សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ម្នាក់ឈ្មោះ សៃ ជៀនកូ (TSAI JAN KO) ដាក់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ដោយចោទពីបទរក្សាទុក ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។
ជនជាប់ចោទជាជនជាតិចិនតៃវ៉ាន់មានវ័យ ៥៨ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ពាក់ពន្ធនឹងការជួញដូរ
គ្រឿងញៀនចំនួន ៤គីឡូក្រាម ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនបញ្ជូនសំណុំរឿងនេះ ទៅតុលាការដើម្បីសាកសួរទៅតាមនីតិវិធីច្បាប់។
មេដឹកនាំរបបក្រុងភ្នំពេញធ្លាប់ទទួលស្គាល់ថា ការចរាចរជួញដូរគ្រឿងញៀននៅកម្ពុជាមិនថយចុះទេ និងថែមទាំងរីករាលដាលគួរឱ្យបារម្ភ ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលមួយចំនួនទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ របបនេះអះអាងថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀនទេ ដោយគ្រាន់តែមានការលួចលាក់នាំចូលពីក្រៅប្រទេស តាមរបៀងព្រំដែន និងជើងហោះហើរ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សារក្នុងស្រុក។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕
