មន្ត្រី​៣​រូប​រង​ការ​ប្ដឹង​ពី​បទ​ផ្ដើម​គំនិត​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាសែត

ដោយ ទីន ហ្សាការីយ៉ា
2014.05.28
ឡាយ សាមាន ៦១០ អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) លោក ឡាយ សាមាន (ពាក់​អាវ​ស) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពេល​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី ៣​រូប​ពី​បទ​ផ្ដើម​គំនិត​ប្រើ​ហិង្សា កាល​ពី​ព្រឹក​ថ្ងៃ​២៨ ឧសភា ឆ្នាំ​២០១៤។
RFA/Tin Zakariya

រដ្ឋាភិបាល ឬ​តុលាការ​កម្ពុជា​កន្លង​មក​មិន​បាន​ស្វែង​រក​ចាប់​ឃាតក​សម្លាប់​សារព័ត៌មាន​បាន​ឡើយ។ ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ពី​បញ្ហា​នេះ មាន​ករណី​មួយ​ថ្មី​ទៀត​ដែល​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​យក​ព័ត៌មាន សំឡេង​ប្រជាធិបតេយ្យ VOD កាលពីដើម​ខែ​ឧសភា​នោះ ឥឡូវ​នេះ​ប្រធាន​ស្ថាប័ន​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ហើយ ដើម្បី​ឲ្យ​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ និង​ប្ដឹង​អភិបាល អភិបាលរង​ខណ្ឌ​ដូនពេញ ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ទារ​ថ្លៃ​ព្យាបាល​ជំងឺ និង​ថ្លៃ​ជំងឺ​ចិត្ត​ប្រមាណ​ជា ​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

នាយ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ភ្លាមៗ​ថា ស្ថាប័ន​របស់​លោក​បាន​សម្រេច​ប្ដឹង​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ លោក សុខ សម្បតិ្ត អភិបាល​ខណ្ឌ​ដូនពេញ និង លោក សុខ ពេញវុធ ជា​អភិបាលរង​នោះ ពីព្រោះ​ទាំង​បី​នាក់​នេះ​ជា​មនុស្ស​សំខាន់​នៅ​ពី​ក្រោយ​ខ្នង​សន្តិសុខ ដែល​ប្រើ​អំពើ​ហិង្សា​លើ​អ្នកយកព័ត៌មាន​របស់​លោក ឲ្យ​រង​របួស​ធ្ងន់ធ្ងរ៖

«សំឡេង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ដាក់​ប្ដឹង​ណាមួយ​ជា​សិទ្ធិ​របស់​ស្ថាប័ន ឬ​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។ លោក​អះ​អាង​ថា សកម្មភាព​សន្តិសុខ​កន្លង​មក​នោះ​ជា​ការ​ពង្រឹង​នៃ​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ។

«សំឡេង»

លោក ឡាយ សាមាន អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ពាក់​មួក​បិទបាំង​មុខ ពី​ ៦​នាក់ ទៅ​ ១០​នាក់ ប្រើ​អំពើ​ហិង្សា​វាយ​លោក​ឲ្យ​សន្លប់​កាលពី​ថ្ងៃ​ទី​២ ឧសភា នៅ​ពេល​លោក​បំពេញ​បេ​ក​សកម្ម​យក​ព័ត៌មាន​នៅ​លើ​ផ្លូវ​នរោត្តម ​ជិត​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ នៅ​មុន​ពេល​ក្រុម​សន្តិសុខ​ប្រើ​អំពើ​ហិង្សា​លើ​លោក គឺ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​វាយ និង​បង្ក្រាប​ប្រឆាំង​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ ហើយ​នៅ​នាទី​ចុង​ក្រោយ គោល​ដៅ​នៃ​ការ​បង្ក្រាប​នោះ បាន​បង្វែរ​ទិស​ទៅ​អ្នកសារព័ត៌មាន ដែល​ព្យាយាម​ថត​យក​រូបភាព​នៅ​ទីនោះ​វិញ​ម្ដង។ ហេតុការណ៍​នៃ​ការ​បង្ក្រាប​កាល​ណោះ គឺ​នៅ​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ពិធី​ជួបជុំ​នៅ​ចំណុច​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ស្រុក ខណ្ឌ​ជា​លើកដំបូង​របស់​ខ្លួន។

