺ​ទៀត​ទើបតែ​វះកាត់​បាន​ប្រហែល​មួយ​អាទិត្យ​ទេ ហើយ​ចូល​ក្នុង​ពន្ធនាគារ​។ ពន្ធនាគារ​មិនមែន​ស្រួល​ទេ មានកូន​តូច​ទៀត សួរ​ថា តើ​ឱ្យ​គាត់​រស់នៅ​របៀប​ណា ឱ្យ​ពួក​ខ្ញុំ​នៅ​ខាងក្រៅ​រស់នៅ​របៀប​ណា?»។

ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នៅក្នុង​ខេត្តកោះកុង​នេះ ពលរដ្ឋ​រាប់ពាន់​គ្រួ​សារ​បាន​បាត់បង់​ដីធ្លី ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឱ្យ​ឧកញ៉ា និង​អ្នក​មាន​អំណាច ក្នុង​នោះ មាន​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា ព្រមទាំង​លោក ហេង ហ៊ុយ មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច​ទាំងនេះ បាន​ចេញ​តវ៉ា និង​ដើរ​ដាក់​ញត្តិ​រាប់មិនអស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួកគាត់​មិន​ត្រឹមតែ​មិនបាន​ដំណោះស្រាយ​ទេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ និង​អ្នក​ខ្លះទៀត ជាប់​បណ្ដឹង​នៅ​តុលាការ​ទៀត​ផង​។ លើស​ពី​នេះ កាលពី​ខែមីនា បុរស​ពិការ​ជើង​ម្ខាង​ម្នាក់​បាន​ស្លាប់ អំឡុង​ពេល​តវ៉ា​សុំ​ដំណោះស្រាយ​នៅ​សាលា​ខេត្ត​កោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។