តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន៦នាក់ នៅក្នុងពន្ធនាគារខេត្តជាបណ្ដោះអាសន្នក្រោយពីបានធ្វើសកម្មភាពចាប់មនុស្សជំរិតទារប្រាក់មិនបានសម្រេចកាលពីដើមខែកក្កដា។ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការខេត្តព្រះសីហនុលោក លឹម ប៊ុនហេង ប្រាប់អាស៊ីសេរីថា តុលាការបានសម្រេចចោទប្រកាន់ ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយមនុស្សខុសច្បាប់ មាត្រា ២៥៣ ក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីជនជាតិចិនមានគ្នាចំនួន៦ បានធ្វើសកម្មភាពចាប់ជំរិត ជនជាតិចិនម្នាក់យកទៅបង្ខាំងទុកនៅក្នុងព្រែដើម្បីជំរិតទារប្រាក់។
កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា បានចាប់ឃាត់ខ្លួនជនជាតិចិនមួយក្រុមមានគ្នា០៦ នៅក្នុងទីក្រុងកំពង់ផែនៃខេត្តព្រះសីហនុ។ ប្រតិបត្តិការរុករកនេះបានធ្វើឡើងដោយមានការចូលរួមពីមន្ត្រីតុលាការខេត្តព្រះសីហនុ និងកងរាជអាវុធហត្ថប្រមាណ ៣០នាក់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ។
ករណីចាប់ជំរិតទារប្រាប់បានកើតឡើងចំនួនពីរករណីហើយ ក្នុងរយៈពេល២ខែកន្លងមកនេះ។កាលពីខែមិថុនាសមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួនជនជាតិចិនចំនួន០៤នាក់ ក្រោយពីបានចាប់ជនរងគ្រោះជនជាតិចិនដូចគ្នាម្នាក់យកទៅធ្វើទារុណកម្មក្នុងព្រៃ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីជំរិតទារប្រាប់ពីក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសចិន ប្រមាណ ៧ម៉ឺនដុល្លារមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។