លោក ឡាយ សាមាន រង​របួស​ធ្ងន់ធ្ងរ បាក់​ថ្ពាល់​ខាងស្ដាំ ជាំ​ក្បាល ភ្នែក ត្រូវ​បាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ ក្រោយ​មក​ស្ថាប័ន​នេះ ក៏​បញ្ជូន​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ។ មក​ទល់​ពេល​នេះ លោក ឡាយ សាមាន មិន​ទាន់​មាន​អាការៈ​ជា​សះ​ស្បើយ​នៅឡើយ បន្ទាប់ពី​ចំណាយ​ថ្លៃ​ព្យាបាល​អស់​ចំនួន ​១​ម៉ឺន ៥​ពាន់​ដុល្លារ​ហើយ​នោះ។ ស្ថាប័ន CCIM កំពុង​អំពាវនាវ​ស្វែងរក​មូលនិធិ​បន្ថែម ដើម្បី​ទូទាត់​ថ្លៃ​ព្យាបាល​របស់លោក។

លោក ឡាយ សាមាន ពាក់អាវ​ស ខោ​ខ្មៅ ដែល​ផ្ទៃមុខ​ហើម និង​ភ្នែក​ខាងស្ដាំ​នៅ​ក្រហម​និង​ហៀរ​ទឹកភ្នែក​នៅឡើយ​នោះ ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​នោះ​ថា លោក​ត្រូវ​ទៅតាម​ដាន​ជំងឺ​នៅ​ប្រទេស​ថៃ​ទៀត ពី​ព្រោះ​ស្ថានភាព​របួស​នៅ​ធ្វើទុក្ខ​នៅឡើយ។

«សំឡេង»

ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា​ ថា ការ​គំរាម​កំហែង ការ​ប្រើ​អំពើ​ហិង្សា ការ​រឹប​អូស​សម្ភារៈ និង​ការប្រមាថ​ចំពោះ​អ្នកសារព័ត៌មាន​នេះ​ ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ទាក់ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន និង​សម្លាប់​អ្នកសារព័ត៌មាន​នេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​និង​មន្ត្រី​សិទ្ធិមនុស្ស​សំដែង​ការ​សោកស្ដាយ ចំពោះ​សកម្មភាព​ប្រើ​អំពើ​ហិង្សា និង​សម្លាប់​អ្នក​សារព័ត៌មាន​កន្លង​មក ដោយ​ហេតុ​ថា​លំហូរ​សេរីភាព​សារព័ត៌មាន និង​គំនិត​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​របប​ប្រជាធិបតេយ្យ ហើយ​មាន​វា​សារសំខាន់​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​យ៉ាង​ពិត​ប្រាកដ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​កង​សន្តិសុខ​នេះ។ លោក​បន្ថែម​ថា​សារព័ត៌មាន​ជា​និយាម​មួយ​សម្រាប់​វាស់វែង​នូវ​ការដឹកនាំ​របស់​រដ្ឋាភិបាល តែ​ការ​ប្រើប្រាស់ ការ​គំរាម​កំហែង​លើ​អ្នកសារព័ត៌មាន​នេះ ជា​ការ​រុញច្រាន​ឲ្យ​សង្គម​កម្ពុជា​ ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីក្លាហាន​របស់​អ្នកសារព័ត៌មាន។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ឡាយ សាមាន ប្ដេជ្ញា​ចិត្ត​ថា​ លោក​មិន​រុញ​រា ឬ​មាន​ការ​ភ័យខ្លាច​ក្នុង​ការ បំពេញ​ការងារ​ជា​អ្នកសារព័ត៌មាន​នេះ​ឡើយ។ លោក​អះអាង​ថា លោក​នៅតែ​បំពេញ​តួនាទី​របស់​ខ្លួន និង​ប្រកាន់​ភ្ជាប់​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​ជានិច្ច។

