អ្នកភូមិ​ថា ទាហាន​ខេត្ត​ព្រះវិហារ​ការពារ​ក្រុមហ៊ុន​ចិន គំរាម​បាញ់​ពលរដ្ឋ​មិន​ឱ្យ​ច្រូត​ស្រូវ​លើដី​​អាស្រ័យផល

ជនជាតិដើម​ភាគតិច​កួយ នៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ថា កងកម្លាំង​ទាហាន ប្រដាប់​ដោយ​កាំភ្លើង នៅ​ខេត្ត​ព្រះវិហារ បាន​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ហេង ហ្វូ (Hengfu Group Sugar Industry) ដើរ​គំរាម​បាញ់ ពលរដ្ឋ​មិន​ឱ្យ​ប្រមូល​ផល​ស្រូវនៅ​លើ​ដី​ដែល​កំពុង​អាស្រ័យ​ផល។ ទាហាន​ទាំងនោះ​ចោទ​ពលរដ្ឋ​ថា អាស្រ័យ​ផល​លើ​ដី​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់ហើយ​បង្ខំ​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​បន្ត​ទៀត។

រដូវ​កាល​ប្រមូល​ផល​ស្រូវ​របស់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​តស៊ូ ស្រុក​ជ័យសែន នៅ​ឆ្នាំ​នេះ គឺ​ពុំ​សូវ​ប្រព្រឹត្តទៅ​រលូន​នោះ​ទេ ព្រោះ​មាន​បញ្ហា​រកាំរកូស ជាមួយ តំណាង​ក្រុមហ៊ុន​ចិន ម្នាក់​ឈ្មោះ ឈៀង គង់នៅ​។ ថ្មីៗ​នេះ លោក ឈៀង គង់នៅ បាន​ប្រើប្រាស់​កម្លាំង​ទាហាន ប្រដាប់​ដោយ​កាំភ្លើង ដើរ​គំរាម​ពលរដ្ឋ មិនឱ្យ​ប្រមូល​ផល​ស្រូវ នៅ​លើដី​កំពុង​អាស្រ័យ​ផល ហើយ​គំរាម​ដកហូត វត្ថុ​មាន តម្លៃ របស់​ពួកគាត់​ថែម​ទៀតផង។

ជនជាតិដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យសែន លោកស្រី ហួត ម៉ាលី ប្រាប់ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​តុលា ថា នៅ​ថ្ងៃទី​២២ ខែតុលា មាន​កងកម្លាំង ទាហាន​ចំនួន​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង បានមក​គំរាម​ប្ដី​លោកស្រី និង​អ្នកភូមិ ២​គ្រួសារ​ទៀត មិនឱ្យ​ប្រមូល​ផល​ស្រូវ ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល។ ទាហាន​ក៏បាន​គំរាម ដកហូត​ម៉ាស៊ីន​ច្រូតស្រូវ របស់​អ្នកភូមិ យក​ទៅ​ទុក​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន​ប្រសិនបើ​ពួកគាត់ មិន​ព្រម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ស្រ័យ​ផល​លើ​ដី​នេះ​ទៀត នៅ​ឆ្នាំ​ក្រោយ។

