ជនជាតិ​ចិន២​នាក់​ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១០​គីឡូក្រាម

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា បាន​កាត់ទោស​ជនជាតិ ចិន​២​នាក់ ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន។ បុរស​ជនជាប់ចោទ​ទាំងពីរ​នាក់​នោះ ម្នាក់​គឺជា​ជនជាតិ​ចិនដីគោក និង​ម្នាក់ទៀត ជនជាតិ​ចិន​តៃវ៉ាន់។ សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​អ្នក​ទាំងពីរ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ក្នុង​ពេល​ពួកគេ​រង់ចាំ​ទទួល​គ្រឿងញៀន ដែល​ផ្ញើ​ពី​ប្រទេស​អាល្លឺម៉ង់ នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​កម្ពុជា។ ក្នុង​ពេល​នោះ​សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន ចំនួន​ជាង ១០​គីឡូក្រាម​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​កំពុង​កើន​ឡើង។

ក្នុង​របាយការណ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ថា ក្លឹប​កម្សាន្ត និង​បារ​បារាំង ចំនួន​ជាង ១​ពាន់​២​រយ​កន្លែង​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ម្ចាស់​ក្លឹប​កម្សាន្ត ជាង ១​ពាន់​កន្លែង បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​គ្រឿងញៀន ប្រភេទ​ថ្នាំ​គ្រាប់ និង​ប្រភេទ​ទឹក ជាង​៥០ គីឡូក្រាម ក្នុង​ពេល​ប្រតិបត្តិការ​ចុះ​ចាប់ និង​ឃាត់ខ្លួន ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ៣០០​នាក់ នៅ​ក្លឹប​កម្សាន្ត​រ៉ក់ (Rock)។ ជន​សង្ស័យ​ទាំង​ដោះលែង​ទាំងអស់​លើកឡើង​តែមួយ​ចំនួន​តូច​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។ ទោះបីជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មើល​ឃើញ​ថា រូបភាព​នៃ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​គ្រាន់​ជា​ការ​ឃាត់ខ្លួន​ជនរងគ្រោះ​តែប៉ុណ្ណោះ។ ពួកគេ​ចង់​ឱ្យ​សមត្ថកិច្ច​ឃាត់​អ្នក​នៅ​ពីក្រោយ​ករណី​នៃ​ការ​ជួញដូរ​គ្រឿងញៀន​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។