«សំឡេង»

គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក​មាន​អ្នក​សារព័ត៌មាន​ចំនួន​ ១២​នាក់​ហើយ ត្រូវ​បាន​គេ​សម្លាប់ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិនទាន់​រក​ឃាតក​ឃើញ​យក​មក​កាត់ទោស​នៅឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៉ា ងួនទៀង ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​សាធារណជន​ដឹង​ថា តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​រដ្ឋាភិបាល​មិន​ស្វែងរក​យុត្តិធម៌​ចំពោះ​អ្នក​សារព័ត៌មាន​ផ្សេងៗ ដែល​ឃាតក​បាន​បាញ់​សម្លាប់​ក៏ដោយ ក៏​ប៉ុន្តែ​តួនាទី​របស់​លោក​ជា​អ្នកទទួល​ខុស​ត្រូវ​លើ​សហការី​របស់​លោក ត្រូវ​តែ​ប្ដឹង​ទៅ​តុលាការ។

«សំឡេង»

បន្ថែម​ពីលើ​បញ្ហា​នេះ ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី ចរិយា​ មាន​ប្រសាសន៍​ថា ទោះបីជា​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​យ៉ាង​នេះ​ក្ដី តែ​ការសម្រេច​ដាក់ពាក្យ​ប្ដឹង​របស់ លោក ប៉ា ងួនទៀង នេះ​ជា​រឿង​ត្រឹមត្រូវ​តាមច្បាប់​ពីព្រោះ​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ​ជា​ការ​បង្ហាញ​ភស្តុតាង​ថា តើ​តុលាការ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​និង​ស្វែងរក​យុត្តិធម៌​ដែរ​ទេ។

«​សំឡេង»

លោក ប៉ា ងួនទៀង បាន​ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល អភិបាលរង​ខណ្ឌ​ដូនពេញ ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នេះ តាម​មាត្រា ២៨ មាត្រា​២១៧ និង​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ។ លោក ប៉ា ងួនទៀង អះអាង​ថា​ លោក​មាន​គម្រោង​ដាក់​លិខិត​សុំ​ជួប លោក ប៉ា សុជាតិ​វង្ស ទៀត​នៅ​ពេល​ខាងមុខ។

អ្នក​ជំនាញ​សារព័ត៌មាន​ពន្យល់​ថា ការវាយប្រហារ​លើ​អ្នកសារព័ត៌មាន មិន​មែន​តែ​អ្នក​សារព័ត៌មាន​ទេ​ដែល​រងគ្រោះ គឺ​ធ្វើ​ឲ្យ​រងគ្រោះ​សង្គម​ទាំងមូល ពីព្រោះ​ការ​ពាំនាំ​ព័ត៌មាន​ពិត ជា​ការ​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព​ដឹកនាំ​របស់​រដ្ឋ​មួយ​ថា អាក្រក់ ឬ​ល្អ​នោះ។ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​អាច​កែប្រែ​សកម្មភាព​របស់​ខ្លួន ឬ​ការ​បោស​សំអាត​មន្ត្រី​ពុករលួយ​នេះ គឺ​ពឹង​ផ្អែក​ទៅ​លើ​សារព័ត៌មាន​ជា​រឿង​សំខាន់។

អង្គការ​ឃ្លាំ​មើល​សេរីភាព​អន្តរជាតិ Freedom House កាល​ពី​ដើម​ខែ​ឧសភា បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៤ រក​ឃើញ​ថា ​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុងចំណោម​ប្រទេស​១៩៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។