ទោះ​ជា​យ៉ាង​ណា​ ​ លោកស្រី ហួត ម៉ាលី ឱ្យ​ដឹង​ថា​ ដី​ទាំង​នេះ​ គឺ​ជា​​កម្ម​សិទ្ធិ​របស់​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ។ លោក​ស្រី​បន្ត​ថា​ មក​ដល់​បច្ចុប្បន្ន​​ មាន​ពលរដ្ឋ​ ​​ជាង​៤០​គ្រួសារ បាន​អាស្រ័យ​ផល​លើ​ដី​នេះ​វិញ ​ក្រោយ​ពី​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ ​បាន​ក្ស័យធន​ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោកស្រី ហួត ម៉ាលី៖«គំរាម​នឹង​ហើយ​ ទាហាន​ទាំង​ពីរ​នាក់ គាត់​កាន់​កាំភ្លើង​ទាំង​ពីរ​នាក់ ហើយ គាត់​ទៅ​ប្រាប់​ថា​ប្រសិន​បើ​អត់​បង់​លុយ​ គាត់​នឹង​ចាប់​ម៉ាស៊ីន ហើយ​ ប្រសិន​ជា​ផ្ដិត​មេដៃ ប្រគល់​ដី​ឱ្យ​គេ​ទៅ ​គេ​ក៏​អត់​ឱ្យ​បង់លុយ​ដែរ។ គេ​ថា​ប្រសិន​បើ​នៅ​តែ​រឹងរូស មេដៃ​ក៏​ ​ផ្ដិត​​ លុយ​ក៏​មិន​បង់ គេ​ក៏​មិន​ឱ្យ​ម៉ាស៊ីន​ច្រូត​ទៅ​វិញ​ដែរ​។ ខ្ញុំ​សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​គាត់​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​បាត់បង់​ដី​ ឱ្យ​គាត់​បាន​ បាន​សុខសាន្ត។ រាល់ថ្ងៃ​ពួក​គាត់​ធ្វើ​ទាំង​ជួប​ហានិភ័យ គាត់​ធ្វើ​ទាំង​ការ​ព្រួយ​បារម្ភ គាត់​ប្រឈម​រហូត​ ហើយ​អ្នក​ដែល​ទន់ខ្សោយ​​ ធ្វើ​អត់​ចំណេញ​ទេ»។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​ ព្រះវិហារ​ គឹម រិទ្ធី និង​អភិបាលរងខេត្ត លោក យឹម បញ្ញា​ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​ រឿង​នេះ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។ រីឯ​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ ក៏​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា អភិបាល​ស្រុក​​ជ័យសែន លោក យក់ សំភឿង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ដដែល​នេះ​យ៉ាង​ខ្លី​ថា ករណី​​ទាហាន​ទៅ​គំរាមកំហែង​ពលរដ្ឋ​មិន​ឱ្យ​ ប្រមូល​ផល​ស្រូវ​នេះ​ លោក​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ឃុំ​ចុះ​ពិនិត្យ​ហើយ​ថា​តើ​ រឿង​នេះ​ពិត​ ឬ​ក៏​អត់​។ លោក​មិន​ទាន់​ដឹង​ថា​ នឹង​ដោះស្រាយ​បែប​ណា​នៅ​ឡើយ​ ដោយ​ នៅ​ចាំ​​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន។

លោក យក់ សំភឿង៖«ខ្ញុំ​បាន​ឱ្យ​មេឃុំ​(មេឃុំ​តស៊ូ)ចុះ​ទៅ​មើល​សិន​ណា។ តាម​ពិត​ យើង​មើល​ភស្តុតាង​ជាក់ស្ដែង​សិន។ ចាំ​មើល​ខ្ញុំ​ធ្វើ​ការ​សិន​ណា»។

