មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នគរ​បាល​ខេត្ត​ព្រៃវែង ៧នាក់​ ​ដែល​​ប្រើ​ហិង្សា​ និង​យក​លុយ​ពី​ជន​សង្ស័យ​​ករណី​គ្រឿងញៀន

ដោយ ខែ សុណង
2020.07.29
នេត្រ សាវឿន លោក នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។
រូប៖ ហ្វេសប៊ុកលោក នេត្រ សាវឿន

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់ លើ​មន្ត្រី​នគរបាល ៧នាក់ នៅ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើ​ហិង្សា​និង​យក​លុយ​ពី​ជនសង្ស័យ​ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ខេត្ត​នេះ។ សំណើ​នេះ ស្រប​ពេល ដែល​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សម្រេច​ផ្អាក​ការងារ​មន្ត្រី​នគរបាល​ទាំងនោះ​ជា​បណ្ដោះអាសន្ន។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ។ អ្នក​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ឱ្យ​ដឹង​ថា កន្លងមក​ពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ខេត្ត​នេះ។ អ្នកស្រី​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឬ​ក្រសួង​មហាផ្ទៃ​ត្រូវ​មាន​វិធានការ​ម៉ឹង​ម៉ាត់​ និង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ លើ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប៉ុន្តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​បែប​នេះ​ទៅវិញ៖ «កាលណា​មន្ត្រី​ល្មើស​ការ​ដាក់ទោស​ច្រើនជាង​ប្រជាពលរដ្ឋ​ដោយសារ​គាត់​យល់ដឹង​ពី​ច្បាប់​គាត់​យល់ដឹង​ច្រើនជាង​ប្រជាពលរដ្ឋ​មួយទៀត​គាត់​ធ្វើជា​គំរូ​ឱ្យ​ពលរដ្ឋ​បាន​ឃើញ​ថា មន្ត្រី​ដែល​ធ្វើខុស​មានទោស​ពិតជា​មានទោស​ដូច​ច្បាប់​បាន​ចែង​មែន»

សំណើម​ន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ក្រោយ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ទី២៧ ខែកក្កដា បាន​ចេញ​សេចក្ដី​សម្រេច​ដាក់​វិន័យ​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ៧នាក់ ដោយ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន ផ្ទុយពី​ក្រមសីលធម៌​វិជ្ជាជីវ​: និង​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ ថែមទាំង​បង្ក​ឲ្យ​មានរបួស​ស្នាម​ដល់​ជនសង្ស័យ។

គេហទំព័រ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចុះ​ផ្សាយ​ថា ការ​ដាក់​វិន័យ​ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នេះ ជា​ជំហាន​ទី១ ប៉ុណ្ណោះ។ មេ​ប៉ូលិស​ជាន់​ខ្ពស់​រូប​នេះ​អះអាង​ថា លោក​បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​បញ្ជាក់​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​ដាក់​វិន័យ​តាម​ទម្ងន់​ទោស ឬក៏​ការ​អនុវត្ត​ច្បាប់។

មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ផ្អាក​ការងារ​ទាំង​នេះ មាន​តួនាទី​ចាប់ពី​មន្ត្រី​ប្រឆាំង​គ្រឿងញៀន រហូត​ដល់​ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​គ្រឿងញៀន​ក្នុង​ខេត្ត​ព្រៃវែង។

របាយការណ៍​ប៉ូលិស​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​នគរបាល​ទាំងនេះ បាន​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជន​សង្ស័យ​ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ខេត្ត​ព្រៃវែង ចំនួន ២លើក លើក​ទី១ នៅ​កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា និង​លើក​ទី២ កាល​ពី​ថ្ងៃ​ទី២០ ខែកក្កដា។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​លើ​សំណុំរឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រំ សន្ធរ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់ថា ទង្វើ​របស់​ក្រុម​នគរបាល​ដូច្នេះ ជា​ការរំលោភ​ច្បាប់​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម​ធ្ងន់ធ្ងរ។ មន្ត្រី​សង្គម​​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​មានការ​បញ្ជូន​មន្ត្រី​ដែល​ជាប់សង្ស័យ ទៅ​ស្ថាប័ន​តុលាការ​ស៊ើបអង្កេត និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ លោក​ថា ប្រសិនបើ​រក​ឃើញ​ថា​អ្នក​ទាំងនោះ បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​គួរ​ដាក់ទោស​តាមច្បាប់​និង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ៖ «យើង​ចង់​ឃើញ​ថា​មន្ត្រី​ទាំងអស់​ហ្នឹង​មិន​ត្រឹម​បញ្ឈរជើង​ទេ​បាទ​ត្រូវ​ដាក់ទោស​ទណ្ឌ​គាត់​បាទ​ហើយ​ម៉្យាងទៀត​ការ​ដាក់ទោស​ទណ្ឌ​ហ្នឹង​មិន​គួរ​ដល់ពេល​គាត់​អនុវត្តន៍​ចប់​សព្វគ្រប់​មិន​គួរ​ឱ្យ​គាត់​មក​ធ្វើ​មន្ត្រី​វិញ​ទេ​បាទ»

លោក យង់ គឹម​អេង ជំរុញ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ឬ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា ត្រូវ​មាន​វិធានការ​ដូច​គ្នា លើ​មន្ត្រី​នគរបាល​ទាំង​អស់​ ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដូច្នេះ ខណៈ​កន្លង​មក ​ក៏​ធ្លាប់​មាន​ការ​រិះគន់​ថា មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​មួយ​ចំនួន ជាប់​ពាក់ព័ន្ធ នឹង​បទ​ល្មើស​គ្រឿងញៀន។ កន្លងមក​ក៏​មាន​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្លះ​រិះគន់​ថា សមត្ថកិច្ច​មួយ​ចំនួន ធ្វើ​ជា​អ្នក​ចាប់​គ្រឿងញៀន​ផង និង​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ផង។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​សមត្ថកិច្ច កោះហៅ​ព្រមាន និង​ត្រឹម​ឱ្យ​ធ្វើ​លិខិត​សូម​ទោស​ប៉ុណ្ណោះ។

ទោះបីជា​យ៉ាងណា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ទាំង​នោះ​នៅ​ឡើយ ប៉ុន្តែ​លោក​តម្រូវ​ឱ្យ​អ្នក​ទាំង ៧នេះ ត្រូវ​បង្ហាញ​ខ្លួន​រៀងរាល់​ម៉ោង​ការងារ នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ដើម្បី​រង់ចាំ​ការ​សម្រេច​ជា​ថ្មី។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង ៥ពាន់​ករណី (.៤៦៣) និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជិត ១ម៉ឺន ១ពាន់​នាក់ (១០.៨៧៧) ក្នុង​នោះ​មាន​ជន​បរទេស ១៧៧នាក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។