ការ​គំរាម​កំហែង និង​ ​បង្ខំ​ឱ្យ​អ្នកភូមិ​ធ្វើ​កិច្ច​សន្យា​ពី​សំណាក់​កម្លាំង​ទាហាន​ជា​ ​បន្ត​បន្ទាប់​​ នេះ ​ធ្វើ​ឡើង​ ​​ក្រោយ​ពេល​ដែល​​អភិបាល​​រង​ខេត្ត​ លោក យឹម បញ្ញា កាល​ពី​ដើម​ខែ​តុលា បាន​ដឹកនាំ​​អាជ្ញាធរ​ភូមិ​ឃុំ ​និង​តំណាង​ក្រុម​ហ៊ុន​ លោក ឈៀង គង់នៅ ចុះ​ជួប​ពលរដ្ឋ​មក​ពី​ភូមិ​បុស្ស និង​ភូមិ ប្រើស​ក្អក ឃុំ​ម្លូ​ព្រៃ​ពីរ ​ស្រុក​ឆែប​ ជាង​១០០​នាក់។ ក្នុង​ជំនួប​នោះ អភិបាល​រង​ខេត្ត លោក ឃឹម បញ្ញា និង​តំណាង​ក្រុមហ៊ុន លោក ឈៀង គង់នៅ បាន​គំរាម​ឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ច​សន្យា ឈប់​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ដោយ​ថា ដី​នោះ​ គឺ​ជា​ដី​របស់​ក្រុមហ៊ុន។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ជំនួប​នោះ​មក​ មាន​កម្លាំង​ទាហាន និង​ប៉ូលិស ប្រដាប់​ដោយ​កាំភ្លើង​ សហការ​ជាមួយ​បក្ខពួក លោក ឈៀង គង់នៅ ដើរ​បញ្ចុះបញ្ចូល​ និង​គំរាម​កំហែង​ពលរដ្ឋ​ឱ្យ​ធ្វើ​កិច្ចសន្យា ប្រគល់​ដី​ឱ្យ​ទៅ​ភាគី​ក្រុមហ៊ុន។ រីឯ​ពលរដ្ឋ​ណា​មិន​ព្រម​ធ្វើ​កិច្ចសន្យា​ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ ហើយ​ត្រូវ​ដក​ហូត​ទ្រព្យ​​មាន​តម្លៃ ដូចជា​គោយន្ត និង​ម៉ាស៊ីន​ច្រូត​ស្រូវ​ជា​ដើម។

ជាក់ស្ដែង​កាល​​ពី​​ទី​១៩ ខែ​តុលា គោយន្ត​របស់​អ្នក​ភូមិ​បុស្ស​ ឃុំ​ម្លូព្រៃពីរ ចំនួន ៣​គ្រឿង​​ ​ត្រូវ​បាន​ បក្ខពួក លោក ឈៀង គង់នៅ សហការ​ជាមួយ​កម្លាំង​ទាហាន​២នាក់ ប្រដាប់​ដោយ​កាំភ្លើង​ ចុះ​មក​ដក​ហូត​គោយន្ត ​ពលរដ្ឋ​យក​ទៅ​ទុក​នៅ​កសិដ្ឋាន​របស់​ក្រុម​ហ៊ុន អំឡុង​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដក​ដំឡូង​មី​ ស្ថិត​នៅ​លើ​ដី​កំពុង​មាន​វិវាទ។ រហូត​មក​ដល់​ពេល​នេះ​ អ្នក​ភូមិ​ ទាំង​នោះ​ ពុំ​ទាន់​ទទួល​បាន​គោយន្ត​ មក​ប្រើ​ប្រាស់​​វិញ​នៅ​ឡើយ​ ដោយ​សារ​តែ​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​ ឱ្យ​ក្រុមហ៊ុន។

ទាក់ទិន​រឿង​នេះ​ អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ លោក ម៉ៃ វុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​ទាហាន និង​បក្ខពួក លោក ឈៀង គង់នៅ​ ដើរ​គំរាម​ពលរដ្ឋ មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យផល​នេះ​គឺ​ជា​ទង្វើ​​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​​​ពលរដ្ឋ​ធ្ងន់ធ្ងរ។

លោក​បន្ថែម​​​ថា​ ករណី​វិវាទ​ដីធ្លី​នេះ ​ពុំ​បញ្ឈប់​បាន​ដោយ​ងាយ​ៗ​នោះ​ទេ​​ ព្រោះថា​កន្លង​ទៅ​​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​ចិន​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​​បង្ហាញ​ការ​​​​គាំទ្រ ទៅ​ភាគី​ក្រុមហ៊ុន​ ថា ជា​អ្នក​​ឈ្នះ​ ដែល​ជាហេតុ ធ្វើ​ឱ្យ​​ពួក​គេ​​បាន​ចិត្ត​ ​ដើរ​គំរាមកំហែង​ និង​ ប្រើ​អំពើ​ ហិង្សា​ ​មក​លើ​ ពលរដ្ឋ​តាម​អំពើ​ចិត្ត។

លោក ម៉ៃ វុទ្ធី៖«ខ្ញុំ​មើល​ឃើញ​ថា​ វា​ជា​រូបភាព​មួយ​គំរាមកំហែង​ប្រជាពលរដ្ឋ​ ។ ខ្ញុំ​គិត​ថា​ករណី​នេះ​ អាជ្ញាធរ​ខេត្ត​គួរតែ​ដោះស្រាយ​ឱ្យ​បាន​សមរម្យ​ដល់​ប្រជាពលរដ្ឋ ដែល​ពួក​គាត់​ បាន​អាស្រ័យ​ផល​លើ​ដី​នេះ​ជា​យូរយារ​មក​ហើយ។ នៅ​ពេល​ពួក​គាត់​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ បែរ​ជា​ឃើញ​ខាង​អាជ្ញាធរ​គំរាមកំហែង ពួក​គាត់​មិន​ឱ្យ​ពួក​គាត់​ទៅ​អាស្រ័យផល ហើយ​យើង​ឃើញ​ដកហូត​គោយន្ត​ពួក​គាត់​​ទៅ​ទុក​​ ដោយ​ខុស​ច្បាប់ អត់​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​ឱ្យ​ជាក់​លាក់»។

ពលរដ្ឋ​រស់នៅ​ឃុំ​តស៊ូ ស្រុក​សែនជ័យ មាន​​​ជាង ៤០​គ្រួសារ ​ហើយ​​​​កំពុង​​អាស្រ័យ​ផល​លើ​ដី​ជាង​២០០​ហិកតារ​​​ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ហេង ហ្វូ បើ​ទោះ​ជា​ ​ក្រុម​ហ៊ុន ​បាន​ក្ស័យធន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី​ ​ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២៤​​ ស្រាប់​តែ​មាន​បុគ្គល ឈ្មោះ ឈាង គង់នៅ អះអាង​ថា​ ជា​តំណាង​ ក្រុម​ហ៊ុន ហើយ​​ដើរ​គំរាមកំហែង​ ​ពលរដ្ឋ​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ដោយ​បង្ខំ​ឱ្យ​ ពលរដ្ឋ​ធ្វើ​កិច្ច​សន្យា​​ ចំណែក​​​​ផល​​ទទួល​បាន​ពី​ការ​ប្រមូល​ផល​ ស្រូវ​ឆ្នាំ​នេះ​ ត្រូវ​បែង​ចែក​ ៥០​ភាគ​រយ​ឱ្យ​ទៅ​ក្រុម​ហ៊ុន ដើម្បី​ជា​ថ្នូរ​កុំ​ឱ្យ​ពួក​គេ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​កាន់​កាប់​​ដី​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរ​តែ​កោះហៅ​ភាគី​ក្រុម​ហ៊ុន និង​ពលរដ្ឋ​ ដើម្បី​ ដោះស្រាយ​ វិវាទ​ដីធ្លី​នេះ​ឡើង​វិញ​ ដោយ​ឈរ​លើ​​គោលការណ៍​យុត្តិធម៌។ ពលរដ្ឋ​ថា​ ដី​ទាំង​នោះ​ អ្នក​ភូមិ​បាន​​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​ ចំណែក​ក្រុមហ៊ុន ក៏​បាន​ក្ស័យធន​​ហើយ​​ដែរ​ ដូច្នេះ​ រដ្ឋាភិបាល​ គួរតែ​ពិចារណា​ ប្រគល់​ដី​ទាំង​នោះ​​ឱ្យ​​ពលរដ្ឋ​​កាន់​កាប់​ឡើង​វិញ​ ដោយ​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។